ព័ត៌មាន
ប្រសាសន៍សំខាន់ៗរបស់សម្ដេចធិបតី ហ៊ុន ម៉ាណែត ក្នុងពិធីបើកការដ្ឋានគម្រោងគ្រប់គ្រងធនធានទឹកចម្រុះហ្វូណនតេជោ កំណាត់ទី២
នៅព្រឹកថ្ងៃទី១១ ខែមេសា ឆ្នាំ២០២៦នេះ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា អញ្ជើញជាអធិបតីភាពដ៏ខ្ពង់ខ្ពស់ក្នុងពិធីបើកការដ្ឋានគម្រោងគ្រប់គ្រងធនធានទឹកចម្រុះហ្វូណនតេជោ កំណាត់ទី២ ប្រវែង ១៥១,៦គីឡូម៉ែត្រ(ព្រែកពោធិ៍ ខេត្តកណ្តាល-សមុទ្រខេត្តកែប) នៅខេត្តតាកែវ។

ខាងក្រោមជាប្រសាសន៍សំខាន់ៗរបស់សម្ដេចធិបតី ហ៊ុន ម៉ាណែត៖
-សម្ដេចធិបតី ហ៊ុន ម៉ាណែត៖ គម្រោងសាងសង់ព្រែកជីកហ្វូណនតេជោ គឺជាការឆ្លុះបញ្ចាំងអំពីការប្ដេជ្ញាចិត្តរបស់រាជរដ្ឋាភិបាលក្នុងការអភិវឌ្ឍទិសនិរតី។ ផ្លូវទឹកមួយនេះ នឹងក្លាយជាសរសៃឈាមភ្ជាប់ទិសខាងជើង និងខាងត្បូង។
-សម្ដេចធិបតី ហ៊ុន ម៉ាណែត៖ ផ្លូវទឹក (ព្រែកជីកហ្វូណនតេជោ) នឹងតភ្ជាប់មិនត្រឹមតែការដឹកជញ្ជូនក្នុងប្រទេសកម្ពុជាទេ តែគឺនឹងតភ្ជាប់ទៅកាន់តំបន់ និងពិភពលោកផងដែរ។ គម្រោងព្រែកជីកហ្វូណនតេជោ នឹងលើកកម្ពស់មុខមាត់កិត្តិយសប្រទេសកម្ពុជា និងជីវភាពរស់នៅរបស់ប្រជាពលរដ្ឋ ជំរុញការអភិវឌ្ឍសេដ្ឋកិច្ចជាតិ។
-សម្ដេចធិបតី នាយករដ្ឋមន្ត្រី៖ គម្រោងព្រែកជីកហ្វូណនតេជោ នឹងផ្ដល់ផល ដោយផ្ទាល់ដល់ខេត្តចំនួន៤ក្នុងនោះមានដូចជា កណ្ដាល, តាកែវ, កំពត និងកែបជាដើម។ ក្រៅពីខេត្ត ដែលទទួលផលដោយផ្ទាល់នោះ កំពង់ស្ពឺ, កំពង់ឆ្នាំង និងបណ្ដាខេត្តនៅជាប់បឹងទន្លេសាប និងទន្លេ មេគង្គទាំងនៅភាគខាងជើង រួមទាំងភាគខាងត្បូងក៏នឹងបានទទួលផលដោយប្រយោល ពីគម្រោង«ព្រែកជីកហ្វូណនតេជោ»នេះផងដែរ។
-សម្ដេចធិបតី ហ៊ុន ម៉ាណែត មានប្រសាសន៍ឱ្យដឹងថា អំឡុងពិភាក្សាជាមួយថ្នាក់ដឹកនាំឡាវ សម្ដេចបានលើកឡើងពីការតភ្ជាប់ផ្លូវដឹកជញ្ជូនពីកម្ពុជាទៅចិន ដោយឆ្លងកាត់ប្រទេសឡាវ។ សម្ដេចបញ្ជាក់បន្ថែមជាមួយថ្នាក់ដឹកនាំឡាវថា នៅក្រោយគម្រោងព្រែកជីកហ្វូណនតេ ជោបញ្ចប់ការសាងសង់ ឡាវក៏អាចភ្ជាប់ការដឹកជញ្ជូនតាមផ្លូវទឹកពីសមុទ្រឆ្លងកាត់កម្ពុជាតាម «ព្រែកជីកហ្វូណនតេជោ» នេះទៅកាន់ប្រទេសឡាវបានដែរ។
