ព័ត៌មាន
រដ្ឋមន្រ្ដីក្រសួងការងារណែនាំមន្រ្ដីឱ្យបង្កើនប្រសិទ្ធភាពផ្ដល់សេវាកម្មនៅមន្ទីរពេទ្យមូលដ្ឋានដើម្បីឱ្យសមាជិក ប.ស.ស. មកទទួលសេវាជួយសម្រាលបន្ទុកដល់មន្ទីរពេទ្យថ្នាក់ជាតិ
ឯកឧត្តម ហេង សួរ រដ្ឋមន្ត្រីក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ និងជាប្រធានក្រុមប្រឹក្សាភិបាលនៃបេឡាជាតិសន្តិសុខសង្គម (ប.ស.ស.) បានណែនាំដល់មន្រ្ដីក្រោមឱវាទឱ្យបង្កើនប្រសិទ្ធភាពសេវាកម្មនៅមន្ទីរពេទ្យមូលដ្ឋានដើម្បីទាក់ទាញសមាជិក ប.ស.ស. ឱ្យទៅទទួលសេវាជួយសម្រាលបន្ទុកដល់មន្ទីរពេទ្យថ្នាក់ជាតិ។
ឯកឧត្តមរដ្ឋមន្រ្ដីបានផ្ដល់អនុសាសន៍ណែនាំបែបនេះ ក្នុងឱកាស អញ្ជើញដឹកនាំកិច្ចប្រជុំក្រុមប្រឹក្សាភិបាលនៃ ប.ស.ស. លើកទី៤ អាណត្តិទី២ ដើម្បីពង្រឹងប្រសិទ្ធភាពក្នុងការបង្កើនចំណូល កាត់បន្ថយចំណាយ និងការធ្វើឱ្យកិច្ចការទាំងឡាយប្រកបដោយតម្លាភាព ជាពិសេសនៅក្នុងកាលៈទេសៈជួបបញ្ហាប្រឈមនៃវិបត្តិសកល នៅទីស្នាក់ការកណ្តាល ប.ស.ស. នាព្រឹកថ្ងៃទី២ ខែមេសា ឆ្នាំ២០២៦នេះ។
ក្នុងឱកាសនោះ ឯកឧត្តមរដ្ឋមន្រ្ដី បានវាយតម្លៃខ្ពស់ចំពោះថ្នាក់ដឹកនាំ មន្ត្រី និងបុគ្គលិកទាំងអស់នៃ ប.ស.ស. ចំពោះកិច្ចខិតខំប្រឹងប្រែងបំពេញតួនាទី ប្រកបដោយស្មារតីទទួលខុសត្រូវខ្ពស់ ឯកឧត្តមរដ្ឋមន្រ្តីបានគូសបញ្ជាក់ថា ការប្រឹងប្រែងទាំងនេះ ជួយធានាបានយ៉ាងរឹងមាំនូវនិរន្តរភាព និងគុណភាពលើការផ្តល់សេវាជូនបងប្អូនសមាជិក ប.ស.ស. ឱ្យទទួលបានអត្ថប្រយោជន៍ប្រកបដោយប្រសិទ្ធភាព និងតម្លាភាព។ ឯកឧត្តមបានសង្កត់ធ្ងន់ថា នៅពេលដែលប្រជាពលរដ្ឋទទួលបានសេវាកាន់តែប្រសើរ និងមានសុខភាពល្អ នោះគឺជាជោគជ័យរបស់ ប.ស.ស.។
ឯកឧត្តម ហេង សួរ បញ្ជាក់ថា ការបង្កើនចំណូលសម្រាប់រក្សាប្រតិបត្តិការ ប.ស.ស. ឱ្យមានប្រសិទ្ធភាព និងនិរន្តរភាព គឺជាអ្វីដែលជាការចង់បានបំផុត ខណៈដែលមិនចង់ឱ្យរដ្ឋបង្កើនចំណាយ ប៉ុន្តែការបង្កើនចំណូលនោះក៏មិនត្រូវជាបន្ទុកបន្ថែមលើភាគីណាមួយនៅក្នុងកាលៈទេសៈនៃវិបត្តិសកលនាពេលនេះដែរ។ ក្នុងស្មារតីនេះ ឯកឧត្តមបានជំរុញអង្គប្រជុំមកពីគ្រប់ភាគីពាក់ព័ន្ធទាំងអស់ រួមគ្នាសិក្សារកផ្នែកដែលចំណាយច្រើន ហើយត្រូវពង្រឹងប្រសិទ្ធភាពនៃការចំណាយតាមយន្តការដែលមានស្រាប់ប្រកបដោយការយោគយល់គ្នាខ្ពស់។
