ព័ត៌មាន
សម្ដេចធិបតី៖ ការអនុវត្តច្បាប់កាតព្វកិច្ចយោធា គឺជ្រើសរើសអ្នកស្ម័គ្រចិត្តតាមតម្រូវការកងទ័ពជាក់ស្ដែង
សម្ដេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្រ្ដីនៃកម្ពុជា មានប្រសាសន៍បញ្ជាក់ថា កាលពីថ្ងៃទី២៣ ខែមេសា ឆ្នាំ២០២៦នេះ គណៈរដ្ឋមន្ដ្រីបានអនុម័ត ច្បាប់ស្ដីពីកាតព្វកិច្ចយោធារួចហើយ ខណៈ៖ការអនុវត្តច្បាប់កាតព្វកិច្ចយោធា គឺជ្រើសរើសអ្នកស្ម័គ្រចិត្តតាមតម្រូវការកងទ័ពជាក់ស្ដែង។
សម្ដេចធិបតី នាយករដ្ឋមន្រ្ដី មានប្រសាសន៍បញ្ជាក់បែបនេះ ក្នុងឱកាស អញ្ជើញជាអធិបតីភាពពិធីជួបសំណេះសំណាលជាមួយសហជីព សេដ្ឋកិច្ចក្រៅប្រព័ន្ធ និងសមាគមបុគ្គលិកសិក្សា អបអរសាទរខួបអនុស្សាវរីយ៍លើកទី ១៤០ នៃទិវាពលកម្មអន្តរជាតិ ១ ឧសភា ឆ្នាំ២០២៦ នៅមជ្ឈមណ្ឌលសន្និបាត និងពិព័រណ៍កោះពេជ្រនាព្រឹកថ្ងៃទី២៦ ខែមេសា ឆ្នាំ២០២៦នេះ។
ក្នុងឱកាសនោះ សម្ដេចធិបតី បានថ្លែងថា ច្បាប់ស្ដីពីកាតព្វកិច្ចយោធា គឺបានកំណត់ការជ្រើរើសពលរដ្ឋកម្ពុជាទាំងពីរភេទអាយុ ១៨-២៥ឆ្នាំឡើងទៅដើម្បីបំពេញកាតព្វកិច្ចនេះ ក្នុងនោះយុវតីគឺជ្រើសរើសតាមការស្ម័គ្រចិត្ត។ ខណៈកាតព្វកិច្ចយោធានៅតាមបណ្ដាប្រទេសខ្លះ មិនធ្វើព្រមគ្នាក្នុងពេលតែមួយនោះទេ ពោល គឺយកតាមតម្រូវការកងទ័ព តាមរយៈការចាប់ឆ្នោត។
សម្ដេចធិបតី ហ៊ុន ម៉ាណែត បានថ្លែងថា កាតព្វកិច្ចយោធា នៅប្រទេសកម្ពុជា គឺអនុវត្តតាមតម្រូវការកងទ័ព មិនធ្វើព្រមគ្នាក្នុងពេលតែមួយនោះទេ ពោលនឹងប្រើប្រាស់វិធីចាប់ឆ្នោត ឬជ្រើសរើសតាមការស្ម័គ្រចិត្ត។ សម្ដេចធិបតីថ្លែងថា រាជរដ្ឋាភិបាល កំពុងសិក្សារូបមន្ដពីរ ក្នុងការអនុវត្តកាតព្វកិច្ចយោធា តាមរយៈការស្ម័គ្រចិត្ត និងចាប់បង្ខំ ក្នុងករណីអ្នកស្ម័គ្រចិត្តមិនគ្រប់ចំនួន។
សម្ដេចធិបតីបានថ្លែងថា កាតព្វកិច្ចយោធា មិនអាចហួសសម័យនោះទេ ទោះបណ្ដាប្រទេសមួយចំនួនឈប់អនុវត្ត ប៉ុន្ដែក្រោយមកបានត្រឡប់មកអនុវត្តវិញសម្ដេចមហាបវរធិបតី ហ៊ុន ម៉ាណែត បានថ្លែងថា កាតព្វកិច្ចយោធា មិនមែនធ្វើដើម្បីពង្រឹងតែវិស័យការពារជាតិនោះទេ។ កាតព្វកិច្ចយោធា ជាការអប់រំសីលធម៌ វិន័យ ការធ្វើការជាក្រុម មិនមែនក្រុមកាប់គ្នាតាមដងផ្លូវនោះទេ។
