ព័ត៌មាន
ក្រសួងកសិកម្ម កំពុងរៀបចំផែនការជាជំហានៗ ដើម្បីស្តារជីវភាពពលរដ្ឋភៀសសឹកតាមរយៈការធ្វើកសិកម្មប្រមូលផ្ដុំនៅជម្រកបណ្ដោះអាសន្ន
ភ្នំពេញ៖ឯកឧត្តម ឃឹម ហ្វីណង់ អ្នកនាំពាក្យ ក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ បានថ្លែងបញ្ជាក់តាមរយៈសន្និសីទសារព័ត៌មាននៅថ្ងៃទី៨ ខែមេសា ឆ្នាំ២០២៦នេះថា ដោយមានការយកចិត្តទុកដាក់ខ្ពស់ពីសម្ដេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្រ្ដីនៃកម្ពុជា ក្រសួងកសិកម្ម កំពុងដាក់ចេញផែនការអន្តរាគមន៍ជំហានៗរយៈពេលខ្លី និងរយៈពេលមធ្យម ដើម្បីគាំទ្រជីវភាព និងស្តារសេដ្ឋកិច្ចគ្រួសារពលរដ្ឋភៀសសឹកនៅតាមបណ្តាខេត្តជាប់ព្រំដែនឡើងវិញ។
ឯកឧត្តមអ្នកនាំពាក្យបានលើកឡើងថា ការផ្ទុះឡើងសារជាថ្មីនៃសង្គ្រាមនៅតាមបណ្តោយព្រំដែនកម្ពុជា-ថៃ បានបង្ខំឱ្យប្រជាពលរដ្ឋរាប់សែននាក់ត្រូវចាកចោលផ្ទះសម្បែង បោះបង់ចោលការប្រមូលផលកសិកម្ម និងបាត់បង់មុខរបរប្រចាំថ្ងៃស្ទើរតែទាំងស្រុង។ រហូតមកដល់ម៉ោងនេះ ទោះបីជាបងប្អូនមួយចំនួនធំបានវិលត្រឡប់ទៅកាន់មូលដ្ឋានវិញរួចហើយក្តី ក៏យើងនៅមានប្រជាពលរដ្ឋប្រមាណ ៣ ម៉ឺន ៤ពាន់នាក់ទៀត ដែលនៅមិនទាន់អាចវិលត្រឡប់ទៅកាន់លំនៅឋានដើមវិញបាននៅឡើយ ដោយសារតែការរារាំងពីសំណាក់យោធាថៃ តាមរយៈការរាយបន្លាលួសនិងទូរកុងតឺន័រ។ ពួកគាត់ទាំងអស់នេះកំពុងរស់នៅពឹងផ្អែកស្ទើរតែទាំងស្រុងលើជំនួយសង្គ្រោះបន្ទាន់ ដែលនេះគឺជាហានិភ័យដ៏ធំមួយនៃការធ្លាក់ចូលទៅក្នុងភាពអសន្តិសុខស្បៀង ប្រសិនបើយើងមិនមានការគិតគូរឱ្យបានដិតដល់ និងទាន់ពេលវេលានោះទេ។
ឆ្លើយតបនឹងវិបត្តិដ៏បន្ទាន់នេះ រាជរដ្ឋាភិបាលកម្ពុជា ក្រោមការគិតគូរដ៏ខ្ពង់ខ្ពស់ប្រកបដោយគតិបណ្ឌិតរបស់សម្តេចធិបតីនាយករដ្ឋមន្ត្រី បានដាក់ចេញនូវកិច្ចអន្តរាគមន៍ទ្រង់ទ្រាយធំ ដោយបានរៀបចំទីតាំងរស់នៅប្រមូលផ្តុំឱ្យបានសមរម្យសម្រាប់បងប្អូនប្រជាពលរដ្ឋភៀសសឹក តាមរយៈការប្រែក្លាយគម្រោងសាងសង់ផ្ទះសម្រាប់អតីតយុទ្ធជន មកប្រើប្រាស់ជាជម្រកបណ្តោះអាសន្នជំនួសឱ្យការរស់នៅរ៉ាយបាយនៅតាមជំរំជនភៀសសឹក