ព័ត៌មាន
អុកចត្រង្គ និងយុទ្ធគុនខ្មែរបុរាណ ទទួលបានការគាំទ្រយ៉ាងផុសផុលក្នុងព្រឹត្តិការណ៍នគរសង្ក្រាន្ដ
ព្រឹត្តិការណ៍ នគរសង្ក្រាន្ដ ដើម្បីអបអរសាទរពិធីបុណ្យចូលឆ្នាំថ្មី ប្រពៃណីជាតិខ្មែរ ដែលរៀបចំតាំងពីថ្ងៃទី១៤ ដល់ថ្ងៃទី១៩ ខែមេសា ឆ្នាំ២០២៦ បានប្រព្រត្តទៅដោយជោគជ័យ មានការចូលរួមលេងកម្សាន្ដ និងទទួលបានការគាំទ្រយ៉ាងខ្លាំងពីភ្ញៀវជាតិ-អន្ដរជាតិគ្រប់ទិដ្ឋភាពសិល្បៈ វប្បធម៌ និងកម្មវិធីអមផ្សេងៗ ជាក់ស្ដែងការប្រកួតកីឡាអុកចត្រង្គ និងសម្ដែងយុទ្ធគុនខ្មែរបុរាណ សុទ្ធតែទទួលបានការគាំទ្រយ៉ាងផុសផុលពីប្រជាពលរដ្ឋ។

សម្រាប់ការប្រកួតកីឡាអុកចត្រង្គ បន្ទាប់ពីឆ្លងកាត់ការប្រកួតជម្រុះទូទាំងប្រទេស និងជម្រុះរកបេក្ខភាព ៨រូប មកប្រកួតជុំផ្ដាច់ព្រ័ត្រក្នុងព្រឹត្តិការណ៍នគរសង្ក្រាន្ដ លទ្ធផលចុងក្រោយ គឺអតីតស្ដេចអុកអង្គរសង្ក្រាន្ដ ២សម័យ សុខ លីមហេង បានក្លាយជាស្ដេចអុកចត្រង្គនគរសង្ក្រាន្ដ ឆ្នាំ២០២៦ បន្ទាប់ពីយកឈ្នះស្ដេចអុកអង្គរសង្ក្រាន្ដឆ្នាំចាស់ ជា ស៊ីដេត នៅវគ្គផ្ដាច់ព្រ័ត្រ កាលពីល្ងាចថ្ងៃទី១៩ ខែមេសា ឆ្នាំ២០២៦ នៅទីតាំងភូមិវប្បធម៌ រាជធានីភ្នំពេញ។
ឯកឧត្តម វ៉ាត់ ចំរើន អគ្គលេខាធិការគណៈកម្មាធិការជាតិអូឡាំពិកកម្ពុជា បានថ្លែងក្រោយរួមចំណែករៀបចំសកម្មភាពកីឡាអត្តសញ្ញាណជាតិ អបអរព្រឹត្តិការណ៍នគរសង្ក្រាន្ដ ដោយមោទនភាព ដោយក្នុងរយៈពេលជិត ១សប្ដាហ៍ ទាំងអុកចត្រង្គ និងយុទ្ធគុនខ្មែរបុរាណ បានទទួលការគាំទ្រច្រើនពីមហាជន ស្របតាមការយកចិត្តទុកដាក់ដ៏ខ្ពង់ខ្ពស់របស់ប្រមុខរាជរដ្ឋាភិបាល ក្នុងន័យអភិរក្សដើម្បីអភិវឌ្ឍន៍ និងអភិវឌ្ឍន៍ដើម្បីអភិវឌ្ឍន៍ ហើយគណៈកម្មាធិការជាតិអូឡាំពិកកម្ពុជា ក៏ត្រៀមសហការនាឆ្នាំក្រោយៗ ជាមួយគម្រោងបញ្ចូលកីឡាប្រពៃណីអត្តសញ្ញាណជាតិកាន់តែច្រើនទៀតផង។

