ព័ត៌មាន
រត់ពាក់ម៉ារ៉ាតុងភ្នំពេញឆ្នាំនេះ រៀបចំកាន់តែអធិកអធម ខណៈ NOCC អំពាវនាវឲ្យប្រជាពលរដ្ឋចុះឈ្មោះឲ្យបានរួសរាន់
ទិវារត់ប្រណាំងភ្នំពេញពាក់កណ្ដាលម៉ារ៉ាតុងអន្តរជាតិ លើកទី១៤ ឆ្នាំ២០២៦ នឹងប្រព្រឹត្តទៅនាថ្ងៃទី១៤ ខែមិថុនាខាងមុខ ស្របពេលគណៈកម្មាធិការជាតិអូឡាំពិកកម្ពុជា(NOCC) បានអំពាវនាវឲ្យប្រជាពលរដ្ឋរួសរាន់ចុះឈ្មោះឲ្យបានច្រើនកុះករ ដ្បិតការរៀបចំឆ្នាំនេះ នឹងកាន់តែអធិកអធម ជាមួយកម្មវិធីអមពិសេសៗជាច្រើន ដើម្បីអបអរសាទរ ព្រះរាជពិធីបុណ្យចម្រើនព្រះជន្ម សម្តេចព្រះមហាក្សត្រី នរោត្តម មុនិនាថ សីហនុ ព្រះវររាជមាតាជាតិខ្មែរ ក្នុងសេរីភាព សេចក្តីថ្លៃថ្នូរ និងសុភមង្គល ជាទីគោរពសក្ការៈដ៏ខ្ពង់ខ្ពស់ គម្រប់ ៩០ យាងចូល ៩១ ព្រះវស្សា។

ថ្លែងក្នុងសន្និសីទសារព័ត៌មាន កាលពីថ្ងៃទី២៨ ខែមេសាកន្លងទៅ ឯកឧត្ដម វ៉ាត់ ចំរើន អគ្គលេខាធិការ គណៈកម្មកាធិការជាតិអូឡាំពិកកម្ពុជា មានប្រសាសន៍ថា ដោយសារឆ្នាំនេះ គឺជាឆ្នាំពិសេស នៃព្រះរាជពិធីបុណ្យចម្រើនព្រះជន្ម គម្រប់ ៩០ យាងចូល ៩១ ព្រះវស្សា។ ដូច្នេះគណៈកម្មការបានត្រៀមរៀបចំកម្មវិធីសំខាន់ៗ ព្រមទាំងចម្រៀងថ្វាយព្រះពរ និងសកម្មភាពពិសេសៗជាច្រើន ដើម្បីអបអរសាទរ និងថ្វាយព្រះពរ សម្ដេចព្រះមហាក្សត្រី ព្រះវររាជមាតាជាតិខ្មែរ ពោលគឺការរៀបចំធំជាង និងអធិកអធមជាងឆ្នាំសព្វដង ដែលឯកឧត្តមសង្ឃឹមនឹងទាក់ទាញ់ការចូលរួមកាន់តែច្រើន
ក្រៅពីគោលបំណងដ៏សំខាន់ប្រចាំឆ្នាំនេះ តាមរយៈព្រឹត្តិការណ៍កីឡាទេសចរណ៍ដ៏ធំប្រចាំឆ្នាំនេះដែរ ក៏នឹងរក្សានូវគោលបំណងធំៗមួយចំនួនទៀត ដូចជាការធ្វើកម្មវិធីសប្បុរសធម៌ទៅមន្ទីរពេទ្យគន្ធបុប្ផា ដោយឆ្នាំនេះ គណៈកម្មការត្រៀមទឹកប្រាក់ប្រមាណ ៥ពាន់ដុល្លារសម្រាប់ជួយដល់មន្ទីរពេទ្យកុមារនេះ ព្រមទាំងគោលដៅផ្សព្វផ្សាយពីកេរ្ដិ៍ឈ្មោះរាជធានីភ្នំពេញ ទៅក្រៅប្រទេស ក៏ដូចជាជំរុញការលេងកីឡា ដើម្បីសុខភាព និងផ្ដល់ឱកាស ក៏ដូចជាបង្កភាពសប្បាយរីករាយជូនប្រជាពលរដ្ឋ តាមរយៈការរត់ចម្ងាយ ពិសេសវិញ្ញាសារត់ចម្ងាយ ២១គីឡូម៉ែត្រតែម្ដង។
ឯកឧត្តមបញ្ជាក់ថា មកទល់ពេលនេះ មានអ្នកចុះឈ្មោះជាង ៣ពាន់នាក់ហើយ ក្នុងនោះមានជនបរទេសជិត ១ពាន់នាក់ ប៉ុន្ដែឆ្នាំនេះ គណៈកម្មការបានប្ដេជ្ញាជំរុញឲ្យមានការចូលរួមចន្លោះពី ៥ពាន់ ទៅ ៦ពាន់នាក់ ដើម្បីអបអរសារទរឆ្នាំពិសេស នៃព្រះរាជពិធីបុណ្យចម្រើនព្រះជន្ម សម្ដេចព្រះមហាក្សត្រី ព្រះវររាជមាតាជាតិខ្មែរ។ តាមរយៈនេះ ឯកឧត្តមបានអំពាវនាវដល់ប្រជាពលរដ្ឋរួសរាន់ចុះឈ្មោះឲ្យបានលឿន ដើម្បីគណៈកម្មការងាយស្រួលរៀបចំសម្ភារៈជូន ក៏ដូចជាដើម្បីចូលរួមផ្សព្វផ្សាយពីកេរ្ដិ៍ឈ្មោះរាជធានីភ្នំពេញ តាមរយៈព្រឹត្តិការណ៍ប្រចាំឆ្នាំដ៏ធំនេះផងដែរ។
