ព័ត៌មាន
ចងចាំ និងគោរពដឹងគុណជានិច្ចចំពោះវីរកងទ័ពសមរភូមិមុខ! រដ្ឋមន្ត្រីក្រសួងការងារចុះសួរសុខទុក្ខ និងនាំយកអំណោយដ៏ថ្លៃថ្លារបស់សម្ដេចធិបតី នាយករដ្ឋមន្ត្រី និងលោកជំទាវបណ្ឌិត ជូនវីរកងទ័ពនៃកងពលតូចអន្តរាគមន៍លេខ៧ ក្នុងខេត្តព្រះវិហារ
ក្នុងស្មារតីផ្សារភ្ជាប់ជាមួយសមរភូមិមុខ និងជាការចងចាំ បង្ហាញពីក្តីគោរពដឹងគុណជានិច្ចចំពោះបងប្អូនវីរកងទ័ពដែលកំពុងឈរជើងនៅតាមព្រំដែនការពារជាតិមាតុភូមិ នៅក្នុងពេលពិធីបុណ្យចូលឆ្នាំថ្មីប្រពៃណីជាតិ ឆ្នាំមមី អដ្ឋស័ក ពុទ្ធសករាជ ២៥៧០ ដែលនឹងឈានមកដល់នាពេលខាងមុខនេះ នាព្រឹកថ្ងៃទី១០ ខែមេសា ឆ្នាំ២០២៦ ឯកឧត្តម ហេង សួរ រដ្ឋមន្ត្រីក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ បានដឹកនាំគណៈប្រតិភូចុះសាកសួរសុខទុក្ខ ព្រមទាំងបាននាំយកអំណោយដ៏ថ្លៃថ្លារបស់សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា និងលោកជំទាវបណ្ឌិត ពេជ ចន្ទមុន្នី ហ៊ុនម៉ាណែត ជូនដល់នាយទាហាន នាយទាហានរង និងពលទាហាន នៃកងពលតូចអន្តរាគមន៍លេខ៧ នៅទិសព្រះវិហារ។

នាឱកាសនេះ ឯកឧត្តមរដ្ឋមន្ត្រី បានពាំនាំនូវការផ្តាំផ្ញើសួរសុខទុក្ខប្រកបដោយមនោសញ្ចេតនាជ្រាលជ្រៅពីសំណាក់ សម្ដេចតេជោ ហ៊ុន សែន និងសម្ដេចកិត្តិព្រឹទ្ធបណ្ឌិត ព្រមទាំងសម្តេចធិបតីនាយករដ្ឋមន្ត្រី និងលោកជំទាវបណ្ឌិត ដែលជានិច្ចកាល សម្តេចតែងតែយកចិត្តទុកដាក់ និងគិតគូរខ្ពស់ចំពោះសុខុមាលភាព និងជីវភាពរស់នៅរបស់បងប្អូនកងទ័ពនៅសមរភូមិមុខ។ ក្នុងន័យនេះ ក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ តែងតែបានកៀរគរនូវធនធាន សម្ភារៈប្រើប្រាស់ និងគ្រឿងឧបភោគបរិភោគ ដើម្បីចូលរួមចំណែកសម្រាលការលំបាក និងលើកទឹកចិត្តដល់វីរកងទ័ពដែលកំពុងឈរជើងការពារទឹកដី។

ឯកឧត្តម ហេង សួរ បានសម្តែងនូវការកោតសរសើរ និងវាយតម្លៃខ្ពស់ចំពោះវីរភាពដ៏អង់អាចក្លាហានរបស់នាយទាហាន និងពលទាហានទាំងអស់នៅតាមតំបន់ព្រំដែនកម្ពុជា-ថៃ ក្នុងនោះនាយទាហាន នាយទាហានរង និងពលទាហាន នៃកងពលតូចអន្តរាគមន៍លេខ៧ ហើយក្នុងនាមថ្នាក់ដឹកនាំ មន្រ្តីរាជការក្រសួង ក៏ដូចជាតំណាងសមាគមសហជីព រោងចក្រសហគ្រាស បងប្អូនកម្មករនិយោជិត និងនិយោជកទាំងអស់ ពិតជាចងចាំនូវវីរភាពដ៏អង់អាចក្លាហាន និងគោរពដឹងគុណចំពោះការលះបង់សាច់ស្រស់ឈាមស្រស់ក្នុងបុព្វហេតុការពារសេចក្តីសុខសាន្តរបស់អ្នកសមរភូមិក្រោយ និងប្រទេសជាតិយើង។

ឯកឧត្តមបានគូសបញ្ជាក់ថា ការពង្រឹងសម្ព័ន្ធមេត្រីភាពរវាងស្ថាប័នរដ្ឋ និងសមរភូមិមុខ គឺជាការអនុវត្តតាមកម្មវិធីនយោបាយរបស់រាជរដ្ឋាភិបាល ដើម្បីលើកកម្ពស់ខឿនការពារជាតិឱ្យកាន់តែរឹងមាំ ក្រោមពាក្យស្លោក «ការពារជាតិដើម្បីទាំងអស់គ្នា ទាំងអស់គ្នាដើម្បីការពារជាតិ»។ តាមរយៈនេះជាទៀងទាត់ រៀងរាល់ឆ្នាំ ចាប់តាំងពីឆ្នាំ ២០០៨មក ក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈតែងបានចុះសាកសួរសុខទុក្ខកងទ័ពដែលជាអង្គភាពសម្ព័ន្ធមេត្រីភាពក្នុង១ឆ្នាំ ២ដង គឺនៅមុនពិធីបុណ្យចូលឆ្នាំថ្មីប្រពៃណីខ្មែរ និងបុណ្យភ្ជុំបិណ្ឌ ព្រមជាមួយនឹងការពាំនាំនូវអំណោយឧបត្ថម្ភផ្សេងៗមកជាមួយផងដែរ។