ដែលក្នុងនោះមាននៅក្នុងខេត្តឧត្តរមានជ័យ ព្រះវិហារ និងខេត្តបន្ទាយមានជ័យ ច្រើនជាងគេ។ ទន្ទឹមគ្នានេះ រាជរដ្ឋាភិបាលក៏កំពុងរៀបចំហេដ្ឋារចនាសម្ព័ន្ធរូបវន្តចាំបាច់មួយចំនួន ដូចជាផ្លូវថ្នល់ ទឹកស្អាត អគ្គិសនី និងការផ្តល់ជូនជាដីកសិកម្មផងដែរ។ យ៉ាងណាមិញ ការគាំទ្រផ្នែករឹងទាំងនេះ គឺទាមទារជាចាំបាច់នូវការគាំទ្រទន្ទឹមគ្នាខាងផ្នែកទន់ ពោលគឺការធានាសន្តិសុខស្បៀង និងការផ្តល់ឱកាសស្វែងរកប្រាក់ចំណូលដើម្បីទ្រទ្រង់ជីវភាព ដែលជាភារកិច្ចស្នូលមួយ ដែលរាជរដ្ឋាភិបាលបានប្រគល់ជូនក្រសួងកសិកម្មដើម្បីដឹកនាំរកដំណោះស្រាយ។
ឯកឧត្តម ឃឹម ហ្វីណង់ បានរំលឹកដែរថា ចាប់តាំងពីថ្ងៃដំបូងនៃវិបត្តិ អន្តរាគមន៍របស់ក្រសួងកសិកម្មមិនត្រឹមតែផ្តោតលើការចែកអំណោយសង្គ្រោះប៉ុណ្ណោះទេ តែយើងបានចាត់វិធានការជាក់ស្តែងភ្លាមៗ រួមមានការផ្គត់ផ្គង់អាហារូបត្ថម្ភជាបន្លែស្រស់និងប្រភពប្រូតេអីនពីស៊ុតមាន់ទាដោយផ្ទាល់ដល់ជំរំជនភៀសសឹក ការបំផុសចលនាដាំដុះបន្លែនៅនឹងកន្លែងដោយមានការផ្តល់ជូនផ្តល់គ្រាប់ពូជនិងបង្ហាត់បង្ហាញបច្ចេកទេសកសិកម្ម ក៏ដូចជាការកៀរគរនិងបង្វែរទិសដៅធនធានពីគម្រោងដៃគូអភិវឌ្ឍន៍នានារបស់ក្រសួង ដើម្បីជួយដោះស្រាយបញ្ហាប្រឈមចំពោះមុខផងដែរ។
ឯកឧត្តមបន្តថា ទោះជាយ៉ាងណា យើងមិនអាចបណ្តោយឱ្យបងប្អូនប្រជាពលរដ្ឋភៀសសឹកទាំងអស់នេះពឹងផ្អែកតែលើជំនួយមនុស្សធម៌ជារៀងរហូតនោះទេ។ យើងត្រូវការដំណោះស្រាយដែលមានចរិតអចិន្ត្រៃយ៍ជាងពេលបច្ចុប្បន្ន ដើម្បីផ្តល់លទ្ធភាពឱ្យពួកគាត់អាចឈរជើងដោយខ្លួនឯងបាន ពង្រឹងភាពជាម្ចាស់ និងប្រែក្លាយពីស្ថានភាពជាអ្នកទទួលជំនួយ ទៅជាអ្នកផលិតដែលមានឱកាសការងារនិងប្រភពប្រាក់ចំណូលច្បាស់លាស់ និងអាចឈានទៅកាន់ឯករាជ្យភាពខាងផ្នែកហិរញ្ញវត្ថុនៅក្នុងពេលវេលាណាមួយ។
ឈរលើស្មារតីនេះ ក្រសួងបានរៀបចំផែនការសកម្មភាពមួយចំនួន ដោយចែកជាពីរជំហាន ដើម្បីជួយអន្តរាគមន៍គាំទ្រដល់ការស្តារជីវភាពបងប្អូនប្រជាពលរដ្ឋភៀសសឹក ដែលចាប់ផ្តើមចូលទៅរស់នៅក្នុងតំបន់ជម្រកបណ្តោះអាសន្នថ្មីនេះ។
