ព័ត៌មាន
ឯកឧត្តម ហ៊ុន ម៉ានី៖ សហគ្រិន និងវិស័យឯកជន គឺជាកាតាលីករជំរុញដ៏សំខាន់ និងជាដៃគូមិនអាចខ្វះបានរបស់រាជរដ្ឋាភិបាល
នាល្ងាចថ្ងៃទី៣ ខែមេសា ឆ្នាំ២០២៦ ឯកឧត្តម ហ៊ុន ម៉ានី ប្រធានសហភាពសហព័ន្ធយុវជនកម្ពុជា បានអញ្ជើញជាអធិបតីភាពក្នុងពិធីសន្និបាតប្រចាំឆ្នាំ និងពិធីផ្ទេរតំណែងប្រធានក្រុមប្រឹក្សាភិបាលអាណត្តិថ្មីរបស់សមាគមសហគ្រិនវ័យក្មេងកម្ពុជា (YEAC) នៅសណ្ឋាគារ Hyatt Regency។ កម្មវិធីនេះ មានការអញ្ជើញចូលរួមពីសំណាក់ លោកជំទាវកិត្តិបណ្ឌិត អ៉ឹង កន្ថាផាវី រដ្ឋមន្ត្រីក្រសួងកិច្ចការនារី ឧកញ៉ាប្រធានសមាគមសហគ្រិនវ័យក្មេងកម្ពុជា អ្នកឧកញ៉ា ឧកញ៉ា លោក លោកស្រី តំណាងក្រុមប្រឹក្សាសហគមវ័យក្មេងអាស៊ាន សមាជិក សមាជិកាសមាគម ភ្ញៀវកិត្តិយស និងដៃគូសហការប្រមាណ ៣០០ នាក់។
ជាកិច្ចចាប់ផ្តើម ឧកញ៉ា ប៉ិច បូឡែន ប្រធានសមាគមសហគ្រិនវ័យក្មេងកម្ពុជា បានថ្លែងអំណរគុណជូនចំពោះ ឯកឧត្តម ហ៊ុន ម៉ានី ដែលឯកឧត្តមតែងតែគាំទ្រ និងលើកទឹកចិត្តដល់សមាគមក្នុងការបំពេញបេសកកម្មរបស់ខ្លួននាពេលកន្លងមក។ ជាមួយគ្នានេះ លោកឧកញ៉ា បានបន្ថែមថា ការអញ្ជើញចូលរួមជាបន្តបន្ទាប់របស់ឯកឧត្តម គឺជាកាយវិការនៃការយកចិត្តទុកដាក់ខ្ពស់របស់រាជរដ្ឋាភិបាលចំពោះវិស័យឯកជនដែលជាដៃគូរបស់រាជរដ្ឋាភិបាល និងជាឆ្អឹងខ្នងសេដ្ឋកិច្ចជាតិ។
ក្នុងឱកាសនោះ ឧកញ៉ា ស គីណាល់ ប្រធានសមាគមសហគ្រិនវ័យក្មេងកម្ពុជាអាណត្តិថ្មី បានបង្ហាញក្ដីសោមមស្សរីករាយ និងបានថ្លែងអំណរគុណចំពោះសមាជិក សមាជិកា សមាគមសហគ្រិនវ័យក្មេងទាំងអស់ដែលបានផ្ដល់សេចក្ដីទុកចិត្តបោះឆ្នោតជូនឧកញ៉ាក្នុងការបំពេញបេសកកម្មបន្តពីឧកញ៉ា ប៉ិច បូឡែន។ ឧកញ៉ា ស គីណាល់ ក៏បានប្ដេជ្ញាចិត្តក្នុងការបន្តខិតខំប្រឹងប្រែង ដើម្បីនាំមកនូវសមិទ្ធផលថ្មីៗបន្ថែមទៀតសម្រាប់សមាគម និងសម្រាប់សង្គមជាតិទាំងមូល។
ថ្លែងទៅកាន់អង្គពិធី ឯកឧត្តម ហ៊ុន ម៉ានី បានអបអរសាទរដល់ប្រធាន និងសមាជិកក្រុមប្រឹក្សា ភិបាលអាណត្តិថ្មីទាំងអស់ ដែលទទួលបានការបោះឆ្នោតផ្តល់សេចក្តីទុកចិត្តដើម្បីបន្តភារកិច្ចដឹកនាំសមាគម សម្រាប់អាណត្តិថ្មី។ ឯកឧត្តម បានមានប្រសាសន៍កោតសរសើរ និងវាយតម្លៃខ្ពស់ចំពោះថ្នាក់ដឹកនាំ និងសមាជិក សមាជិកាទាំងអស់នៃសមាគមសហគ្រិនវ័យក្មេងកម្ពុជា ចំពោះការខិតខំប្រឹងប្រែង លះបង់កម្លាំងកាយ ចិត្ត និងធនធាន ប្រកបដោយទំនួលខុសត្រូវខ្ពស់សម្រេចបាននូវសមិទ្ធផល និងបន្សល់ទុកនូវស្នាដៃជាច្រើនសម្រាប់ជាគំរូដល់សហគ្រិនវ័យក្មេងដទៃទៀត។
