ព័ត៌មាន
សហជីពអំពាវនាវឱ្យពលករត្រឡប់ពីថៃ មកធ្វើតេស្ដទទួលស្គាល់ជំនាញ ដែលអនុវត្តជាផ្លូវការក្នុងសប្តាហ៍នេះ
នៅថ្ងៃទី២៤ ខែមេសា ឆ្នាំ២០២៦នេះ ក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ នឹងដាក់ឱ្យអនុវត្តជាផ្លូវការកម្មវិធីវាយតម្លៃការទទួលស្គាល់ជំនាញពីមុន (RPL) ដោយឥតគិតថ្លៃ ជូនដល់ប្រជាពលរដ្ឋទូទៅ ជាពិសេសអតីតពលករមកពីប្រទេសថៃ។ ជាមួយគ្នានេះភាគីសហជីពតំណាងកម្មករនិយោជិតបានអំពាវនាវចូលរួមដាក់ពាក្យប្រឡង ដើម្បីទទួលបានឱកាសកាន់តែច្រើនក្នុងការរកចំណូលផ្គត់ផ្គង់គ្រួសារ។
លោក សំ សឿន ប្រធានសហភាពពលកម្មជាតិកម្ពុជា (NLC) និងជាសមាជិកនៃគណៈកម្មការជាតិបណ្តុះបណ្តាល នៅក្នុងបទសម្ភាសន៍ជាមួយព័ត៌មាន ប៊ីធីវី លោកបានឱ្យដឹងថា ការធ្វើតេស្តទទួលស្គាល់ជំនាញពីមុននេះ ប្រជាពលរដ្ឋ ក៏ដូចជាអតីតពលករមិនចាំបាច់ចំណាយប្រាក់ ហើយថែមទាំងទទួលបានវិញ្ញាបនបត្រផ្លូវការបញ្ជាក់ពីជំនាញ ដោយអាចមានឱកាសកាន់តែខ្ពស់ជាងមុនក្នុងការទទួលបានការងារធ្វើទាំងនៅក្នុងស្រុក និងក្រៅប្រទេស។
លោកបានចាត់ទុក កម្មវិធី RPL នេះថា គឺជាវិធានការសំខាន់របស់រាជរដ្ឋាភិបាលក្នុងការទទួលស្គាល់ជំនាញរបស់ អតីតពលករខ្មែរដែលធ្លាប់មានបទពិសោធន៍ និងធ្វើការងារក្នុងវិស័យសំណង់ ដើម្បីជួយពួកគាត់មានភាពងាយស្រួលក្នុងការស្វែងរកការងារសមរម្យ និងទទួលបានប្រាក់ចំណូលល្អប្រសើរ។ បន្ថែមពីនេះ ក៏ជួយលើកកម្ពស់គុណភាពកម្លាំងពលកម្មក្នុងវិស័យសំណង់ និងគាំទ្រដល់ការអភិវឌ្ឍសេដ្ឋកិច្ចជាតិផងដែរ។
លោក ស៊ុន មេសា អ្នកនាំពាក្យក្រសួងការងារ និងបណ្ដុះបណ្ដាលវិជ្ជាជីវៈ បានបញ្ជាក់ឱ្យដឹងថា ការរៀបចំការធ្វើតេស្ត RPL ជូនដល់អតីតពលករមកពីថៃដោយឥតគិតថ្លៃនេះ ធ្វើឡើងទៅតាមអនុសាសន៍ដ៏ខ្ពង់ខ្ពស់របស់ សម្តេចនាយករដ្ឋមន្រ្តី ហ៊ុន ម៉ាណែត ក្នុងការជំរុញការអភិវឌ្ឍនិងទទួលស្គាល់លើមុខជំនាញចំនួន៨ ក្នុងវិស័យសំណង់ ដែលជំហានទី១ នឹងធ្វើឡើងជារៀងរាល់ចុងសប្តាហ៍ ដែលនឹងចាប់ផ្តើមនៅថ្ងៃទី២៤ ខែមេសា ឆ្នាំ២០២៦ នៅតាមរាជធានី-ខេត្ដ ចំនួន៩កន្លែង រួមមាន៖ ១-វិទ្យាស្ថានជាតិពហុបច្ចេកទេសកម្ពុជា (NPIC), ២-វិទ្យាស្ថានជាតិបណ្តុះបណ្តាលបច្ចេកទេស (NTTI), ៣-វិទ្យាស្ថានពហុបច្ចេកទេសព្រះកុសុមៈ (PPI), ៤-វិទ្យាស្ថានបច្ចេកទេសឧស្សាហកម្ម (ITI), ៥-វិទ្យាស្ថានជាតិពហុបច្ចេកទេសអង្គរ (NPIA) នៅខេត្តសៀមរាប, ៦-វិទ្យាស្ថានពហុបច្ចេកទេសភូមិភាគតេជោសែនស្វាយរៀង (RPITSSR) នៅខេត្តស្វាយរៀង, ៧-វិទ្យាស្ថានបច្ចេកវិទ្យាបាត់ដំបង (BIT) នៅខេត្តបាត់ដំបង, ៨-វិទ្យាស្ថានពហុបច្ចេកទេសខេត្តបន្ទាយមានជ័យ (PIBMC) ខេត្តបន្ទាយមានជ័យ, និង ៩-វិទ្យាស្ថានពហុបច្ចេកទេសភូមិភាគតេជោសែនតាកែវ (RPITST) ខេត្តតាកែវ។
សូមជំរាបជូនទៀតថា ការកម្មវិធីវាយតម្លៃការទទួលស្គាល់ជំនាញពីមុន (RPL) ក្នុងវិស័យសំណង់នេះ ផ្តោតលើមុខជំនាញសំខាន់ៗចំនួន៨ មានដូចជា៖ ការងារកំបោរ (រៀបឥដ្ឋនិងបូក), ការងារការ៉ូ, ការដំឡើងពុម្ព, ការដំឡើងបណ្តាញបំពង់ទឹក, ការដំឡើងបណ្តាញអគ្គិសនីក្នុងអគារ, ការងាររន្ទា, ការដំឡើងសរសៃដែក និងការផ្សារអគ្គិសនី៕ អត្ថបទ៖ ឈិត បូរ៉ាវី








-
ព័ត៌មាន1 week agoសម្ដេចតេជោលើកទឹកចិត្តឱ្យកម្ពុជា និងស៊ីបរកឱកាស និងយន្តការថ្មីៗជំរុញការវិនិយោគ និងពាណិជ្ជកម្មទ្វេភាគីឱ្យកាន់តែរីកចម្រើន
-
ព័ត៌មាន1 week agoមុខជំនាញចំនួន ២ ដែលមានការគាំទ្រពីយុវជន និងលេចធ្លោជាងគេ នៅក្នុងវិទ្យាស្ថានពហុបច្ចេកទេសខេត្ដកោះកុង (PIKK)
-
ព័ត៌មាន5 days agoឧត្តមសេនីយ៍ទោ ប៊ុន សុសិក្ខា៖វត្តុតាងមួយចំនួនធំ ត្រូវបានដកហូតក្នុងប្រតិបត្តិការបង្ក្រាប Online Scams រយៈពេល១ឆ្នាំមកនេះ
-
ព័ត៌មាន7 days agoលោកជំទាវ ហ៊ុន ម៉ាណា អញ្ជើញប្រគេនទេយ្យវត្ថុដល់វត្តចំនួន៨ ,ចែកអំណោយជូនប្រជាពលរដ្ឋចំនួន៥៦៨គ្រួសារ និងចែកកាតាបដល់សិស្សានុសិស្ស៧០០នាក់ នៅឃុំកំពង់ភ្លុក ស្រុកប្រាសាទបាគង ខេត្តសៀមរាប
-
ព័ត៌មាន1 week agoក្រុមហ៊ុន-សហគ្រាសចិនជាង៤០ បង្ហាញពីគម្រោងចង់បោះទុនវិនិយោគនៅខេត្តកំពង់ស្ពឺ
-
ព័ត៌មាន6 days agoអាជ្ញាធរខេត្តព្រៃវែង និងស្វាយរៀងអះអាងថាបណ្ដាញ Online Scams ធំៗត្រូវបានបង្ក្រាប និងបន្តតាមប្រមាញ់ក្រុមបំបែកខ្លួន
-
ព័ត៌មាន4 days agoក្រសួងសុខាភិបាល និង UNICEF បន្តពង្រឹងភាពជាដៃគូ ដើម្បីលើកកម្ពស់សុខភាព និងសុខុមាលភាពមាតា និងកុមារនៅកម្ពុជា
-
កីឡា4 days agoជម្រើសជាតិកម្ពុជា ចាប់ផ្ដើមប្រមូលផ្ដុំហ្វឹកហាត់ ជាមួយការផ្លាស់ប្ដូរសមាសភាពកីឡាករថ្មី ២រូប