ព័ត៌មាន
ការកែច្នៃសំបកកង់ឡានចាស់ៗ បំប្លែងជារបស់ប្រើប្រាស់ថ្មី ជួយកាត់បន្ថយសំរាម និងការពារបរិស្ថាន
ក្នុងបរិបទនៃបញ្ហាប្រឈមជាសកលនៃកង្វល់អំពីបរិស្ថាននិងសំរាម ការកែច្នៃសំបកកង់ឡានចាស់ៗគឺបានក្លាយជាវិធីសាស្រ្តដ៏ច្នៃប្រឌិតមួយ ដើម្បីបំប្លែងសំរាមឱ្យក្លាយជារបស់ប្រើប្រាស់ឡើងវិញ ដូចជា តុ កៅអី ផើងផ្កា ទោង និងធុងសំរាម ជាដើម។ ការអនុវត្តនេះមិនត្រឹមតែជួយកាត់បន្ថយបរិមាណសំរាមប៉ុណ្ណោះទេ ប៉ុន្តែថែមទាំងជួយលើកកម្ពស់ការយល់ដឹងអំពីការការពារបរិស្ថាន និងបង្កើតឱកាសសេដ្ឋកិច្ចថ្មីសម្រាប់សហគមន៍ ផងដែរ។
លោក ឡាយ គឹមសុង ម្ចាស់សិប្បកម្មកែច្នែសំបកកង់ឡាន បានប្រាប់ BTV ថា ការកែច្នៃសំបកកង់ឡានចាស់ៗកំពុងទទួលបានការចាប់អារម្មណ៍កាន់តែខ្លាំង នៅក្នុងសង្គមសព្វថ្ងៃ ព្រោះ ជាធម្មតា សំបកកង់ដែលមិនអាចប្រើប្រាស់បានទៀត តែងតែត្រូវបានបោះចោល ឬ ដុតបំផ្លាញ ដែលអាចបង្កផលប៉ះពាល់អវិជ្ជមានដល់បរិស្ថាន និងសុខភាពមនុស្ស ដូច្នេះហើយ ទើបលោកមានគំនិតយកសំបកកង់ឡានចាស់ៗមកកែច្នៃឡើងវិញ ដោយបំប្លែងវាទៅជារបស់ប្រើប្រាស់ជាប្រយោជន៍ ហើយ ការកែច្នៃបែបនេះមិនត្រឹមតែជួយកាត់បន្ថយសំរាមប៉ុណ្ណោះទេ ប៉ុន្តែថែមទាំងជួយបន្ថែមតម្លៃសេដ្ឋកិច្ច និងបង្កើតការងារសម្រាប់ប្រជាជន ផងដែរ។
ដោយឡែក កម្មករ កែច្នៃសំបកកង់ឡាន បានប្រាប់ BTV ថា ពួកគេចូលចិត្តជំនាញនេះ ព្រោះងាយស្រួលរៀន និងឆាប់ចេះ។ ពួកគេសប្បាយចិត្ត ដែលបានចូលរួមចំណែកក្នុងការ ការពារបរិស្ថាន តាមរយៈការកែច្នៃរបស់ចាស់មកជាសម្ភារៈប្រើប្រាស់ឡើងវិញ។ ជាទូទៅ សំបកកង់ឡានចាស់ៗចំនួនបី អាចធ្វើទៅជាធុងសំរាមដ៏ស្រស់ស្អាតបានចំនួនពីរ ហើយក្នុងមួយថ្ងៃអាចធ្វើធុងសំរាមបានចំនួនបួនទៅប្រាំប៉ុណ្ណោះ។
លោក ខន បូណា អ្នកគ្រប់គ្រងទូទៅបុរីសហគមន៍មង្គល បានបញ្ជាក់ថា លោកបានទិញធុងសំរាមកែច្នៃពីសំបកកង់ឡានប្រមាណ ១០០ ធុង ពីសិប្បកម្មរបស់លោក ឡាយ គឹមសុង ដើម្បីដាក់ប្រើប្រាស់នៅក្នុងគម្រោងបុរីរបស់លោក ហើយ ការទិញនេះ មិនត្រឹមតែគាំទ្រផលិតផលខ្មែរប៉ុណ្ណោះទេ ប៉ុន្តែថែមទាំងជាការរួមចំណែកក្នុងការពារបរិស្ថាន ផងដែរ។
បើតាម លោក ឡាយ គឹមសុង ម្ចាស់សិប្បកម្ម មុខរបរនេះ បានជួយឱ្យលោកដោះបំណុលធនាគាររាប់ម៉ឺនដុល្លាររួច និងបានជួយឱ្យកូនរបស់លោកចំនួនបួននាក់ បានរៀនចប់ថ្នាក់បរិញ្ញាបត្រ និងមានការងារធ្វើរៀងៗខ្លួន៕
អត្ថបទ៖ ធូ វិរៈ





-
ព័ត៌មាន1 week agoសម្ដេចអធិបតី និងលោកជំទាវ អញ្ជើញ ឧទ្ទិសកុសលជូន ញាតិកា និង បុព្វបុរស នៅ វាំងចាស់ ខេត្តកំពង់ស្ពឺ
-
ព័ត៌មាន7 days agoយុវជនក្នុងខេត្តកណ្ដាល បង្ហាញមោទនភាព ដែលមានឱកាសក្លាយជាកម្លាំងការពារជាតិ
-
ព័ត៌មាន1 week agoឯកឧត្តម គីម រិទ្ធី អភិបាលខេត្តព្រះវិហារ នាំយកចង្ហាន់ និងទេយ្យទានប្រគេនព្រះសង្ឃ ៤វត្ត ក្នុងស្រុកជាំក្សាន្ដ នាឱកាសបុណ្យកាន់បិណ្ឌទី១៣
-
ព័ត៌មាន3 days agoយុវជនខេត្តកំពង់ឆ្នាំង បង្ហាញមោទនភាពក្នុងការចូលបំពេញកាតព្វកិច្ចយោធា ដើម្បីបម្រើជាតិមាតុភូមិ
-
ព័ត៌មាន2 days agoយុវជន ២៤០នាក់នៅខេត្តកោះកុង បានដាក់ពាក្យបំពេញកាតព្វកិច្ចយោធា
-
ព័ត៌មាន1 week agoកម្ពុជា ស្វាគមន៍សិង្ហបុរី ដែលបានចាត់បញ្ជូននាយទាហានប្តូរវេនចំនួនពីររូប ចូលរួមជាមួយ AOT
-
ព័ត៌មាន4 days agoយុវជនប្ដេជ្ញាខិតខំហ្វឹកហាត់លត់ដំខ្លួនឱ្យរឹងមាំដើម្បីក្លាយជាសសរស្ដម្ភជាតិ ក្នុងពេលចូលបំពេញកាតព្វកិច្ចកិច្ចយោធា
-
ព័ត៌មាន1 week agoសេវារថយន្តក្រុងរដ្ឋឥតគិតថ្លៃបានសន្សំសោហ៊ុយធ្វើដំណើររបស់ពលរដ្ឋប្រមាណ ១២ពាន់លានរៀល