Connect with us

ព័ត៌មាន

ក្នុងឱកាសឆ្នាំថ្មី សម្ដេចធិបតី បញ្ជាក់ជាថ្មីនូវការប្ដេជ្ញាការពាររាល់សមិទ្ធផលជាតិ និងប្រជាជន​កម្ពុជា

ក្នុងឱកាសដ៏ប្រពៃថ្លៃថ្លានៃពិធីបុណ្យចូលឆ្នាំថ្មីប្រពៃណីជាតិ ឆ្នាំមមី អដ្ឋស័ក ព.ស.២៥៧០នេះ សម្ដេច មហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្រ្ដីនៃកម្ពុជា បានគូសបញ្ជាក់ជាថ្មីនូវការប្តេជ្ញា​ចិត្ត​របស់រាជរដ្ឋាភិបាល ក្នុងការការពាររដ្ឋធម្មនុញ្ញ, ការពាររបបរាជានិយម ស្របតាមបាវចនា «ជាតិ សាសនា ព្រះមហាក្សត្រ» និងការពារនូវរាល់សមិទ្ធផលដែលរាជរដ្ឋាភិបាល និង​ប្រជាជន​កម្ពុជា​ទាំង​មូល​សម្រេចបាន នាពេលកន្លងមក ឱ្យបាន គង់វង្ស, មិនឱ្យបុគ្គលណា, ក្រុមណា ឬ​បរ​ទេស​ណា មកបំផ្លាញបានឡើយ។

តាមរយៈសារលិខិតរបស់សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី ផ្ញើជូនជន​រួម​ជាតិ​កម្ពុជា ក្នុងឱកាសពិធីបុណ្យចូលឆ្នាំថ្មីប្រពៃណីជាតិ ឆ្នាំមមី អដ្ឋស័ក ព.ស.២៥៧០ សម្ដេចធិបតី ក្នុង​នាមរាជរដ្ឋាភិបាល និងក្នុងនាមសម្ដេចផ្ទាល់បានគូសបញ្ជាក់អំពីការប្តេជ្ញាចិត្តខ្ពស់ ក្នុងការ​បន្ត​ខិត​ខំ​ប្រឹង​ប្រែងកសាង, ការពារ និងអភិវឌ្ឍសង្គមជាតិ ឈរលើមាគ៌ា​ដ៏​ត្រឹម​ត្រូវ​ឆ្ពោះ​ទៅ​រក​ភាព​សុខដុម​រមនា​, សេចក្តីថ្លៃថ្នូរ និងសុខុមាលភាពសង្គម បើទោះជាត្រូវជួបប្រទះឧបសគ្គ និងបញ្ហា​ប្រឈម​យ៉ាង​ណាក៏ដោយ។

សម្ដេចនាយករដ្ឋមន្រ្ដីថ្លែងថា៖«យើងត្រូវតែប្រែក្លាយការលំបាកទាំងនេះឱ្យទៅជាបទពិសោធន៍, ប្រែ​ក្លាយ​ការឈឺចាប់ឱ្យទៅជាថាមពលដ៏រឹងមាំ, និងប្រែក្លាយឧបសគ្គឱ្យទៅជាឱកាស ដើម្បី​ជោគជ័យ​”។ ពិតណាស់ថា ក្នុងឆ្នាំកន្លងទៅ, យើងបានឆ្លងកាត់នូវវិញ្ញាសាដ៏លំបាក និង​ថ្មី​ៗ​ជា​ច្រើន​មិន​ធ្លាប់មាន ដែលបាននិងកំពុងបង្កើតជាផលប៉ះពាល់ ដោយផ្ទាល់ និងដោយប្រយោល មក​លើស​ន្តិសុខ, និងសង្គម-សេដ្ឋកិច្ចជាតិយើង»។