ឯកឧត្តម ហ្វីណង់ បានបញ្ជាក់ថា តាមផែនការនេះ ជំហានដំបូងមានគោលដៅធានាសន្តិសុខស្បៀង និងបង្កើតប្រាក់ចំណូលភ្លាមៗ ដោយក្រសួងកសិកម្មនឹងផ្តោតលើសកម្មភាពកសិកម្មនៅកម្រិតគ្រួសារជាមុនសិន។ យើងនឹងធ្វើការជ្រើសរើសយកតែសកម្មភាពណាដែលប្រើពេលខ្លី ឆាប់បានផល និងមិនតម្រូវឱ្យមានបច្ចេកទេសស្មុគស្មាញ ដូចជាការចិញ្ចឹមមាន់ស្រែ ការដាំបន្លែបង្ការនៅជុំវិញផ្ទះ និងការដាំដើមឈើយកម្លប់ជាដើម។ នៅក្នុងខែមេសាឆ្នាំ២០២៦នេះ ក្រសួងនឹងចាប់ផ្តើមចុះឈ្មោះជ្រើសរើសបងប្អូនជនភៀសសឹកដែលចង់ប្រកបរបរចិញ្ចឹមមាន់ស្រែ ដោយនឹងមានការផ្តល់ជូនទ្រុងមួយនិងពូជកូនមាន់ចំនួន១០០ក្បាល/គ្រួសារ ចំណីសម្រាប់ជុំដំបូង និងការបណ្តុះបណ្តាលបច្ចេកទេសចាំបាច់នានា។
ដោយឡែក បន្ទាប់ពីបងប្អូនប្រជាពលរដ្ឋភៀសសឹកមានស្ថិរភាពក្នុងការតាំងទីលំនៅរួចរាលើ យើងនឹងឈានចូលដល់ជំហានទីពីរ គឺការចាប់ផ្តើមកសាង«សហគមន៍កសិកម្មទំនើប» ដើម្បីធ្វើផលិតកម្មកសិកម្មរួមគ្នា ដោយឈរលើគោលការណ៍ស្ម័គ្រចិត្ត។ មូលហេតុចម្បងដែលយើងជ្រើសរើសយន្តការនេះ គឺដោយសារទីតាំងជម្រករបស់ពួកគាត់ភាគច្រើនប្រឈមនឹងការខ្វះខាតប្រភពទឹកសម្រាប់ធ្វើកសិកម្ម ហើយសម្រាប់ទីតាំងនៅខេត្តបន្ទាយមានជ័យ ផ្ទៃដីកសិកម្មមានទំហំត្រឹមតែ១៥០ហិកតាប៉ុណ្ណោះ បើធៀបទៅនឹងចំនួនប្រជាពលរដ្ឋ ដែលមានចំនួនរហូតដល់ទៅជាង៣០០០គ្រួសារ។ ហេតុដូច្នេះហើយ ជម្រើសដែលមានប្រសិទ្ធភាពសេដ្ឋកិច្ចខ្ពស់បំផុត គឺការធ្វើកសិកម្មជាប្រព័ន្ធបែបប្រមូលផ្តុំ ដោយមានការវិនិយោគរឹងមាំលើហេដ្ឋារចនាសម្ព័ន្ធផលិតកម្ម និងការរៀបចំប្រព័ន្ធស្រោចស្រពឱ្យបានច្បាស់លាស់ជាមុនសិន។ ផ្អែកលើមូលដ្ឋាននេះ ក្រសួងបានស្នើសុំកញ្ចប់ថវិកាពិសេសពីរាជរដ្ឋាភិបាល ដើម្បីបង្កើតជាកសិដ្ឋានខ្នាតធំកម្រិតពាណិជ្ជកម្ម ដែលគ្រប់គ្រងផ្ទាល់ដោយសហគមន៍កសិកម្មទំនើប និងចាប់ផ្តើមពីការដាំដំណាំដែលមានតម្លៃបន្ថែមខ្ពស់ ដូចជាប្រភេទបន្លែផ្លែនិងបន្លែស្លឹកក្នុងផ្ទះសំណាញ់ ដែលមានភាពធន់ទៅនឹងហានិភ័យអាកាសធាតុ។
