ព័ត៌មាន
រយៈពេលពីរថ្ងៃនៃពិធីបុណ្យចូលឆ្នាំប្រពៃណីជាតិខ្មែរខេត្តបាត់ដំបង ទាក់ទាញភ្ញៀវបានជាង៦៦ម៉ឺននាក់
បាត់ដំបង៖ លោក ហម អរុណ អនុប្រធានមន្ទីរទេសចរណ៍ខេត្តបាត់ដំបង បានឱ្យដឹងថា ភ្ញៀវទេសចរជាតិ អន្តរជាតិ និងបងប្អូនប្រជាពលរដ្ឋ បានមកទស្សនាកម្សាន្តសប្បាយនៅតាមបណ្តារមណីយដ្ឋាន គោលដៅទេសចរណ៍ និងសង្ក្រាន្តបាត់ដំបងក្នុងពិធីបុណ្យចូលឆ្នាំប្រពៃណីជាតិខ្មែររយៈពេល២ថ្ងៃចាប់ពីថ្ងៃ១៤ដល់ថ្ងៃទី១៥ ខែមេសា ឆ្នាំ២០២៦ មានចំនួនសរុប៦៦២ ៥៧៦នាក់។
លោក ហម អរុណ បង្ហាញការកត់សម្គាល់ថា ដំណើរកម្សាន្តនៅតាមតំបន់រមណីយដ្ឋាន គោលដៅទេសចរណ៍ និងព្រឹត្តិការណ៍សង្ក្រាន្តបាត់ដំបង បានប្រព្រឹត្តទៅដោយរលូនប្រកបដោយសន្តិសុខ សណ្ដាប់ធ្នាប់ និងរបៀបរៀបរយល្អ ខណៈមន្រ្តីនៃមន្ទីរទេសចរណ៍បានសហការជាមួយអាជ្ញាធរ និងកម្លាំងសមត្ថកិច្ចប្រចាំការជាប់ជាប្រចាំ ដើម្បីរង់ចាំឆ្លើយតបឱ្យបានទាន់ពេលវេលាក្នុងករណីមានបញ្ហាអ្វីកើតឡើង។
លោក ហម អរុណ ថ្លែងឱ្យដឹងថា ខេត្តបាត់ដំបង គឺជាទឹកដីដ៏ស្រស់ប្រិមប្រិយមានសក្ដានុពលទេសចរណ៍ទាំងធម្មជាតិ វប្បធម៌ សិល្បៈប្រពៃណីហើយអ្វីដែលកាន់តែចាប់អារម្មណ៍នោះគឺនៅតាមគោលដៅទេសចរណ៍ជាប់ប្រភពទឹកគឺល្អមែនទែនសម្រាប់ការងូតទឹកលេងកម្សាន្តនៅក្នុងរដូវកាលក្ដៅនេះ។
លោក ហម អរុណ បានអំពាវនាវដល់បងប្អូនប្រជាពលរដ្ឋ ភ្ញៀវទេសចរជាតិ និងអន្តរជាតិមកទស្សនាកម្សាន្តសប្បាយក្នុងព្រឹត្តិការណ៍សង្រ្កាន្តបាត់ដំបង និងដើរលេងកម្សាន្តនៅតាមរមណីយដ្ឋាន និងគោលដៅទេសចរណ៍នានានៅថ្ងៃទី៣ នៃពិធីបុណ្យចូលឆ្នាំថ្មីប្រពៃណីជាតិខ្មែរ។
ជាមួយគ្នានោះ លោក ហម អរុណ បានក្រើនរំលឹកដល់ម្ចាស់រមណីយដ្ឋាន គោលដៅទេសចរណ៍ អាជីវកម្ម សេវាកម្មទេសចរណ៍នៅក្នុងខេត្តបាត់ដំបងធ្វើយ៉ាងណារៀបចំទទួលបដិសណ្ឋារកិច្ចភ្ញៀវឱ្យបានល្អ និងថែរក្សាអនាម័យបរិស្ថាន។
សូមជម្រាបថា រដ្ឋបាលខេត្តបាត់ដំបងសហការជាមួយសហភាពសហព័ន្ធយុវជនកម្ពុជាខេត្តបាត់ដំបង រៀបចំព្រឹត្តិការណ៍ សង្ក្រាន្តបាត់ដំបង២០២៦ ក្នុងគោលបំណងដើម្បីទទួលអំណរស្វាគមន៍ចំពោះការចូលមកដល់ពិធីបុណ្យចូលឆ្នាំថ្មីប្រពៃណីជាតិខ្មែរ ឆ្នាំមមី អដ្ឋស័ក ព.ស.២៥៧០ គ.ស.