-សម្តេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្រ្តីនៃកម្ពុជា ប្រកាសថា សព្វថ្ងៃនេះរដ្ឋបានខាតបង់ចំនួន៥០លានដុល្លារអាមេរិកក្នុងមួយខែ ដោយសារតែការបញ្ចុះពន្ធអាករ។
-សម្ដេចធិបតី ហ៊ុន ម៉ាណែត៖ រយៈពេល៥ឆ្នាំកន្លងមកនេះ កម្ពុជាបានទទួលនូវវិញ្ញាសាស្មុគស្មាញ និងធំៗច្រើន ដូចជាបញ្ហាកូវីដ-១៩ បញ្ហាសង្គ្រាមអ៊ុយក្រែន ពន្ធបដិការ សង្គ្រាមឈ្លានពានរបស់ថៃ និងវិបត្តិថាមពល នាពេលបច្ចុប្បន្ន តែទោះវិញ្ញាសាលំបាក មិនប្រាកដប្រជាយ៉ាងណា តែកម្ពុជានៅអាចមានភាពម្ចាស់ការជម្នះឧបសគ្គដើរទៅមុខបានជានិច្ច។
-សម្ដេចធិបតី ហ៊ុន ម៉ាណែត៖ រដ្ឋបានសម្រេចមិនយកពន្ធនាំចូលប្រេង ដើម្បីទប់កុំឱ្យតម្លៃប្រេងហក់ឡើងខ្ពស់ ដែលធ្វើឱ្យរដ្ឋខាតបង់ថវិកាដែលបានមកពីចំណូលពីការបង់ពន្ធលើ ការនាំចូលប្រេងចំនួនហាសិបលានដុល្លារក្នុងមួយខែៗ។ ក្រៅពីនេះវិស័យថាមពលក៏បានខាតបង់ជាង សាមសិបប្រាំលានដុល្លាររួចមកហើយផងដែរ ដោយសារមិនដំឡើងថ្លៃប្រើប្រាស់អគ្គិសនីតាមតម្លៃ ប្រេង។
-សម្តេចធិបតី ហ៊ុន ម៉ាណែត បានប្រកាសថា គម្រោង«ព្រែកជីកហ្វូណនតេជោ» នឹងបន្តធ្វើជានិច្ចមិនជាប់គាំងដូចការលើកឡើងរបស់ជនអគតិមួយចំនួនតូចនោះឡើយ ខណៈ គម្រោងជាប្រវត្តិសាស្រ្តនេះនឹងផ្តល់អត្ថប្រយោជន៍យ៉ាងច្រើនសន្ធឹកសន្ធាប់ សម្រាប់ប្រជាជនកម្ពុជា។
-សម្ដេចធិបតី ហ៊ុន ម៉ាណែត គ្រោងនឹងធ្វើដំណើរតាមផ្លូវទឹកនៃគម្រោង «ព្រែកជីកហ្វូណនតេជោ» ដែលកំពុងដំណើរការសាងសង់ដោយមិនឱ្យអាជ្ញាធរតាមបណ្ដាខេត្តនៃផ្លូវទឹករបស់ គម្រោងដឹងនោះឡើយ ដើម្បីស្វែងយល់ពីស្ថានភាពជាក់ស្ដែងរបស់ពលរដ្ឋនៅអំឡុងពេលសាងសង់ និងក្រោយពេលសាងសង់រួច។
-សម្ដេចធិបតី ហ៊ុន ម៉ាណែត បានថ្លែងរំលឹកគុណដល់វីរកងទ័ពទាំងអស់ ដែលបានធ្វើពលិកម្មគ្រប់បែបយ៉ាង ខិតខំជម្នះគ្រប់ឧបសគ្គ ឈរជើងយ៉ាងរឹងមាំក្នុងការការពារអធិបតេយ្យភាព បូរណភាពទឹកកម្ពុជា ពីការឈ្លានពានរបស់ទាហានសៀម។
-សម្ដេចធិបតី ហ៊ុន ម៉ាណែត បានបញ្ជាក់អំពីវិធានការរបស់រាជរដ្ឋាភិបាល ក្នុងការជួយសម្រួលការរស់នៅរបស់ជនភៀសសឹកដែលមិនទាន់អាចវិលត្រឡប់ទៅផ្ទះសម្បែងវិញបាន ដោយការធ្វើផ្ទះស្នាក់នៅសមរម្យជាបណ្ដោះអាសន្ន បើទោះផ្ទះថ្មី មិនដូចផ្ទះចាស់ ដែលបានកសាងមកអស់២០-៣០ឆ្នាំ ដោយកម្លាំងញើសឈាមនោះក៏ដោយ។ រាជរដ្ឋាភិបាល បាននឹងកំពុងខិតខំដោះស្រាយជាជំហានៗ។