សម្ដេចធិបតីបានបញ្ជាក់ថា ស្ថិតក្នុងសភាពការណ៍ចំពោះមុខ នៃការប្រឈម​នឹង​បញ្ហា​ជា​បន្ត​បន្ទាប់​ ទាំងកត្តាខាងក្រៅ និងកត្តាខាងក្នុង ជាមួយនឹងភាពមិនប្រាកដប្រជា និងហានិភ័យខ្ពស់, ពិភពលោកបាននិងកំពុងរៀនរស់ក្នុងសភាពការណ៍ថ្មី និងកំពុងស្វែងរកប្រក្រតីភាពថ្មី (New normal)។ សម្រាប់កម្ពុជា, ជម្រើសដែលប្រសើរបំផុត គឺត្រូវបន្តពង្រឹងខ្លួនឱ្យកាន់តែរឹងមាំ និង​បង្កើន​ភាពម្ចាស់ការលើមូលដ្ឋានសំខាន់នឹងចាំបាច់ដើម្បីបង្កើនសមត្ភាពឆ្លើយតបទៅនឹងបញ្ហា និង​វិបត្តិនានាប្រកបដោយភាពធន់។ ក្នុងន័យនេះ, រាជរដ្ឋាភិបាល បាននិង​កំពុង​បន្ត​ជំរុញ​អនុវត្ត​បេសក​កម្ម ដ៏ឧត្តុង្គឧត្តមជាប្រវត្តិសាស្ត្ររបស់ខ្លួន ជាមួយនឹងការប្តេជ្ញាចិត្តយ៉ាងមោះមុត ដោយ​ឥត​រាថយ និងកាន់តែស្វាហាប់ ក្នុងការបន្តអនុវត្តកិច្ចការកែទម្រង់ឱ្យកាន់តែស៊ីជម្រៅ និង​ទូលំ​ទូលាយ​លើ​គ្រប់វិស័យ និងបន្តជំរុញការអនុវត្តឱ្យ កាន់តែមានប្រសិទ្ធភាពនូវកម្មវិធីនយោបាយ, យុទ្ធសាស្ត្របញ្ចកោណ ដំណាក់កាលទី១ និងកម្មវិធីគោលនយោបាយ ជាអាទិភាពទាំង ៦ ព្រម​ទាំង​វិធាន​ការគន្លឹះទាំង ៥ ក៏ដូចជាវិធានការកែទម្រង់ជាក់ស្តែងនានាទៀត ដែលត្រូវបន្ត អនុវត្ត​ឱ្យ​កាន់​តែ​ខ្លាំង​ក្លាក្នុងឆ្នាំ២០២៦ និងឆ្នាំខាងមុខ ឱ្យចេញជាលទ្ធផលផ្លែផ្កា ដើម្បីឆ្លើយតប​នឹង​សំណូម​ពរ, សេចក្តីត្រូវការ, ការរំពឹងទុក និងក្តីប្រាថ្នា របស់ប្រជាពលរដ្ឋយើង។

សម្ដេចធិបតីបានថ្លែងបញ្ជាក់ថា៖«ឆ្លៀតក្នុងឱកាសនេះ, ទូលព្រះបង្គំ ខ្ញុំព្រះករុណា ខ្ញុំសូម​បញ្ជាក់​ជា​ថ្មី​នូវ​ការប្តេជ្ញាចិត្តរបស់រាជរដ្ឋាភិបាល ក្នុងការការពាររដ្ឋធម្មនុញ្ញ, ការពាររបបរាជានិយម ស្រប​តាម​បាវចនា “ជាតិ សាសនា ព្រះមហាក្សត្រ” និង ការពារនូវរាល់សមិទ្ធផលដែលរាជរដ្ឋាភិបាល និង​ប្រជាជនកម្ពុជាទាំងមូលសម្រេចបាន នាពេលកន្លងមក ឱ្យបាន គង់វង្ស, មិនឱ្យបុគ្គលណា, ក្រុមណា ឬបរទេសណា មកបំផ្លាញបានឡើយ»

អត្ថបទពេញនិយម

Copyright © 2024 Bayon TV Cambodia