ព័ត៌មាន
ថ្នាក់ដឹកនាំក្រសួងការពារជាតិ អញ្ជើញចុះសួរសុខទុក្ខ និងលើកទឹកចិត្តដល់កងទ័ពនៅសមរភូមិមុខ ក្នុងឱកាសអបអរពិធីបុណ្យចូលឆ្នាំថ្មីប្រពៃណីជាតិខ្មែរ
នាព្រឹកថ្ងៃទី៨ ខែមេសា ឆ្នាំ២០២៦ នៅបញ្ជាការដ្ឋានយោធភូមិភាគទី៤ លោកជំទាវនាយឧត្តមសេនីយ៍ ដាំ ដារីនី រដ្ឋលេខាធិការក្រសួងការពារជាតិ បានអញ្ជើញជាអធិបតីក្នុងកិច្ចប្រជុំត្រួតពិនិត្យវឌ្ឍនភាពការងារយេនឌ័រ និងចុះសួរសុខទុក្ខនាយទាហាន នាយទាហានរង ពលទាហាន យោធិននារី និងគ្រួសារកងទ័ពយោធភូមិភាគទី៤ កងពលធំអន្តរាគមន៍លេខ៣ កងពលតូចអន្តរាគមន៍លេខ៨ មន្ទីរពេទ្យយោធភូមិភាគ៤ យោធិននារី និងគ្រួសារកងទ័ពសមភូមិមុខ ក្នុងឱកាសត្រៀមអបអរពិធីបុណ្យចូលឆ្នាំថ្មីប្រពៃណីជាតិខ្មែរ ដែលនឹងមកដល់ឆាប់ៗនេះ។
ក្នុងឱកាសនោះ លោកជំទាវនាយឧត្តមសេនីយ៍ ដាំ ដារីនី បាននាំនូវការសួរសុខទុក្ខ និងសេចក្ដីនឹករលឹកយ៉ាងជ្រាលជ្រៅបំផុតពីសំណាក់សម្ដេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន ប្រមុខរដ្ឋស្ដីទី សម្ដេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា និងឯកឧត្តមនាយឧត្តមសេនីយ៍ ទៀ សីហា ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងការពារជាតិ រួមនឹងថ្នាក់ដឹកនាំជាច្រើនទៀត ជាមួយនឹងការសម្ដែងនូវការកោតសរសើរដោយស្មោះចំពោះវីរភាព ក្លាហាន និងការលះបង់ខ្ពស់របស់បងប្អូនកងទ័ព ដែលបានដាក់ការងារជាតិជាធំ ក្នុងការការពារដែនអធិបតេយ្យភាព បូរណភាពទឹកដី និងរក្សាសន្តិភាពជូនមាតុភូមិ។
លោកជំទាវនាយឧត្តមសេនីយ៍ ដាំ ដារីនី ក៏បានថ្លែងអំណរគុណ និងលើកទឹកចិត្តដល់បងប្អូនកងទ័ពទាំងអស់នៅសមរភូមិមុខ ដែលកន្លងមកបានការពារទឹកដី ជាតិមាតុភូមិ ពីការឈ្លានពាន ព្រមទាំងសូមបន្តរក្សាស្មារតីសាមគ្គីភាព វិន័យ និងការត្រៀមខ្លួនជានិច្ច ដើម្បីបំពេញភារកិច្ចការពារជាតិ និងប្រជាជនឱ្យបានរឹងមាំ និងមានប្រសិទ្ធភាពខ្ពស់ សម្រាប់សមរភូមិក្រោយក៏បានត្រៀមខ្លួនរួចជាស្រេចក្នុងការរួមចំណែកជួយបន្ទុកបម្រុងគ្រប់កាលៈទេសៈ។ ហើយការចុះសួរសុខទុក្ខដល់យោធិននារី និងគ្រួសារកងទ័ពជួរមុខនាពេលនេះ ជាផ្នែកមួយនៃកិច្ចការងារសង្គមកិច្ច និងការលើកទឹកចិត្តដល់វីរកងទ័ពដែលកំពុងបំពេញបេសកកម្មការពារទឹកដី។
