ព័ត៌មាន
រដ្ឋសភាកម្ពុជាបើកដំណើរការកម្មវិធី «សភាត្រាប់» ដើម្បីបណ្ដុះស្មារតីយុវជនជាខឿនការពារជាតិ និងជំរុញសមភាពយេនឌ័រក្នុងភាពជាអ្នកដឹកនាំ
ភ្នំពេញ៖ កម្មវិធី «សភាត្រាប់» (Mock Parliament) សម្រាប់យុវជន ដើម្បីពង្រឹងភាពជាអ្នកដឹកនាំ និងការចូលរួមក្នុងកិច្ចការសង្គម និងនយោបាយ ត្រូវបានរដ្ឋសភា នៃព្រះរាជាណាចក្រកម្ពុជា តាមរយៈក្រុមសភាជាតិកម្ពុជានៃអ្នកនយោបាយសភាស្ត្រី និង គណៈកម្មការទី៨ សហការជាមួយទីភ្នាក់ងារអង្គការសហប្រជាជាតិ រៀបចំឡើងជាផ្លូវការនៅថ្ងៃទី២១ ខែមេសា ឆ្នាំ២០២៦នេះ។ កម្មវិធីនេះបានប្រព្រឹត្តទៅក្រោមអធិបតីភាពដ៏ខ្ពង់ខ្ពស់របស់ ឯកឧត្តម វង សូត អនុប្រធានទី២ នៃរដ្ឋសភា តំណាងដ៏ខ្ពង់ខ្ពស់ សម្តេចមហារដ្ឋសភាធិការធិបតី ឃួន សុដារី ប្រធានរដ្ឋសភា។

ក្នុងប្រសាសន៍បើកកម្មវិធី ឯកឧត្តម វង សូត បានលើកឡើងថា យុវជនគឺជា «មូលដ្ឋានគ្រឹះនៃភាពធន់របស់ជាតិ» ជាពិសេសក្នុងបរិបទដែលពិភពលោកកំពុងប្រឈមនឹងភាពមិនប្រាកដប្រជា និងសង្គ្រាមនៅតំបន់មជ្ឈឹមបូព៌ា ដែលកំពុងជះឥទ្ធិពលដល់សន្តិសុខស្បៀង និងថាមពល។ ឯកឧត្តមបានបញ្ជាក់យ៉ាងច្បាស់ថា យុវជនគឺជាសសរស្ដម្ភ និងជាខឿនការពារជាតិដ៏សំខាន់ ដើម្បីទប់ទល់នឹងការឈ្លានពានពីបរទេស និងការពារបូរណភាពទឹកដី។
ជាមួយគ្នានេះ ឯកឧត្តមអនុប្រធានទី២ បានសង្កត់ធ្ងន់ថា យុវជនមិនមែនត្រឹមតែជាអ្នកទទួលផលពីគោលនយោបាយសាធារណៈប៉ុណ្ណោះទេ ប៉ុន្តែគឺជាតួអង្គដ៏សំខាន់ក្នុងការចូលរួមបង្កើតគោលនយោបាយទាំងនោះ ។ ឯកឧត្តមបានជំរុញឱ្យយុវជនមានភាពក្លាហាន និងមោះមុតក្នុងការបង្ហាញសក្តានុពល ដោយត្រូវចងចាំថា គំនិតរបស់ពួកគេពិតជាមានសារៈសំខាន់ក្នុងការធ្វើសេចក្តីសម្រេចចិត្ត។ ដោយឡែក ពាក់ព័ន្ធនឹងរបាំងយេនឌ័រ ឯកឧត្តមបានកត់សម្គាល់ថា បន្ទុកកិច្ចការផ្ទះដែលមិនទទួលបានកម្រៃ នៅតែជាឧបសគ្គរារាំងដល់ការបញ្ចេញសក្តានុពលរបស់ស្ត្រី ។ ក្នុងន័យនេះ ឯកឧត្តមបានលើកទឹកចិត្តឱ្យស្ត្រីបន្តពង្រឹងសមត្ថភាព និងភាពជឿជាក់លើខ្លួនឯង ដើម្បីឈរជើងជាអ្នកដឹកនាំ ទោះបីជាមានបញ្ហាប្រឈមសេសសល់ក៏ដោយ ។

