ព័ត៌មាន
កម្ពុជាអំពាវនាវឱ្យថៃ គោរពឱ្យបានខ្ជាប់ខ្ជួន ប្រកបដោយសុច្ឆន្ទៈ និងភាពស្មោះត្រង់នូវបទឈប់បាញ់ ដើម្បីឆ្ពោះទៅការធ្វើឱ្យប្រសើរឡើងវិញ ឆាប់រហ័សស្ថានភាពនៅតាមព្រំដែន
សេចក្តីប្រកាសព័ត៌មានរបស់ លោកជំទាវឧត្តមសេនីយ៍ឯក ម៉ាលី សុជាតា៖ «នៅថ្ងៃទី២ ខែមេសា ឆ្នាំ២០២៦ ផេកហ្វេសប៊ុកផ្លូវការរបស់ Royal Thai Army បានផ្សព្វផ្សាយព័ត៌មានអំពីការពង្រឹងរបងលួសបន្លា និងដាក់ពង្រាយរថពាសដែកនៅតំបន់ច្រកអូរស្មាច់ ក្នុងទឹកដីកម្ពុជាដែលយោធាថៃកំពុងកាន់កាប់ដោយខុសច្បាប់ ដោយអះអាងថាមានសកម្មភាពញុះញង់ពីភាគីកម្ពុជា។ ចំពោះការលើកឡើងនេះ អ្នកនាំពាក្យក្រសួងការពារជាតិនៃព្រះរាជាណាចក្រកម្ពុជា សូមបញ្ជាក់ថា «មិនមែនជាការពិត និងគ្មានមូលដ្ឋាន»។
កងកម្លាំងកម្ពុជាតែងអនុវត្តភារកិច្ចដោយគោរពវិន័យយោធា បទបញ្ជារបស់ថ្នាក់ដឹកនាំ និងគោលការណ៍វិជ្ជាជីវៈយ៉ាងតឹងរឹង។ កងកម្លាំងកម្ពុជាបន្តប្រកាន់ខ្ជាប់នូវភាពអត់ធ្មត់ ការទទួលខុសត្រូវ និងការប្រុងប្រយ័ត្នខ្ពស់ ដើម្បីការពារអធិបតេយ្យ និងបូរណភាពទឹកដីជាតិ ខណៈពេលជាមួយគ្នានេះ ក៏បានខិតខំរក្សាបរិយាកាសសន្តិភាព ស្ថិរភាព និងការជៀសវាងភាពតានតឹងនៅតាមតំបន់ព្រំដែនផងដែរ។
គួរឱ្យកត់សម្គាល់ផងដែរថា ក្រុមអ្នកសង្កេតការណ៍អាស៊ាន (AOT) ទើបចុះសង្កេតការណ៍ ផ្ទៀងផ្ទាត់ និងរាយការណ៍អំពីស្ថានភាពព្រំដែននៅតំបន់ច្រកអូរស្មាច់ ក្រុងសំរោង ខេត្តឧត្តរមានជ័យ កាលពីថ្ងៃទី២៩ ខែមីនា ឆ្នាំ២០២៦កន្លងទៅថ្មីៗនេះប៉ុណ្ណោះ ស្រាប់តែនៅថ្ងៃទី២ ខែមេសា ឆ្នាំ២០២៦ វេលាម៉ោង ៦:២០នាទីព្រឹក កងកម្លាំងយោធាថៃបានធ្វើសកម្មភាពចល័តរថពាសដែកចំនួន ២គ្រឿង និងកម្លាំងប្រមាណ៧០នាក់ ចូលមកទីតាំងក្នុងភូមិសាស្រ្តច្រកព្រំដែនអន្តរជាតិអូរស្មាច់ ខេត្តឧត្តរមានជ័យ និងបានរាយលួសបន្លាបន្ថែមលើលួសបន្លាចាស់ដែលភាគីថៃបានហ៊ុមព័ទ្ធកាន់កាប់យកដោយខុសច្បាប់ និងធ្វើសកម្មភាពយោធាដោយមិនមានការជូនដំណឹងជាមុនដល់ក្រុមទំនាក់ទំនងរបស់យោធភូមិភាគទី៤កម្ពុជាឡើយ។
ភ្លាមៗបន្ទាប់ពីយោធាថៃធ្វើសកម្មភាព ក្រុមទំនាក់ទំនងរបស់យោធភូមិភាគទី៤កម្ពុជា បានធ្វើការទាក់ទងទៅកាន់កងទ័ពភូមិភាគទី២ថៃ ឱ្យធ្វើការបញ្ឈប់សកម្មភាពជាបន្ទាន់ និងអំពាវនាវឱ្យយោធាថៃត្រឡប់មកគោរពនូវរាល់កិច្ចព្រមព្រៀងដែលបានឯកភាពគ្នា។