លោកជំទាវនាយឧត្តមសេនីយ៍ មានប្រសាសន៍ថា ក្រសួងការពារជាតិតែងតែផ្ដល់អាទិភាព និងជំរុញការលើកកម្ពស់យេនឌ័រ ដើម្បីឱ្យយោធិននារីមានឱកាសស្មើភាពក្នុងការទទួលបានការបណ្តុះបណ្តាល និងការឡើងឋានន្តរសក្ដិ។ ក្នុងនោះក៏សូមឱ្យកងកម្លាំងទាំងអស់ បន្តពង្រឹងសមត្ថភាព ចំណេះដឹង និងបច្ចេកទេស ដើម្បីក្លាយជាបង្អែកដ៏រឹងមាំក្នុងជួរកងទ័ព ត្រូវរក្សាវិន័យឱ្យបានខ្ជាប់ខ្ជួនព្រោះកងទ័ពដែលគ្មានវិន័យ គឺជាកងទ័ពដែលគ្មានកម្លាំង ត្រូវមានភាពស្មោះត្រង់ដាច់ខាតចំពោះជាតិ សាសនា ព្រះមហាក្សត្រ និងការពាររដ្ឋធម្មនុញ្ញឱ្យបានទោះក្នុងតម្លៃណាក៏ដោយ។ ជាពិសេសត្រូវចេះស្រឡាញ់គ្នាដូចបងប្អូនបង្កើត ជួយទុក្ខធុរៈគ្នាទៅវិញទៅមកក្នុងអង្គភាព នឹងត្រូវរួមរស់ជាមួយប្រជាជនដូចទឹក និងត្រី។
ក្នុងឱកាសនោះដែរ លោកជំទាវរដ្ឋលេខាធិការ ក៏បាននាំយកអំណោយរបស់ ឯកឧត្តម នាយឧត្តមសេនីយ៍ ទៀ សីហា និងលោកជំទាវ រួមមាន សម្ភារប្រើប្រាស់ គ្រឿងឧបភោគបរិភោគ និងភេសជ្ជៈ ព្រមទាំងថវិកាមួយចំនួន ប្រគល់ជូនដល់យោធភូមិភាគទី៤ កងពលធំអន្តរាគមន៍លេខ៣ កងពលតូចអន្តរាគមន៍លេខ៨ មន្ទីរពេទ្យយោធភូមិភាគ៤ យោធិននារី គ្រួសារកងទ័ពសមភូមិមុខ ដើម្បីអបអរពិធីបុណ្យចូលឆ្នាំថ្មីប្រពៃណីជាតិខ្មែរ ដែលនឹងឈានមកដល់នាពេលខាងមុខនេះផងដែរ៕










-
ព័ត៌មាន1 week agoយុវជនក្នុងខេត្តកណ្ដាល បង្ហាញមោទនភាព ដែលមានឱកាសក្លាយជាកម្លាំងការពារជាតិ
-
ព័ត៌មាន3 days agoយុវជនខេត្តកំពង់ឆ្នាំង បង្ហាញមោទនភាពក្នុងការចូលបំពេញកាតព្វកិច្ចយោធា ដើម្បីបម្រើជាតិមាតុភូមិ
-
ព័ត៌មាន2 days agoយុវជន ២៤០នាក់នៅខេត្តកោះកុង បានដាក់ពាក្យបំពេញកាតព្វកិច្ចយោធា
-
ព័ត៌មាន4 days agoយុវជនប្ដេជ្ញាខិតខំហ្វឹកហាត់លត់ដំខ្លួនឱ្យរឹងមាំដើម្បីក្លាយជាសសរស្ដម្ភជាតិ ក្នុងពេលចូលបំពេញកាតព្វកិច្ចកិច្ចយោធា
-
ព័ត៌មាន1 week agoសេវារថយន្តក្រុងរដ្ឋឥតគិតថ្លៃបានសន្សំសោហ៊ុយធ្វើដំណើររបស់ពលរដ្ឋប្រមាណ ១២ពាន់លានរៀល
-
ព័ត៌មាន4 days agoពលរដ្ឋក្រីក្រ៖ ប្រាក់ឧបត្ថម្ភទប់វិបត្តិឡើងថ្លៃប្រេង ជួយសម្រាលការលំបាកមួយផ្នែកធំលើជីវភាព
-
ព័ត៌មាន1 week agoសម្ដេចធិបតី ហ៊ុន ម៉ាណែត និងប្រធានាធិបតីអាស៊ែបៃហ្សង់ អញ្ជើញជាអធិបតីក្នុងពិធីប្តូរឯកសារអនុស្សរណៈ នៃការយោគយល់គ្នាចំនួន៣
-
ព័ត៌មាន1 week agoពលរដ្ឋវិលពីស្រុកកំណើតចូលរាជធានីភ្នំពេញវិញក្រោយចប់បុណ្យភ្ជុំបិណ្ឌ រីករាយបន្តជិះរថយន្តក្រុងរដ្ឋឥតគិតថ្លៃ