ព័ត៌មាន
កម្ពុជាប្រកាសតវ៉ាជាផ្លូវការជាថ្មីប្រឆាំងនឹងសកម្មភាពរបស់ថៃ ពង្រឹងកាន់កាប់ដោយខុសច្បាប់បន្ថែមទៀត រំលោភលើអធិបតេយ្យ និងបូរណភាពទឹកដីកម្ពុជា
ភ្នំពេញ៖ ក្រសួងការបរទេស និងសហប្រតិបត្តិការអន្តរជាតិ នៃព្រះរាជាណាចក្រកម្ពុជា នៅថ្ងៃទី១៩ ខែមេសា ឆ្នាំ២០២៦នេះ បានប្រកាសការតវ៉ាជាផ្លូវការរបស់រាជរដ្ឋាភិបាលកម្ពុជាជាថ្មី ប្រឆាំងនឹងសកម្មភាពរបស់កងកម្លាំងប្រដាប់អាវុធថៃនៅថ្ងៃទី១៨ ខែមេសា ឆ្នាំ២០២៦ ក្នុងការពង្រឹងការកាន់កាប់ដោយខុសច្បាប់បន្ថែមទៀតដែលរំលោភលើអធិបតេយ្យ និងបូរណភាពទឹកដីរបស់កម្ពុជា នៅទីតាំងជាច្រើន។ នេះបើយោងតាមសេចក្តីប្រកាសព័ត៌។
សកម្មភាពពង្រឹងការកាន់កាប់ដោយខុសច្បាប់របស់ភាគីថៃដោយខុសច្បាប់បន្ថែមមកលើដែនអធិបតេយ្យ និងបូរណភាពទឹកដីកម្ពុជានោះរួមមាន៖
ខេត្តព្រះវិហារ៖ ឃុំស្រអែម ស្រុកជាំក្សាន្ត កងកម្លាំងប្រដាប់អាវុធថៃបានសាងសង់ប៉ុស្តិ៍យាមសង្កេតការណ៍ នៅ ក្នុងតំបន់ប្រាសាទព្រះវិហារ។ ខេត្តឧត្តរមានជ័យ៖ នៅស្រុកអន្លង់វែង កងកម្លាំងប្រដាប់អាវុធថៃបានបន្តសាងសង់ផ្លូវ នៅជិតបង្គោលព្រំដែនលេខ២ បច្ចុប្បន្ន និងនៅតំបន់ដើមតាត្រាវ ស្រុកត្រពាំងប្រាសាទ។ នៅស្រុកបន្ទាយអំពិល កងកម្លាំងប្រដាប់អាវុធថៃបានផឹកលេណដ្ឋាននៅតំបន់ច្រកទ្វារអន្តរជាតិ ជប់គគីរ។ នៅសង្កាត់កូនក្រៀល ក្រុងសំរោង កងកម្លាំងប្រដាប់អាវុធថៃបានសាងសង់ប៉ុស្តិ៍យាមសង្កេតការណ៍ នៅភាគខាងកើតនៃតំបន់ជប់ដើមខ្នុរ និងបានបន្តសកម្មភាពឈូសឆាយដី នៅភាគខាងជើង នៃ តំបន់នេះ។ នៅតំបន់ថ្មដូន កងកម្លាំងប្រដាប់អាវុធថៃបានបន្តសាងសង់ផ្លូវថ្មើរជើង ព្រមទាំងសាងសង់លេណដ្ឋាន និងផ្លូវ នៅភាគខាងកើតច្រកទ្វារថ្មដូន។
ខេត្តពោធិ៍សាត់៖ នៅឃុំថ្មដា ស្រុកវាលវែង កងកម្លាំងប្រដាប់អាវុធថៃបានប្រើប្រាស់គ្រឿងចក្រធុនធ្ងន់ ដើម្បីធ្វើសកម្មភាពឈូសឆាយដីបន្ថែមទៀត នៅតំបន់អូរភ្លុកដំរី។
កម្ពុជាចាត់ទុកសកម្មភាពរបស់ថៃទាំងនេះ ជាការរំលោភលើការប្តេជ្ញាចិត្តរបស់ប្រទេសថៃផ្ទាល់ ក្រោមធម្មនុញ្ញអង្គការ សហប្រជាជាតិ ធម្មនុញ្ញអាស៊ាន និងសន្ធិសញ្ញាមិត្តភាព និងសហប្រតិបត្តិការនៅអាស៊ីអាគ្នេយ៍ (TAC) ជា ពិសេសគោលការណ៍នៃការដោះស្រាយវិវាទដោយសន្តិវិធី ការគោរពអធិបតេយ្យភាពទឹកដី និងការមិនប្រើប្រាស់ កម្លាំងប្រឆាំងនឹងរដ្ឋមួយផ្សេងទៀត។ កម្ពុជាបដិសេធចំពោះការប៉ុនប៉ងណាមួយក្នុងការប្រើប្រាស់សកម្មភាព ទាំងនេះថាជាការការពារខ្លួន និងស្របតាមប្រការនានា ដែលមានចែងក្នុងសេចក្តីប្រកាសរួម នៃកិច្ចប្រជុំ ពិសេសលើកទី៣ របស់គណៈកម្មាធិការព្រំដែនទូទៅ (GBC) នៅថ្ងៃទី២៧ ខែធ្នូ ឆ្នាំ២០២៥។
