Connect with us

ព័ត៌មាន

មន្ត្រីជាន់ខ្ពស់ក្រសួងអភិវឌ្ឍន៍ជនបទ ចុះត្រួតពិនិត្យ និងវាយតម្លៃលើ​ការងារ​ស្ថាបនា​ផ្លូវ នៅ​ទីតាំង​ដីសម្បទានសង្គមកិច្ច ខេត្តឧត្តរមានជ័យ

ឧត្តរមានជ័យ ៖ លោកជំទាវ ឯក គន្ធវារី អនុរដ្ឋលេខាធិការ តំណាងដ៏ខ្ពង់ខ្ពស់លោក ឆាយ ឫទ្ធិ​សែន ​រដ្ឋមន្ត្រីក្រសួងអភិវឌ្ឍន៍ជនបទ បានអញ្ជើញដឹកនាំគណៈកម្មការអន្តរក្រសួង រួមមាន​ក្រសួង​អភិវឌ្ឍន៍ជនបទ និងក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ នៅរសៀលថ្ងៃទី១០ ខែមេសា ឆ្នាំ​២០២៦ បានចុះត្រួតពិនិត្យ និងវាយតម្លៃលទ្ធផលការងារស្ថាបនាផ្លូវក្រាលដីល្បាយក្រួស ចំនួន​១​ខ្សែ ​មាន ៤កំណាត់ ប្រវែងសរុប ៩ ០០០ម៉ែត្រ ទទឹង ៨ម៉ែត្រ កម្រាស់ ០,២ម៉ែត្រ សាងសង់​លូមូល​មុខ​មួយចំនួន ៦កន្លែង និងលូមូលមុខពីរចំនួន២កន្លែង ស្ថិតនៅទីតាំងដី​សម្បទាន​សង្គម​កិច្ច ក្នុងភូមិស្រះទឹកតេជោសែនជ័យ ឃុំចុងកាល់ ស្រុកចុងកាល់ ខេត្តឧត្តរមានជ័យ អនុវត្ត​ដោយ​ក្រុម​ហ៊ុន វិស្វកម្ម សំណាងខនស្ត្រាក់សិន។

នៅក្នុងឱកាសនោះដែរ លោកជំទាវឯក គន្ធវារី បានចូលរួមអបអរសាទរជាមួយប្រជាពលរដ្ឋ និង​អាជ្ញាធរ​គ្រប់​លំដាប់ថ្នាក់នៅក្នុងមូលដ្ឋាននេះ ចំពោះការទទួលបាន​សមិទ្ធផល​ថ្មី​បន្ថែម​ទៀត​ពី​រាជ​រដ្ឋាភិបាល​កម្ពុជា តាមរយៈក្រសួងអភិវឌ្ឍន៍ជនបទ គឺដើម្បីជួយសម្រួលដល់ការធ្វើដំណើរ ការ​ដឹក​ជញ្ជូន​កសិផល និងការទទួលសេវាសាធារណៈនានា ព្រមទាំងបង្កើនការតភ្ជាប់រវាងភូមិ ទៅ​ភូមិ ​និងឃុំទៅឃុំ ប្រើប្រាស់ ដោយចំណេញបានទាំងពេលវេលា និងថវិកា ដែលនឹង​ចូល​រួម​ចំណែក​យ៉ាង​សំខាន់ក្នុងការលើកកម្ពស់ជីវភាពប្រជាជននៅតំបន់នោះ។

លោកជំទាវ អនុរដេ្ឋលេខាធិការ ក៏បានរំលេចអំពីយុទ្ធសាស្រ្តបញ្ចកោណដំណាក់កាលទី១ របស់​រាជ​រដ្ឋាភិបាល ដែលមានចក្ខុវិស័យប្រែក្លាយប្រទេសកម្ពុជា ជាប្រទេស​ដែល​មាន​ចំណូល​ខ្ពស់​នៅ​ឆ្នាំ​២០៥០​។ ឆ្លើយតបទៅនឹងយុទ្ធសាស្ត្របច្ចកោណដំណាក់កាលទី១ ខាងលើ ក្រសួង​អភិវឌ្ឍន៍​ជន​បទ​បាន​ដាក់ចេញនូវ គោលនយោបាយអភិវឌ្ឍន៍ជនបទ ដែលបានកំណត់ចក្ខុវិស័យ “កសាង​តំបន់​ជន​បទ​កម្ពុជា ប្រកបដោយវិបុលភាព បរិយាប័ន្ន នវានុវត្តន៍ ឌីជីថល និងភាពធន់ ទាំង​ផ្នែក​សេដ្ឋកិច្ច សង្គមកិច្ច និងវប្បធម៌” ក្នុងគោលបំណងដើម្បី “(១) បង្កើនប្រាក់​ចំណូល​គ្រួសា​រ​នៅ​ជន​បទ​ ឱ្យមានជីវភាពសមរម្យ និងមានប្រាក់ចំណូលប្រកបដោយចីរភាព និង (២) បង្កើន​សុខ​មាល​ភាព​គ្រួសារនៅជនបទឱ្យមានសុខភាពល្អ និងរស់នៅក្នុងបរិស្ថានស្អាត” អមដោយ​យុទ្ធសាស្រ្ត​អាទិភាពជាសសរស្តម្ភចំនួន ៥ គឺ (ទី១) អភិវឌ្ឍន៍ហេដ្ឋារចនា សម្ព័ន្ធរូបវន្ត និង​គមនាគមន៍​ប្រកបដោយភាពធន់ (ទី២) លើកកម្ពស់សុខភាព អនាម័យ និងបរិស្ថានរស់នៅ​របស់​សហគមន៍​ជន​បទ ប្រកបដោយនិរន្តភាព (ទី៣) អភិវឌ្ឍន៍សហគមន៍ជនបទ និងចលនាភូមិគំរូ (៤) ពិពិធកម្មសកម្មភាពសេដ្ឋកិច្ចជនបទ និងនវានុវត្តន៍ការងារ និង (៥) ពង្រឹងស្ថាប័ន​តាម​រយៈ​ការ​រៀបចំគោលនយោបាយ ហិរញ្ញវត្ថុ ឌីជីថល និងសហប្រតិបត្តិការ។

លោកជំទាវ ឯក គន្ធវារី បានពាំនាំនូវប្រសាសន៍ផ្តាំផ្ញើសាកសួរសុខទុក្ខ ពីឯកឧត្តម ឆាយ ឫទ្ធិសែន រដ្ឋមន្ត្រីក្រសួងអភិវឌ្ឍន៍ជនបទ និងលោកជំទាវ និងបានណែនាំដល់អាជ្ញាធរ សហការ​ណែ​នាំ និងបំផុសឱ្យប្រជាពលរដ្ឋ ចូលរួមថែទាំផ្លូវនេះ ដោយមានការយាមកាមយ៉ាងហ្មត់ចត់ និង​ទប់​ស្កាត់​រថយន្តដឹកទំនិញលើសចំណុះ កុំឱ្យធ្វើចរាចរណ៍លើផ្លូវនេះ ដើម្បី​រក្សាគុណ​ភាព​ផ្លូវ​ឱ្យ​បាន​គង់​វង្សយូរអង្វែង និងចាត់ទុកផ្លូវនេះជាសម្បត្តិរួមរបស់ពួកគាត់៕ អត្ថបទ៖ ឃិន សារិទ្ធ

អត្ថបទពេញនិយម

Copyright © 2024 Bayon TV Cambodia