ឯកឧត្តមបញ្ជាក់ថា៖«ដើម្បីទាក់ទាញសមាជិក ប.ស.ស. ឱ្យទៅទទួលសេវានៅមន្ទីរពេទ្យថ្នាក់ស្រុក និងខេត្ត ក៏ដូចជាជួយសម្រាលបន្ទុកដល់មន្ទីរពេទ្យថ្នាក់ជាតិនោះ ឯកឧត្តមក៏បានផ្តល់អនុសាសន៍ឱ្យមានការបង្កើនប្រសិទ្ធភាពសេវាកម្មនៅមន្ទីរពេទ្យមូលដ្ឋាន ជាមួយនឹងការបំពាក់ឧបករណ៍បន្ថែម ព្រមទាំងបង្កើនការផ្សព្វផ្សាយឱ្យកាន់តែទូលំទូលាយ ជាពិសេសនោះ គឺការលើកទឹកចិត្តឱ្យសាធារណជនទាក់ទងតាមប្រព័ន្ធលេខ Hotline ១២៨៦ ភ្លាមៗនៅពេលជួបប្រទះបញ្ហា»។
ក្នុងឱកាសនោះដែរ តំណាងនិយោជក និងនិយោជិត ក៏បានថ្លែងអំណរគុណចំពោះរាជរដ្ឋាភិបាល និងក្រសួងការងារ ចំពោះការគ្រប់គ្រងបានយ៉ាងល្អក្នុងដំណើរការផ្នែកវាយនភណ្ឌ កាត់ដេរ ផលិតស្បែកជើង និងផលិតផលិតផលធ្វើដំណើរនិងកាបូប បើទោះបីជាប្រទេសជួបប្រទះជម្លោះព្រំដែន និងវិបត្តិសង្រ្គាមនៅមជ្ឈិមបូព៌ាយ៉ាងណាក៏ដោយ។
កិច្ចពិភាក្សាបានដំណើរការយ៉ាងផុសផុលលើរបៀបវារៈសំខាន់ៗរួមមាន៖ របាយការណ៍ស្ថានភាពហិរញ្ញវត្ថុប្រចាំឆ្នាំ២០២៥ របស់ ប.ស.ស. បញ្ហាប្រឈម និងវិធានការដោះស្រាយ, ផែនការសកម្មភាពប្រចាំឆ្នាំ ២០២៦ និង របាយការណ៍លទ្ធផលការងារសម្រេចបានឆ្នាំ ២០២៥ និងទិសដៅអនុវត្តបន្តជាដើម៕










-
ព័ត៌មាន1 week agoយុវជនក្នុងខេត្តកណ្ដាល បង្ហាញមោទនភាព ដែលមានឱកាសក្លាយជាកម្លាំងការពារជាតិ
-
ព័ត៌មាន4 days agoយុវជនខេត្តកំពង់ឆ្នាំង បង្ហាញមោទនភាពក្នុងការចូលបំពេញកាតព្វកិច្ចយោធា ដើម្បីបម្រើជាតិមាតុភូមិ
-
ព័ត៌មាន3 days agoយុវជន ២៤០នាក់នៅខេត្តកោះកុង បានដាក់ពាក្យបំពេញកាតព្វកិច្ចយោធា
-
ព័ត៌មាន5 days agoយុវជនប្ដេជ្ញាខិតខំហ្វឹកហាត់លត់ដំខ្លួនឱ្យរឹងមាំដើម្បីក្លាយជាសសរស្ដម្ភជាតិ ក្នុងពេលចូលបំពេញកាតព្វកិច្ចកិច្ចយោធា
-
ព័ត៌មាន1 week agoសេវារថយន្តក្រុងរដ្ឋឥតគិតថ្លៃបានសន្សំសោហ៊ុយធ្វើដំណើររបស់ពលរដ្ឋប្រមាណ ១២ពាន់លានរៀល
-
ព័ត៌មាន5 days agoពលរដ្ឋក្រីក្រ៖ ប្រាក់ឧបត្ថម្ភទប់វិបត្តិឡើងថ្លៃប្រេង ជួយសម្រាលការលំបាកមួយផ្នែកធំលើជីវភាព
-
ព័ត៌មាន1 week agoសម្ដេចធិបតី ហ៊ុន ម៉ាណែត និងប្រធានាធិបតីអាស៊ែបៃហ្សង់ អញ្ជើញជាអធិបតីក្នុងពិធីប្តូរឯកសារអនុស្សរណៈ នៃការយោគយល់គ្នាចំនួន៣
-
ព័ត៌មាន6 days agoកម្ពស់ទឹកស្ទឹងពោធិ៍សាត់ហក់ឡើងយ៉ាងកំហុគ ឈានដល់កម្រិតប្រកាសអាសន្ន ប្រឈមនិងការជនលិច