-សម្ដេចធិបតី ហ៊ុន ម៉ាណែត៖ ការដោះស្រាយបញ្ហាព្រំដែន គឺសម្ដេចជ្រើស យកយន្តការមិនបង្ហូរឈាម ដើម្បីកុំឱ្យមានពលរដ្ឋកម្ពុជា រួមទាំងកងកម្លាំងមិនមានការបាត់បង់ជីវិត។ សម្ដេចបញ្ជាក់បន្ថែមថា សង្គ្រាមសងទៅសងមក មិនងាយបញ្ចប់នោះទេ ប៉ុន្តែបើដោះស្រាយតាមយន្តការច្បាប់ យន្តការអន្តរជាតិ និងការទូត គឺជាយន្តការដែលអាចបញ្ចប់បញ្ហាព្រំដែនបានយូរអង្វែង និង មិនមានការបាត់បង់ជីវិត។ ប៉ុន្តែយន្តការនេះត្រូវការពេលបន្តិចដែលទាមទារឱ្យយើងត្រូវអត់ធ្មត់ ដើម្បី សម្រេចជោគជ័យ។
-សម្ដេច ហ៊ុន ម៉ាណែត៖ ការប្រើសង្គ្រាមដើម្បីដោះស្រាយបញ្ហាព្រំដែន គឺមិនងាយបញ្ចប់នោះទេ គឺមានតែការចរចាប៉ុណ្ណោះ ទើបអាចដោះស្រាយបញ្ចប់បាន ជាពិសេសការចរចាទ្វេភាគី ដោយការស្មោះត្រង់ជាមួយគ្នា។ សម្ដេចបញ្ជាក់បន្ថែមថា ករណីដូចជាសង្គ្រាមនៅអ៊ុយក្រែន និងនៅតំបន់នានាជាច្រើនបានបង្ហាញឱ្យឃើញថា ដើម្បីបញ្ចប់បញ្ហាបាន គឺមានតែការចរចា ដោះស្រាយប៉ុណ្ណោះ។
-សម្ដេចធិបតី ហ៊ុន ម៉ាណែតបង្ហាញក្ដីសង្ឃឹមថា បញ្ហាព្រំដែនកម្ពុជា-ថៃ នឹងអាចដោះស្រាយបានឆាប់ចប់ដោយសារតែកម្ពុជានៅតែបន្តរក្សាជំហរដដែលក្នុងនោះមានដូចជា ដោះស្រាយតាមសន្តិវិធី ដោយផ្អែកលើសន្ធិសញ្ញា អនុសញ្ញា និងកិច្ចព្រមព្រៀងនានា ដែលភាគីទាំង ពីរបានឯកភាពចុះហត្ថលេខាជាមួយគ្នា រួមទាំងយន្តការអន្តរជាតិផងដែរ។ សម្ដេចបញ្ជាក់បន្ថែមថា យន្តការទាំងនេះរដ្ឋាភិបាលថៃ ក៏បានលើកឡើងដើម្បីដោះស្រាយបញ្ហាព្រំដែនជាមួយកម្ពុជាផងដែរ ហើយរដ្ឋាភិបាលថៃ ក៏មិនបានប្រកាសទាត់ចោលកិច្ចព្រមព្រៀងណាមួយជាមួយកម្ពុជានៅឡើយនោះដែរ។
-សម្ដេចធិបតី ហ៊ុន ម៉ាណែតរំពឹងថា រដ្ឋាភិបាលថៃ នឹងបង្កើតក្បាលម៉ាស៊ីន JBC ឱ្យបានត្រឹមត្រូវដើម្បីដោះស្រាយបញ្ហាជម្លោះព្រំដែនជាមួយប្រទេសកម្ពុជា ស្របទៅតាមកិច្ចព្រមព្រៀងទ្វេភាគី ដែលបានធ្វើកន្លងមក។
