ព័ត៌មាន
“កាត់សក់បង្កក់សិរី” ជូនបងប្អូនកម្មកររោងចក្រ ដើម្បីអបអរសាទរ ទទួលសិរីសួស្ដីក្នុងឱកាសបុណ្យចូលឆ្នាំថ្មីប្រពៃណីជាតិ
(ភ្នំពេញ)៖ ឯកឧត្តម ហេង សួរ រដ្ឋមន្ត្រីក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈបានអញ្ជើញជាអធិបតីក្នុងវិធី “កាត់សក់បង្កក់សិរី” ដោយឥតគិតថ្លៃជូនដល់បងប្អូនកម្មករ កម្មការិនីជាង ៥០០នាក់ នៅក្នុងភូមិក្បាលដំរី១ សង្កាត់កាកាប២ ខណ្ឌពោធិ៍សែនជ័យ រាជធានីភ្នំពេញ នារសៀលថ្ងៃទី៤ ខែមេសា ឆ្នាំ២០២៦ ក្នុងឱកាសបុណ្យចូលឆ្នាំថ្មីប្រពៃណីជាតិខ្មែរ ឆ្នាំ២០២៦ ដែលក៏ជាពេលដែលថ្នាក់ដឹកនាំក្រសួងការងារ អាចជួបសំណេះសំណាលសួរសុខទុក្ខ ផ្សារភ្ជាប់ទំនាក់ទំនងដ៏ជិតស្និទ្ធជាមួយបងប្អូនកម្មករនិយោជិតផងដែរ។
ក្នុងបរិយាកាសប្រកបដោយក្តីសោមនស្សរីករាយនេះ ឯកឧត្តម ហេង សួរ បានថ្លែងអំណររគុណចំពោះបងប្អូនដែលឆ្លៀតពេលនាចុងសប្តាហ៍ចូលរួមក្នុងកម្មវិធី “កាត់សក់បង្កក់សិរី” ដើម្បីទទួលបានការកាត់សក់ គៀបសក់ និងផ្លុំសក់ដោយឥតគិតថ្លៃពីសំណាក់ក្រុមជាងដែលមានជំនាញដ៏ចំណានប្រមាណជា ១០០នាក់ពី សមាគមមិត្តយើង នាពេលនេះ។ ជាការត្រៀមខ្លួនទទួលទេវតាឆ្នាំថ្មីផង ការកាត់ ឬធ្វើសក់នេះ ក៏ជាការលើកសម្រស់បានមួយកម្រិត និងជួយសន្សំសំចៃប្រាក់បានមួយចំនួនផងដែរ ជាពិសេសគឺសម្រាប់បងប្អូនកម្មការិនី។
នាឱកាសនោះ ឯកឧត្តមរដ្ឋមន្រ្តី ក៏បានជម្រាបជូនពីការយកចិត្តទុកដាក់ខ្ពស់ចំពោះបងប្អូនកម្មករនិយោជិត ពីសំណាក់សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្រ្តី។ ជាក់ស្តែង នាឱកាសបុណ្យចូលឆ្នាំថ្មីនេះ សម្តេចបានណែនាំឱ្យរដ្ឋបាលរាជធានីភ្នំពេញរៀបចំរថយន្តរហូតដល់ទៅចំនួន ៦០០គ្រឿង ដើម្បីដឹកជញ្ជូនបងប្អូនកម្មករនិយោជិត និងប្រជាពលរដ្ឋទាំងពេលទៅលេងស្រុកកំណើត និងពេលត្រឡប់មកវិញដោយឥតគិតថ្លៃ។ ឯកឧត្តមរដ្ឋមន្រ្តីបានគូសបញ្ជាក់ថា ការរៀបចំរថយន្តដឹកជញ្ជូននាឆ្នាំនេះ គឺពិតជាមានតម្លៃខ្លាំងណាស់ នៅពេលដែលតម្លៃប្រេងឥន្ធនៈកំពុងតែឡើងថ្លៃ ដែលអាចជួយកាត់បន្ថយការចំណាយលើការធ្វើដំណើររបស់បងប្អូនបានមួយចំនួនធំផងដែរ។ ឯកឧត្តមបានអំពាវនាវឱ្យបងប្អូនកម្មករនិយោជិត និងប្រជាពលរដ្ឋប្រើប្រាស់រថយន្តទាំងនេះចាប់ពីថ្ងៃទី១២ ខែមេសា ឆ្នាំ២០២៦ ខាងមុខនេះ។
