ព័ត៌មាន
សម្ដេចតេជោ៖ «ទោះបីជាពិភពលោកបច្ចុប្បន្នមានការប្រែប្រួល ប៉ុន្តែទំនាក់ទំនងមិត្តភាពកម្ពុជា-ចិន មិនប្រែប្រួលឡើយ»
ភ្នំពេញ៖ សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន ប្រមុខរដ្ឋស្តីទីនៃព្រះរាជាណាចក្រកម្ពុជា មានប្រសាសន៍បញ្ជាក់ថា «ទោះបីជាពិភពលោកនៅពេលបច្ចុប្បន្នមានការប្រែប្រួលយ៉ាងណាក្តី ប៉ុន្តែទំនាក់ទំនងមិត្តភាពរវាងកម្ពុជា និងចិន មិនមានការប្រែប្រួលឡើយ»។
សម្ដេចតេជោ ហ៊ុន សែន មានប្រសាសន៍បញ្ជាក់បែបនេះ ក្នុងឱកាស អនុញ្ញាតឱ្យ ឯកឧត្តម វ៉ាង យី (Wang Yi) រដ្ឋមន្ត្រីការបរទេស នៃសាធារណរដ្ឋប្រជាមានិតចិន និងគណៈប្រតិភូ ចូលជួបសម្ដែងការគួរសម និងពិភាក្សាការងារ ក្នុងឱកាសដែលឯកឧត្តមអញ្ជើញចូលរួមក្នុងកិច្ចប្រជុំសន្ទនាយុទ្ធសាស្ត្រ ២បូក២ រដ្ឋមន្ត្រីការបរទេស រដ្ឋមន្ត្រីការពារជាតិ កម្ពុជា-ចិន ដែលធ្វើឡើងនៅក្នុងប្រទេសកម្ពុជា នៅនាព្រឹកថ្ងៃទី២៣ ខែមេសា ឆ្នាំ២០២៦ នៅវិមានសាមគ្គីភាព នៃព្រឹទ្ធសភា។
ឯកឧត្តម ជា ធីរិទ្ធ អ្នកនាំពាក្យព្រឹទ្ធសភា បានឱ្យដឹងនៅក្រោយជំនួបថា នៅក្នុងជំនួបនោះ សម្ដេចតេជោ ហ៊ុន សែន បានសម្ដែងនូវការស្វាគមន៍ និងរីករាយដែលជួបឯកឧត្តម វ៉ាង យី សាជាថ្មី។ សម្ដេចតេជោបានចាត់ទុកឯកឧត្តមជាមិត្តចាស់របស់កម្ពុជាដែលបានធ្វើការជាមួយគ្នាជាយូរឆ្នាំមកហើយ។ សម្ដេចបានលើកឡើងអំពីដំណើររបស់រដ្ឋមន្ត្រីការបរទេស និងរដ្ឋមន្ត្រីការពារជាតិរបស់ចិនមកកាន់ប្រទេសកម្ពុជានៅពេលនេះក្នុងការចូលរួមនៅក្នុងកិច្ចប្រជុំកិច្ចសន្ទនាយុទ្ធសាស្ត្រ ២បូក២ រវាងរដ្ឋមន្ត្រីការបរទេស រដ្ឋមន្ត្រីការពារជាតិ កម្ពុជា-ចិន គឺបង្ហាញយ៉ាងច្បាស់អំពីមិត្តភាពដ៏រឹងមាំរវាងកម្ពុជា និងចិន។ សម្ដេចបានសង្កត់ធ្ងន់ថា «ទោះបីជាពិភពលោកនៅពេលបច្ចុប្បន្នមានការប្រែប្រួលយ៉ាងណាក្តី ប៉ុន្តែទំនាក់ទំនងមិត្តភាពរវាងកម្ពុជា និងចិន មិនមានការប្រែប្រួលឡើយ»។
ឯកឧត្តម វ៉ាង យី បានសម្ដែងនូវការអរគុណដែលសម្ដេចបានអនុញ្ញាតឱ្យឯកឧត្តមនិងសហការីបានចូលជួបសម្ដែងការគួរនៅពេលនេះ។ ឯកឧត្តមពិតជារីករាយដែលបានជួបសម្ដេចតេជោជាថ្មីម្ដងទៀត ដែលជាមិត្តចាស់របស់ចិន។ ឯកឧត្តមក៏នាំមកជាមួយនូវការសួរសុខទុក្ខពីឯកឧត្តមប្រធានាធិបតីចិន ស៊ី ជិនពីង ចំពោះសម្ដេចតេជោផងដែរ។ ឯកបានលើកឡើងថា ឯកឧត្តមប្រធានាធិបតីក៏បានដឹងថា សម្ដេចតេជោ ថ្មីៗនេះបានទៅកាន់ប្រទេសចិនក្នុងការតាមដានអំពីព្រះរាជសុខភាពរបស់ព្រះព្រះមហាក្សត្រកម្ពុជា។ ឯកឧត្តម វ៉ាង យី បានបញ្ជាក់ថា រដ្ឋាភិបាលចិនបានយកចិត្តទុកដាក់យ៉ាងខ្លាំងក្នុងការថែព្រះរាជសុខភាពរបស់ព្រះមហាក្សត្រកម្ពុជា។ ជាមួយគ្នានេះឯកឧត្តមក៏បានលើកឡើងថា សម្ដេចតេជោគឺជាតួអង្គដ៏សំខាន់ក្នុងការពង្រឹងនូវចំណងមិត្តភាពរវាងកម្ពុជា និងចិន។ ឯកឧត្តមក៏បានសង្កត់នូវពាក្យថាមិត្តភាពដែកថែបរវាងកម្ពុជានិងចិន គឺអាចកើតមានឡើងគឺដោយសារសម្ដេចតេជោដែលលោកបានខិតខំប្រឹងប្រែងនៅក្នុងការពង្រឹងចំណងមិត្តភាពកន្លងមក ហើយបន្តនៃចំណងមិត្តភាពដោយសម្ដេចធិបតី ហ៊ុន ម៉ាណែត។ ឯកឧត្តមបានលើកឡើងថា មិត្តភាពដែកថែបនេះ ឯកឧត្តម ស៊ី ជីនពីង ធ្លាប់បានបញ្ជាក់ហើយថា មិនមែនមិត្តភាពដែកថែបមានតែឈ្មោះទេ ប៉ុន្តែគឺជាមិត្តភាពដែកថែបដែលបានអនុវត្តជាក់ស្ដែងជាមួយគ្នា។
ឯកឧត្តមក៏បានរាយការណ៍ជូនសម្ដេចតេជោអំពីលទ្ធផលនៃកិច្ចសន្ទនាយុទ្ធសាស្ត្រ ២បូក២ រដ្ឋមន្ត្រីការបរទេស រដ្ឋមន្ត្រីការពារជាតិ កម្ពុជា-ចិន ដែលបានប្រជុំជជែកពិភាក្សាគ្នា និងបានសម្រេចបានលទ្ធផលល្អៗជាច្រើនក្នុងការពង្រឹងទៅលើទំនាក់ទំនងទ្វេភាគីរវាងកម្ពុជានិងចិនឱ្យកាន់តែរឹងមាំបន្ថែមទៀត។
សម្ដេចតេជោបានសម្ដែងនូវការពេញចិត្តយ៉ាងខ្លាំងចំពោះការលើកឡើងរបស់ឯកឧត្តម វ៉ាង យី។ សម្ដេចក៏បានផ្ដាំតាមរយៈឯកឧត្តម វ៉ាង យី ក្នុងការសួរសុខទុក្ខទៅកាន់ឯកឧត្តមប្រធានាធិបតីចិន ស៊ី ជិនពីង ផងដែរ។ សម្ដេចតេជោក៏បានអរគុណចំពោះឯកឧត្តមប្រធានាធិបតីផងដែរ ដែលបានសួរសុខទុក្ខដល់សម្ដេច។
សម្ដេចតេជោរីករាយចំពោះលទ្ធផលនៃកិច្ចសន្ទនាយុទ្ធសាស្ត្រ ២បូក២ រដ្ឋមន្ត្រីការបរទេស រដ្ឋមន្ត្រីការពារជាតិ កម្ពុជា-ចិន ដែលបានធ្វើនៅក្នុងប្រទេសកម្ពុជានេះ ហើយសង្ឃឹមថា ទំនាក់ទំនងរវាងកម្ពុជា និងចិនកាន់តែរឹងមាំបន្ថែមទៀត ហើយឆ្លងកាត់តាមរយៈកិច្ចសន្ទនាយុទ្ធសាស្ត្រនេះ អ្វីដែលជាការកត់សម្គាល់សម្ដេចតេជោបានជំរុញទៅកាន់ភាគីចិន គឺស្នើឱ្យភាគីចិនបន្តនូវការគាំទ្រដល់រដ្ឋាភិបាលកម្ពុជាក្នុងការអភិវឌ្ឍសេដ្ឋកិច្ច។ សម្ដេចបានសង្កត់ធ្ងន់ទៅលើចំណុចស្នូលនៃទំនាក់ទំនង