ឯកឧត្តមបានបញ្ជាក់ថា ដំណើរការនៃសង្គមជាតិទាំងមូល ត្រូវការគ្រប់ភាគីពាក់ព័ន្ធទាំងអស់ ក្នុងនោះសហគ្រិន និងវិស័យឯកជន គឺជាកាតាលីករជំរុញដ៏សំខាន់ និងជាដៃគូមិនអាចខ្វះបានរបស់រាជរដ្ឋាភិបាល ដែលបានចូលរួមចំណែកក្នុងការកសាង និងអភិវឌ្ឍសង្គម-សេដ្ឋកិច្ច។ ជាមួយគ្នានេះ ឯកឧត្តមបានលើកទឹកចិត្តដល់សមាគមសហគ្រិន វ័យក្មេងកម្ពុជា ក៏ដូចជាបណ្តាក្រុមហ៊ុនឯកជននានា ឱ្យបន្តបេសកកម្មដ៏ល្អប្រពៃរបស់ខ្លួន ក៏ដូចជាគិតគូរបន្ថែមលើគំនិតផ្តួចផ្តើមថ្មីៗសម្រាប់ជាប្រយោជន៍ជូនជាតិផងដែរ។









-
ព័ត៌មាន1 week agoអង្គភាពប្រឆាំងអំពើពុករលួយ និងសភាពាណិជ្ជកម្មប្តេជ្ញារួមគ្នាកសាងវប្បធម៌ស្អាតស្អំក្នុងធុរកិច្ច
-
ព័ត៌មាន7 days agoក្នុងកិច្ចប្រជុំគណៈរដ្ឋមន្រ្តី សម្តេចធិបតីក្រើនរំលឹកឲ្យកងកម្លាំងគ្រប់ប្រភេទត្រៀមអន្តរាគមន៍ជួយពលរដ្ឋរងគ្រោះដោយសារទឹកជំនន់
-
ព័ត៌មាន1 week agoសម្តេចប្រធានរដ្ឋសភា៖ សន្និសីទប្រធានសភានៃអន្តរសភាលើកទី២ ជាការចងក្រងបណ្តាញ អ្នកស្រលាញ់សន្តិភាពដើម្បីលើកម្ពស់វិបុលភាពរបស់ប្រជាពលរដ្ឋ
-
ព័ត៌មាន1 week agoក្រុមហ៊ុន ប៊ីវីអឹម និង Intertek ចុះហត្ថលេខាដើម្បីបង្កើតភាពជាដៃគូយុទ្ធសាស្រ្តលើការត្រួតពិនិត្យគុណភាពប្រេងឥន្ធនៈ
-
ព័ត៌មាន7 days agoពលរដ្ឋ៖ កេរ្ដិ៍ឈ្មោះកម្ពុជា នឹងកាន់តែល្អបន្ទាប់ពីជោគជ័យ កម្ទេចមជ្ឈមណ្ឌលឆបោកតាមប្រព័ន្ធបច្ចេកវិទ្យា
-
ព័ត៌មាន6 days agoមន្រ្តីឧទ្យានុរក្សបន្តចុះល្បាតនិងទប់ស្កាត់ការកាប់រានដីព្រៃ ចំនួន១២ករណីនៅក្នុងឧទ្យានជាតិគិរីរម្យ
-
ព័ត៌មាន1 day agoពុទ្ធិកសាកលវិទ្យាល័យព្រះសីហមុនីរាជា និងអង្គការ EBC កំពុងស្វែងរកកិច្ចសហការចូលរួមលើកកម្ពស់វិស័យឌីជីថល និងបង្កើតវីដេអូអប់រំ
-
ព័ត៌មាន7 days agoអាជ្ញាធររៀបចំឱ្យអាជីវករដែលរងផលប៉ះពាល់ដោយគ្រោះអគ្គីភ័យនៅផ្សារនាគមាស អាចចូលទៅលក់នៅក្នុងទីតាំងអតីតដីមជ្ឈមណ្ឌលម៉ង់ឌីយ៉ាល់ជាបណ្តោះអាសន្នសិន