ចំណែកលោក សែម ផល្លា នាយកបច្ចេកទេសម៉ារ៉ាតុងនៅកម្ពុជា មានប្រសាសន៍ថា ទិវារត់ប្រណាំងភ្នំពេញពាក់កណ្ដាលម៉ារ៉ាតុងអន្តរជាតិ ឆ្នាំនេះ មានការផ្លាស់ប្ដូរតម្រាយផ្លូវមួយចំនួន ពិសេសតម្រាយផ្លូវរត់ ២១គីឡូម៉ែត្រ ដោយរក្សាការចេញដំណើរនៅសួនច្បារវត្តបទុមវតី ទៅដល់ស្ពានជ្រោយចង្វារ ត្រូវបត់ស្ដាំរត់តាមមាត់ទន្លេ ផ្ទុយពីឆ្នាំមុនៗ ដែលត្រូវរត់ឆ្លងកាត់ស្ពានជ្រោយចង្វារ និងសណ្ឋាគារសុខា ទើបត្រឡប់មកវិញ តែដោយសារមានការកក់ស្ទះចរាចរណ៍ ទើបគណៈកម្មការរៀបចំ សហការជាមួយគណៈកម្មការម៉ារ៉ាតុងពិភពលោក រៀបចំវាស់វែងតម្រាយផ្លូវរត់ឡើងវិញ។
បន្ទាប់ពីរត់តាមមាត់ទន្លេ កាត់មុខព្រះបរមរាជវាំង រហូតដល់រង្វង់មូលសម្ដេចសង្ឃរាជ ជួន ណាត ទើបបត់ឆ្វេង ដល់គល់ស្ពានទី១ ឬស្ពាននាគ ហើយបត់ឆ្វេង តាមណ្ដោយផ្លូវមាត់ស្ទឹង រហូតដល់ស្ពានទីឥន្ធនូ ត្រូវរត់ឆ្លងចូលកោះពេជ្រ ហើយបន្ដរត់ឆ្លងស្ពានទៅកោះនរា រហូតដល់ចុងកោះ ទើបត្រឡប់មកវិញ និងបញ្ចប់នៅសួនច្បារវត្តបទុមវតីតែម្ដង។
ក្រៅពីវិញ្ញាសារត់ចម្ងាយ ២១គីឡូម៉ែត្រ ក៏នឹងមានវិញ្ញសារត់ចម្ងាយ ១០គីឡូម៉ែត្រ ដែលទទួលស្គាល់ដោយគណៈកម្មការម៉ារ៉ាតុងពិភពលោក និងសហព័ន្ធអត្តពលកម្មអន្ដរជាតិ ព្រមទាំងវិញ្ញាសារត់កម្សាន្ដ Fun Run ចម្ងាយ ៥គីឡូម៉ែត្រ និង ២.៥គីឡូម៉ែត្រផងដែរ៕ អត្ថបទ លី ឈុនឡា

-
ព័ត៌មាន1 week agoក្រសួងបរិស្ថានគាំទ្រកិច្ចសហការជាមួយអង្គការ WWF លើការគ្រប់គ្រងបរិស្ថាននៅបឹងទន្លេសាប ការលើកកម្ពស់ជីវភាពសហគមន៍ និងការទប់ស្កាត់ការប្រែប្រួលអាកាសធាតុ
-
ព័ត៌មាន7 days agoអង្គភាពប្រឆាំងអំពើពុករលួយ និងសភាពាណិជ្ជកម្មប្តេជ្ញារួមគ្នាកសាងវប្បធម៌ស្អាតស្អំក្នុងធុរកិច្ច
-
ព័ត៌មាន1 week agoតំណាងអយ្យការសម្រេចបើកការស៊ើបសួរ លើជនត្រូវចោទឆេង ភារុណ និងបក្សពួកម្នាក់ទៀត ក្នុងសំណុំរឿងហិង្សានៅខណ្ឌបឹងកេងកង
-
ព័ត៌មាន1 week agoសម្តេចប្រធានរដ្ឋសភា៖ សន្និសីទប្រធានសភានៃអន្តរសភាលើកទី២ ជាការចងក្រងបណ្តាញ អ្នកស្រលាញ់សន្តិភាពដើម្បីលើកម្ពស់វិបុលភាពរបស់ប្រជាពលរដ្ឋ
-
ព័ត៌មាន1 week agoអាជ្ញាធរជាតិប្រយុទ្ធប្រឆាំងគ្រឿងញៀន ដុតបំផ្លាញគ្រឿងញៀនជាង ៤តោន នៅខេត្តកោះកុង
-
ព័ត៌មាន7 days agoក្រុមហ៊ុន ប៊ីវីអឹម និង Intertek ចុះហត្ថលេខាដើម្បីបង្កើតភាពជាដៃគូយុទ្ធសាស្រ្តលើការត្រួតពិនិត្យគុណភាពប្រេងឥន្ធនៈ
-
ព័ត៌មាន6 days agoពលរដ្ឋ៖ កេរ្ដិ៍ឈ្មោះកម្ពុជា នឹងកាន់តែល្អបន្ទាប់ពីជោគជ័យ កម្ទេចមជ្ឈមណ្ឌលឆបោកតាមប្រព័ន្ធបច្ចេកវិទ្យា
-
ព័ត៌មាន5 days agoមន្រ្តីឧទ្យានុរក្សបន្តចុះល្បាតនិងទប់ស្កាត់ការកាប់រានដីព្រៃ ចំនួន១២ករណីនៅក្នុងឧទ្យានជាតិគិរីរម្យ