ជាមួយគ្នា ឯកឧត្តមបណ្ឌិត ហេង សុខគង់ រដ្ឋលេខាធិការក្រសួងឧស្សាហកម្ម វិទ្យាសាស្ដ្រ បច្ចេកវិទ្យា និងនវានុវត្តន៍ និងជាប្រធានក្រុមការងារអុកចត្រង្គ បានលើកឡើងថា ទន្ទឹមជាមួយភាពសប្បាយរីករាយ និងដំណើរការយ៉ាងរលូននៃការប្រកួតកីឡាអុកចត្រង្គ ក្រុមការងារពាក់ព័ន្ធ ក៏មិនភ្លេចភ្ជាប់នឹងក្ដីនឹករលឹក ក្នុងនាមសមរភូមិក្រោយគាំទ្រដល់សមរភូមិ ហើយឯកឧត្តមក៏រីករាយ ចំពោះការចូលរួមគាំទ្រ មិនថាសកម្មភាពកីឡា ឬសកម្មភាពផ្សេងៗ ដោយស្មារតីជឿជាក់របស់ប្រជាពលរដ្ឋ ដែលជាចលនាមួយលើកស្ទួយចលនាជាតិ និងសេដ្ឋកិច្ចជាតិផងដែរ។
គួរដឹងថា ក្នុងព្រឹត្តិការណ៍នគរសង្ក្រាន្ដ ឆ្នាំ២០២៦ ដោយទទួលបានការអនុញ្ញាតពីឯកឧត្តម ហ៊ុន ម៉ានី ឧបនាយករដ្ឋមន្ដ្រី និងជាប្រធានសហភាពសហព័ន្ធយុវជនកម្ពុជា ក្រុមការងារ ស.ស.យ.ក សហការជាមួយគណៈកម្មាធិការជាតិអូឡាំពិកកម្ពុជា ក៏ដូចជាសហព័ន្ធកីឡាអុកចត្រង្គ និងកីឡាយុទ្ធគុនខ្មែរបុរាណ បានរៀបចំនូវការប្រកួត ក៏ដូចជាសម្ដែង នូវកីឡាអុកចត្រង្គ និងកីឡាយុទ្ធគុនខ្មែរបុរាណ រយៈពេល ៦ថ្ងៃពេញ នៅភូមិវប្បធម៌ ដើម្បីផ្សារភ្ជាប់ការផ្សព្វផ្សាយពីប្រភេទកីឡាអត្តសញ្ញាណជាតិ ក្នុងន័យបំផុសឲ្យប្រជាពលរដ្ឋ បានយល់ដឹង និងចូលរួមអភិរក្សា ក៏ដូចជាអភិវឌ្ឍន៍កីឡាបន្សល់ទុកដោយបុព្វបុរសខ្មែរនេះ ស្របតាមការយកចិត្តទុកដាក់ដ៏ខ្ពង់ខ្ពស់របស់សម្ដេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ដ្រីនៃព្រះរាជាណាចក្រកម្ពុជា៕ អត្ថបទ លី ឈុនឡា










-
ព័ត៌មាន1 week agoអង្គភាពប្រឆាំងអំពើពុករលួយ និងសភាពាណិជ្ជកម្មប្តេជ្ញារួមគ្នាកសាងវប្បធម៌ស្អាតស្អំក្នុងធុរកិច្ច
-
ព័ត៌មាន6 days agoក្នុងកិច្ចប្រជុំគណៈរដ្ឋមន្រ្តី សម្តេចធិបតីក្រើនរំលឹកឲ្យកងកម្លាំងគ្រប់ប្រភេទត្រៀមអន្តរាគមន៍ជួយពលរដ្ឋរងគ្រោះដោយសារទឹកជំនន់
-
ព័ត៌មាន1 week agoសម្តេចប្រធានរដ្ឋសភា៖ សន្និសីទប្រធានសភានៃអន្តរសភាលើកទី២ ជាការចងក្រងបណ្តាញ អ្នកស្រលាញ់សន្តិភាពដើម្បីលើកម្ពស់វិបុលភាពរបស់ប្រជាពលរដ្ឋ
-
ព័ត៌មាន1 week agoក្រុមហ៊ុន ប៊ីវីអឹម និង Intertek ចុះហត្ថលេខាដើម្បីបង្កើតភាពជាដៃគូយុទ្ធសាស្រ្តលើការត្រួតពិនិត្យគុណភាពប្រេងឥន្ធនៈ
-
ព័ត៌មាន6 days agoពលរដ្ឋ៖ កេរ្ដិ៍ឈ្មោះកម្ពុជា នឹងកាន់តែល្អបន្ទាប់ពីជោគជ័យ កម្ទេចមជ្ឈមណ្ឌលឆបោកតាមប្រព័ន្ធបច្ចេកវិទ្យា
-
ព័ត៌មាន5 days agoមន្រ្តីឧទ្យានុរក្សបន្តចុះល្បាតនិងទប់ស្កាត់ការកាប់រានដីព្រៃ ចំនួន១២ករណីនៅក្នុងឧទ្យានជាតិគិរីរម្យ
-
ព័ត៌មាន1 day agoពុទ្ធិកសាកលវិទ្យាល័យព្រះសីហមុនីរាជា និងអង្គការ EBC កំពុងស្វែងរកកិច្ចសហការចូលរួមលើកកម្ពស់វិស័យឌីជីថល និងបង្កើតវីដេអូអប់រំ
-
ព័ត៌មាន6 days agoអាជ្ញាធររៀបចំឱ្យអាជីវករដែលរងផលប៉ះពាល់ដោយគ្រោះអគ្គីភ័យនៅផ្សារនាគមាស អាចចូលទៅលក់នៅក្នុងទីតាំងអតីតដីមជ្ឈមណ្ឌលម៉ង់ឌីយ៉ាល់ជាបណ្តោះអាសន្នសិន