ព័ត៌មាន
ឯកអគ្គរដ្ឋទូតសិង្ហបុរី គាំទ្រច្បាប់ស្តីពីការប្រយុទ្ធប្រឆាំង Scam Online ដែលបង្ហាញពីការតាំងចិត្ត និងយុទ្ធសាស្ត្រច្បាស់លាស់លើការប្រឆាំងបទល្មើសនេះរបស់កម្ពុជា
នាព្រឹកថ្ងៃទី២៧ ខែមេសា ឆ្នាំ២០២៦ ឯកឧត្តមសន្តិបណ្ឌិត ឆៃ ស៊ីណារិទ្ធ ទេសរដ្ឋមន្ត្រីទទួលបន្ទុកបេសកកម្មពិសេស និងជាប្រធានលេខាធិការដ្ឋានគណៈកម្មការចំពោះកិច្ចប្រយុទ្ធប្រឆាំងការឆបោកតាមប្រព័ន្ធបច្ចេកវិទ្យា (គ.ប.ឆ.ប.) បានអនុញ្ញាតឱ្យ ឯកឧត្តម Steven Pang Chee Wee
ឯកអគ្គរដ្ឋទូតនៃសាធារណរដ្ឋសិង្ហបុរីប្រចាំព្រះរាជាណាចក្រកម្ពុជា ចូលជួបសម្តែងការគួរសម និងពិភាក្សាការងារ។
ក្នុងជំនួបនោះ ឯកឧត្តមសន្តិបណ្ឌិត ឆៃ ស៊ីណារិទ្ធ បានជម្រាបជូនពីយន្តការ និងលិខិតបទដ្ឋានគតិយុត្តរបស់កម្ពុជា សម្រាប់អនុវត្តកិច្ចការប្រយុទ្ធប្រឆាំងនឹងការឆបោកតាមប្រព័ន្ធបច្ចេកវិទ្យា ជាពិសេសយន្តការ គ.ប.ឆ.ប និងច្បាប់ថ្មី ស្តីពីការប្រយុទ្ធប្រឆាំងការឆបោកតាមប្រព័ន្ធបច្ចេកវិទ្យា ដែលជាយន្តការ និងលិខិតូបករណ៍សំខាន់ និងមានប្រសិទ្ធភាព សម្រាប់បម្រើដល់គោលដៅ ក៏ដូចជាការតាំងចិត្តយ៉ាងមុះមុតរបស់រាជរដ្ឋាភិបាល ក្នុងការបង្ក្រាបក្រុមឧក្រិដ្ឋជន ទាំងមេខ្លោង អ្នកសមគំនិត និងអ្នកពាក់ព័ន្ធនានា សំដៅធ្វើយ៉ាងណាសម្អាតឱ្យដល់ឬសគល់ និងបង្ការមិនឱ្យឧក្រិដ្ឋកម្មនេះកកើតឡើងវិញនៅកម្ពុជា។
ទន្ទឹមនោះ ឯកឧត្តមបានលើកឡើងពីទស្សនវិស័យ និងជំហានបន្ទាប់ក្នុងការងារបោសសម្អាត និងសារៈសំខាន់នៃកិច្ចសហប្រតិបត្តិការជាមួយបណ្តាប្រទេស និងភាគីពាក់ព័ន្ធ ដើម្បីរួមគ្នាស្រាវជ្រាវ ស៊ើបអង្កេត បង្ក្រាប និងចាត់វិធានការចំពោះបណ្តាញក្រុមឧក្រិដ្ឋជនឆបោក លាងសម្អាតប្រាក់ ជួញដូរមនុស្ស និងឧក្រិដ្ឋកម្មឆ្លងដែនពាក់ព័ន្ធដទៃទៀត ឱ្យមានប្រសិទ្ធភាព ស័ក្តិសិទ្ធភាព និងចីរភាព។
ជាកិច្ចឆ្លើយតប ឯកឧត្តម ឯកអគ្គរដ្ឋទូតបានសម្តែងការកោតសរសើរចំពោះរាជរដ្ឋាភិបាល និងសមត្ថកិច្ចកម្ពុជា សម្រាប់កិច្ចខិតខំប្រឹងប្រែងប្រយុទ្ធប្រឆាំងការឆបោកតាមប្រព័ន្ធបច្ចេកវិទ្យា និងបានទទួលស្គាល់ថា បញ្ហានេះជាបញ្ហាសកល មានភាពស្មុគ្រស្មាញ ដែលទាមទារឱ្យកិច្ចសហប្រតិបត្តិការជិតស្និទ្ធ រវាងភាគីពាក់ព័ន្ធទាំងអស់។
ឯកឧត្តម ក៏បានលើកឡើងថា ការបង្កើត គ.ប.ឆ.ប. ក្រោមការដឹកនាំផ្ទាល់របស់សម្តេចធិបតីនាយករដ្ឋមន្រ្តី ការបង្រ្កាបការឆបោកតាមប្រព័ន្ធបច្ចេកវិទ្យាមានលទ្ធផលល្អគួរឱ្យកត់សម្គាល់។
