ព័ត៌មាន
អនុប្រធានប្រចាំការ គ.ប.ឆ.ប.៖ ច្បាប់ស្តីពីការប្រឆាំងការឆបោកតាមប្រព័ន្ធបច្ចេកវិទ្យា ជួយកម្ពុជាកម្ចាត់ឧក្រិដ្ឋកម្មបច្ចេកវិទ្យាឱ្យអស់ និងមិនឱ្យឧក្រិដ្ឋកម្មនេះវិលត្រលប់មកវិញឡើយ
ភ្នំពេញ៖ ច្បាប់ស្តីពីការប្រឆាំងការឆបោកតាមប្រព័ន្ធបច្ចេកវិទ្យាបានចូលជាធរមានហើយកាលពីម៉ោង ០០:០១ ថ្ងៃទី០៧ ខែមេសា ឆ្នាំ២០២៦ ក្រោយការចុះហត្ថលេខាដោយសម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន ប្រមុខរដ្ឋស្តីទី នៅថ្ងៃទី០៦ ខែមេសា ឆ្នាំ២០២៦។ ជាមួយច្បាប់ថ្មីនេះ សមត្ថកិច្ច និងអាជ្ញាធរកម្ពុជា បាន និងកំពុងជំរុញប្រតិបត្តិការបង្រ្កាបការឆបោកតាមប្រព័ន្ធបច្ចេកវិទ្យានៅតាមបណ្តាមូលដ្ឋានក្នុងរាជធានី-ខេត្តទាំង២៥ ឱ្យកាន់តែមានភាពខ្លាំងខ្លាឡើង ដើម្បីឱ្យយុទ្ធនាការរបស់រាជរដ្ឋាភិបាលក្នុងការបោសសម្អាតឧក្រិដ្ឋកម្មឆ្លងដែននេះឱ្យអស់ ទទួលបានជោគជ័យ។ នេះជាប្រសាសន៍របស់ឯកឧត្តមសន្តិបណ្ឌិត ឆៃ ស៊ីណារិទ្ធ ទេសរដ្ឋមន្ត្រីទទួលបន្ទុកបេសកកម្មពិសេស និងជាអនុប្រធានប្រចាំការ នៃគណៈកម្មការចំពោះកិច្ចប្រយុទ្ធប្រឆាំងការឆបោកតាមប្រព័ន្ធបច្ចេកវិទ្យា ហៅកាត់ថា គ.ប.ឆ.ប. ដែលឯកឧត្តមបានថ្លែង ក្នុងឱកាស អញ្ជើញជាអធីបតី ដឹកនាំកិច្ចប្រជុំផ្សព្វផ្សព្វផ្សាយវឌ្ឍនភាពនៃយុទ្ធនាការបោសសម្អាតបទល្មើសបច្ចេកវិទ្យា និង«ច្បាប់ស្តីពីការប្រឆាំងនឹងឆបោកតាមប្រព័ន្ធបច្ចេកវិទ្យា» ជូនដល់ឯកអគ្គរដ្ឋទូត តំណាងអង្គទូត សហភាពអឺរ៉ុប និងអង្គការអន្តរជាតិប្រចាំកម្ពុជា សរុបចំនួន ៥៥រូប នាព្រឹកថ្ងៃទី០៨ ខែមេសា ឆ្នាំ២០២៦ នៅទីស្តីការក្រសួងការបរទេស និងសហប្រតិបត្តិការអន្តរជាតិ។
ឯកឧត្តមសន្តិបណ្ឌិត ឆៃ ស៊ីណារិទ្ធ បានមានប្រសាសន៍ថា កិច្ចសហប្រតិបត្តិការអន្តរជាតិ គឺជាសសរស្តម្ភមួយដ៏សំខាន់ក្នុងការប្រឆាំងការឆបោកតាមប្រព័ន្ធបច្ចេកវិទ្យា និងការអនុវត្តច្បាប់ចំពោះបទល្មើសឆបោកអនឡាញ ដែលជាប្រភេទឧក្រិដ្ឋកម្មឆ្លងដែន មានបណ្តាញ និងអង្គការចាត់តាំងស្មុគស្មាញ។ ជាមួយគ្នានោះ ឯកឧត្តមក៏បានរំលេចផងដែរថា កិច្ចសហប្រតិបត្តិការរបស់បណ្តាអង្គទូត និងដៃគូសហប្រតិបត្តិការនាពេលកន្លងមក បានរួមចំណែកសំខាន់ដល់យុទ្ធនាការរបស់រាជរដ្ឋាភិបាលកម្ពុជាដើម្បីបោសសម្អាតបទល្មើស Online scam ដែលទទួលបានលទ្ធផលជាផ្លែផ្កាគួរជាទីមោទនក្នុងរយៈពេល៩ខែចុងក្រោយនេះ។