ទន្ទឹមនឹងនេះ ឯកឧត្តមរដ្ឋមន្ត្រីក៏បានលើកឡើងពីវឌ្ឍនភាព និងសមិទ្ធផលនានាក្នុងវិស័យការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ ដែលសម្រេចបានក្រោមគោលនយោបាយនិងចក្ខុវិស័យដឹកនាំដ៏ឈ្លាសវៃរបស់ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត។ ភាពជោគជ័យទាំងនេះ បានរួមចំណែកយ៉ាងសំខាន់ក្នុងការរក្សាសុខសន្តិភាព ស្ថិរភាពនយោបាយ និងការអភិវឌ្ឍសេដ្ឋកិច្ចជាតិឱ្យមានការរីកចម្រើនជាលំដាប់ ដែលធ្វើឱ្យជីវភាពរបស់ប្រជាពលរដ្ឋកាន់តែប្រសើរឡើង។
គណៈប្រតិភូក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ បានប្រគល់អំណោយដ៏ថ្លៃថ្លារបស់សម្ដេចធិបតី និងលោកជំទាវបណ្ឌិត ជូនដល់កងពលតូចអន្តរាគមន៍លេខ៧ រួមមានគ្រឿងឧបភោគបរិភោគ សម្ភារៈប្រើប្រាស់ចាំបាច់ និងថវិកាមួយចំនួន ដើម្បីផ្សារភ្ជាប់រវាងសមរភូមិក្រោយ និងសមរភូមិមុខ ជាការលើកទឹកចិត្ត និងត្រៀមទទួលអំណរសាទរពិធីបុណ្យចូលឆ្នាំថ្មីប្រពៃណីជាតិប្រកបដោយភាពសប្បាយរីករាយ និងកក់ក្តៅ៕



-
ព័ត៌មាន5 days agoចៅក្រមស៊ើបសួរសម្រេចឃុំខ្លួនជនជាតិថៃចំនួន ២០នាក់ និងបក្ខពួកពាក់ព័ន្ធរៀបចំមជ្ឈមណ្ឌល Online Scams
-
ព័ត៌មាន1 week agoមេបញ្ជាការកងទ័ពជើងទឹកអញ្ជើញបិទវគ្គហ្វឹកហ្វឺនពលទាហានថ្មី វគ្គទី៧ បំពេញក្របខណ្ឌឲ្យកងទ័ពជើងគោក ឆ្នាំ២០២៦ និងបើកវគ្គហ្វឹកហ្វឺនបំប៉នជំនាញកាំភ្លើងការពារអាកាសឆ្នាំ២០២៦
-
កីឡា1 week agoកម្ពុជាត្រៀមកីឡាប្រមាណ ៣១ប្រភេទ ចូលរួមព្រឹត្តិការណ៍ស៊ីហ្គេម លើកទី៣៤ នៅម៉ាឡេស៊ី
-
PR NEWS1 week agoអ្នកលេងប៉ះអ្នកមែន! គូនអន្តរជាតិ៥គូ នឹងធ្វើអោយកក្រើកលើសង្វៀន “BOOSTRONG KUN KHMER SPECIAL BATTLE”
-
កីឡា1 week agoកម្ពុជានឹងបញ្ជូនអត្តពលិក ៣២នាក់ចូលរួមការប្រកួតតេក្វាន់ដូ ITF ជ្រើសរើសជើងឯកអាស៊ី លើកទី ១១ ឆ្នាំ២០២៦ នៅម៉ុងហ្គោលី
-
ព័ត៌មាន6 days agoសម្តេចកិត្តិសង្គហបណ្ឌិត ម៉ែន សំអន ចាត់ទុកវិនិយោគិនគឺជា «ដៃគូអភិវឌ្ឍន៍ដែលមិនអាចខ្វះបាន» ខណៈដែលក្រុមហ៊ុនចិនធំៗចំនួន ៦០ សម្លឹងឃើញពីសក្តានុពល និងឱកាសវិនិយោគនៅកម្ពុជា
-
ព័ត៌មាន1 week agoពលរដ្ឋភៀសសឹកដែលមិនទាន់អាចវិលត្រលប់ទៅផ្ទះសំបែងវិញបាន ជឿជាក់លើរាជរដ្ឋាភិបាលក្នុងការដោះស្រាយបញ្ហាព្រំដែនជាមួយថៃដោយសន្ដិវិធី
-
ព័ត៌មាន6 days agoអ្នករាយការណ៍ពិសេសសម្តែងនូវការបារម្ភចំពោះស្ថាននភាពសិទ្ធិមនុស្សដោយសារជម្លោះព្រំដែន