សម្ដេចធិបតីនាយករដ្ឋមន្រ្ដីបានថ្លែងបញ្ជាក់ថា នៅបណ្ដាប្រទេសមួយចំនួន បានផ្ដល់អាទិភាពខ្ពស់ដល់អ្នកដែលបានអនុវត្តកាតព្វកិច្ចយោធា នៅពេលចេញទៅធ្វើការ ខណៈប្រទេសកម្ពុជា នឹងមានយុវជនដែលបានហាត់ពត់លត់ដំវិន័យ ដែលនេះជាផលនៃការអនុវត្តកាតព្វកិច្ចយោធា។
សម្ដេចធិបតីបានថ្លែងថា អ្នកដែលបានអនុវត្តកាតព្វកិច្ចយោធារួច នឹងក្លាយជាទ័ពបម្រុង រហូតដល់អាយុ៤៥ឆ្នាំ ប៉ុន្ដែក្នុងអំឡុងពេលជាទ័ពបម្រុងនេះ ពួកគេអាចទៅបំពេញការងារនៅវិស័យឯកជន ឬការងាររបស់ខ្លួនជាធម្មតា។ ចំណុចនេះរាជរដ្ឋាភិបាលក៏កំពុងសិក្សាពិនិត្យដើម្បីមិនឱ្យប៉ះពាល់ដល់ការងាររបស់ពលរដ្ឋនៅពេលមកអនុវត្តកាតព្វកិច្ចយោធានេះផងដែរ។
សម្ដេចធិបតី បានថ្លែងថា ទ័ពបម្រុងក្រោយអនុវត្តកាតព្វកិច្ចយោធា គឺដូចទាហានអាជីព ខុសគ្នាត្រង់ប្រាក់បៀវត្ស៍ និងប្រាក់ឧបត្ថម្ភ។ ទ័ពបម្រុងទទួលបានប្រាក់ឧបត្ថម្ភ ទ័ពអាជីពមានប្រាក់ខែ តែការផ្ដល់ជូនរបស់រដ្ឋពីរបបផ្សេងៗ គឺមានដូចគ្នា។ សាលាជំនាញរបស់កងទ័ព បច្ចុប្បន្នគឺមានច្រើន ដែលអាចផ្ដល់អាទិភាពដល់អ្នកអនុវត្តកាតព្វកិច្ចយោធា៕








-
ព័ត៌មាន1 week agoសម្ដេចអធិបតី និងលោកជំទាវ អញ្ជើញ ឧទ្ទិសកុសលជូន ញាតិកា និង បុព្វបុរស នៅ វាំងចាស់ ខេត្តកំពង់ស្ពឺ
-
ព័ត៌មាន7 days agoយុវជនក្នុងខេត្តកណ្ដាល បង្ហាញមោទនភាព ដែលមានឱកាសក្លាយជាកម្លាំងការពារជាតិ
-
ព័ត៌មាន3 days agoយុវជនខេត្តកំពង់ឆ្នាំង បង្ហាញមោទនភាពក្នុងការចូលបំពេញកាតព្វកិច្ចយោធា ដើម្បីបម្រើជាតិមាតុភូមិ
-
ព័ត៌មាន2 days agoយុវជន ២៤០នាក់នៅខេត្តកោះកុង បានដាក់ពាក្យបំពេញកាតព្វកិច្ចយោធា
-
ព័ត៌មាន4 days agoយុវជនប្ដេជ្ញាខិតខំហ្វឹកហាត់លត់ដំខ្លួនឱ្យរឹងមាំដើម្បីក្លាយជាសសរស្ដម្ភជាតិ ក្នុងពេលចូលបំពេញកាតព្វកិច្ចកិច្ចយោធា
-
ព័ត៌មាន1 week agoសេវារថយន្តក្រុងរដ្ឋឥតគិតថ្លៃបានសន្សំសោហ៊ុយធ្វើដំណើររបស់ពលរដ្ឋប្រមាណ ១២ពាន់លានរៀល
-
ព័ត៌មាន4 days agoពលរដ្ឋក្រីក្រ៖ ប្រាក់ឧបត្ថម្ភទប់វិបត្តិឡើងថ្លៃប្រេង ជួយសម្រាលការលំបាកមួយផ្នែកធំលើជីវភាព
-
ព័ត៌មាន1 week agoសម្ដេចធិបតី ហ៊ុន ម៉ាណែត និងប្រធានាធិបតីអាស៊ែបៃហ្សង់ អញ្ជើញជាអធិបតីក្នុងពិធីប្តូរឯកសារអនុស្សរណៈ នៃការយោគយល់គ្នាចំនួន៣