២០២៦ ព្រមទាំងផ្សព្វផ្សាយពីវប្បធម៌ ប្រពៃណីដ៏ល្អផូរផង់តាមរយៈការរៀបចំកម្មវិធីសិល្បៈរួមមាន ការសម្ដែងល្ខោនខោល និងរបាំនានា ការប្រគំតន្ត្រីចង្វាក់ប្រពៃណី ការរាំលេងកម្សាន្ត ការលេងល្បែងប្រជាប្រិយផ្សេងៗ ជាពិសេសចង់បង្ហាញដល់ភ្ញៀវជាតិ អន្តរជាតិឱ្យស្គាល់ពីទំនៀមទម្លាប់នៃការរស់នៅ ក៏ដូចជាសក្តានុពលនានារបស់ខេត្តបាត់ដំបង តាមរយៈការរៀបចំដាក់តាំង បង្ហាញនូវផលិតផលនៃបណ្តាក្រុង-ស្រុកទាំង១៤ ការបង្ហាញរបៀបធ្វើម្ហូបអាហារ និងបង្អែមខ្មែរ ការតាំងបង្ហាញមុខម្ហូបអ្នកបាត់ដំបង ព្រមទាំងមានការរៀបចំតុបតែងលម្អភ្លើងពណ៌នៅតំបន់សំខាន់ៗក្នុងក្រុងបាត់ដំបង ជាពិសេសដើម្បីកៀរគរធនធានជួយឧបត្ថម្ភគាំទ្រដល់វីរកងទ័ពជួរមុខដ៏អង់អាចក្លាហានដែលកំពុងឈរជើងការពារបូរណភាពទឹកដី។
ក្រៅពីព្រឹត្តិការណ៍សង្រ្កាន្តដែលធ្វើឡើងនៅក្នុងក្រុងបាត់ដំបង គោលដៅទេសចរណ៍ដ៏សំបូរបែបសរុបចំនួន១១៥កន្លែងនៅទូទាំងខេត្តបាត់ដំបងបានត្រៀមលក្ខណៈក្នុងការទទួលស្វាគមន៍បងប្អូនប្រជាពលរដ្ឋ ភ្ញៀវទេសចរជាតិ និងអន្តរជាតិមកពីគ្រប់ទិសទី៕





-
ព័ត៌មាន5 days agoចៅក្រមស៊ើបសួរសម្រេចឃុំខ្លួនជនជាតិថៃចំនួន ២០នាក់ និងបក្ខពួកពាក់ព័ន្ធរៀបចំមជ្ឈមណ្ឌល Online Scams
-
ព័ត៌មាន1 week agoមេបញ្ជាការកងទ័ពជើងទឹកអញ្ជើញបិទវគ្គហ្វឹកហ្វឺនពលទាហានថ្មី វគ្គទី៧ បំពេញក្របខណ្ឌឲ្យកងទ័ពជើងគោក ឆ្នាំ២០២៦ និងបើកវគ្គហ្វឹកហ្វឺនបំប៉នជំនាញកាំភ្លើងការពារអាកាសឆ្នាំ២០២៦
-
កីឡា1 week agoកម្ពុជាត្រៀមកីឡាប្រមាណ ៣១ប្រភេទ ចូលរួមព្រឹត្តិការណ៍ស៊ីហ្គេម លើកទី៣៤ នៅម៉ាឡេស៊ី
-
PR NEWS1 week agoអ្នកលេងប៉ះអ្នកមែន! គូនអន្តរជាតិ៥គូ នឹងធ្វើអោយកក្រើកលើសង្វៀន “BOOSTRONG KUN KHMER SPECIAL BATTLE”
-
កីឡា1 week agoកម្ពុជានឹងបញ្ជូនអត្តពលិក ៣២នាក់ចូលរួមការប្រកួតតេក្វាន់ដូ ITF ជ្រើសរើសជើងឯកអាស៊ី លើកទី ១១ ឆ្នាំ២០២៦ នៅម៉ុងហ្គោលី
-
ព័ត៌មាន6 days agoសម្តេចកិត្តិសង្គហបណ្ឌិត ម៉ែន សំអន ចាត់ទុកវិនិយោគិនគឺជា «ដៃគូអភិវឌ្ឍន៍ដែលមិនអាចខ្វះបាន» ខណៈដែលក្រុមហ៊ុនចិនធំៗចំនួន ៦០ សម្លឹងឃើញពីសក្តានុពល និងឱកាសវិនិយោគនៅកម្ពុជា
-
ព័ត៌មាន1 week agoពលរដ្ឋភៀសសឹកដែលមិនទាន់អាចវិលត្រលប់ទៅផ្ទះសំបែងវិញបាន ជឿជាក់លើរាជរដ្ឋាភិបាលក្នុងការដោះស្រាយបញ្ហាព្រំដែនជាមួយថៃដោយសន្ដិវិធី
-
ព័ត៌មាន6 days agoអ្នករាយការណ៍ពិសេសសម្តែងនូវការបារម្ភចំពោះស្ថាននភាពសិទ្ធិមនុស្សដោយសារជម្លោះព្រំដែន