ព័ត៌មាន
អភិបាលរាជធានីភ្នំពេញ និងអភិបាលក្រុងតូក្យូ ជួបពិភាក្សាគ្នានៅក្នុងប្រទេសជប៉ុន ដើម្បីរឹតចំណងកិច្ចសហប្រតិបត្តិការ និងជំរុញចំណងការទូតរវាងទីក្រុង និងទីក្រុង
ឯកឧត្តម ឃួង ស្រេង អភិបាលនៃគណៈអភិបាលរាជធានីភ្នំពេញ នារសៀលថ្ងៃទី២៧ ខែមេសា ឆ្នាំ២០២៦ បានអញ្ជើញចូលជួបពិភាក្សាការងារជាមួយលោកជំទាវ យូរីកូ កូអ៊ីកេ អភិបាលក្រុងតូក្យូ ក្នុងឱកាសដែលឯកឧត្តមអញ្ជើញបំពេញទស្សនកិច្ចផ្លូវការ និងចូលរួមកិច្ចប្រជុំកំពូលលើកទី៣ នៃបណ្តាញទីក្រុង សកលសម្រាប់ចីរភាព (3rd G-NETS Leaders Summit) នៅទីក្រុងតូក្យូ ប្រទេសជប៉ុន។
លោកស្រី ដោ សម្ផស្ស នាយករងរដ្ឋបាល និងជាអ្នកនាំពាក្យរដ្ឋបាលរាជធានីភ្នំពេញ បានឱ្យដឹងពីទីក្រុងតូក្យូមកថា នៅក្នុងកិច្ចពិភាក្សាការងារជាមួយលោកជំទាវ យូរីកូ កូអ៊ីកេ អភិបាលក្រុងតូក្យូ ជាដំបូងឯកឧត្តមអភិបាលរាជធានីបានថ្លែងអំណរគុណជូនចំពោះលោកជំទាវអភិបាលក្រុងតូក្យូ ដែលបានចំណាយពេលវេលាដ៏មមាញឹកក្នុងការរៀបចំធ្វើជាម្ចាស់ផ្ទះនៃកិច្ចប្រជុំកំពូល G-NETS និងបានផ្តល់កិត្តិយសទទួលជួបពិភាក្សាការងារជាមួយគណៈប្រតិភូរដ្ឋបាលរាជធានីភ្នំពេញនាពេលនេះ។ ឯកឧត្តមអភិបាលក៏បានជម្រាប ជូនលោកជំទាវអំពីស្ថានភាពរបស់រាជធានីភ្នំពេញចាប់តាំងពីពេលកកើតរហូតដល់ពេលបច្ចុប្បន្ន ជាពិសេសអំពីការកសាងអភិវឌ្ឍន៍រាជធានី ក្រោមការដឹកនាំប្រកបដោយភាពឈ្លាសវៃ និងគតិបណ្ឌិតរបស់សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន អតីតនាយករដ្ឋមន្ត្រី និងបច្ចុប្បន្នជាប្រធានព្រឹទ្ធសភា នៃព្រះរាជាណាចក្រកម្ពុជា ក៏ដូចជារាជរដ្ឋាភិបាលនីតិកាលទី៧ ដឹកនាំដោយសម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី ដែលជាថ្នាក់ដឹកនាំបន្តវេនវ័យក្មេង ប្រកបដោយសមត្ថភាព បញ្ញាញាណ និងថាមពល បាននឹងកំពុងបន្តផ្តោតការយកចិត្តទុកដាក់ខ្ពស់ថែរក្សាសន្តិភាព និងស្ថិរភាពនយោបាយ ដែលជាបុរេលក្ខខណ្ឌ ដើម្បីធានាដល់ការអភិវឌ្ឍជាតិមាតុភូមិរហូតមកដល់សព្វថ្ងៃ។
