ព័ត៌មាន
អភិបាលខេត្តកំពង់ស្ពឺ ព្រមានចាត់វិធានការលើមន្ត្រីអាងខ្នងអាងខ្សែ ហើយមិនយកចិត្តទុកដាក់បម្រើពលរដ្ឋ
កំពង់ស្ពឺ៖ ឯកឧត្តមបណ្ឌិត ជាម ចន្ទ័ សោភ័ណ អភិបាលខេត្តកំពង់ស្ពឺ បានព្រមានចាត់វិធានការ ចំពោះមន្ត្រីអាជ្ញាធរនៅក្នុងខេត្ត ដែលអាងខ្នងអាងខ្សែ មិនយកចិត្តទុកដាក់បម្រើប្រជាពលរដ្ឋ ហើយមានចរិកអញនិយម ។
ក្នុងពិធីប្រកាសតែងតាំងលោក នី នរៈ ជាអភិបាលស្រុកឱរ៉ាល់ថ្មី នៅថ្ងៃទី៩ ខែមេសា ឆ្នាំ២០២៦ ឯកឧត្តមបណ្ឌិតអភិបាលខេត្ត មានប្រសាសន៍ថា អាជ្ញាធរដែលបម្រើប្រជាពលរដ្ឋបានល្អ មូលដ្ឋានមិនមានបញ្ហាប្រឈមនោះទេ ហើយបើសេវាល្អ នោះពលរដ្ឋក៏គ្មានកង្វល់ដែរ ដូច្នេះជាមន្ត្រី ជាអាជ្ញាធរត្រូវតែចុះជាប់ និងតាមដានរាល់សំណើរ សំណូមពរនិងតម្រូវការចាំបាច់នានារបស់ពលរដ្ឋ ក្នុងករណីទទួលបាននូវសំណើរ សំណូមពរ និងតម្រូវការរបស់ពលរដ្ឋ ក្នុងនាមជាមន្ត្រី ជាអាជ្ញាធរគឺត្រូវឆ្លើយតបឱ្យបានទាន់ពេលវេលា ហើយក្នុងករណីមិនអាចដោះស្រាយបាន ត្រូវដាក់រាល់សំណើ និងសំណូមពរទាំងនោះ មករដ្ឋបាលខេត្ត ដើម្បីពិនិត្យនិងដោះស្រាយបន្ត ។
ឯកឧត្តមបានបន្តថា រាល់ការផ្តល់ជូនដល់ពលរដ្ឋ ក្នុងការចូលរួមដំណើរការអភិបាលកិច្ចល្អ និងជាឧបករណ៍មួយសម្រាប់លើកកម្ពស់ គណនេយ្យភាព តម្លាភាព ក្នុងដំណើរការពិនិត្យមើលលើការផ្តល់សេវាសាធារណៈ របស់រដ្ឋបាលខេត្ត រដ្ឋបាលស្រុក និងរដ្ឋបាលឃុំ-សង្កាត់ ក្នុងគោលបំណងដើម្បីធានាថា រាល់បញ្ហាអាទិភាពរបស់ប្រជាពលរដ្ឋក្នុងមូលដ្ឋាន ត្រូវបានពិនិត្យដោះស្រាយ និងឆ្លើយតប។ ក្នុងនោះគ្រប់អ្នកពាក់ព័ន្ធទាំងអស់ក្នុងមូលដ្ឋាន ត្រូវបានរួមបញ្ចូលបរិយាប័ន ទៅក្នុងដំណើរការនៃការអភិវឌ្ឍ តាមបែបប្រជាធិបតេយ្យនៅថ្នាក់ក្រោមជាតិ ។
ទន្ទឹមគ្នានោះ ឯកឧត្តមបណ្ឌិត ជាម ចន្ទ័សោភ័ណ ក៏បានព្រមានចាត់វិធានការចំពោះមន្ត្រី ឬអភិបាលស្រុករូបណា ដែលមកបំពេញការងារនៅក្នុងខេត្តនេះ ដោយអាងខ្នង ឬខ្សែ ហើយមិនបម្រើផលប្រយោជន៍រាស្ត្រ ។ ក្នុងនាមជាមន្ត្រីសាធារណៈ គឺជាអ្នកបម្រើរាស្ត្រ មិនមែនជាចៅហ្វាយនៃរាស្ត្រនោះទេ ពោលគឺមន្ត្រីកុំតាំងខ្លួនជាមេ ដោយសំអាងថា ខ្លួនបានមកកាន់តួនាទី ឬតំណែងនៅទីនេះដោយសារតែមានខ្សែចៅហ្វាយខេត្ត ឬខ្នងធំនោះឡើយ ហើយមិនគាំទ្រចំពោះចរិកមន្ត្រីដែលតាំងខ្លួនបែបនេះនោះទេ ព្រោះការតាំងខ្លួនអញនិយម ដោយសារតែមានខ្សែ ហើយមិនយកផលប្រយោជន៍រាស្ត្រដាក់ក្នុងបេះដូង ធ្វើអ្វីស្រេចតែចិត្ត នឹងចាត់វិធានការភ្លាមមិនឱ្យមន្ត្រី ឬអភិបាលស្រុកនោះ មានឱកាសដឹកនាំបន្តទៀតទេ គឺទទួលយកតែមន្ត្រីរូបណាដែលធ្វើការងារ និងមិនទទួលយក ចំពោះមន្ត្រីដែលអួតអាងខ្សែ ។
