ព័ត៌មាន
ធនាគារពិភពលោកផ្ដល់ហិរញ្ញប្បទាន ៣០០លានដុល្លារជួយពង្រីកបណ្តាញផ្លូវដឹកជញ្ជូននៅកម្ពុជា
ភ្នំពេញ៖ ខ្វះខាតនូវបណ្តាញផ្លូវដឹកជញ្ជូន និងសមត្ថភាពឡូហ្ស៊ីស្ទិកដែលមានភាពធន់ នៅតែជាឧបសគ្គដល់ការធ្វើពាណិជ្ជកម្ម និងការតភ្ជាប់ក្នុងតំបន់នៃប្រទេសកម្ពុជា។ នៅក្នុងគោលដៅជួយដោះស្រាយបញ្ហាប្រឈមទាំងនេះ ក្រុមប្រឹក្សានាយកប្រតិបត្តិនៃធនាគារពិភពលោក នៅថ្ងៃថ្ងៃទី ២៧ ខែមេសា ឆ្នាំ២០២៦ នេះ បានអនុម័តដំណាក់កាលទីមួយនៃអភិក្រមកម្មវិធីពហុបំណង (Multiphase Programmatic Approach/MPA) សម្រាប់កម្មវិធីកែលម្អការតភ្ជាប់តំបន់ក្នុងប្រទេសកម្ពុជា (CRCI) ដែលមានកញ្ចប់ហិរញ្ញប្បទានសរុប ៣០០ លានដុល្លារអាម៉េរិក ពីសមាគមអភិវឌ្ឍន៍អន្តរជាតិ។ ដំណាក់កាលទីមួយ ដែលមានតម្លៃ ១៥០ លានដុល្លារអាម៉េរិក នឹងធ្វើឱ្យប្រសើរឡើងនូវការតភ្ជាប់ផ្លូវដឹកជញ្ជូនដែលមានភាពធន់ តាមបណ្តោយផ្នែកខ្លះនៃហាយវ៉េអាស៊ី ២១ (Asian Highway 21/AH21) និងពង្រឹងសមត្ថភាពគ្រប់គ្រងឡូហ្ស៊ីស្ទិកជាតិ។
កម្មវិធីនេះរំពឹងថានឹងផ្តល់អត្ថប្រយោជន៍ដល់ប្រជាពលរដ្ឋជាង ១,៦ លាននាក់ រួមទាំងអ្នកប្រើប្រាស់ផ្លូវ និងសហគមន៍ដែលរស់នៅតាមបណ្តោយផ្លូវនេះ។ តាមរយៈការកែលម្អស្ថានភាពផ្លូវ និងប្រព័ន្ធឡូហ្ស៊ីស្ទិក, កម្មវិធី CRCI មានគោលបំណងគាំទ្រដល់ការបង្កើតការងារ, ពង្រីកលទ្ធភាពរកបានទីផ្សារ និងសេវាកម្ម, និងជំរុញការវិនិយោគឯកជនក្នុងវិស័យដូចជា ឡូហ្ស៊ីស្ទិក, កសិឧស្សាហកម្ម, សេវាកម្មដឹកជញ្ជូន, និងទេសចរណ៍។
ឯកឧត្តម ប៉េង ពោធិ៍នា រដ្ឋមន្រ្តីក្រសួងសាធារណការ និងដឹកជញ្ជូន មានប្រសាសន៍ថា៖ «កម្មវិធីនេះបង្ហាញពីការប្តេជ្ញាចិត្តរបស់រាជរដ្ឋាភិបាលកម្ពុជា ក្នុងការពង្រឹងការតភ្ជាប់តំបន់ និងហេដ្ឋារចនាសម្ព័ន្ធដឹកជញ្ជូនរបស់យើង អាចបម្រើប្រជាពលរដ្ឋ និងអាជីវកម្ម បានកាន់តែល្អជាងមុន»។ ឯកឧត្តមរដ្ឋមន្រ្តីពោលបន្ថែមទៀតថា៖ «ការលើកកម្រិតផ្នែកខ្លះនៃផ្លូវជាតិតាមផ្លូវ Asian Highway 21 មិនត្រឹមតែធ្វើឱ្យការតភ្ជាប់ក្នុងប្រទេសកាន់តែល្អប្រសើរប៉ុណ្ណោះទេ ប៉ុន្តែថែមទាំងបង្កើនប្រសិទ្ធផលនៃផ្នែកឡូហ្ស៊ីស្ទិក, កាត់បន្ថយថ្លៃដឹកជញ្ជូន, និងអនុញ្ញាតឲ្យសហគមន៍ កសិករ និងអ្នកជួញដូរ អាចចូលទៅទីផ្សារបានកាន់តែងាយស្រួល ទាំងនៅក្នុងស្រុក និងឆ្លងព្រំដែនផងដែរ។»