ទន្ទឹមនឹងនេះ ឯកឧត្តម ក៏បានជម្រាបជូនពីព័ត៌មានឱកាសការងារក្នុងស្រុកប្រហែល ៩ម៉ឺនកន្លែងនៅតាមបណ្តារោងចក្រ សហគ្រាស និងក្រុមហ៊ុននៅទូទាំងប្រទេស ដោយឯកឧត្តមបានអំពាវនាវដល់បងប្អូនឱ្យជួយបន្តផ្សព្វផ្សាយពីឱកាសការងារទាំងនេះទៅដល់បងប្អូន សាច់ញាតិ មិត្តភក្តិ ឬអ្នកជិតខាង ក្នុងពេលត្រឡប់ទៅលេងស្រុកកំណើតនាឱកាសឈប់សម្រាកនៃបុណ្យចូលឆ្នាំថ្មីនេះ ជាពិសេសទៅដល់អតីតពលករមកពីប្រទេសថៃ។ ក្នុងនោះអាចទាក់ទងក្រសួងការងារ តាមរយៈលេខទូរសព្ទ Hotline ១២៩៧ សម្រាប់សាកសួរព័ត៌មានទាក់ទងនឹងការងារ ហើយបើក្នុងករណីដែលមានអ្នករកការងារធ្វើច្រើននាក់ក្នុងភូមិតែមួយ នោះនឹងមានក្រុមហ៊ុនទៅដឹកជញ្ជូនដល់កន្លែងផងដែរ។
ជាមួយនឹងការថ្លែងជូនពរនាឱកាសបុណ្យចូលឆ្នាំថ្មីប្រពៃណីជាតិខ្មែរដែលនឹងចូលមកដល់នាពេលខាងមុខដ៏ខ្លីនេះ ឯកឧត្តម ហេង សួរ បានថ្លែងអំណរគុណយ៉ាងស្មោះស្ម័គ្រចំពោះបងប្អូនកម្មករ កម្មការិនីទាំងអស់ចំពោះការខិតខំព្យាយាមបំពេញការងារ ទោះក្នុងកាលៈទេសៈវិបត្តិសកលនេះ ដែលជួយធ្វើឱ្យវិស័យវាយនភណ្ឌ កាត់ដេរ ផលិតស្បែកជើង និងផលិតផលិតផលធ្វើដំណើរនិងកាបូប ដំណើរការយ៉ាងរលូន ដែលជាការរួមចំណែកយ៉ាងធំធេងដល់ការទ្រទ្រង់សេដ្ឋកិច្ចជាតិ៕









-
ព័ត៌មាន1 week agoយុវជនក្នុងខេត្តកណ្ដាល បង្ហាញមោទនភាព ដែលមានឱកាសក្លាយជាកម្លាំងការពារជាតិ
-
ព័ត៌មាន3 days agoយុវជនខេត្តកំពង់ឆ្នាំង បង្ហាញមោទនភាពក្នុងការចូលបំពេញកាតព្វកិច្ចយោធា ដើម្បីបម្រើជាតិមាតុភូមិ
-
ព័ត៌មាន2 days agoយុវជន ២៤០នាក់នៅខេត្តកោះកុង បានដាក់ពាក្យបំពេញកាតព្វកិច្ចយោធា
-
ព័ត៌មាន4 days agoយុវជនប្ដេជ្ញាខិតខំហ្វឹកហាត់លត់ដំខ្លួនឱ្យរឹងមាំដើម្បីក្លាយជាសសរស្ដម្ភជាតិ ក្នុងពេលចូលបំពេញកាតព្វកិច្ចកិច្ចយោធា
-
ព័ត៌មាន1 week agoសេវារថយន្តក្រុងរដ្ឋឥតគិតថ្លៃបានសន្សំសោហ៊ុយធ្វើដំណើររបស់ពលរដ្ឋប្រមាណ ១២ពាន់លានរៀល
-
ព័ត៌មាន4 days agoពលរដ្ឋក្រីក្រ៖ ប្រាក់ឧបត្ថម្ភទប់វិបត្តិឡើងថ្លៃប្រេង ជួយសម្រាលការលំបាកមួយផ្នែកធំលើជីវភាព
-
ព័ត៌មាន1 week agoសម្ដេចធិបតី ហ៊ុន ម៉ាណែត និងប្រធានាធិបតីអាស៊ែបៃហ្សង់ អញ្ជើញជាអធិបតីក្នុងពិធីប្តូរឯកសារអនុស្សរណៈ នៃការយោគយល់គ្នាចំនួន៣
-
ព័ត៌មាន6 days agoកម្ពស់ទឹកស្ទឹងពោធិ៍សាត់ហក់ឡើងយ៉ាងកំហុគ ឈានដល់កម្រិតប្រកាសអាសន្ន ប្រឈមនិងការជនលិច