ព័ត៌មាន
ឯកឧត្តម ឃួង ស្រេង អភិបាលរាជធានីភ្នំពេញ បានអញ្ជើញចូលរួមពិធីបើកជាផ្លូវការកិច្ចប្រជុំកំពូលលើកទី៣ នៃបណ្តាញទីក្រុងសកលសម្រាប់ចីរភាព 3rd G-NETS Leaders Summit នៅទីក្រុងតូក្យូ ប្រទេសជប៉ុន
តបតាមការអញ្ជើញរបស់លោកជំទាវ យូរីកូ កូអ៊ីកេ អភិបាលក្រុងតូក្យូ និងដោយទទួលបានការឯកភាពដ៏ខ្ពង់ខ្ពស់ពី សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្រ្តីនៃព្រះរាជាណាចក្រកម្ពុជា និងឯកឧត្តមអភិសន្តិបណ្ឌិត ស សុខា ឧបនាយករដ្ឋមន្រ្តី រដ្ឋមន្រ្តីក្រសួងមហាផ្ទៃ ឯកឧត្តម ឃួង ស្រេង អភិបាលនៃគណៈអភិបាលរាជធានី ភ្នំពេញ និងលោកជំទាវ បានអញ្ជើញដឹកនាំគណៈប្រតិភូរបស់រដ្ឋបាលរាជធានីភ្នំពេញទៅបំពេញទស្សនកិច្ច និងចូលរួមកិច្ចប្រជុំកំពូលលើកទី៣ នៃបណ្តាញទីក្រុងសកលសម្រាប់ចីរភាព (3rd G-NETS Leaders Summit) ចាប់ពីថ្ងៃទី២៥ ខែមេសា រហូតដល់ថ្ងៃទី០១ ខែឧសភា ឆ្នាំ២០២៦ នៅទីក្រុងតូក្យូ ប្រទេសជប៉ុន។
បើតាមលោកស្រី ដោ សម្ផស្ស នាយករងរដ្ឋបាល និងជាអ្នកនាំពាក្យរដ្ឋបាលរាជធានីភ្នំពេញបានប្រាប់ពីទីក្រុងតូក្យូមកថា នាព្រឹកថ្ងៃទី២៧ ខែមេសា ឆ្នាំ២០២៦ ឯកឧត្តម ឃួង ស្រេង អភិបាលនៃគណៈអភិបាលរាជធានីភ្នំពេញ និងគណៈប្រតិភូបានអញ្ជើញចូលរួមក្នុងពិធីបើកជាផ្លូវការកិច្ចប្រជុំកំពូលលើកទី៣ នៃបណ្តាញទីក្រុងសកលសម្រាប់ចីរភាព (3rd G-NETS Leaders Summit) ក្រោមអធិបតីភាពរបស់លោកជំទាវ យូរីកូ កូអ៊ីកេ អភិបាលក្រុងតូក្យូ ព្រមទាំងទស្សនាស្តង់ពិព័រណ៌ផលិតផលបច្ចេកវិទ្យាទំនើបៗរបស់ក្រុមហ៊ុនធំៗនៃប្រទេសជប៉ុន និងប្រទេសផ្សេងៗទៀតជាច្រើន។
លោកស្រី ដោ សម្ផស្ស ក៏បានបញ្ជាក់បន្ថែមថា បណ្តាញទីក្រុងសកលសម្រាប់ចីរភាព ត្រូវបានបង្កើតឡើងដោយរដ្ឋបាលទីក្រុងតូក្យូ ក្នុងឆ្នាំ២០២២ ដើម្បីជំរុញចំណងការទូតរវាងទីក្រុង និងទីក្រុងក្នុងសកលលោក ដោយអនុញ្ញាតឱ្យទីក្រុងនានាប្រើប្រាស់វេទិកានេះ ដើម្បីចែករំលែកចំណេះដឹង ជំនាញបច្ចេកទេស សាកល្បងបច្ចេកវិទ្យាច្នៃប្រឌិត និងសហការលើគោលនយោបាយកម្រិតខ្ពស់ ដើម្បីដោះស្រាយបញ្ហាប្រឈមជាសកល និងបង្កើតអនាគតទីក្រុងរួមគ្នាប្រកបដោយនិរន្តរភាព ភាពធន់ និងបរិយាប័ន្ន។
លោកស្រី ដោ សម្ផស្ស បញ្ជាក់ថា ជាមួយគ្នានេះដែរ ក្នុងអំឡុងពេលបំពេញទស្សនកិច្ចនេះ ឯកឧត្តម ឃួង ស្រេង អភិបាលនៃគណៈ អភិបាលរាជធានីភ្នំពេញ គ្រោងនឹងជួបសម្តែងការគួរសម និងពិភាក្សាការងារដាច់ដោយឡែកពីគ្នាជាមួយលោកជំទាវ យូរីកូ កូអ៊ីកេ អភិបាលក្រុងតូក្យូ ដើម្បីពង្រឹងទំនាក់ទំនងភាពជាដៃគូ និងពិនិត្យលទ្ធភាពសម្រាប់កិច្ចសហប្រតិបត្តិការក្នុងការអភិវឌ្ឍទីក្រុងប្រកបដោយចីរភាព ជាមួយគ្នាបន្តទៀតនាពេលអនាគត៕
អត្ថបទ ៖ ប្រាក់ វ៉ាន់ដា









-
ព័ត៌មាន1 week agoសម្ដេចអធិបតី និងលោកជំទាវ អញ្ជើញ ឧទ្ទិសកុសលជូន ញាតិកា និង បុព្វបុរស នៅ វាំងចាស់ ខេត្តកំពង់ស្ពឺ
-
ព័ត៌មាន7 days agoយុវជនក្នុងខេត្តកណ្ដាល បង្ហាញមោទនភាព ដែលមានឱកាសក្លាយជាកម្លាំងការពារជាតិ
-
ព័ត៌មាន3 days agoយុវជនខេត្តកំពង់ឆ្នាំង បង្ហាញមោទនភាពក្នុងការចូលបំពេញកាតព្វកិច្ចយោធា ដើម្បីបម្រើជាតិមាតុភូមិ
-
ព័ត៌មាន2 days agoយុវជន ២៤០នាក់នៅខេត្តកោះកុង បានដាក់ពាក្យបំពេញកាតព្វកិច្ចយោធា
-
ព័ត៌មាន4 days agoយុវជនប្ដេជ្ញាខិតខំហ្វឹកហាត់លត់ដំខ្លួនឱ្យរឹងមាំដើម្បីក្លាយជាសសរស្ដម្ភជាតិ ក្នុងពេលចូលបំពេញកាតព្វកិច្ចកិច្ចយោធា
-
ព័ត៌មាន1 week agoសេវារថយន្តក្រុងរដ្ឋឥតគិតថ្លៃបានសន្សំសោហ៊ុយធ្វើដំណើររបស់ពលរដ្ឋប្រមាណ ១២ពាន់លានរៀល
-
ព័ត៌មាន4 days agoពលរដ្ឋក្រីក្រ៖ ប្រាក់ឧបត្ថម្ភទប់វិបត្តិឡើងថ្លៃប្រេង ជួយសម្រាលការលំបាកមួយផ្នែកធំលើជីវភាព
-
ព័ត៌មាន1 week agoសម្ដេចធិបតី ហ៊ុន ម៉ាណែត និងប្រធានាធិបតីអាស៊ែបៃហ្សង់ អញ្ជើញជាអធិបតីក្នុងពិធីប្តូរឯកសារអនុស្សរណៈ នៃការយោគយល់គ្នាចំនួន៣