លោកស្រី Vladanka Andreeva អ្នកសម្របសម្រួលអង្គការសហប្រជាជាតិប្រចាំកម្ពុជា បានគូសបញ្ជាក់ថា កម្មវិធីនេះមានយុវជនចូលរួមចំនួន ៨០នាក់ ដែលក្នុងនោះមានយុវតីរហូតដល់ ៧០ភាគរយ (៥៦នាក់) ។ លោកស្រីបានកត់សម្គាល់ថា ទោះបីជាមានវឌ្ឍនភាព ប៉ុន្តែអាសនៈស្ត្រីក្នុងរដ្ឋសភានៅមានកម្រិតត្រឹម ១៣,៦ភាគរយប៉ុណ្ណោះ ។
អង្គការសហប្រជាជាតិបានអំពាវនាវឱ្យកម្ពុជា «យល់សប្តិឱ្យធំជាងមុន» ដើម្បីឆ្ពោះទៅរកគោលដៅសមភាព ៥០/៥០ ក្នុងប្រព័ន្ធធ្វើសេចក្តីសម្រេចចិត្ត ។ លោកស្រីបន្ថែមថា ការបញ្ចេញសក្តានុពលរបស់ស្ត្រី និងកុមារី គឺជាកត្តាមូលដ្ឋានសម្រាប់កម្ពុជាក្នុងការសម្រេចបាននូវគោលដៅជាប្រទេសមានចំណូលមធ្យមកម្រិតខ្ពស់នៅឆ្នាំ២០៣០ ។
តាមរយៈកម្មវិធី «សភាត្រាប់» រយៈពេលមួយថ្ងៃកន្លះនេះ យុវជននឹងត្រូវដើរតួជាសមាជិករដ្ឋសភា និងរាជរដ្ឋាភិបាល ដើម្បីអនុវត្តជាក់ស្តែងនូវនីតិវិធីពិភាក្សា និងអនុម័ត «ច្បាប់ស្តីពីរបបសន្តិសុខសង្គម» ។ ក្រៅពីដំណើរការច្បាប់ យុវជនក៏នឹងជជែកវែកញែកលើប្រធានបទអាទិភាពចំនួន ៣ រួមមាន៖
• ការចូលរួមរបស់ស្ត្រីក្នុងសកម្មភាពអាកាសធាតុ និងបរិស្ថាន ។
• សុខភាព និងសុវត្ថិភាពការងារសម្រាប់ស្ត្រីក្នុងរោងចក្រ ។
• ការបញ្ចប់រាល់ទម្រង់នៃអំពើហិង្សាលើស្ត្រី ។
កម្មវិធីនេះទទួលបានការគាំទ្របច្ចេកទេស និងហិរញ្ញវត្ថុពីអង្គការ UN Women, UNFPA និងក្រសួងសមភាពយេនឌ័រ និងគ្រួសារនៃសាធារណរដ្ឋកូរ៉េ ដែលឆ្លុះបញ្ចាំងពីកិច្ចសហប្រតិបត្តិការអន្តរជាតិយ៉ាងស្អិតរមួត ក្នុងកិច្ចការលើកកម្ពស់សិទ្ធិអំណាចស្ត្រី និងយុវជននៅកម្ពុជា៕


-
ព័ត៌មាន5 days agoចៅក្រមស៊ើបសួរសម្រេចឃុំខ្លួនជនជាតិថៃចំនួន ២០នាក់ និងបក្ខពួកពាក់ព័ន្ធរៀបចំមជ្ឈមណ្ឌល Online Scams
-
ព័ត៌មាន1 week agoមេបញ្ជាការកងទ័ពជើងទឹកអញ្ជើញបិទវគ្គហ្វឹកហ្វឺនពលទាហានថ្មី វគ្គទី៧ បំពេញក្របខណ្ឌឲ្យកងទ័ពជើងគោក ឆ្នាំ២០២៦ និងបើកវគ្គហ្វឹកហ្វឺនបំប៉នជំនាញកាំភ្លើងការពារអាកាសឆ្នាំ២០២៦
-
កីឡា1 week agoកម្ពុជាត្រៀមកីឡាប្រមាណ ៣១ប្រភេទ ចូលរួមព្រឹត្តិការណ៍ស៊ីហ្គេម លើកទី៣៤ នៅម៉ាឡេស៊ី
-
PR NEWS1 week agoអ្នកលេងប៉ះអ្នកមែន! គូនអន្តរជាតិ៥គូ នឹងធ្វើអោយកក្រើកលើសង្វៀន “BOOSTRONG KUN KHMER SPECIAL BATTLE”
-
កីឡា1 week agoកម្ពុជានឹងបញ្ជូនអត្តពលិក ៣២នាក់ចូលរួមការប្រកួតតេក្វាន់ដូ ITF ជ្រើសរើសជើងឯកអាស៊ី លើកទី ១១ ឆ្នាំ២០២៦ នៅម៉ុងហ្គោលី
-
ព័ត៌មាន6 days agoសម្តេចកិត្តិសង្គហបណ្ឌិត ម៉ែន សំអន ចាត់ទុកវិនិយោគិនគឺជា «ដៃគូអភិវឌ្ឍន៍ដែលមិនអាចខ្វះបាន» ខណៈដែលក្រុមហ៊ុនចិនធំៗចំនួន ៦០ សម្លឹងឃើញពីសក្តានុពល និងឱកាសវិនិយោគនៅកម្ពុជា
-
ព័ត៌មាន1 week agoពលរដ្ឋភៀសសឹកដែលមិនទាន់អាចវិលត្រលប់ទៅផ្ទះសំបែងវិញបាន ជឿជាក់លើរាជរដ្ឋាភិបាលក្នុងការដោះស្រាយបញ្ហាព្រំដែនជាមួយថៃដោយសន្ដិវិធី
-
ព័ត៌មាន6 days agoអ្នករាយការណ៍ពិសេសសម្តែងនូវការបារម្ភចំពោះស្ថាននភាពសិទ្ធិមនុស្សដោយសារជម្លោះព្រំដែន