ព័ត៌មាន
អាកាសយានដ្ឋានអន្តរជាតិភ្នំពេញ នឹងបើកជាសួនសាធារណៈ នៅក្នុងឱកាសពិធីបុណ្យចូលឆ្នាំខ្មែរ
អាកាសយានដ្ឋានអន្ដរជាតិភ្នំពេញ (ព្រលានយន្តហោះចាស់) នឹងបើកជាសួនសាធារណៈ បណ្ដោះអាសន្ន សម្រាប់ប្រជាពលរដ្ឋ ចូលទស្សនា នៅក្នុងឱកាសពិធីបុណ្យចូលឆ្នាំខ្មែរ ខណៈដែលបច្ចុប្បន្នរៀបចំបាន៨០ភាគរយហើយ។
គិតមកដល់ថ្ងៃទី៨ ខែមេសានេះ អាកាសយានដ្ឋានអន្ដរជាតិភ្នំពេញ ចាស់ សម្រេចការរៀបចំបាន ៨០%ហើយ ទាំងការរៀបចំណត យានយន្ត បន្ទប់ទឹក និងការសម្អាតទីធ្លា ដោយនៅសល់ តែការរៀបតុបតែងលម្អ តិចតួចទៀតប៉ុណ្ណោះ ដែលនឹងរួចរាល់ទាំងស្រុងនៅថ្ងៃទី១០ ខែមេសាខាងមុខនេះ អោយសាធារណៈជូនអាចចូលទស្សនាកំសាន្ត បាន ។ នេះបើតាមការបញ្ជាក់របស់ គឹម យូឃៀង ប្រធានក្រុមហ៊ុន KYSC COOPERATION CO.,LTD ដែលទទួលបន្ទុក លើការរៀបចំនេះ។
បើតាមសេចក្ដីប្រកាសព័ត៌មាន អាកាសយានដ្ឋានអន្ដរជាតិភ្នំពេញ (ព្រលានចាស់) នឹងបើកឲ្យសាធារណជនចូលទស្សនា ចាប់ពីថ្ងៃទី១១ ដល់ថ្ងៃទី១៩ ខែមេសា ឆ្នាំ២០២៦ ពីម៉ោង ៥៖០០នាទីព្រឹក ដល់ម៉ោង ៩៖០០នាទីយប់។ នៅក្នុងរយៈពេលបើកដំណើរការនេះ សាធារណជន នឹងបានទស្សនា តំបន់សំខាន់ៗ រួមមាន អគារស្ថានីយ ប៉មបញ្ជាសម័យទស្សសវត្តរ៍ ឆ្នាំ១៩៥០ តំបន់ជុំវិញបរិវេណអគារច្រក ចេញ-ចូល អ្នកដំណើរ VIP, ចំណតយន្ដហោះ និងតំបន់រត់ របស់យន្ដហោះជាដើម។

ឯកឧត្ដម ស៊ីន ចាន់សិរីវុត្ថា អ្នកនាំពាក្យអាកាសចរណ៍ស៊ីវិល បានប្រាប់BTV នៅថ្ងៃទី៨ ខែមេសានេះថា រយៈពេល៩ថ្ងៃ នៃការបើកដំណើរការសាកល្បងនេះ ពលរដ្ឋនឹងបានទស្សនាស្ទើរទាំងស្រុង នៃអាកាសយានដ្ឋាន លើកលែងផ្នែកខ្លះដែលនៅដំណើរការប៉ុណ្ណោះ។ ឯកឧត្តមបន្តថា ការបើកដំណើរការ ក្នុងពេលចូលឆ្នាំខ្មែរនេះ គឺជាការសាកល្បង បើសិនដំណើរល្អ រដ្ឋាភិបាលអាចពិចារណា បើកដំណើរការជាសួនសាធារណៈជាអចិន្រ្ដយ៍។ អំឡុងពេលបើកសាកល្បងខាងមុខនេះ ឯកឧត្ដម អំពាវនាវដល់ពលរដ្ឋ គោរពតាមការណែនាំរបស់មន្រ្ដីប្រចាំការ ដើម្បីរក្សាសណ្ដាប់ធ្នាប់ និងសុវត្ថិភាព។
