Connect with us

ព័ត៌មាន

ព្រឹទ្ធសភាបានពិនិត្យ និងឱ្យយោបល់លើច្បាប់ប្រឆាំង Online Scams និងចាត់​ទុក​ច្បាប់​នេះ​បានចូ​លរួមស្ដារមុខមាត់កម្ពុជា

ព្រឹទ្ធសភានៃព្រះរាជាណាចក្រម្ពុជា បានពិនិត្យ និងឲ្យយោបល់រួចរាល់ ទៅលើសេចក្ដីព្រាងច្បាប់ ស្តីពីការប្រឆាំងការឆបោកតាមប្រព័ន្ធបច្ចេកវិទ្យា និងបានចាត់ទុកច្បាប់នេះ ជាការ​ស្ដារ​មុខ​មាត់​កម្ពុជា ពាក់ព័ន្ធការទប់ស្កាត់បញ្ហាបទល្មើសឆបោកតាមប្រព័ន្ធបច្ចេកវិទ្យា (Online Scams) ។

ក្នុងពេលចូលបំភ្លឺក្នុងសម័យប្រជុំព្រឹទ្ធសភាជាវិសាមញ្ញ នីតិកាលទី៥ នៅថ្ងៃទី៣ ខែមេសា នេះ ឯកឧត្តម កើត រិទ្ធ ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្រ្ដីក្រសួងយុត្តិធម៌ បានថ្លែងថា ការ​ឆបោក​តាម​ប្រព័ន្ធ​បច្ចេក​វិទ្យា ​ជាបញ្ហាប្រឈម និងក្ដីកង្វល់រួមសម្រាប់កម្ពុជា និងពិភពលោក ហើយកម្ពុជា ដែល​ជា​ប្រទេស​រង​គ្រោះមួយ ក្នុងចំណោមប្រទេសជាច្រើនក្នុងតំបន់ និងពិភពលោក ហើយបានរៀបចំ​ឲ្យ​មាន​ច្បាប់ប្រឆាំងការឆបោកតាមប្រព័ន្ធបច្ចេកវិទ្យា ដើម្បីលើក​កម្ពស់​នូវ​ប្រសិទ្ធ​ភាព​បោស​សម្អាត​ការ​ឆបោក​តាម​ប្រព័ន្ធបច្ចេកវិទ្យា។

ឯកឧត្តម បានបន្តថា តាមរយៈច្បាប់នេះ កម្ពុជា គឺជាប្រទេសឈានមុខគេមួយក្នុងតំបន់ និង​ពិភព​លោក ​ដែលរៀបចំឲ្យមានច្បាប់ ប្រឆាំងការឆបោកតាមប្រព័ន្ធបច្ចេកវិទ្យា ក្នុងទម្រង់​ជា​ច្បាប់​ព្រហ្ម​ទណ្ឌ​ពិសេស ដោយឡែកដើម្បីប្រយុទ្ធប្រឆាំង ទៅនឹងការឆបោកតាមប្រព័ន្ធបច្ចេកវិទ្យានេះ ។

គួរបញ្ជាក់ថា សេចក្ដីព្រាងច្បាប់ស្តីពី ការប្រឆាំងការឆបោកតាមប្រព័ន្ធបច្ចេកវិទ្យា មាន៥ជំពូក និង២៤មាត្រា ដែលរៀបចំឡើងផ្អែកតាមមូលដ្ឋានសំខាន់ៗ ទាំងច្បាប់ជាតិ និងច្បាប់អន្ដរជាតិ ជា​ពិសេស អនុសញ្ញាអង្គការសហប្រជាជាតិ ស្ដីពីការប្រឆាំងបទឧក្រិដ្ឋកម្មឆ្លងដែន ដែល​មាន​អង្គការ​ចាត់តាំង និងអនុសញ្ញាអង្គការសហប្រជាជាតិ ស្ដីពីការប្រឆាំងបទល្មើសបច្ចេកវិទ្យា ព្រម​ទាំង​ច្បាប់ នៃបណ្ដាប្រទេសមួយចំនួន ដើម្បីធានាថា សេចក្ដីព្រាងច្បាប់នេះ មានខ្លឹម​សារ​គ្រប​ដណ្ដប់ ​ដែលធានាបាននូវប្រសិទ្ធភាពខ្ពស់ ក្នុងការប្រយុទ្ធ​ប្រឆាំង​ទៅ​នឹង​ការ​ឆបោក​តាម​ប្រព័ន្ធ​បច្ចេក​វិទ្យា។

សេចក្ដីព្រាងច្បាប់ស្តីពី ការប្រឆាំងការឆបោកតាមប្រព័ន្ធបច្ចេកវិទ្យា បានកំណត់​បង្កើត​បទ​ល្មើស​ព្រហ្ម​ទណ្ឌ​ថ្មី​ចំនួន ៥បន្ថែមទៀត រួមមាន ៖ទី១. បទឆបោកតាមប្រព័ន្ធបច្ចេកវិទ្យា, ទី២. បទ​រៀប​ចំ ឬដឹកនាំមជ្ឈមណ្ឌលឆបោកតាមប្រព័ន្ធបច្ចេកវិទ្យា, ទី៣. បទជ្រើស​រើស​ឬ​បណ្តុះ​បណ្តាល​បុគ្គល​ឲ្យចូលរួមប្រព្រឹត្តបទល្មើសឆបោកតាមប្រព័ន្ធបច្ចេកវិទ្យា, ទី៤. បទប្រមូល​ក្នុង​ចេតនា​ទុច្ច​រិត​នូវឯកសារសម្គាល់អត្តសញ្ញាណ ឬឯកសារព័ត៌មានផ្ទាល់ខ្លួននានារបស់អ្នកដទៃ និងទី៥. ការ​បង្កើតទម្រង់ពិសេសនៃបទល្មើសសម្អាតប្រាក់ ។

ច្បាប់នេះបានកំណត់ទោសធ្ងន់ធ្ងរពី៥ឆ្នាំ ទៅ១០ឆ្នាំ និងកើនរហូតដល់ ៣០ឆ្នាំ ឬអស់មួយជីវិត បើក្នុង​ករណីមានសម្លាប់មនុស្ស ចាប់ជម្រិតជាដើម។ ច្បាប់នេះ ក៏លើកកម្ពស់ប្រសិទ្ធភាព ក្នុង​ការបោសសម្អាតការឆបោក តាមប្រព័ន្ធបច្ចេកវិទ្យា និងចូលរួមចំណែកក្នុងការធានាថា ការ​ឆបោកតាមប្រព័ន្ធបច្ចេកវិទ្យា នឹងមិនកើតមានជាថ្មីទេ ក្រោយ​ពេល​ដែល​រាជ​រដ្ឋាភិបាល​បាន​បោស​សម្អាត​រួច​ផងដែរ៕ អត្ថបទ បាន សុខរិទ្ធិ

អត្ថបទពេញនិយម

Copyright © 2024 Bayon TV Cambodia