ឯកឧត្តមសន្តិបណ្ឌិត បញ្ជាក់ថា កម្ពុជាត្រៀមខ្លួនជានិច្ច ហើយតែងតែបានទទួលយកការសហការ និងសំណូពររបស់បណ្តាស្ថានទូតនានាជុំវិញករណី online scamនេះ ដើម្បីរួមគ្នាលុបបំបាត់ពើឆបោកតាមបចច្ចេកវិទ្យានេះឱ្យមានប្រសិទ្ធភាព ខណៈដែលបញ្ហានេះជាបញ្ហារួមរបស់សកលោក។ ជាមួយគ្នានេះ កម្ពុជាបានថ្លែងអំណរគុណជូនដល់បណ្តាអង្គទូត អង្គការអន្តរជាតិ ភ្នាក់ងារអន្តរជាតិ និងដៃគូសហប្រតិបត្តិការទាំងអស់ ដែលកន្លងមកតែងតែជួយគាំទ្រ និងផ្តល់កិច្ចសហប្រតិបត្តិការយ៉ាងល្អទាំងផ្នែកបច្ចេកទេស ទាំងផ្នែកប្រតិបត្តិការ ទាំងផ្នែកនីតិវិធីច្បាប់ នៅក្នុងការអនុវត្តយុទ្ធនាការបោសសម្អាតការឆបោកតាមប្រព័ន្ធបច្ចេកវិទ្យា ដល់រាជរដ្ឋាភិបាលកម្ពុជា, គណៈកម្មការចំពោះកិច្ចប្រយុទ្ធប្រឆាំងការឆបោកតាមប្រព័ន្ធបច្ចេកវិទ្យា ព្រមទាំងក្រសួង ស្ថាប័ន និងអាជ្ញាធរមានសមត្ថកិច្ចនៅក្នុងរយៈកាលកន្លងមក។
ក្នុងន័យនេះដែរ ឯកឧត្តម ក៏បានបានវាយតម្លៃខ្ពស់ផងដែរចំពោះ ស្ថានទូតសហរដ្ឋអាមេរិក និង ស្ថានទូតចិន ដែលបានសហការយ៉ាងល្អតាមរយៈភ្នាក់ងារជំនាញដូចជា FBI, Homeland Security និង ក្រសួងសន្តិសុខសាធារណៈចិន រួមចំណែកដល់ការស៊ើបអង្កេត និងការធ្វើកោសលវិច័យ។
តាមរយៈការដាក់ចេញនូវច្បាប់ថ្មីនេះ និងការបើកចំហកិច្ចសហប្រតិបត្តិការអន្តរជាតិ កម្ពុជាបង្ហាញទៅកាន់ពិភពលោកនូវការទទួលខុសត្រូវខ្ពស់ក្នុងការលុបបំបាត់រាល់ទម្រង់ នៃឧក្រិដ្ឋកម្មបច្ចេកវិទ្យា ដើម្បីការពារផលប្រយោជន៍ពលរដ្ឋខ្លួន និងសហគមន៍អន្តរជាតិឡើងវិញ។ ការប្រើប្រាស់កម្លាំងសរុបនៅទូទាំងប្រទេស ជាមួយឆន្ទៈឥតដកថយរបស់រាជរដ្ឋាភិបាល គឺជាសក្ខីភាពឆ្លុះបញ្ចាំងពីការបេ្តជ្ញាចិត្តដ៏មោះមុត ដើម្បីធានាថាឧក្រិដ្ឋកម្មឆ្លងដែននេះ នឹងមិនវិលត្រឡប់មកកម្ពុជាវិញឡើយ។