ប្រជាពលរដ្ឋ និងអ្នកលក់ដូរនៅក្បែរ អាកាសយានដ្ឋានអន្ដរជាតិភ្នំពេញ បានលើកឡើងថា ពួកគេសប្បាយចិត្ត ដោយរំពឹងថា នឹងបានឃើញទីតាំងផ្សេងៗរបស់អគារ ដែលមិនធ្លាប់បានឃើញពីមុនមក។ ហើយការបើកជាសាធារណៈនេះ ក៏ជាផ្នែកមួយ ជួយជំរុញដល់ការលក់ដូររបស់ពួកគេដែរ។ ពួកគេចង់ឲ្យរដ្ឋាភិបាលបើកដំណើរការជាអចិន្រ្ដៃយ៍ ឬក៏អាចបើក ពេលចុងសប្ដាហ៍ សម្រាប់ពលរដ្ឋចូលទៅលេងកម្សាន្ត។
គួរជម្រាបជូនថា ក្នុងពេលដំណើរការ បើកសាកល្បងជាសាធារណៈ ថ្ងៃឆ្នាំថ្មីខាងមុខនេះ អ្នកធ្វើដំណើរដោយ កង់ មិនគិតប្រាក់ថ្លៃចំណតនោះទេ ចំណែកម៉ូតូ គិតថ្លៃ ១ពាន់រៀល និងរថយន្ដ គិតថ្លៃ២ពាន់រៀល។ ហើយការលក់ទំនិញ ការសេពគ្រឿងស្រវឹង និងអាវុធជាតិផ្ទុះគ្រប់ប្រភេទត្រូវហាមឃាត់យកចូលក្នុងបរិវេណខាងក្នុងព្រលាននោះឡើយ ប៉ុន្ដែពលរដ្ឋអាចយកអាហារទៅបរិភោគលក្ខណៈគ្រួសារបាន ខណៈអាជ្ញាធរ រៀបចំឲ្យមានការលក់ទឹកសុទ្ធ ក្នុងតម្លៃទាបជូនពលរដ្ឋ៕ អត្ថបទ៖ លៀ ស៊ីណា





-
ព័ត៌មាន1 week agoយុវជនក្នុងខេត្តកណ្ដាល បង្ហាញមោទនភាព ដែលមានឱកាសក្លាយជាកម្លាំងការពារជាតិ
-
ព័ត៌មាន3 days agoយុវជនខេត្តកំពង់ឆ្នាំង បង្ហាញមោទនភាពក្នុងការចូលបំពេញកាតព្វកិច្ចយោធា ដើម្បីបម្រើជាតិមាតុភូមិ
-
ព័ត៌មាន2 days agoយុវជន ២៤០នាក់នៅខេត្តកោះកុង បានដាក់ពាក្យបំពេញកាតព្វកិច្ចយោធា
-
ព័ត៌មាន4 days agoយុវជនប្ដេជ្ញាខិតខំហ្វឹកហាត់លត់ដំខ្លួនឱ្យរឹងមាំដើម្បីក្លាយជាសសរស្ដម្ភជាតិ ក្នុងពេលចូលបំពេញកាតព្វកិច្ចកិច្ចយោធា
-
ព័ត៌មាន1 week agoសេវារថយន្តក្រុងរដ្ឋឥតគិតថ្លៃបានសន្សំសោហ៊ុយធ្វើដំណើររបស់ពលរដ្ឋប្រមាណ ១២ពាន់លានរៀល
-
ព័ត៌មាន4 days agoពលរដ្ឋក្រីក្រ៖ ប្រាក់ឧបត្ថម្ភទប់វិបត្តិឡើងថ្លៃប្រេង ជួយសម្រាលការលំបាកមួយផ្នែកធំលើជីវភាព
-
ព័ត៌មាន1 week agoសម្ដេចធិបតី ហ៊ុន ម៉ាណែត និងប្រធានាធិបតីអាស៊ែបៃហ្សង់ អញ្ជើញជាអធិបតីក្នុងពិធីប្តូរឯកសារអនុស្សរណៈ នៃការយោគយល់គ្នាចំនួន៣
-
ព័ត៌មាន1 week agoពលរដ្ឋវិលពីស្រុកកំណើតចូលរាជធានីភ្នំពេញវិញក្រោយចប់បុណ្យភ្ជុំបិណ្ឌ រីករាយបន្តជិះរថយន្តក្រុងរដ្ឋឥតគិតថ្លៃ