-សម្ដេចធិបតី ហ៊ុន ម៉ាណែត៖ អំឡុងជួបជាមួយឯកឧត្ដមប្រធានាធិបតីបារាំង សម្ដេចបានស្នើដល់ប្រធានាធិបតីបារាំងជំរុញទៅថៃ ឱ្យចូលរួមដោះស្រាយបញ្ហាព្រំដែនជាមួយកម្ពុជា ដោយផ្អែកលើយន្តការអន្តរជាតិ និងច្បាប់អន្តរជាតិ។ សម្ដេចធិបតីបញ្ជាក់បន្ថែមថា អំឡុងជួបជាមួយ ប្រធានាធិបតីបារាំងនោះ សម្ដេចបានជម្រាបជូនប្រធានាធិបតីបារាំង អំពីស្ថានភាពនៅតំបន់ព្រំដែនកម្ពុជា-ថៃ ពិសេសការចូលកាន់កាប់ និងសាងសង់សំណង់នានារបស់ភាគីថៃ លើដែនអធិបតេយ្យកម្ពុជា។ សម្ដេចគូសបញ្ជាក់ច្បាស់ៗថា អ្វីដែលសម្ដេចជម្រាបជូនទៅប្រធានាធិបតីបារាំង គឺដើម្បីឱ្យបារាំងជួយដោះស្រាយបញ្ហាព្រំដែនកម្ពុជា-ថៃ ដោយឈរលើភាពយុត្តិធម៌ និងស្របតាមច្បាប់អន្តរជាតិ ដែលគ្រប់ភាគីទទួលយកបានមិនមែនឱ្យបារាំងកាន់ជើងកម្ពុជានោះទេ។
ប្រសាសន៍សម្ដេចធិបតី នាយករដ្ឋមន្ត្រី ចប់នៅម៉ោង ១១និង៣១នាទី
-
ព័ត៌មាន5 days agoចៅក្រមស៊ើបសួរសម្រេចឃុំខ្លួនជនជាតិថៃចំនួន ២០នាក់ និងបក្ខពួកពាក់ព័ន្ធរៀបចំមជ្ឈមណ្ឌល Online Scams
-
ព័ត៌មាន1 week agoមេបញ្ជាការកងទ័ពជើងទឹកអញ្ជើញបិទវគ្គហ្វឹកហ្វឺនពលទាហានថ្មី វគ្គទី៧ បំពេញក្របខណ្ឌឲ្យកងទ័ពជើងគោក ឆ្នាំ២០២៦ និងបើកវគ្គហ្វឹកហ្វឺនបំប៉នជំនាញកាំភ្លើងការពារអាកាសឆ្នាំ២០២៦
-
កីឡា1 week agoកម្ពុជាត្រៀមកីឡាប្រមាណ ៣១ប្រភេទ ចូលរួមព្រឹត្តិការណ៍ស៊ីហ្គេម លើកទី៣៤ នៅម៉ាឡេស៊ី
-
PR NEWS1 week agoអ្នកលេងប៉ះអ្នកមែន! គូនអន្តរជាតិ៥គូ នឹងធ្វើអោយកក្រើកលើសង្វៀន “BOOSTRONG KUN KHMER SPECIAL BATTLE”
-
កីឡា1 week agoកម្ពុជានឹងបញ្ជូនអត្តពលិក ៣២នាក់ចូលរួមការប្រកួតតេក្វាន់ដូ ITF ជ្រើសរើសជើងឯកអាស៊ី លើកទី ១១ ឆ្នាំ២០២៦ នៅម៉ុងហ្គោលី
-
ព័ត៌មាន6 days agoសម្តេចកិត្តិសង្គហបណ្ឌិត ម៉ែន សំអន ចាត់ទុកវិនិយោគិនគឺជា «ដៃគូអភិវឌ្ឍន៍ដែលមិនអាចខ្វះបាន» ខណៈដែលក្រុមហ៊ុនចិនធំៗចំនួន ៦០ សម្លឹងឃើញពីសក្តានុពល និងឱកាសវិនិយោគនៅកម្ពុជា
-
ព័ត៌មាន1 week agoពលរដ្ឋភៀសសឹកដែលមិនទាន់អាចវិលត្រលប់ទៅផ្ទះសំបែងវិញបាន ជឿជាក់លើរាជរដ្ឋាភិបាលក្នុងការដោះស្រាយបញ្ហាព្រំដែនជាមួយថៃដោយសន្ដិវិធី
-
ព័ត៌មាន6 days agoអ្នករាយការណ៍ពិសេសសម្តែងនូវការបារម្ភចំពោះស្ថាននភាពសិទ្ធិមនុស្សដោយសារជម្លោះព្រំដែន