ជាមួយគ្នានេះឯកឧត្តមទេសរដ្ឋមន្រ្តីបានស្នើដល់ ឯកអគ្គរដ្ឋទូត តំណាងអង្គទូត និងអង្គការអន្តរជាតិដែលមានវត្តមានក្នុងកិច្ចប្រជុំ ឱ្យចូលរួមជំរុញការផ្សព្វផ្សាយអំពីច្បាប់ស្តីពីការប្រឆាំងនឹងឆបោកតាមប្រព័ន្ធបច្ចេកវិទ្យា នេះឱ្យបានទូលំទូលាយដល់ប្រជាពលរដ្ឋរបស់ខ្លួន ដើម្បីបង្កើនការប្រុងប្រយ័ត្ន និងការពារប្រជាពលរដ្ឋ កុំឱ្យធ្លាក់ក្នុងឧបាយកលនៃការឆបោកតាមប្រព័ន្ធអនឡាញ។
ឯកឧត្តមទេសរដ្ឋមន្រ្តី ក៏បានឆ្លៀតយកឱកាសនោះអំពាវនាវដល់អ្នកដែលបានជ្រុលខ្លួនធ្លាក់ក្នុងសកម្មភាពឆបោកជាមួយក្រុមឧក្រិដ្ឋជន ឬមានការពាក់ព័ន្ធនឹងការឆបោកតាមប្រព័ន្ធបច្ចេកវិទ្យា ត្រូវចេញមកសារភាព និងចូលរួមផ្តល់ព័ត៌មានជូនសមត្ថកិច្ច ដើម្បីឈានទៅវែកមុខក្រុមមេខ្លោង និងបក្ខពួក ព្រមទាំងផ្តល់កិច្ចសហការជាមួយអាជ្ញាធរដើម្បីពង្រឹងសណ្តាប់ធ្នាប់ និងសន្តិសុខសង្គម។ ដោយឡែកចំពោះម្ចាស់ផ្ទះ ឬអគារ ត្រូវមានស្មារតីម្ចាស់ការខ្ពស់ មិនត្រូវជឿតាមការអូសទាញ ឬយល់ព្រមជួលអគារ និងផ្ទះសម្បែង ទៅឱ្យក្រុមឧក្រិដ្ឋជនសម្រាប់ប្រើប្រាស់ជាទីតាំងប្រព្រឹត្តបទល្មើសឡើយ
ដើម្បីចូលរួមកម្ចាត់រាល់សកម្មភាពឆបោកតាមប្រព័ន្ធបច្ចេកវិទ្យាឱ្យអស់ពីកម្ពុជា។
កិច្ចប្រជុំនេះបានប្រព្រឹត្តទៅ ដោយមានការធ្វើបទបង្ហាញពីតំណាងក្រសួងយុត្តិធម៌ ដែលផ្តោតការពន្យល់លម្អិតលើខ្លឹមសារសំខាន់ៗ នៃ«ច្បាប់ស្តីពីការប្រឆាំងនឹងឆបោកតាមប្រព័ន្ធបច្ចេកវិទ្យា»ជូនដល់អង្គប្រជុំទាំងមូល រាប់បញ្ចូលទាំងទិដ្ឋភាពសំខាន់ៗនិងលក្ខណៈពិសេសនៃច្បាប់ថ្មីនេះ។ ស្របជាមួយការលើកឡើងជាសំណួរដែលសុទ្ធសឹងមានសារៈសំខាន់ សម្រាប់ការស្វែងយល់ស៊ីជម្រៅពីសំណាក់អង្គប្រជុំយ៉ាងផុលផុស ឯកអគ្គរដ្ឋទូត តំណាងស្ថានទូត និងអង្គការអន្តរជាតិ ក៏បានបង្ហាញការសាទរដល់ប្រទេសកម្ពុជាយ៉ាងខ្លាំងចំពោះលទ្ធផល និងវឌ្ឍនភាពនៃការបោសសម្អាតបទល្មើសឆបោកតាមប្រព័ន្ធបច្ចេកវិទ្យា ជាពិសេសសការដាក់ឱ្យអនុវត្តច្បាប់ថ្មី ក្នុងការប្រយុទ្ធប្រឆាំងឧក្រិដ្ឋកម្មឆបោកតាមប្រព័ន្ធបច្ចេកវិទ្យា Online Scam ។
