ព័ត៌មាន
កម្ពុជា-អាល្លឺម៉ង់ ពិភាក្សាពង្រីកកិច្ចសហប្រតិបត្តិការលើការបណ្តុះបណ្តាលជំនាញវិជ្ជាជីវៈ និងការបញ្ជូនកម្មសិក្សាការី
ឯកឧត្តម ហេង សួរ រដ្ឋមន្ត្រីក្រសួងការងារ និងបណ្ដុះបណ្ដាលវិជ្ជាជីវៈ បានទទួលជួបសម្ដែងការគួរសមជាមួយលោក Christoph Weigelmeier ភារធារីស្តីទីនៃស្ថានទូតសាធារណរដ្ឋសហព័ន្ធអាល្លឺម៉ង់ប្រចាំកម្ពុជា និងលោកបណ្ឌិត Christoph Hoffmann អតីតសមាជិកសភាអាល្លឺម៉ង់ នាថ្ងៃទី១ ខែមេសា ឆ្នាំ២០២៦ នេះ នៅទីស្តីការក្រសួង ដើម្បីពិភាក្សាស្វែងរកឱកាសបង្កើតគំនិតផ្តួចផ្តើមដែលគាំទ្រដល់ការលើកកម្ពស់ការអភិវឌ្ឍធនធានមនុស្សនៅកម្ពុជា ដែលរួមមានទាំងសិក្ខាកាម ដែលអាចមានឱកាសទៅធ្វើកម្មសិក្សា និងកម្មសិក្សាឆ្លាស់នៅអាល្លឺម៉ង់។

ជាមួយនឹងការស្វាគមន៍យ៉ាងកក់ក្តៅ ឯកឧត្តមរដ្ឋមន្ត្រីបានថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅចំពោះ លោក Weigelmeier និងលោកបណ្ឌិត Hoffmann ដែលបានបង្ហាញចំណាប់អារម្មណ៍ក្នុងការពង្រីកកិច្ចសហប្រតិបត្តិការលើការបណ្តុះបណ្តាលវិជ្ជាជីវៈ និងការអភិវឌ្ឍជំនាញកម្លាំងពលកម្ម។ ឯកឧត្តមបានរំឮកផងដែរពីប្រវត្តិដ៏យូរអង្វែង និងសមិទ្ធផលនានារបស់អាល្លឺម៉ង់ ដែលបានជួយជ្រោមជ្រែងដល់ការអភិវឌ្ឍធនធានមនុស្សនៅកម្ពុជានាពេលកន្លងមក។

ឆ្លៀតក្នុងឱកាសនោះ ឯកឧត្តមរដ្ឋមន្ត្រីបានគូសបញ្ជាក់ថា ការបណ្តុះបណ្តាលបច្ចេកទេស និងវិជ្ជាជីវៈ (TVET) គឺជាសសរស្តម្ភដ៏សំខាន់នៃយុទ្ធសាស្ត្ររបស់រាជរដ្ឋាភិបាលកម្ពុជា ក្នុងការប្រែក្លាយកម្លាំងពលកម្មឱ្យមានជំនាញខ្ពស់ តាមរយៈការធ្វើទំនើបកម្មជំនាញ និងការបណ្តុះបណ្តាលជំនាញថ្មីឱ្យស្របតាមការវិវត្តនៃឧស្សាហកម្ម។ ឯកឧត្តមបានរំឮកពីដំណើរទស្សនកិច្ចរបស់ឯកឧត្តមនៅសាលាវិជ្ជាជីវៈអាល្លឺម៉ង់ ក្នុងទីក្រុង Frankfurt នាពេលកន្លងមក ដោយគូសបញ្ជាក់ថា អ្វីដែលពិតជាគួរឱ្យចាប់អារម្មណ៍ជាខ្លាំងនោះ គឺប្រព័ន្ធសិក្សាមុខងារពីររបស់អាល្លឺម៉ង់ ដែលសមស្របសម្រាប់កម្ពុជា។

ចំណែកភាគីអាល្លឺម៉ង់បានលើកឡើងពីគំនិតផ្តួចផ្តើម បង្កើតកិច្ចសហប្រតិបត្តិការរវាងប្រទេសទាំងពីរ ជាពិសេសលើវិស័យបណ្តុះបណ្តាលវិជ្ជាជីវៈ និងការបញ្ជូនកម្មសិក្សាការី ដោយបានសង្កត់ធ្ងន់ថា យន្តការនេះត្រូវផ្អែកលើគោលការណ៍ «ឈ្នះ-ឈ្នះ» ដែលផ្តល់ផលប្រយោជន៍ទៅវិញទៅមក ទាំងសម្រាប់ប្រទេសបញ្ជូន និងប្រទេសទទួល។