ជាមួយគ្នានេះ អភិបាលខេត្តកំពង់ស្ពឺ ក៏បានស្នើដល់អភិបាលស្រុកឱរ៉ាល់ថ្មី និងមន្ត្រីទាំងអស់ ត្រូវចេះរួមសាមគ្គីគ្នា ដោះដូរបទពិសោធរវាងគ្នា និងគ្នា ពិសេសករណីខុសទាស់ ត្រូវចេះអប់រំពន្យល់ដល់គ្នាដើម្បីរកផ្លូវត្រូវ ។ ម្យ៉ាងវិញទៀតកុំមើលស្រាលអ្នកដែលនៅជុំវិញខ្លួន ព្រោះអ្នកនៅជុំវិញអាចជាគ្រូ នៃយើងគ្រប់គ្នា ។ ត្រូវខិតខំអភិវឌ្ឍន៍មូលដ្ឋានឱ្យមានការរីកចម្រើន យកចិត្តទុកដាក់លើបរិស្ថាន អនាម័យ ដើម្បីទាក់ទាញភ្ញៀវទេសចរជាតិ អន្តរជាតិឱ្យលេងកម្សាន្តច្រើន ខណៈដែលស្រុកឱរ៉ាល់មួយនេះសំបូរទៅដោយរមណីយដ្ឋានធម្មជាតិច្រើន ជាពិសេស គឺខ្នងភ្នំផ្សារ ទេរទឹកពុះ ខ្នងភ្នំឱរ៉ាល់ ជាដើមដើម្បីទាញចំណូលដល់សហគមន៍ ។ ត្រូវខិតខំទប់ស្កាត់បទល្មើសនានា ដើម្បីឲ្យពលរដ្ឋរស់នៅមានភាពកក់ក្ដៅ ៕ អត្ថបទ បាន សុខរិទ្ធិ










-
ព័ត៌មាន1 week agoយុវជនក្នុងខេត្តកណ្ដាល បង្ហាញមោទនភាព ដែលមានឱកាសក្លាយជាកម្លាំងការពារជាតិ
-
ព័ត៌មាន3 days agoយុវជនខេត្តកំពង់ឆ្នាំង បង្ហាញមោទនភាពក្នុងការចូលបំពេញកាតព្វកិច្ចយោធា ដើម្បីបម្រើជាតិមាតុភូមិ
-
ព័ត៌មាន2 days agoយុវជន ២៤០នាក់នៅខេត្តកោះកុង បានដាក់ពាក្យបំពេញកាតព្វកិច្ចយោធា
-
ព័ត៌មាន4 days agoយុវជនប្ដេជ្ញាខិតខំហ្វឹកហាត់លត់ដំខ្លួនឱ្យរឹងមាំដើម្បីក្លាយជាសសរស្ដម្ភជាតិ ក្នុងពេលចូលបំពេញកាតព្វកិច្ចកិច្ចយោធា
-
ព័ត៌មាន1 week agoសេវារថយន្តក្រុងរដ្ឋឥតគិតថ្លៃបានសន្សំសោហ៊ុយធ្វើដំណើររបស់ពលរដ្ឋប្រមាណ ១២ពាន់លានរៀល
-
ព័ត៌មាន4 days agoពលរដ្ឋក្រីក្រ៖ ប្រាក់ឧបត្ថម្ភទប់វិបត្តិឡើងថ្លៃប្រេង ជួយសម្រាលការលំបាកមួយផ្នែកធំលើជីវភាព
-
ព័ត៌មាន1 week agoសម្ដេចធិបតី ហ៊ុន ម៉ាណែត និងប្រធានាធិបតីអាស៊ែបៃហ្សង់ អញ្ជើញជាអធិបតីក្នុងពិធីប្តូរឯកសារអនុស្សរណៈ នៃការយោគយល់គ្នាចំនួន៣
-
ព័ត៌មាន1 week agoពលរដ្ឋវិលពីស្រុកកំណើតចូលរាជធានីភ្នំពេញវិញក្រោយចប់បុណ្យភ្ជុំបិណ្ឌ រីករាយបន្តជិះរថយន្តក្រុងរដ្ឋឥតគិតថ្លៃ