ព័ត៌មាន
វិធានការគន្លឹះក្នុងការកែទម្រង់រដ្ឋបាលសាធារណៈ ចូលរួមយ៉ាងសំខាន់ក្នុងការលើកកម្ពស់គុណភាពធនធានមនុស្ស ការអភិវឌ្ឍសមត្ថភាពស្ថាប័ន ការលើកកម្ពស់សមិទ្ធកម្ម និងភាពជាគំរូក្នុងការផ្តល់សេវាសាធារណៈ
ក្រោយពីឯកឧត្តម ហ៊ុន ម៉ានី ឧបនាយករដ្ឋមន្រ្តី រដ្ឋមន្រ្តីក្រសួងមុខងារសាធារណៈ និងជាអនុប្រធានប្រចាំការនៃ គ.វ.រ. បានប្រកាសបើកវេទិកាកែទម្រង់រួចមក វេទិកាបានរៀបចំឱ្យមានបទបង្ហាញ និងកិច្ចពិភាក្សា ដោយផ្តោតលើការកែទម្រង់រដ្ឋបាលសាធារណៈ ការកែទម្រង់ការគ្រប់គ្រងហិរញ្ញវត្ថុសាធារណៈ ការកែទម្រង់សម្រាប់ការអភិវឌ្ឍតាមបែបប្រជាធិបតេយ្យនៅថ្នាក់ក្រោមជាតិ និងការកែទម្រង់ច្បាប់។

ក្នុងនោះ ឯកឧត្តម យក់ ប៊ុនណា រដ្ឋលេខាធិការប្រចាំការក្រសួងមុខងារសាធារណៈ និងជាប្រធានអនុគណៈកម្មាធិការប្រតិបត្តិនៃគ.វ.រ. ដែលជាវាគ្មិនមួយរូបក្នុងចំណោមវាគ្មិនទាំងបួន ឯកឧត្តមបានលើកឡើងពីកម្មវិបាកជាវិជ្ជមានពីការអនុវត្តវិធានការគន្លឹះក្នុងការកែទម្រង់រដ្ឋបាលសាធារណៈ របស់រាជរដ្ឋាភិបាល នីតិកាលទី៧ នៃរដ្ឋសភា ថា នៅក្នុងក្របខ័ណ្ឌការកែទម្រង់រដ្ឋបាលសាធារណៈ របស់រាជរដ្ឋាភិបាល នីតិកាលទី៧ នៃរដ្ឋសភា បានចូលរួមយ៉ាងសំខាន់ក្នុងការលើកកម្ពស់គុណភាពធនធានមនុស្ស ក្នុងរដ្ឋបាលសាធារណៈ ការអភិវឌ្ឍសមត្ថភាពស្ថាប័ន និងការលើកកម្ពស់សមិទ្ធកម្មក្នុងរដ្ឋបាលសាធារណៈ និងភាពជាគំរូក្នុងការផ្តល់សេវាសាធារណៈ។

ជាវាគ្មិនមួយរូបក្នុងវេទិកា ដែលមានពេលវេលា១៥នាទី ក្នុងការធ្វើបទបង្ហាញ ឯកឧត្តម យក់ ប៊ុនណា បានបញ្ជាក់ថា វិធានការកែទម្រង់រដ្ឋបាលសាធារណៈ និងកម្មវិបាកវិជ្ជមាន ដែលរួមចំណែកដល់ការលើកកម្ពស់អភិបាលកិច្ចនៃរដ្ឋបាលសាធារណៈ ឆ្ពោះទៅការកសាងរដ្ឋបាលទំនើប សមត្ថភាពខ្ពស់ ខ្លាំង វៃឆ្លាត និងស្អាតស្អំ ដើម្បីសម្រេចគោលដៅអភិវឌ្ឍឆ្នាំ២០៣០ និងឆ្នាំ២០៥០។ វិធានការគន្លឹះក្នុងការកែទម្រង់រដ្ឋបាលសាធារណៈ ដែលរាជរដ្ឋាភិបាលក្នុងនីតិកាលទី៧ នៃរដ្ឋសភា បានដាក់ឱ្យអនុវត្ត ដើម្បីដោះស្រាយបញ្ហាប្រឈមជាអាទិភាព និងសម្រេចឱ្យបាននូវលទ្ធផលជាវិជ្ជមានជាក់ស្តែង រួមមាន៖ ១)ការដាក់ឱ្យអនុវត្តប្រព័ន្ធជ្រើសរើសមន្ត្រីឱ្យចូលបម្រើការងារប្រកបដោយគុណាធិបតេយ្យ តម្លាភាព យុត្តិធម៌ បរិយាបន្ន និងប្រសិទ្ធភាព ២)ការពង្រឹងសមត្ថភាព និងសមិទ្ធកម្មស្ថាប័ន ដើម្បីលើកកម្ពស់គុណភាពការងារប្រកបដោយវិន័យ សីលធម៌ វិជ្ជាជីវៈ ប្រសិទ្ធភាព និងស័ក្ដិសិទ្ធភាព និង ៣)ការដាក់ឱ្យអនុវត្តប្រព័ន្ធលើកទឹកចិត្តគាំទ្រសមិទ្ធកម្ម ប្រកបដោយសង្គតិភាព សមធម៌ ប្រសិទ្ធភាព និងចីរភាព។

