ព័ត៌មាន
សម្ដេចធិបតី៖ ត្រឹមឆ្នាំ២០២៥ កម្ពុជាទទួលពាក្យស្នើសុំចុះបញ្ជីម៉ាកចំនួន ១៥ ៦៨៣ ខណៈការចុះបញ្ជីម៉ាកសម្គាល់ភូមិសាស្ត្រទំនិញនឹងជំរុញឱ្យមានកំណើនតម្រូវការផលិតផលលើទីផ្សារជាតិ និងអន្តរជាតិ
ភ្នំពេញ៖ គិតត្រឹមឆ្នាំ២០២៥ កម្ពុជាបានទទួលពាក្យស្នើសុំចុះបញ្ជីម៉ាកចំនួន ១៥ ៦៨៣ និងការចុះបញ្ជីម៉ាកសម្គាល់ភូមិសាស្ត្រកម្ពុជា និងបរទេសចំនួន ៧៨ ខណៈការចុះបញ្ជីម៉ាកសម្គាល់ភូមិសាស្ត្រទំនិញ និងម៉ាកសមូហភាពនឹងជំរុញឱ្យមានកំណើនតម្រូវការផលិតផលលើទីផ្សារជាតិ និងអន្តរជាតិកាន់តែច្រើនពង្រឹងភាពប្រកួតប្រជែង និងជាផ្នែកមួយនៃគោលដៅទេសចរណ៍ផងដែរ។

នេះបើតាមការបញ្ជាក់របស់សម្ដេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្រ្ដីនៃកម្ពុជា តាមរយៈសារលិខិត អបអរសាទរទិវាកម្មសិទ្ធិបញ្ញាពិភពលោកឆ្នាំ២០២៦ ក្រោមមូលបទ «កម្មសិទ្ធិបញ្ញា និងកីឡា» នៅថ្ងៃទី២៦ ខែមេសា ឆ្នាំ២០២៦នេះ។
សម្ដេចធិបតីបានថ្លែងថា ក្រោមកិច្ចខិតខំប្រឹងប្រែងរបស់គណៈកម្មាធិការជាតិគ្រប់គ្រងកម្មសិទ្ធិបញ្ញា សមិទ្ធផលកម្មសិទ្ធិបញ្ញាសំខាន់ៗជាច្រើនដែលសម្រេចបានក្នុង ឆ្នាំ២០២៥ មានជាអាទិ៍ ការទទួលពាក្យស្នើសុំចុះបញ្ជីម៉ាកចំនួន ១៥ ៦៨៣ និងការចុះបញ្ជីម៉ាកសម្គាល់ភូមិសាស្ត្រកម្ពុជា និងបរទេសចំនួន ៧៨ ប្រកាសនីយបត្រតក្កកម្មចំនួន ១១៣ គំនូរឧស្សាហកម្មចំនួន ២៩១ និងស្នាដៃ សិទ្ធិអ្នកនិពន្ធ និងសិទ្ធិប្រហាក់ប្រហែលចំនួន១៤៦។ លទ្ធផលការងារសំខាន់ៗទាំងនេះ អាចចាត់ទុកជាសូចនាករ វាយតម្លៃមួយដែលឆ្លុះបញ្ចាំងឱ្យឃើញនូវសកម្មភាពសេដ្ឋកិច្ចដ៏រស់រវើក និងការរួមចំណែករបស់វិស័យឯកជនក្នុង ការអភិវឌ្ឍនិងកែច្នៃផលិតផល និងការបង្កើតបច្ចេកវិទ្យាថ្មីផងដែរ។