ផ្លូវ AH21 ជាការតភ្ជាប់សំខាន់ពីកើតទៅលិចរវាងកម្ពុជា និងវៀតណាម ហើយភ្ជាប់ខេត្តភាគឦសាននៃកម្ពុជាទៅទីផ្សារក្នុងស្រុក និងផ្លូវពាណិជ្ជកម្មក្នុងតំបន់។ ដំណាក់កាលទីមួយនៃកម្មវិធីនេះ នឹងផ្តោតលើការកែលម្អហេដ្ឋារចនាសម្ព័ន្ធប្រវែង ២៤៧ គីឡូម៉ែត្រ ជាមួយសកម្មភាពជាមូលដ្ឋានមួយចំនួន ដើម្បីពង្រឹងសមត្ថភាពស្ថាប័នក្នុងវិស័យឡូហ្ស៊ីស្ទិក និងការជួយសម្រួលដល់ពាណិជ្ជកម្ម។ ដំណាក់កាលទីពីរ នឹងបញ្ចប់ការកែលម្អផ្លូវនៅផ្នែកសេសសល់ប្រវែង ១៤៥ គីឡូម៉ែត្រ, ពង្រីកការគាំទ្រការសម្រួលពាណិជ្ជកម្ម, និងបង្កើនលទ្ធភាពធ្វើដំណើរទៅមកក្នុងស្រុក តាមរយៈការកែលម្អផ្លូវជនបទ។
លោក Carlos Felipe Jaramillo អនុប្រធានធនាគារពិភពលោកប្រចាំតំបន់អាស៊ីបូព៌ានិងប៉ាស៊ីហ្វិក មានប្រសាសន៍ថា៖ «ធនាគារពិភពលោកប្តេជ្ញាចិត្តក្នុងការគាំទ្រកម្ពុជា នៅពេលដែលប្រទេសនេះកំពុងខិតខំពង្រឹងហេដ្ឋារចនាសម្ព័ន្ធ និងប្រព័ន្ធចាំបាច់សម្រាប់កំណើនប្រកបដោយបរិយាបន្ន និងការងារដែលមានគុណភាព»។ លោកស្រីថ្លែងបន្ថែមទៀតថា៖ «តាមរយៈការវិនិយោគលើផ្លូវតភ្ជាប់តំបន់ និងការពង្រឹងការជួយសម្រួលពាណិជ្ជកម្ម និងផ្នែកឡូហ្ស៊ីស្ទិក, កម្មវិធីនេះនឹងផ្តល់អត្ថប្រយោជន៍ដល់ប្រជាជនជាង ១,៦ លាននាក់ និងជួយជំរុញការវិនិយោគឯកជន និងសកម្មភាពសេដ្ឋកិច្ចឆ្លងព្រំដែន ជាពិសេសក្នុងវិស័យកសិឧស្សាហកម្ម, ខ្សែច្រវាក់ផ្គត់ផ្គង់ត្រជាក់, សេវាកម្មដឹកជញ្ជូន, និងទេសចរណ៍»៕



-
ព័ត៌មាន1 week agoក្រសួងបរិស្ថានគាំទ្រកិច្ចសហការជាមួយអង្គការ WWF លើការគ្រប់គ្រងបរិស្ថាននៅបឹងទន្លេសាប ការលើកកម្ពស់ជីវភាពសហគមន៍ និងការទប់ស្កាត់ការប្រែប្រួលអាកាសធាតុ
-
ព័ត៌មាន7 days agoអង្គភាពប្រឆាំងអំពើពុករលួយ និងសភាពាណិជ្ជកម្មប្តេជ្ញារួមគ្នាកសាងវប្បធម៌ស្អាតស្អំក្នុងធុរកិច្ច
-
ព័ត៌មាន1 week agoតំណាងអយ្យការសម្រេចបើកការស៊ើបសួរ លើជនត្រូវចោទឆេង ភារុណ និងបក្សពួកម្នាក់ទៀត ក្នុងសំណុំរឿងហិង្សានៅខណ្ឌបឹងកេងកង
-
ព័ត៌មាន1 week agoសម្តេចប្រធានរដ្ឋសភា៖ សន្និសីទប្រធានសភានៃអន្តរសភាលើកទី២ ជាការចងក្រងបណ្តាញ អ្នកស្រលាញ់សន្តិភាពដើម្បីលើកម្ពស់វិបុលភាពរបស់ប្រជាពលរដ្ឋ
-
ព័ត៌មាន1 week agoអាជ្ញាធរជាតិប្រយុទ្ធប្រឆាំងគ្រឿងញៀន ដុតបំផ្លាញគ្រឿងញៀនជាង ៤តោន នៅខេត្តកោះកុង
-
ព័ត៌មាន7 days agoក្រុមហ៊ុន ប៊ីវីអឹម និង Intertek ចុះហត្ថលេខាដើម្បីបង្កើតភាពជាដៃគូយុទ្ធសាស្រ្តលើការត្រួតពិនិត្យគុណភាពប្រេងឥន្ធនៈ
-
ព័ត៌មាន6 days agoពលរដ្ឋ៖ កេរ្ដិ៍ឈ្មោះកម្ពុជា នឹងកាន់តែល្អបន្ទាប់ពីជោគជ័យ កម្ទេចមជ្ឈមណ្ឌលឆបោកតាមប្រព័ន្ធបច្ចេកវិទ្យា
-
ព័ត៌មាន5 days agoមន្រ្តីឧទ្យានុរក្សបន្តចុះល្បាតនិងទប់ស្កាត់ការកាប់រានដីព្រៃ ចំនួន១២ករណីនៅក្នុងឧទ្យានជាតិគិរីរម្យ