ជាការឆ្លើយតប ឯកឧត្តមរដ្ឋមន្ត្រីបានចាត់ទុកគំនិតផ្តួចផ្តើមនេះថាជា «ដំណឹងដ៏ល្អ និងចំពេលជាក់ស្តែងបំផុត»។ ឯកឧត្តមបានបញ្ជាក់ពីជំហរត្រៀមខ្លួនរួចជាស្រេចរបស់ក្រសួង ក្នុងការសហការជាមួយសាលាវិជ្ជាជីវៈអាល្លឺម៉ង់ ដើម្បីជ្រើសរើសគ្រឹះស្ថានសិក្សាសមស្របនៅកម្ពុជា ក្នុងគោលដៅបង្កើតភាពជាដៃគូ និងគាំទ្រដល់ដំណើរការជ្រើសរើសសិក្ខាកាមឱ្យមានតម្លាភាព។
ជាកិច្ចបញ្ចប់ ភាគីអាល្លឺម៉ង់បានសម្ដែងនូវការអរគុណយ៉ាងជ្រាលជ្រៅចំពោះឯកឧត្តមរដ្ឋមន្ត្រី និងបានបង្ហាញនូវឆន្ទៈក្នុងការពង្រឹងកិច្ចសហប្រតិបត្តិការជាមួយក្រសួងឱ្យកាន់តែស៊ីជម្រៅ ដើម្បីនាំមកនូវផលប្រយោជន៍សម្រាប់ប្រជាជាតិទាំងពីរ៕




-
ព័ត៌មាន1 week agoអង្គភាពប្រឆាំងអំពើពុករលួយ និងសភាពាណិជ្ជកម្មប្តេជ្ញារួមគ្នាកសាងវប្បធម៌ស្អាតស្អំក្នុងធុរកិច្ច
-
ព័ត៌មាន7 days agoក្នុងកិច្ចប្រជុំគណៈរដ្ឋមន្រ្តី សម្តេចធិបតីក្រើនរំលឹកឲ្យកងកម្លាំងគ្រប់ប្រភេទត្រៀមអន្តរាគមន៍ជួយពលរដ្ឋរងគ្រោះដោយសារទឹកជំនន់
-
ព័ត៌មាន1 week agoសម្តេចប្រធានរដ្ឋសភា៖ សន្និសីទប្រធានសភានៃអន្តរសភាលើកទី២ ជាការចងក្រងបណ្តាញ អ្នកស្រលាញ់សន្តិភាពដើម្បីលើកម្ពស់វិបុលភាពរបស់ប្រជាពលរដ្ឋ
-
ព័ត៌មាន1 week agoក្រុមហ៊ុន ប៊ីវីអឹម និង Intertek ចុះហត្ថលេខាដើម្បីបង្កើតភាពជាដៃគូយុទ្ធសាស្រ្តលើការត្រួតពិនិត្យគុណភាពប្រេងឥន្ធនៈ
-
ព័ត៌មាន7 days agoពលរដ្ឋ៖ កេរ្ដិ៍ឈ្មោះកម្ពុជា នឹងកាន់តែល្អបន្ទាប់ពីជោគជ័យ កម្ទេចមជ្ឈមណ្ឌលឆបោកតាមប្រព័ន្ធបច្ចេកវិទ្យា
-
ព័ត៌មាន1 day agoពុទ្ធិកសាកលវិទ្យាល័យព្រះសីហមុនីរាជា និងអង្គការ EBC កំពុងស្វែងរកកិច្ចសហការចូលរួមលើកកម្ពស់វិស័យឌីជីថល និងបង្កើតវីដេអូអប់រំ
-
ព័ត៌មាន6 days agoមន្រ្តីឧទ្យានុរក្សបន្តចុះល្បាតនិងទប់ស្កាត់ការកាប់រានដីព្រៃ ចំនួន១២ករណីនៅក្នុងឧទ្យានជាតិគិរីរម្យ
-
ព័ត៌មាន7 days agoអាជ្ញាធររៀបចំឱ្យអាជីវករដែលរងផលប៉ះពាល់ដោយគ្រោះអគ្គីភ័យនៅផ្សារនាគមាស អាចចូលទៅលក់នៅក្នុងទីតាំងអតីតដីមជ្ឈមណ្ឌលម៉ង់ឌីយ៉ាល់ជាបណ្តោះអាសន្នសិន