ឯកឧត្តមអភិបាលរាជធានីភ្នំពេញក៏បានជម្រាបជូនភាគីជប៉ុនថា រាជរដ្ឋាភិបាលកម្ពុជាក្រោមការដឹកនាំដ៏ខ្ពង់ខ្ពស់បំផុតរបស់សម្តេចតេជោអតីតនាយករដ្ឋមន្ត្រី និងសម្តេចធិបតីនាយករដ្ឋមន្ត្រី បានយកចិត្តទុកដាក់ខ្ពស់ក្នុងការរៀបចំនូវហេដ្ឋារចនាសម្ព័ន្ធរូបវ័ន្ត បណ្តាញប្រឡាយលូ ប្រព័ន្ធគ្រប់គ្រងទឹកកខ្វក់ ការគ្រប់គ្រងសំណល់រឹង ការគ្រប់គ្រងចរាចរណ៍ និងការរក្សាអនាម័យនៅតាមបណ្តោយដងទន្លេផងដែរ សម្តៅធ្វើយ៉ាងណាឲ្យរាជធានីភ្នំពេញមានសោភណភាពស្រស់ស្អាត បរិយាកាសរស់នៅល្អ និងមានភាពធន់ទៅនឹងគ្រោះធម្មជាតិ ជំនន់ទឹកភ្លៀង និងគ្រោះមហន្តរាយផ្សេងៗ ព្រមទាំងការអភិវឌ្ឍប្រព័ន្ធគ្រប់គ្រងទីក្រុងតាមបែបឆ្លាតវៃ តាមរយៈការបំពាក់នូវកាមេរ៉ាឆ្លាតវៃនៅតាមដងផ្លូវ ដែលមានសមត្ថភាពខ្ពស់ក្នុងការថែរក្សាសន្តិសុខ និងសណ្តាប់ធ្នាប់ទីក្រុង។ កិច្ចការស្តារ និងអភិវឌ្ឍហេដ្ឋារចនាសម្ព័ន្ធខាងលើក៏ត្រូវបានចូលរួមចំណែកយ៉ាងជិតស្និទ្ធពីសំណាក់រដ្ឋាភិបាលជប៉ុនតាមរយៈទីភ្នាក់ងារ JICA ដែលបានផ្តល់នូវគម្រោងហិរញ្ញប្បទានឥត សំណងជាច្រើនគម្រោង ដើម្បីរួមចំណែកធ្វើឲ្យរាជធានីភ្នំពេញមានការអភិវឌ្ឍប្រកបដោយចីរភាព។
ជាកិច្ចឆ្លើយតប លោកជំទាវអភិបាលក្រុងតូក្យូបានសម្តែងការស្វាគមន៍យ៉ាងកក់ក្តៅជូនឯកឧត្តម អភិបាលរាជធានីភ្នំពេញ និងគណៈប្រតិភូ ចំពោះការអញ្ជើញចូលរួមក្នុងកិច្ចប្រជុំកំពូលលើកទី៣ របស់ G-NETS ជាពិសេសក្នុងជំនួបពិភាក្សាការងារក្នុងពេលនេះ។ លោកជំទាវអភិបាលក្រុងតូក្យូក៏បានជម្រាបជូនឯកឧត្តមអភិបាលរាជធានីភ្នំពេញអំពីគោលបំណងដែលទីក្រុងតូក្យូបង្កើតឱ្យមានព្រឹត្តិការណ៍ G-NETS ចាប់តាំងពីឆ្នាំ២០២២ មក គឺដើម្បីជំរុញចំណងការទូតរវាងទីក្រុង និងទីក្រុងក្នុងសកលលោក ដោយអនុញ្ញាតឱ្យទីក្រុងនានាប្រើប្រាស់វេទិកានេះ ដើម្បីចែករំលែកចំណេះដឹង