បន្ថែមពីនេះសម្រាប់កិច្ចការលើកកម្ពស់ ផលិតផលសក្តានុពលក្នុងស្រុក រាជរដ្ឋាភិបាលដែលមានក្រសួងពាណិជ្ជកម្មជាសេនាធិការបានជំរុញការប្រើប្រាស់ កម្មសិទ្ធិបញ្ញា ដើម្បីកសាងកេរ្តិ៍ឈ្មោះផលិតផលកម្ពុជា ជាពិសេសបានចូលរួមលើកកម្ពស់ទំនិញកសិផល ទំនិញកសិចំណីអាហារ និងទំនិញសិប្បកម្មកម្ពុជា តាមរយៈការចុះបញ្ជីម៉ាកសម្គាល់ភូមិសាស្ត្រទំនិញ រួមមាន : (១) ម្រេចកំពត (២) ស្ករត្នោតកំពង់ស្ពឺ (៣) ទឹកឃ្មុំព្រៃមណ្ឌលគិរី (៤) ក្រូចថ្លុងកោះទ្រង់ (៥) ទឹកត្រីកំពតកែប (៦) អំបិលកំពតកែប (៧) បង្កងតាកែវ (៨) ប្រហុកសៀមរាប (៩) ស្វាយចន្ទីកំពង់ធំ (១០) ស្វាយឧត្តរមានជ័យ (១១) ក្តាមថ្មកោះកុង និង (១២) សូត្រមាសភ្នំស្រុក។
ដោយឡែក ម៉ាកសមូហភាពកម្ពុជា រួមមាន៖ (១) គុយទាវភ្នំពេញ (២) អង្ករព្រះវិហារ (៣) អំបុកកំពង់ធំ (៤) អង្ករក្រអូប SKO (៥) អង្ករដំណើប DSMK (៦) នំបញ្ចុកសៀមរាប (៧) ក្រូចថ្លុងកោះពីរ (៨)ដូងខ្ទិះបាត់ដំបង (៩) ចម្លាក់ប្រាក់ស្ពាន់ខេត្តកណ្តាល (១០) ថ្នាំជក់កម្ពុជា និង (១១) សំបុកត្រចៀកកាំកម្ពុជា។
សម្រាប់ម៉ាកវិញ្ញាតកម្មវិញ ម្លិះអង្គរ (Malys Angkor) ក៏ជាម៉ាកសម្គាល់ផលិតផល ដែលមានកេរ្តិ៍ឈ្មោះល្បីល្បាញ ហើយផ្សារភ្ជាប់ទៅនឹងកត្តាភូមិសាស្ត្រ និងចំណេះដឹងបែបប្រពៃណីព្រមទាំងជំនាញនៃការផលិតផងដែរ។ ការចុះបញ្ជីផលិតផលទាំងនេះ គឺជាសមិទ្ធផលដ៏សំខាន់ ដែលកើតចេញពីការខិតខំរួមគ្នា ក្នុងការបង្កើត ចងក្រង អភិរក្ស ថែរក្សា អភិវឌ្ឍផលិតផលក្នុងស្រុកឱ្យមានតម្លៃបន្ថែមខ្ពស់ និងចូលរួមផ្សព្វផ្សាយពី វប្បធម៌របស់ខ្មែរយើង។
សម្ដេចធិបតីបានថ្លែងថា៖«ខ្ញុំជឿជាក់យ៉ាងមុតមាំថា ម៉ាកសម្គាល់ភូមិសាស្ត្រទំនិញ និងម៉ាកសមូហភាពនឹងជំរុញឱ្យមានកំណើនតម្រូវការផលិតផលលើទីផ្សារជាតិ និងអន្តរជាតិកាន់តែច្រើនពង្រឹងភាពប្រកួតប្រជែង និងជាផ្នែកមួយនៃគោលដៅទេសចរណ៍ផងដែរ»។