សូមជម្រាបថា វេទិកាកែទម្រង់នាពេលនេះ រៀបចំឡើងដើម្បីផ្តល់ព័ត៌មានអំពីវឌ្ឍនភាពការងារដែលការដ្ឋានកែទម្រង់សំខាន់ៗ របស់រាជរដ្ឋាភិបាល ក្នុងនីតិកាលទី៧ នៃរដ្ឋសភា សម្រេចបាន ក្នុងការលើកកម្ពស់អភិបាលកិច្ចនៃរដ្ឋបាលសាធារណៈ និងបង្កើតកាលានុវត្តភាពឱ្យបានកាន់តែទូលំទូលាយ សម្រាប់សាធារណជនក្នុងការចូលរួម និងផ្លាស់ប្តូរមតិយោបល់ រួមចំណែកជាធាតុចូលដល់ការលើកកម្ពស់អភិបាលកិច្ចក្នុងរដ្ឋបាលសាធារណៈឱ្យកាន់តែប្រសើរ ក៏ដូចជាផ្តល់ជាវេទិកា និងបង្កើតឱ្យមានវប្បធម៌សន្ទនា ឈរលើមូលដ្ឋានវិជ្ជាជីវៈ និងស្មារតីស្ថាបនា រវាងថ្នាក់ដឹកនាំ និងមន្ត្រីជំនាញដែលអនុវត្តការងារកែទម្រង់ផ្ទាល់ និងសាធារណជន៕


-
PR NEWS1 week agoសង្វៀនគុនខ្មែរ និងការប្រគំតន្ត្រី GANZBERG Kun Khmer Tour concert រយៈពេល២ថ្ងៃពេញកាន់តែកក្រើក!
-
ព័ត៌មាន1 week agoកម្ពុជា និងសហភាពអឺរ៉ុប ត្រួតពិនិត្យឡើងវិញអំពីកិច្ចសហប្រតិបត្តិការដែលកំពុងដំណើរការ និងពិភាក្សាលើអាទិភាពអនាគត
-
ព័ត៌មាន1 week agoកម្ពុជាស្នើស្នើសហភាពអឺរ៉ុបបន្តគាំទ្រចក្ខុវិស័យឆ្ពោះទៅរកកម្ពុជាមួយគ្មានផលប៉ះពាល់ដោយសារមីន និងសំណល់ជាតិផ្ទុះពីសង្គ្រាម និងបោសសម្អាតយុទ្ធភណ្ឌគ្រឿងបន្សល់ទុកដោយយោធាថៃ
-
កីឡា1 week agoMohamed Salah ប្រកាសចាកចេញពី Liverpool នៅដំណាច់រដូវកាលនេះក្រោយចំណាយពេល ៩ឆ្នាំ
-
ព័ត៌មាន1 week agoរដ្ឋមន្រ្តីជំរុញឱ្យមន្រ្ដីសុខាភិបាលរាជធានី ខេត្តយកចិត្តទុកដាក់លើមរណភាពមាតា និងទារកពេលបង្កកំណើត
-
ព័ត៌មាន5 days agoប្រធានក្រុមការងារចុះមូលដ្ឋានឃុំទងត្រឡាច អំពាវនាវពលរដ្ឋជឿជាក់លើការដោះស្រាយបញ្ហាព្រំដែនរបស់រាជរដ្ឋាភិបាល
-
ព័ត៌មាន4 days agoអគ្គទេសាភិបាលធនាគារជាតិ លើកទឹកចិត្តដល់ធុរជនស្វែងយល់ការផ្គុំ QR រៀល និងដុល្លារ
-
ព័ត៌មាន2 days agoមន្រ្តីជាន់សមាគមអតីតយុទ្ធជន ចុះពិនិត្យវឌ្ឍនភាពភូមិប៊ុនរ៉ានីសែនជ័យដំណាក់ទ្រយឹង