ជំនាញបច្ចេកទេស សាកល្បងបច្ចេកវិទ្យាច្នៃប្រឌិត និងសហការលើគោលនយោបាយកម្រិតខ្ពស់ ក្នុងការដោះស្រាយបញ្ហាប្រឈមជាសកល និងបង្កើតអនាគតទីក្រុងរួមគ្នាប្រកបដោយនិរន្តរភាព ភាពធន់ និងបរិយាប័ន្ន ហើយលោកជំទាវសង្ឃឹមថា រដ្ឋបាលរាជធានីភ្នំពេញអាចការចែករំលែកនូវបទពិសោធន៍ និងចំណេះដឹងរបស់ខ្លួនជាមួយបណ្តាទីក្រុងជាសមាជិកផ្សេងទៀត ព្រមទាំងទទួលបាននូវបទពិសោធន៍ថ្មីៗបន្ថែមទៀតទាក់ទងនឹងការដោះស្រាយគ្រោះមហន្តរាយ ពីការចូលរួមក្នុងកម្មវិធីនេះ៕អត្ថបទ ៖ ប្រាក់ វ៉ាន់ដា





-
ព័ត៌មាន5 days agoចៅក្រមស៊ើបសួរសម្រេចឃុំខ្លួនជនជាតិថៃចំនួន ២០នាក់ និងបក្ខពួកពាក់ព័ន្ធរៀបចំមជ្ឈមណ្ឌល Online Scams
-
ព័ត៌មាន1 week agoមេបញ្ជាការកងទ័ពជើងទឹកអញ្ជើញបិទវគ្គហ្វឹកហ្វឺនពលទាហានថ្មី វគ្គទី៧ បំពេញក្របខណ្ឌឲ្យកងទ័ពជើងគោក ឆ្នាំ២០២៦ និងបើកវគ្គហ្វឹកហ្វឺនបំប៉នជំនាញកាំភ្លើងការពារអាកាសឆ្នាំ២០២៦
-
PR NEWS7 days agoអ្នកលេងប៉ះអ្នកមែន! គូនអន្តរជាតិ៥គូ នឹងធ្វើអោយកក្រើកលើសង្វៀន “BOOSTRONG KUN KHMER SPECIAL BATTLE”
-
កីឡា1 week agoកម្ពុជាត្រៀមកីឡាប្រមាណ ៣១ប្រភេទ ចូលរួមព្រឹត្តិការណ៍ស៊ីហ្គេម លើកទី៣៤ នៅម៉ាឡេស៊ី
-
កីឡា1 week agoកម្ពុជានឹងបញ្ជូនអត្តពលិក ៣២នាក់ចូលរួមការប្រកួតតេក្វាន់ដូ ITF ជ្រើសរើសជើងឯកអាស៊ី លើកទី ១១ ឆ្នាំ២០២៦ នៅម៉ុងហ្គោលី
-
ព័ត៌មាន6 days agoសម្តេចកិត្តិសង្គហបណ្ឌិត ម៉ែន សំអន ចាត់ទុកវិនិយោគិនគឺជា «ដៃគូអភិវឌ្ឍន៍ដែលមិនអាចខ្វះបាន» ខណៈដែលក្រុមហ៊ុនចិនធំៗចំនួន ៦០ សម្លឹងឃើញពីសក្តានុពល និងឱកាសវិនិយោគនៅកម្ពុជា
-
ព័ត៌មាន1 week agoពលរដ្ឋភៀសសឹកដែលមិនទាន់អាចវិលត្រលប់ទៅផ្ទះសំបែងវិញបាន ជឿជាក់លើរាជរដ្ឋាភិបាលក្នុងការដោះស្រាយបញ្ហាព្រំដែនជាមួយថៃដោយសន្ដិវិធី
-
ព័ត៌មាន6 days agoអ្នករាយការណ៍ពិសេសសម្តែងនូវការបារម្ភចំពោះស្ថាននភាពសិទ្ធិមនុស្សដោយសារជម្លោះព្រំដែន