សូមគូសបញ្ជាក់ផងដែរថា ចាប់តាំងពីពេលចូលជាធរមាននៃបទឈប់បាញ់រួចមក រាជរដ្ឋាភិបាល និងកងកម្លាំងរបស់កម្ពុជា តែងតែប្រកាន់យ៉ាងម៉ឺងម៉ាត់ ច្បាស់លាស់ក្នុងការគោរព និងអនុវត្តយ៉ាងពេញលេញខ្ជាប់ខ្ជួន និងប្រកបដោយការទទួលខុសត្រូវខ្ពស់បំផុតចំពោះសេចក្តីប្រកាសរួមនៃកិច្ចប្រជុំពិសេសលើកទី៣ នៃគណៈកម្មាធិការព្រំដែនទូទៅកម្ពុជា-ថៃ (GBC) ថ្ងៃទី២៧ ខែធ្នូ ឆ្នាំ២០២៥ និងកិច្ចព្រមព្រៀងពាក់ព័ន្ធផ្សេងទៀត។
ក្នុងន័យនេះ ក្រសួងការពារជាតិអំពាវនាវឱ្យភាគីថៃគោរពឱ្យបានខ្ជាប់ខ្ជួន ប្រកបដោយសុច្ឆន្ទៈ ភាពថ្លៃថ្នូរ និងភាពស្មោះត្រង់ដូចកម្ពុជាដែរ ដើម្បីឆ្ពោះទៅការធ្វើឱ្យប្រសើរឡើងវិញឆាប់រហ័ស និងការវិលត្រឡប់ទៅរកប្រក្រតីភាព សន្តិភាព ស្ថិរភាព និងសុវត្ថិភាពយូរអង្វែងនៅតាមបណ្តោយព្រំដែន»៕

-
PR NEWS1 week agoចុងសប្តាហ៍នេះ មហាព្រឹត្តិកាណ៍ GANZBERG នឹងទៅដល់ខេត្តកមពង់ស្ពឺ
-
ព័ត៌មាន5 days agoបង្រ្កាបបទល្មើសគ្រឿងញៀននៅចំណុចស្តារវីហ្កាសឃាត់ខ្លួនមនុស្ស ចំនួន១៤១នាក់
-
ព័ត៌មាន5 days agoអាវុធហត្ថខេត្តព្រះសីហនុបង្រ្កាបទីតាំង ONLINE SCAMS មួយកន្លែងឃាត់ខ្លួនជនសង្ស័យចំនួន ១៨នាក់
-
ព័ត៌មាន5 days agoឯកឧត្តមទេសរដ្ឋមន្រ្តី លី ធុជ៖ ក្រោមការដឹកនាំប្រកបដោយចក្ខុវិស័យរបស់ សម្តេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី កម្ពុជាកំពុងក្លាយជាគោលដៅវិនិយោគដែលមានស្ថិរភាព តម្លាភាព និងអាចជឿទុកចិត្តបាន
-
ព័ត៌មាន5 days agoសម្ដេចធិបតី ហ៊ុន ម៉ាណែត ឆ្លៀតជួបក្រៅផ្លូវការជាមួយ នាយករដ្ឋមន្ត្រីថៃ ជជែក ៤ចំណុចសំខាន់
-
ព័ត៌មាន4 days agoសម្ដេចពិជ័យសេនា ទៀ បាញ់ ណែនាំដល់ស្ថាប័នពាក់ព័ន្ធឱ្យបន្ដរៀបចំអភិវឌ្ឍន៍តំបន់ប្រវត្តិសាស្ត្រយោធាកម្ពុជា X-16
-
ព័ត៌មាន5 days agoក្រសួងការងារ នាំយកឱកាសការងារជាង ១ម៉ឺនកន្លែង អត្ថប្រយោជន៍ ប.ស.ស. និងកម្មវិធី TVET ដល់ប្រជាពលរដ្ឋនៅស្រុកសាមគ្គីមានជ័យ ខេត្តកំពង់ឆ្នាំង
-
ព័ត៌មាន5 days agoសម្តេច ម៉ែន សំអន និង លោកជំទាវបណ្ឌិត ពេជ ចន្ទមុន្នី ហ៊ុនម៉ាណែត អញ្ជើញបួងសួងសុំសេចក្តីសុខសន្តិភាពជូនជាតិ