រាជរដ្ឋាភិបាលកម្ពុជាគូសបញ្ជាក់សាជាថ្មីថា កម្ពុជាមិនទទួលយកខ្សែបន្ទាត់ព្រំដែន ឬការទាមទារទឹកដីណាមួយដែលអះអាងឯកតោភាគីដោយប្រទេសថៃជាដាច់ខាត។ បន្ថែមពីនេះ សកម្មភាព ដែលបានរៀបរាប់ខាងលើនឹងមិនធ្វើឱ្យប៉ះពាល់ដល់សិទ្ធិស្របច្បាប់ ឬជំហររបស់ព្រះរាជាណាចក្រកម្ពុជាទាក់ទងនឹងការកំណត់បន្ទាត់ព្រំដែនអន្តរជាតិរបស់ខ្លួនឡើយ។
រាជរដ្ឋាភិបាលកម្ពុជា អំពាវនាវឱ្យប្រទេសថៃបញ្ឈប់រាល់សកម្មភាពឯកតោភាគីបន្តទៀត នៅក្នុងតំបន់ដែលបានរៀបរាប់ខាងលើ ឬតំបន់ផ្សេងទៀត ដែលស្ថិតក្នុងកាលៈទេសៈស្រដៀងគ្នានេះ សំដៅកាត់ បន្ថយភាពតានតឹង ពង្រឹងជំនឿជាក់និងទំនុកចិត្តគ្នាទៅវិញទៅមក ព្រមទាំងរក្សាសន្តិភាព ស្ថិរភាព និង ភាពជាអ្នកជិតខាងល្អតាមបណ្តោយព្រំដែនកម្ពុជា-ថៃ។
រាជរដ្ឋាភិបាលកម្ពុជា បញ្ជាក់ជាថ្មីនូវការប្តេជ្ញាចិត្តយ៉ាងខ្ជាប់ខ្ជួន និងឥតងាករេរបស់ខ្លួនក្នុងការស្វែងរកដំណោះស្រាយជម្លោះព្រំដែនទាំងអស់ជាមួយប្រទេសថៃ ក៏ដូចជាជាមួយប្រទេសជិតខាងទាំងអស់របស់ខ្លួន ដោយសន្តិវិធី ស្របតាមច្បាប់អន្តរជាតិ និងកិច្ចព្រមព្រៀងទ្វេភាគី ព្រមទាំងរក្សាយ៉ាងខ្ជាប់ខ្ជួននូវជំហរជាគោលការណ៍របស់ខ្លួនថា ខ្សែព្រំដែនមិនត្រូវបានផ្លាស់ប្តូរដោយការប្រើកម្លាំងឡើយ៕



-
ព័ត៌មាន5 days agoចៅក្រមស៊ើបសួរសម្រេចឃុំខ្លួនជនជាតិថៃចំនួន ២០នាក់ និងបក្ខពួកពាក់ព័ន្ធរៀបចំមជ្ឈមណ្ឌល Online Scams
-
ព័ត៌មាន1 week agoមេបញ្ជាការកងទ័ពជើងទឹកអញ្ជើញបិទវគ្គហ្វឹកហ្វឺនពលទាហានថ្មី វគ្គទី៧ បំពេញក្របខណ្ឌឲ្យកងទ័ពជើងគោក ឆ្នាំ២០២៦ និងបើកវគ្គហ្វឹកហ្វឺនបំប៉នជំនាញកាំភ្លើងការពារអាកាសឆ្នាំ២០២៦
-
កីឡា1 week agoកម្ពុជាត្រៀមកីឡាប្រមាណ ៣១ប្រភេទ ចូលរួមព្រឹត្តិការណ៍ស៊ីហ្គេម លើកទី៣៤ នៅម៉ាឡេស៊ី
-
PR NEWS1 week agoអ្នកលេងប៉ះអ្នកមែន! គូនអន្តរជាតិ៥គូ នឹងធ្វើអោយកក្រើកលើសង្វៀន “BOOSTRONG KUN KHMER SPECIAL BATTLE”
-
កីឡា1 week agoកម្ពុជានឹងបញ្ជូនអត្តពលិក ៣២នាក់ចូលរួមការប្រកួតតេក្វាន់ដូ ITF ជ្រើសរើសជើងឯកអាស៊ី លើកទី ១១ ឆ្នាំ២០២៦ នៅម៉ុងហ្គោលី
-
ព័ត៌មាន6 days agoសម្តេចកិត្តិសង្គហបណ្ឌិត ម៉ែន សំអន ចាត់ទុកវិនិយោគិនគឺជា «ដៃគូអភិវឌ្ឍន៍ដែលមិនអាចខ្វះបាន» ខណៈដែលក្រុមហ៊ុនចិនធំៗចំនួន ៦០ សម្លឹងឃើញពីសក្តានុពល និងឱកាសវិនិយោគនៅកម្ពុជា
-
ព័ត៌មាន1 week agoពលរដ្ឋភៀសសឹកដែលមិនទាន់អាចវិលត្រលប់ទៅផ្ទះសំបែងវិញបាន ជឿជាក់លើរាជរដ្ឋាភិបាលក្នុងការដោះស្រាយបញ្ហាព្រំដែនជាមួយថៃដោយសន្ដិវិធី
-
ព័ត៌មាន6 days agoអ្នករាយការណ៍ពិសេសសម្តែងនូវការបារម្ភចំពោះស្ថាននភាពសិទ្ធិមនុស្សដោយសារជម្លោះព្រំដែន