ច្បាប់ស្តីពីការប្រឆាំងការឆបោកតាមប្រព័ន្ធបច្ចេកវិទ្យា មាន៥ជំពូក និង២៤មាត្រា ។ ជាមួយច្បាប់ នេះ បទ ល្មើស ព្រហ្មទណ្ឌថ្មី ចំនួន ៥ ត្រូវ បាន បង្កើត ឡើង ដើម្បី ធានាដល់ប្រសិទ្ធភាព ក្នុងការ អនុវត្ត គឺរួមមាន៖ ១- បទឆបោកតាមប្រព័ន្ធបច្ចេកវិទ្យា ២- បទរៀបចំ ឬដឹកនាំមជ្ឈមណ្ឌល ឆបោកតាមប្រព័ន្ធបច្ចេកវិទ្យា ៣- បទជ្រើសរើស ឬបណ្តុះបណ្តាល អ្នកដទៃឱ្យចូលរួមប្រព្រឹត្តអំពើឆបោកតាម ប្រព័ន្ធបច្ចេកវិទ្យា ៤- បទប្រមូលក្នុងចេតនាទុច្ចរិតនូវឯកសារសម្គាល់អត្តសញ្ញាណ ឬឯកសារ ព័ត៌មានផ្ទាល់ខ្លួននានារបស់អ្នកដទៃ និង៥- ការ បង្កើត ទម្រង់ពិសេសនៃបទល្មើសសម្អាតប្រាក់។ បទល្មើសទាំងនេះបានកំណត់ដាក់ទោស ជនល្មើស ត្រូវប្រឈមនឹងការ ជាប់ ពន្ធនាគារ ខ្ពស់ បំផុតរហូត ដល់ ១ ជីវិត និង ពិន័យជាប្រាក់ ដល់ ទៅ ១ ០០០ លានរៀល ថែមទាំងការរឹបអូសទ្រព្យសម្បត្តិរបស់ជនល្មើស ផងដែរ ៕









-
ព័ត៌មាន4 days agoក្រសួងកសិកម្មជំរុញលើកទឹកចិត្តឱ្យប្រជាកសិករប្រើប្រាស់ថាមពលសូឡា ក្នុងបរិបទតម្លែប្រេងឥន្ធនៈឡើងថ្លៃ
-
ព័ត៌មាន3 days agoកម្ពុជាតវ៉ាយ៉ាងដាច់អហង្ការចំពោះសកម្មភាពខុសច្បាប់របស់ថៃកាន់កាប់នៅតាមបណ្តោយព្រំដែនលើទឹកដីកម្ពុជា
-
ព័ត៌មាន4 days agoរាជរដ្ឋាភិបាលកម្ពុជាបានតវ៉ាជាផ្លូវការជាថ្មីទៀត ចំពោះសកម្មភាពខុសច្បាប់របស់ថៃកាន់កាប់នៅតំបន់ភូមិជោគជ័យ និងច្រកទ្វារអន្តរជាតិអូរស្មាច់
-
PR NEWS6 days agoអីក៏ស្រួលម្ល៉េះ! គ្រាន់តែចេះរាំ ក៏អាចឈ្នះឡានEVថ្មីពីប៊ូសស្រ្តង
-
ព័ត៌មាន1 week agoអគ្គទេសាភិបាលធនាគារជាតិ លើកទឹកចិត្តដល់ធុរជនស្វែងយល់ការផ្គុំ QR រៀល និងដុល្លារ
-
ព័ត៌មាន5 days agoថ្លៃលក់រាយប្រេងឥន្ធនៈនៅតាមស្ថានីយចាប់ពី ថ្ងៃទី៤ ខែមេសានេះតទៅបន្តហក់ឡើង ខណៈរដ្ឋបន្តបន្ថយអត្រាពន្ធដល់សូន្យ
-
ព័ត៌មាន1 week agoមន្រ្តីជាន់សមាគមអតីតយុទ្ធជន ចុះពិនិត្យវឌ្ឍនភាពភូមិប៊ុនរ៉ានីសែនជ័យដំណាក់ទ្រយឹង
-
ព័ត៌មាន2 days agoរដ្ឋចាត់ជាបន្ទុករបស់រដ្ឋនូវអាករលើតម្លៃបន្ថែមចំពោះការផ្គត់ផ្គង់ផលិតផលប្រេងម៉ាស៊ូត និងឧស្ម័ន LPG