សម្ដេចនាយករដ្ឋមន្រ្ដីបានបន្តថា ទិវាកម្មសិទ្ធិបញ្ញាពិភពលោកឆ្នាំ២០២៦ បានរំលេចពីអត្ថប្រយោជន៍នៃការលើកកម្ពស់កម្មសិទ្ធិបញ្ញា មិនត្រឹមតែនៅក្នុងវិស័យកីឡានោះទេ ប៉ុន្តែក៏បានបង្ហាញអំពីសារៈសំខាន់នៅក្នុងការជំរុញអ្នកវិនិយោគឱ្យបណ្តាក់ទុន ក្នុងផ្នែកស្រាវជ្រាវនិងអភិវឌ្ឍន៍ ដើម្បីចូលរួមធានាលើការផ្ទេរ និងការអភិវឌ្ឍបច្ចេកវិទ្យា និងផលិតផលដែលជាកត្តាចាំបាច់សម្រាប់ការអភិវឌ្ឍវិស័យពាណិជ្ជកម្ម ឧស្សាហកម្ម កសិកម្ម វិទ្យាសាស្ត្រ បច្ចេកវិទ្យា ទេសចរណ៍ និងវប្បធម៌ ជាពិសេសជំរុញការអភិវឌ្ឍសហគ្រាសធុនតូច និងមធ្យមដែលជាក្បាលម៉ាស៊ីននៃកំណើនសេដ្ឋកិច្ច៕




-
ព័ត៌មាន5 days agoចៅក្រមស៊ើបសួរសម្រេចឃុំខ្លួនជនជាតិថៃចំនួន ២០នាក់ និងបក្ខពួកពាក់ព័ន្ធរៀបចំមជ្ឈមណ្ឌល Online Scams
-
ព័ត៌មាន1 week agoមេបញ្ជាការកងទ័ពជើងទឹកអញ្ជើញបិទវគ្គហ្វឹកហ្វឺនពលទាហានថ្មី វគ្គទី៧ បំពេញក្របខណ្ឌឲ្យកងទ័ពជើងគោក ឆ្នាំ២០២៦ និងបើកវគ្គហ្វឹកហ្វឺនបំប៉នជំនាញកាំភ្លើងការពារអាកាសឆ្នាំ២០២៦
-
កីឡា1 week agoកម្ពុជាត្រៀមកីឡាប្រមាណ ៣១ប្រភេទ ចូលរួមព្រឹត្តិការណ៍ស៊ីហ្គេម លើកទី៣៤ នៅម៉ាឡេស៊ី
-
PR NEWS7 days agoអ្នកលេងប៉ះអ្នកមែន! គូនអន្តរជាតិ៥គូ នឹងធ្វើអោយកក្រើកលើសង្វៀន “BOOSTRONG KUN KHMER SPECIAL BATTLE”
-
កីឡា1 week agoកម្ពុជានឹងបញ្ជូនអត្តពលិក ៣២នាក់ចូលរួមការប្រកួតតេក្វាន់ដូ ITF ជ្រើសរើសជើងឯកអាស៊ី លើកទី ១១ ឆ្នាំ២០២៦ នៅម៉ុងហ្គោលី
-
ព័ត៌មាន6 days agoសម្តេចកិត្តិសង្គហបណ្ឌិត ម៉ែន សំអន ចាត់ទុកវិនិយោគិនគឺជា «ដៃគូអភិវឌ្ឍន៍ដែលមិនអាចខ្វះបាន» ខណៈដែលក្រុមហ៊ុនចិនធំៗចំនួន ៦០ សម្លឹងឃើញពីសក្តានុពល និងឱកាសវិនិយោគនៅកម្ពុជា
-
ព័ត៌មាន1 week agoពលរដ្ឋភៀសសឹកដែលមិនទាន់អាចវិលត្រលប់ទៅផ្ទះសំបែងវិញបាន ជឿជាក់លើរាជរដ្ឋាភិបាលក្នុងការដោះស្រាយបញ្ហាព្រំដែនជាមួយថៃដោយសន្ដិវិធី
-
ព័ត៌មាន6 days agoអ្នករាយការណ៍ពិសេសសម្តែងនូវការបារម្ភចំពោះស្ថាននភាពសិទ្ធិមនុស្សដោយសារជម្លោះព្រំដែន