ជាមួយគ្នានេះ ឯកឧត្តមក៏បានសម្តែងនូវការអបអរសាទរ និងគាំទ្រពេញទំហឹង ចំពោះការដាក់ឱ្យប្រើប្រាស់ច្បាប់ស្តីពីការប្រយុទ្ធប្រឆាំងការឆបោកតាមប្រព័ន្ធបច្ចេកវិទ្យារបស់កម្ពុជា ដែលមានភាពឈានមុខ និងជាសក្ខីភាព បង្ហាញពីការតាំងចិត្ត និងយុទ្ធសាស្ត្រច្បាស់លាស់លើការប្រឆាំងបទល្មើសឆបោកតាមប្រព័ន្ធបច្ចេកវិទ្យា របស់រាជរដ្ឋាភិបាលកម្ពុជា។
ទន្ទឹមនេះ ឯកឧត្តមបានលើកឡើងថា សិង្ហបុរី ត្រៀមខ្លួនក្នុងការអនុវត្តកិច្ចសហការ និងផ្តល់ការគាំទ្រដល់កម្ពុជា ក្នុងការកសាងសមត្ថភាពមន្ត្រី ចែករំលែកព័ត៌មាន និងបទពិសោធន៍ ក៏ដូចជាការអនុវត្តកិច្ចការរួមមួយចំនួន។
មុននឹងបញ្ចប់ ភាគីទាំងពីរបានពិភាក្សាផ្លាស់ប្តូរយោបល់ បទពិសោធន៍ និងគំនិតផ្តួចផ្តើមនានា ពាក់ព័ន្ធទិសដៅកិច្ចសហប្រតិបត្តិការប្រយុទ្ធប្រឆាំងការឆបោកតាមប្រព័ន្ធបច្ចេកវិទ្យា ទាំងក្នុងកម្រិតទ្វេភាគី និងពហុភាគី៕




-
ព័ត៌មាន5 days agoចៅក្រមស៊ើបសួរសម្រេចឃុំខ្លួនជនជាតិថៃចំនួន ២០នាក់ និងបក្ខពួកពាក់ព័ន្ធរៀបចំមជ្ឈមណ្ឌល Online Scams
-
ព័ត៌មាន1 week agoមេបញ្ជាការកងទ័ពជើងទឹកអញ្ជើញបិទវគ្គហ្វឹកហ្វឺនពលទាហានថ្មី វគ្គទី៧ បំពេញក្របខណ្ឌឲ្យកងទ័ពជើងគោក ឆ្នាំ២០២៦ និងបើកវគ្គហ្វឹកហ្វឺនបំប៉នជំនាញកាំភ្លើងការពារអាកាសឆ្នាំ២០២៦
-
កីឡា1 week agoកម្ពុជាត្រៀមកីឡាប្រមាណ ៣១ប្រភេទ ចូលរួមព្រឹត្តិការណ៍ស៊ីហ្គេម លើកទី៣៤ នៅម៉ាឡេស៊ី
-
PR NEWS7 days agoអ្នកលេងប៉ះអ្នកមែន! គូនអន្តរជាតិ៥គូ នឹងធ្វើអោយកក្រើកលើសង្វៀន “BOOSTRONG KUN KHMER SPECIAL BATTLE”
-
កីឡា1 week agoកម្ពុជានឹងបញ្ជូនអត្តពលិក ៣២នាក់ចូលរួមការប្រកួតតេក្វាន់ដូ ITF ជ្រើសរើសជើងឯកអាស៊ី លើកទី ១១ ឆ្នាំ២០២៦ នៅម៉ុងហ្គោលី
-
ព័ត៌មាន6 days agoសម្តេចកិត្តិសង្គហបណ្ឌិត ម៉ែន សំអន ចាត់ទុកវិនិយោគិនគឺជា «ដៃគូអភិវឌ្ឍន៍ដែលមិនអាចខ្វះបាន» ខណៈដែលក្រុមហ៊ុនចិនធំៗចំនួន ៦០ សម្លឹងឃើញពីសក្តានុពល និងឱកាសវិនិយោគនៅកម្ពុជា
-
ព័ត៌មាន1 week agoពលរដ្ឋភៀសសឹកដែលមិនទាន់អាចវិលត្រលប់ទៅផ្ទះសំបែងវិញបាន ជឿជាក់លើរាជរដ្ឋាភិបាលក្នុងការដោះស្រាយបញ្ហាព្រំដែនជាមួយថៃដោយសន្ដិវិធី
-
ព័ត៌មាន6 days agoអ្នករាយការណ៍ពិសេសសម្តែងនូវការបារម្ភចំពោះស្ថាននភាពសិទ្ធិមនុស្សដោយសារជម្លោះព្រំដែន