ព័ត៌មាន
UN ប្រចាំកម្ពុជាសហការជាមួយក្រសួងទេសចរណ៍ លើកស្ទួយវិស័យទេសចរណ៍ឈានទៅដល់ការសម្រេចគោលដៅអភិវឌ្ឍប្រកបដោយចីរភាពនៅកម្ពុជា
នៅថ្ងៃទី៦ ខែមេសា ឆ្នាំ២០២៦នេះ ឯកឧត្តម ហួត ហាក់ រដ្ឋមន្ត្រីក្រសួងទេសចរណ៍ បានអនុញ្ញាតជូនលោកជំទាវ Vladanka Andreeva អ្នកសម្របសម្រួលអង្គការសហប្រជាជាតិប្រចាំកម្ពុជា និងសហការី ចូលជួបសម្តែងការគួរសម និងពិភាក្សាការងារ ស្តីពីការពង្រឹងកិច្ចសហប្រតិបត្តិការវិស័យទេសចរណ៍ នៅទីស្តីការក្រសួងទេសចរណ៍។
ក្នុងជំនួបនេះ លោកជំទាវ Vladanka Andreeva បានថ្លែងអំណរគុណចំពោះការទទួលស្វាគមន៍យ៉ាងកក់ក្តៅ និងបានកោតសរសើរយ៉ាងខ្លាំងចំពោះការអភិវឌ្ឍហេដ្ឋារចនាសម្ព័ន្ធរបស់កម្ពុជា ដែលមានការរីកចម្រើនគួរឲ្យកត់សម្គាល់ បើធៀបនឹងរយៈពេល១០ឆ្នាំមុន។ ទន្ទឹមនឹងនេះ លោកជំទាវ ក៏បានលើកឡើងពីដំណើរទស្សនកិច្ចថ្មីៗទៅកាន់ប្រាសាទបន្ទាយឆ្មារ ដោយបានកោតសរសើរថា ប្រាសាទនេះមានសម្រស់ស្រស់ស្អាតល្អប្រណិត និងបង្ហាញពីតម្លៃប្រវត្តិសាស្ត្រដ៏អស្ចារ្យរបស់បេតិកភណ្ឌខ្មែរ។
ជាមួយគ្នានេះ ឯកឧត្តមរដ្ឋមន្ត្រី បានស្វាគមន៍យ៉ាងកក់ក្ដៅ និងសម្តែងការអបអរសាទរដល់លោកជំទាវ ចំពោះការតែងតាំងជាអ្នកសម្របសម្រួលថ្មីរបស់ប្រព័ន្ធអង្គការសហប្រជាជាតិប្រចាំកម្ពុជា ហើយបានវាយតម្លៃខ្ពស់ចំពោះតួនាទី និងការចូលរួមយ៉ាងសកម្មរបស់អង្គការសហប្រជាជាតិ ក្នុងការគាំទ្រការអភិវឌ្ឍសេដ្ឋកិច្ច សង្គម និងមនុស្សធម៌នៅកម្ពុជា កន្លងមក។
ក្នុងកិច្ចពិភាក្សានេះ ភាគីទាំងពីរបានផ្តោតលើការពង្រឹង និងពង្រីកកិច្ចសហប្រតិបត្តិការរវាងកម្ពុជា និងអង្គការសហប្រជាជាតិ ជាពិសេសក្នុងវិស័យទេសចរណ៍ ដោយផ្តោតលើការអភិវឌ្ឍប្រកបដោយចីរភាព តាមរយៈការកែលម្អគោលនយោបាយ និងក្របខណ្ឌអនុវត្ត ការលើកកម្ពស់ស្តង់ដារទេសចរណ៍បៃតង ការពង្រឹងសមត្ថភាពឆ្លើយតបនឹងការប្រែប្រួលអាកាសធាតុនៅតំបន់ទេសចរណ៍ និងការជំរុញទេសចរណ៍ផ្អែកលើសហគមន៍ ព្រមទាំងការលើកកម្ពស់ជីវភាពសហគមន៍ ការលើកទឹកចិត្តការចូលរួមរបស់យុវជន និងស្ត្រី និងការផ្តល់ការគាំទ្រផ្នែកបច្ចេកទេសក្នុងការកសាងសមត្ថភាពធនធានមនុស្ស រួមមានជំនាញបដិសណ្ឋារកិច្ច ជំនាញឌីជីថល និងជំនាញបៃតង ដើម្បីឆ្លើយតបទៅនឹងតម្រូវការទីផ្សារទេសចរណ៍សម័យថ្មី។
ឆ្លៀតក្នុងឱកាសនេះ ភាគីទាំងពីរបានឯកភាពគ្នាបន្តពង្រឹង និងពង្រីកកិច្ចសហប្រតិបត្តិការលើវិស័យអាទិភាព ដូចជា ការអភិវឌ្ឍទេសចរណ៍ផ្អែកលើសហគមន៍ ការកែលម្អប្រព័ន្ធទិន្នន័យទេសចរណ៍ និងការប្រើប្រាស់បច្ចេកវិទ្យាឌីជីថល ដើម្បីលើកកម្ពស់ប្រសិទ្ធភាពនៃការគ្រប់គ្រងវិស័យទេសចរណ៍ និងពន្លឿនការសម្រេចបាននូវគោលដៅអភិវឌ្ឍន៍ប្រកបដោយចីរភាពនៅកម្ពុជា ព្រមទាំងបន្តគាំទ្រយ៉ាងសកម្មដល់កម្ពុជា ក្នុងការជំរុញវិស័យទេសចរណ៍ឱ្យមានលក្ខណៈបរិយាបន្ន និងនិរន្តរភាព ដើម្បីធានាថាកំណើនវិស័យនេះនាំមកនូវផលប្រយោជន៍ជាក់ស្តែងដល់សហគមន៍មូលដ្ឋាន និងស្របតាមគោលដៅអភិវឌ្ឍន៍សកល។