ឯកឧត្តម ហ្វីណង់ បញ្ជាក់ថា គម្រោងកសិដ្ឋាននៃសហគមន៍កសិកម្មទំនើបនេះ នឹងដើរតួនាទីយ៉ាងសំខាន់ក្នុងការជួយទ្រទ្រង់ជីវភាពបងប្អូនប្រជាពលរដ្ឋភៀសសឹកយើងក្នុងរយៈពេលវែង តាមរយៈការបង្កើតឱកាសការងារពេញម៉ោងនិងក្រៅម៉ោងជាច្រើនកន្លែងនៅក្នុងខ្សែច្រវាក់ប្រតិបត្តិការរបស់សហគមន៍។ ការងារទាំងឡាយ រាប់ចាប់ពីការដាំដុះ ការមើលថែផ្ទះសំណាញ់ ការគ្រប់គ្រងបច្ចេកទេសកសិកម្ម រហូតដល់ការកែច្នៃក្រោយពេលប្រមូលផល ការគ្រប់គ្រងស្តុក ការដឹកជញ្ជូន និងការងាររដ្ឋបាល នឹងត្រូវផ្តល់អាទិភាពដាច់ខាតដល់បងប្អូនជនភៀសសឹក ដើម្បីជំនួសមកវិញនូវប្រភពប្រាក់ចំណូលដែលបានបាត់បង់។ សហគមន៍កសិកម្មទំនើបក៏នឹងផ្តល់សំណាញ់សុវត្ថិភាពសេដ្ឋកិច្ចជាប្រចាំជូនដល់សមាជិករបស់ខ្លួន តាមរយៈការបែងចែកភាគលាភនៃប្រាក់ចំណេញពីកសិដ្ឋាន ប្រកបដោយសមធម៌ និងតម្លាភាព។ ក្រៅពីនេះ ប្រាក់ចំណេញមួយផ្នែករបស់សហគមន៍នឹងត្រូវបានបម្រុងទុកជាមូលនិធិរួម ដើម្បីទ្រទ្រង់ដល់ការអភិវឌ្ឍនៅក្នុងសហគមន៍ ដូចជា ការថែទាំហេដ្ឋារចនាសម្ព័ន្ធសាធារណៈ ការគាំទ្រសេវាសង្គម និងគោលដៅប្រយោជន៍រួមផ្សេងៗទៀត ដោយមិនចាំបាច់ពឹងផ្អែកតែលើការបន្ថែមទុនពីរាជរដ្ឋាភិបាលរហូតនោះទេ។
បើតាមឯកឧត្តម ឃឹម ហ្វីណង់ កសិដ្ឋានរួមគ្នានេះនឹងក៏នឹងដើរតួជាមជ្ឈមណ្ឌលកណ្តាលក្នុងការគាំទ្រ សម្របសម្រួល ទាំងបច្ចេកទេស ទីផ្សារ និងហិរញ្ញវត្ថុ ដល់សកម្មភាពកសិកម្មរបស់សមាជិកម្នាក់ៗនៅតាមផ្ទះនិងដីកសិកម្មរៀងៗខ្លួនផងដែរ ដោយរាប់បញ្ចូលទាំងការគាំទ្រដល់ការចិញ្ចឹមមានស្រែ ការដាំដុះបន្លែបង្ការនៅជុំវិញផ្ទះ ឬការដាំដុះដំណាំផ្សេងទៀត។ ពិតណាស់ បងប្អូនជនភៀសសឹកកំពុងខ្វះខាតទាំងចំណេះដឹងបច្ចេកទេសកសិកម្ម ទាំងមធ្យោបាយផលិតកម្ម ដើមទុន និងទីផ្សារ។ ស្ថានភាពនេះទាមទារឱ្យមានសហគមន៍កសិកម្មទំនើបរឹងមាំមួយជាចាំបាច់ ដែលមានការគ្រប់គ្រងដឹកនាំច្បាស់លាស់ និងមានហេដ្ឋារចនាសម្ព័ន្ធគ្រប់គ្រាន់ ដើម្បីផ្តល់ការគាំទ្រគ្រប់ជ្រុងជ្រោយ រាប់តាំងពីការបណ្តុះបណ្តាលបច្ចេកទេសកសិកម្ម ការផ្គត់ផ្គង់ធាតុចូលរួមគ្នាក្នុងតម្លៃទាប ការគាំទ្រទុនបង្វិល និងជាពិសេសគឺការតភ្ជាប់ទីផ្សារទុកជាមុន ជាមួយនឹងការធានាទិញក្នុងតម្លៃសមរម្យ និងមានស្ថិរភាព។
