ព័ត៌មាន
ក្រុមហ៊ុនរថយន្តអគ្គិសនីដ៏ធំមួយរបស់ចិនប្តេជ្ញាចូលរួមអភិវឌ្ឍកម្លាំងពលកម្មលើជំនាញយានយន្តអគ្គិសនីនៅកម្ពុជា
ភ្នំពេញ៖ឯកឧត្តម ហេង សួរ រដ្ឋមន្ត្រីក្រសួងការងារ និងបណ្ដុះបណ្ដាលវិជ្ជាជីវៈបានទទួលជួបសម្ដែងការគួរសម និងពិភាក្សាការងារជាមួយ លោក យៀក ឆឹងហ៊ុយ (Ye Chenghui) ប្រធានផ្នែកលក់នៃក្រុមហ៊ុន BYD (Cambodia) Co., Ltd. និងជានាយកផ្នែកលក់រថយន្តប្រចាំតំបន់អាស៊ីប៉ាស៊ីហ្វិករបស់ក្រុមហ៊ុន BYD ដើម្បីផ្លាស់ប្តូរយោបល់លើការបង្កើតឱកាសពង្រឹងកិច្ចសហប្រតិបត្តិការក្នុងការអភិវឌ្ឍកម្លាំងពលកម្មជំនាញយានយន្តអគ្គិសនី (EV) ក្នុងទិសដៅបំពេញតម្រូវការទីផ្សារ និងចូលរួមថែរក្សាបរិស្ថាននៅកម្ពុជា ជាពិសេសក្នុងពេលមានវិបត្តិប្រេងឥន្ធនៈសកល។
ក្រសួងការងារ និងបណ្ដុះបណ្ដាលវិជ្ជាជីវៈ ក្រោយចប់ជំនួបការងារ កាលពីព្រឹកថ្ងៃទី១ ខែមេសា ឆ្នាំ២០២៦ បានឱ្យដឹងថា ក្នុងឱកាសនោះ ឯកឧត្តមរដ្ឋមន្ត្រី បញ្ជាក់ជូនភ្ញៀវថា រាជរដ្ឋាភិបាល គាំទ្រយ៉ាងពេញទំហឹងចំពោះប្រតិបត្តិការក្រុមហ៊ុន BYD និងបានជំរុញឱ្យក្រសួង-ស្ថាប័នពាក់ព័ន្ធជួយសម្របសម្រួល ដើម្បីឱ្យក្រុមហ៊ុនទទួលបានជោគជ័យ សម្រាប់ជាប្រយោជន៍ដល់ប្រជាពលរដ្ឋផង និងចូលរួមកាត់បន្ថយផលប៉ះពាល់បរិស្ថានផងតាមរយៈការប្រើប្រាស់ EV ។ ជាក់ស្តែង នាពេលថ្មីៗនេះ រាជរដ្ឋាភិបាលបានសម្រេចលើកលែងពន្ធទាំងស្រុងលើការនាំចូល EV ជាលក្ខណៈគ្រួសារ ដែលនេះជាការលើកទឹកចិត្តឱ្យមានការវិនិយោគ និងការប្រើប្រាស់ EV កាន់តែច្រើននៅកម្ពុជា។
ទន្ទឹមនឹងនេះ ឯកឧត្តមរដ្ឋមន្រ្តីបានកត់សម្គាល់ពីភាពរីកចម្រើនយ៉ាងឆាប់រហ័សរបស់ក្រុមហ៊ុន BYD តាមរយៈការគាំទ្រយ៉ាងខ្លាំងពីប្រជាពលរដ្ឋកម្ពុជា។ កំណើននៃការប្រើប្រាស់រថយន្តរបស់ក្រុមហ៊ុន BYD នេះបង្ហាញពីតម្រូវការនៃការបង្គុំរថយន្ត ការនាំចូល និងបន្ដកើនឡើង។ ដូចនេះ គឺជាឱកាសដ៏ល្អបំផុត ដែលក្រុមហ៊ុន និងក្រសួង ត្រូវសហការគ្នាក្នុងការបណ្តុះបណ្តាលយុវជនឱ្យទទួលបានជំនាញកាន់តែខ្ពស់។ ជាមួយគ្នានេះ ឯកឧត្តមបានសង្កត់ធ្ងន់លើភាពជាដៃគូ ដើម្បីការកសាងកម្លាំងពលកម្មជំនាញ ត្រៀមខ្លួនសម្រាប់អនាគត និងមានភាពធន់ ដើម្បីគាំទ្រដល់ការអភិវឌ្ឍជាតិ និងភាពប្រកួតប្រជែងក្នុងតំបន់ផងដែរ។