ជាកិច្ចឆ្លើយតប ឯកឧត្តមរដ្ឋមន្ត្រី បានថ្លែងអំណរគុណ និងវាយតម្លៃខ្ពស់ចំពោះតួនាទីរបស់អង្គការសហប្រជាជាតិ ក្នុងការគាំទ្រកម្ពុជាលើវិស័យសង្គម និងសេដ្ឋកិច្ច ជាពិសេសការចូលរួមលើកកម្ពស់វិស័យទេសចរណ៍ឱ្យមានការអភិវឌ្ឍប្រកបដោយចីរភាព និងភាពរឹងមាំ។ ឯកឧត្តមក៏បានគូសបញ្ជាក់ថា កម្ពុជាមានសុខសន្តិភាព ស្ថិរភាពនយោបាយ និងការរីកចម្រើនសេដ្ឋកិច្ច ដែលជាមូលដ្ឋានសំខាន់សម្រាប់ទាក់ទាញភ្ញៀវទេសចរ និងវិនិយោគិនអន្តរជាតិ ព្រមទាំងបង្កើតឱកាសថ្មីៗសម្រាប់ការអភិវឌ្ឍវិស័យទេសចរណ៍ប្រកបដោយចីរភាព។
ជាកិច្ចបញ្ចប់ ភាគីទាំងពីរបានបញ្ជាក់ពីការប្តេជ្ញាចិត្តរួម ក្នុងការបន្តពង្រឹង និងពង្រីកកិច្ចសហប្រតិបត្តិការយ៉ាងជិតស្និទ្ធ ដើម្បីលើកកម្ពស់វិស័យទេសចរណ៍កម្ពុជា ឱ្យមានការអភិវឌ្ឍប្រកបដោយចីរភាព បរិយាបន្ន និងមានភាពប្រកួតប្រជែងខ្ពស់ ស្របតាមទិសដៅអភិវឌ្ឍន៍ជាតិ និងគោលដៅអភិវឌ្ឍន៍ប្រកបដោយចីរភាព របស់អង្គការសហប្រជាជាតិ។
គួរបញ្ជាក់ផងដែរថា កម្ពុជាបានចូលជាសមាជិកអង្គការសហប្រជាជាតិ នៅឆ្នាំ១៩៥៥ ហើយអង្គការសហប្រជាជាតិបានចូលរួមជួយគាំទ្រកម្ពុជាសំខាន់មួយនៅឆ្នាំ១៩៩១ តាមរយៈកិច្ចព្រមព្រៀងសន្តិភាពទីក្រុងប៉ារីស ដែលជាគន្លឹះសម្រាប់ការស្តារឡើងវិញនូវសន្តិភាព ស្ថិរភាព និងការអភិវឌ្ឍប្រទេសកម្ពុជា។









-
ព័ត៌មាន1 week agoយុវជនក្នុងខេត្តកណ្ដាល បង្ហាញមោទនភាព ដែលមានឱកាសក្លាយជាកម្លាំងការពារជាតិ
-
ព័ត៌មាន3 days agoយុវជនខេត្តកំពង់ឆ្នាំង បង្ហាញមោទនភាពក្នុងការចូលបំពេញកាតព្វកិច្ចយោធា ដើម្បីបម្រើជាតិមាតុភូមិ
-
ព័ត៌មាន2 days agoយុវជន ២៤០នាក់នៅខេត្តកោះកុង បានដាក់ពាក្យបំពេញកាតព្វកិច្ចយោធា
-
ព័ត៌មាន4 days agoយុវជនប្ដេជ្ញាខិតខំហ្វឹកហាត់លត់ដំខ្លួនឱ្យរឹងមាំដើម្បីក្លាយជាសសរស្ដម្ភជាតិ ក្នុងពេលចូលបំពេញកាតព្វកិច្ចកិច្ចយោធា
-
ព័ត៌មាន1 week agoសេវារថយន្តក្រុងរដ្ឋឥតគិតថ្លៃបានសន្សំសោហ៊ុយធ្វើដំណើររបស់ពលរដ្ឋប្រមាណ ១២ពាន់លានរៀល
-
ព័ត៌មាន4 days agoពលរដ្ឋក្រីក្រ៖ ប្រាក់ឧបត្ថម្ភទប់វិបត្តិឡើងថ្លៃប្រេង ជួយសម្រាលការលំបាកមួយផ្នែកធំលើជីវភាព
-
ព័ត៌មាន1 week agoសម្ដេចធិបតី ហ៊ុន ម៉ាណែត និងប្រធានាធិបតីអាស៊ែបៃហ្សង់ អញ្ជើញជាអធិបតីក្នុងពិធីប្តូរឯកសារអនុស្សរណៈ នៃការយោគយល់គ្នាចំនួន៣
-
ព័ត៌មាន6 days agoកម្ពស់ទឹកស្ទឹងពោធិ៍សាត់ហក់ឡើងយ៉ាងកំហុគ ឈានដល់កម្រិតប្រកាសអាសន្ន ប្រឈមនិងការជនលិច