ឯកឧត្តមអ្នកនាំពាក្យបញ្ជាក់ថា ជារួមរាជរដ្ឋាភិបាលនឹងមិនបោះបង់ចោលប្រជាពលរដ្ឋភៀសសឹកណាម្នាក់ឱ្យនៅឯកោក្នុងគ្រាលំបាកនេះឡើយ ហើយសម្រាប់ក្រសួងកសិកម្ម គោលដៅរបស់យើងគឺមិនត្រឹមតែយក«ត្រី» ទៅចែកជូនដល់បងប្អូនប្រជាពលរដ្ឋភៀសសឹកនោះទេ ប៉ុន្តែយើងនឹងនាំយកនូវ«ដងសន្ទូចនិងនុយ» ក្រោមរូបភាពជាជំនាញបច្ចេកទេស ដើមទុន ទីផ្សារ ហេដ្ឋរចនាសម្ព័ន្ធគាំទ្រ និងប្រព័ន្ធសេដ្ឋកិច្ចមួយដ៏រឹងមាំទៅប្រគល់ជូនពួកគាត់។ គោលដៅចុងក្រោយគឺការស្តារជីវភាព និងសេចក្តីថ្លៃថ្នូររបស់ពួកគាត់ ហើយនៅទីបំផុត ប្រែក្លាយបងប្អូនប្រជាពលរដ្ឋភៀសសឹកយើង ពីឋានៈជាអ្នកទទួលជំនួយ ឱ្យក្លាយទៅជាកម្លាំងចលករដ៏សំខាន់ក្នុងការចូលរួមក្នុងប្រព័ន្ធសេដ្ឋកិច្ចជាតិឡើងវិញ៕

-
ព័ត៌មាន4 days agoក្រសួងកសិកម្មជំរុញលើកទឹកចិត្តឱ្យប្រជាកសិករប្រើប្រាស់ថាមពលសូឡា ក្នុងបរិបទតម្លែប្រេងឥន្ធនៈឡើងថ្លៃ
-
ព័ត៌មាន3 days agoកម្ពុជាតវ៉ាយ៉ាងដាច់អហង្ការចំពោះសកម្មភាពខុសច្បាប់របស់ថៃកាន់កាប់នៅតាមបណ្តោយព្រំដែនលើទឹកដីកម្ពុជា
-
ព័ត៌មាន4 days agoរាជរដ្ឋាភិបាលកម្ពុជាបានតវ៉ាជាផ្លូវការជាថ្មីទៀត ចំពោះសកម្មភាពខុសច្បាប់របស់ថៃកាន់កាប់នៅតំបន់ភូមិជោគជ័យ និងច្រកទ្វារអន្តរជាតិអូរស្មាច់
-
PR NEWS5 days agoអីក៏ស្រួលម្ល៉េះ! គ្រាន់តែចេះរាំ ក៏អាចឈ្នះឡានEVថ្មីពីប៊ូសស្រ្តង
-
ព័ត៌មាន1 week agoអគ្គទេសាភិបាលធនាគារជាតិ លើកទឹកចិត្តដល់ធុរជនស្វែងយល់ការផ្គុំ QR រៀល និងដុល្លារ
-
ព័ត៌មាន4 days agoថ្លៃលក់រាយប្រេងឥន្ធនៈនៅតាមស្ថានីយចាប់ពី ថ្ងៃទី៤ ខែមេសានេះតទៅបន្តហក់ឡើង ខណៈរដ្ឋបន្តបន្ថយអត្រាពន្ធដល់សូន្យ
-
ព័ត៌មាន7 days agoមន្រ្តីជាន់សមាគមអតីតយុទ្ធជន ចុះពិនិត្យវឌ្ឍនភាពភូមិប៊ុនរ៉ានីសែនជ័យដំណាក់ទ្រយឹង
-
ព័ត៌មាន1 week agoក្រសួងការងារ បើកសិក្ខាសាលាពិគ្រោះយោបល់ត្រីភាគី វាយតម្លៃការអនុវត្តផែនការមេលើកទី៣ ស្តីពីសុវត្ថិភាព និងសុខភាពការងារឆ្នាំ២០២៣-២០២៧