ជាការឆ្លើយតប លោក យៀក ឆឹងហ៊ុយ បានជម្រាបជូនពីប្រវត្តិប្រតិបត្តិការ វឌ្ឍនភាពប្រកបដោយមោទកភាព និងយុទ្ធសាស្ត្របន្តរបស់ក្រុមហ៊ុន BYD នៅកម្ពុជា ដោយលោកបានគូសបញ្ជាក់ថា ប្រតិបត្តិការរបស់ក្រុមហ៊ុន ក៏ផ្តោតសំខាន់លើគាំពារបរិស្ថានឱ្យកាន់តែប្រសើរ និងផ្តល់ជម្រើសថ្មីនៃការប្រើប្រាស់ EV ទំនើបក្នុងតម្លៃសមរម្យ។
បើតាម ក្រសួងការងារ និងបណ្ដុះបណ្ដាលវិជ្ជាជីវៈ ក្នុងជំនួបប្រកបដោយផ្លែផ្កា និងចក្ខុវិស័យដ៏វែងឆ្ងាយនេះ ភាគីទាំងពីរបានប្តេជ្ញារួមគ្នាយ៉ាងមុតមាំក្នុងការពិនិត្យលទ្ធភាពលើការពង្រឹង និងពង្រីកកិច្ចសហប្រតិបត្តិការសម្រាប់ជាឧត្តមប្រយោជន៍ដ៏យូរអង្វែងសម្រាប់ប្រជាជាតិទាំងពីរ ជាពិសេសតាមរយៈការបង្កើតមជ្ឈមណ្ឌលបណ្តុះបណ្តាលគ្រូបង្គោល និងសិស្ស, ការចុះកម្មសិក្សា និងការធ្វើទស្សនកិច្ចសិក្សាខ្សែច្រវាក់ផលិតកម្មផ្ទាល់ជាដើម៕










-
ព័ត៌មាន1 week agoយុវជនក្នុងខេត្តកណ្ដាល បង្ហាញមោទនភាព ដែលមានឱកាសក្លាយជាកម្លាំងការពារជាតិ
-
ព័ត៌មាន4 days agoយុវជនខេត្តកំពង់ឆ្នាំង បង្ហាញមោទនភាពក្នុងការចូលបំពេញកាតព្វកិច្ចយោធា ដើម្បីបម្រើជាតិមាតុភូមិ
-
ព័ត៌មាន3 days agoយុវជន ២៤០នាក់នៅខេត្តកោះកុង បានដាក់ពាក្យបំពេញកាតព្វកិច្ចយោធា
-
ព័ត៌មាន5 days agoយុវជនប្ដេជ្ញាខិតខំហ្វឹកហាត់លត់ដំខ្លួនឱ្យរឹងមាំដើម្បីក្លាយជាសសរស្ដម្ភជាតិ ក្នុងពេលចូលបំពេញកាតព្វកិច្ចកិច្ចយោធា
-
ព័ត៌មាន1 week agoសេវារថយន្តក្រុងរដ្ឋឥតគិតថ្លៃបានសន្សំសោហ៊ុយធ្វើដំណើររបស់ពលរដ្ឋប្រមាណ ១២ពាន់លានរៀល
-
ព័ត៌មាន5 days agoពលរដ្ឋក្រីក្រ៖ ប្រាក់ឧបត្ថម្ភទប់វិបត្តិឡើងថ្លៃប្រេង ជួយសម្រាលការលំបាកមួយផ្នែកធំលើជីវភាព
-
ព័ត៌មាន1 week agoសម្ដេចធិបតី ហ៊ុន ម៉ាណែត និងប្រធានាធិបតីអាស៊ែបៃហ្សង់ អញ្ជើញជាអធិបតីក្នុងពិធីប្តូរឯកសារអនុស្សរណៈ នៃការយោគយល់គ្នាចំនួន៣
-
ព័ត៌មាន6 days agoកម្ពស់ទឹកស្ទឹងពោធិ៍សាត់ហក់ឡើងយ៉ាងកំហុគ ឈានដល់កម្រិតប្រកាសអាសន្ន ប្រឈមនិងការជនលិច