គឺទៅលើសេដ្ឋកិច្ចដែលកម្ពុជាចង់ពង្រឹងនូវភាពធន់ផ្នែកសេដ្ឋកិច្ចនេះឱ្យបានកាន់តែរឹងមាំ។ សម្ដេចតេជោក៏បានអរគុណចំពោះមិត្តចិនដែលបានគាំទ្រ និងជួយជ្រោមជ្រែងដល់ការអភិវឌ្ឍសេដ្ឋកិច្ចរបស់កម្ពុជាកន្លងមកជាពិសេសគឺការផ្ដល់ជំនួយក្នុងការកសាងនូវហេដ្ឋារចនាសម្ព័ន្ធនៅក្នុងប្រទេសកម្ពុជា ដែលការជួយរបស់ចិនបានចូលរួមចំណែកនៅក្នុងការពង្រឹងនូវសេដ្ឋកិច្ចរបស់កម្ពុជាឱ្យបានរឹងមាំ។
ឯកឧត្តម វ៉ាង យី ក៏បានលើកឡើងដោយសរសើរចំពោះភាពរីកចម្រើននៅក្នុងប្រទេសកម្ពុជា។ ឯកឧត្តមបានសរសើរពីភាពរីកចម្រើនផ្នែកសេដ្ឋកិច្ច្ច ក៏ដូចជាវិស័យផ្សេងៗទៀត ជាពិសេសគឺមានអគារខ្ពស់ៗ អគារធំៗជាច្រើនដែលកើតមានឡើង ហើយរដ្ឋាភិបាលចិននៅតែបន្តគាំទ្រចំពោះការអភិវឌ្ឍនៅក្នុងប្រទេសកម្ពុជា ដែលស្របទៅនឹងសហគមន៍ជោគវាសនារួមដែលប្រទេសទាំងពីរបានធ្វើជាមួយគ្នា ហើយក៏ស្របទៅនឹងផលប្រយោជន៍រវាងប្រជាជនកម្ពុជា និងប្រជាជនចិនផងដែរ៕

-
ព័ត៌មាន5 days agoចៅក្រមស៊ើបសួរសម្រេចឃុំខ្លួនជនជាតិថៃចំនួន ២០នាក់ និងបក្ខពួកពាក់ព័ន្ធរៀបចំមជ្ឈមណ្ឌល Online Scams
-
ព័ត៌មាន1 week agoមេបញ្ជាការកងទ័ពជើងទឹកអញ្ជើញបិទវគ្គហ្វឹកហ្វឺនពលទាហានថ្មី វគ្គទី៧ បំពេញក្របខណ្ឌឲ្យកងទ័ពជើងគោក ឆ្នាំ២០២៦ និងបើកវគ្គហ្វឹកហ្វឺនបំប៉នជំនាញកាំភ្លើងការពារអាកាសឆ្នាំ២០២៦
-
កីឡា1 week agoកម្ពុជាត្រៀមកីឡាប្រមាណ ៣១ប្រភេទ ចូលរួមព្រឹត្តិការណ៍ស៊ីហ្គេម លើកទី៣៤ នៅម៉ាឡេស៊ី
-
PR NEWS1 week agoអ្នកលេងប៉ះអ្នកមែន! គូនអន្តរជាតិ៥គូ នឹងធ្វើអោយកក្រើកលើសង្វៀន “BOOSTRONG KUN KHMER SPECIAL BATTLE”
-
កីឡា1 week agoកម្ពុជានឹងបញ្ជូនអត្តពលិក ៣២នាក់ចូលរួមការប្រកួតតេក្វាន់ដូ ITF ជ្រើសរើសជើងឯកអាស៊ី លើកទី ១១ ឆ្នាំ២០២៦ នៅម៉ុងហ្គោលី
-
ព័ត៌មាន6 days agoសម្តេចកិត្តិសង្គហបណ្ឌិត ម៉ែន សំអន ចាត់ទុកវិនិយោគិនគឺជា «ដៃគូអភិវឌ្ឍន៍ដែលមិនអាចខ្វះបាន» ខណៈដែលក្រុមហ៊ុនចិនធំៗចំនួន ៦០ សម្លឹងឃើញពីសក្តានុពល និងឱកាសវិនិយោគនៅកម្ពុជា
-
ព័ត៌មាន1 week agoពលរដ្ឋភៀសសឹកដែលមិនទាន់អាចវិលត្រលប់ទៅផ្ទះសំបែងវិញបាន ជឿជាក់លើរាជរដ្ឋាភិបាលក្នុងការដោះស្រាយបញ្ហាព្រំដែនជាមួយថៃដោយសន្ដិវិធី
-
ព័ត៌មាន6 days agoអ្នករាយការណ៍ពិសេសសម្តែងនូវការបារម្ភចំពោះស្ថាននភាពសិទ្ធិមនុស្សដោយសារជម្លោះព្រំដែន