ព័ត៌មាន
ព្រះខ័នរាជ រៀបចំរចនាសម្ព័ន្ធ និងនាំចូលកីឡាការិនីខ្មែរ-បរទេសជាច្រើន ត្រៀមលីគរដូវកាល
ក្លិបបាល់ទាត់ព្រះខ័នរាជស្វាយរៀង បានរៀបចំរចនាសម្ព័ន្ធក្រុមការងារគ្រូ និងនាំចូលកីឡាការិនីថ្មីៗជាច្រើន ទាំងខ្មែរ និងបរទេស ដើម្បីពង្រឹងក្រុមត្រៀមប្រកួតប្រជែងជម្រើសជើងឯកលីគនារី រដូវកាលថ្មី ដែលគ្រោងចាប់ផ្ដើមនាពេលខាងមុខ។

យោងតាមការជូនដំណឹងរបស់ក្លិបរយៈពេល ២ថ្ងៃកន្លងមក ក្រុមមានមូលដ្ឋាននៅខេត្តស្វាយរៀងនេះ បានសម្រេចតែងតាំងលោក សំ វ៉ាន់ដេត ជាគ្រូបង្គោលដើម្បីដឹកនាំក្រុមបាល់ទាត់នារី អមជាមួយអតីតកីឡាករឆ្នើម ៣រូប ជាគ្រូជំនួយ គឺមានលោក ឡាយ រស្មី, អោម ឧត្តម និង សំអឿន ពិដោរ។
សម្រាប់កីឡាការិនី ក្លិបបានត្រៀមចំនួន ២៣នាក់ សម្រាប់ការប្រកួតប្រជែងនារដូវកាលថ្មី ក្នុងនោះមានកីឡាការិនីចំណូលថ្មី ៨រូប ដែល ៤រូបជាកីឡាការិនីបរទេស រួមមានកីឡាការិនីហ្គាណា, Akaheeh Doris, កីឡាការិនីទួកគី Bilmez Gamze, កីឡាការិនីកុងហ្គោល Dikisha Bushiri Esther និងកីឡាការិនីនេប៉ាល់ Rai Preeti ។
ចំណែក ៤រូបទៀត គឺជាកីឡាការិនីខ្មែរ រួមមានកីឡាការិនី កុយ ម៉ាណូ, មាស ម៉ាលីយ៉ា, រិន ដាណេ និង ឈៀប ដាណែត ដែលរួមគ្នាជាមួយធនធានកីឡាការិនីចាស់ក្នុងក្រុម សម្រាប់ត្រៀមប្រកួតប្រជែងលីគនារីរដូវកាលថ្មី ក្រោមការដឹកនាំដោយរបស់អតីតគ្រូបង្វឹកដ៏លេចធ្លោរក្នុងលីគកំពូលកម្ពុជា គឺលោក សំ វ៉ាន់ដេត។
គួរដឹងថា ប៉ុន្មានរដូវកាលចុងក្រោយនេះ ព្រះខ័នរាជស្វាយរៀង ក្នុងនាមអតីតក្រុមជើងខ្លាំងមួយ ផ្នែកបាល់ទាត់នារី ហាក់ធ្វើពុំសូវបានល្អឡើយ ជាក់ស្ដែងកាលពីឆ្នាំ២០២៥ ពួកគេទទួលបានត្រឹមលេខ៦ ក្នុងចំណោមបេក្ខភាពលេងជើងឯកលីគនារី ៨ក្រុម ខណៈភ្នំពេញក្រោន បានគ្រងជើងឯក និងទទួលបានកៅអីលេងពានរង្វាន់អន្ដរជាតិថែមទៀត។
ដូច្នេះតាមរយៈការរុះរើ និងរៀបចំក្រុមការងារគ្រូ ក៏ដូចជានាំចូលកីឡាការិនីថ្មីៗ ទាំងខ្មែរ និងបរទេស នាពេលនេះ គេរំពឹងថា ក្រុមបាល់ទាត់នារី ព្រះខ័នរាជស្វាយរៀង នឹងអាចសម្រេចបាននូវសមិទ្ធផលល្អប្រសើរ ជាមួយការប្រកួតប្រជែងខ្ពស់ ក្នុងលីគបាល់ទាត់នារី ឆ្នាំ២០២៦ ខាងមុខ៕ អត្ថបទ លី ឈុនឡា













-
ព័ត៌មាន1 week agoយុវជនក្នុងខេត្តកណ្ដាល បង្ហាញមោទនភាព ដែលមានឱកាសក្លាយជាកម្លាំងការពារជាតិ
-
ព័ត៌មាន3 days agoយុវជនខេត្តកំពង់ឆ្នាំង បង្ហាញមោទនភាពក្នុងការចូលបំពេញកាតព្វកិច្ចយោធា ដើម្បីបម្រើជាតិមាតុភូមិ
-
ព័ត៌មាន2 days agoយុវជន ២៤០នាក់នៅខេត្តកោះកុង បានដាក់ពាក្យបំពេញកាតព្វកិច្ចយោធា
-
ព័ត៌មាន4 days agoយុវជនប្ដេជ្ញាខិតខំហ្វឹកហាត់លត់ដំខ្លួនឱ្យរឹងមាំដើម្បីក្លាយជាសសរស្ដម្ភជាតិ ក្នុងពេលចូលបំពេញកាតព្វកិច្ចកិច្ចយោធា
-
ព័ត៌មាន1 week agoសេវារថយន្តក្រុងរដ្ឋឥតគិតថ្លៃបានសន្សំសោហ៊ុយធ្វើដំណើររបស់ពលរដ្ឋប្រមាណ ១២ពាន់លានរៀល
-
ព័ត៌មាន4 days agoពលរដ្ឋក្រីក្រ៖ ប្រាក់ឧបត្ថម្ភទប់វិបត្តិឡើងថ្លៃប្រេង ជួយសម្រាលការលំបាកមួយផ្នែកធំលើជីវភាព
-
ព័ត៌មាន1 week agoសម្ដេចធិបតី ហ៊ុន ម៉ាណែត និងប្រធានាធិបតីអាស៊ែបៃហ្សង់ អញ្ជើញជាអធិបតីក្នុងពិធីប្តូរឯកសារអនុស្សរណៈ នៃការយោគយល់គ្នាចំនួន៣
-
ព័ត៌មាន6 days agoកម្ពស់ទឹកស្ទឹងពោធិ៍សាត់ហក់ឡើងយ៉ាងកំហុគ ឈានដល់កម្រិតប្រកាសអាសន្ន ប្រឈមនិងការជនលិច