ព័ត៌មាន
អភិបាលខេត្តកំពង់ស្ពឺណែនាំឱ្យបង្កើនការផ្សព្វផ្សាយ និងបង្ក្រាបឱ្យបាន ទីតាំងឆបោកតាមប្រព័ន្ធអនឡាញ (Scams Online)
កំពង់ស្ពឺ៖ អភិបាលខេត្តកំពង់ស្ពឺឯកឧត្តមបណ្ឌិត ជាម ច័ន្ទសោភ័ណ បានធ្វើការណែនាំជាថ្មីទៅដល់សមត្ថកិច្ចពាក់ព័ន្ធ និងអាជ្ញាធរក្រុង ស្រុកឱ្យបង្កើនការផ្សព្វផ្សាយឱ្យកាន់តែទូលំទូលាយពីផលប៉ះពាល់ និងទោសទណ្ឌនៃច្បាប់ទៅដល់បងប្អូនប្រជាពលរដ្ឋនៅតាមមូលដ្ឋានដែលមានអគារ ផ្ទះសំណាក់ ឬទីតាំងជួលទៅឱ្យជនបរទេស ដើម្បីប្រព្រឹត្តបទល្មើសឆបោកតាមប្រព័ន្ធអនឡាញ(Scams online)។ ការណែនាំជាថ្មីនេះ ធ្វើឡើងក្នុងកិច្ចប្រជុំគណៈបញ្ជាការឯកភាពខេត្តនាព្រឹកថ្ងៃទី២៩ ខែមេសា ឆ្នាំ២០២៦ នៅអគាររដ្ឋបាលខេត្តកំពង់ស្ពឺ។
ឯកឧត្តមបណ្ឌិត ជាម ច័ន្ទសោភ័ណ បានលើកឡើងថា ដើម្បីធានាឱ្យបាននូវប្រសិទ្ធភាពយូរអង្វែង និងពង្រឹងជំនឿទុកចិត្តក្នុងសង្គម សម្ដេចធិបតីក៏បានដាក់ចេញនូវបទបញ្ជាម៉ឺងម៉ាត់ ដល់អាជ្ញាធរពាក់ព័ន្ធទាំងអស់ត្រូវបន្តសកម្មភាពបង្ក្រាបបទល្មើសបច្ចេកវិទ្យានេះជាប្រចាំ ដោយមិនត្រូវទុកចន្លោះឱ្យជនល្មើស មានឱកាសបន្តសកម្មភាពបោកប្រាស់បានឡើយ ក្នុងនោះសម្តេចក៏បានសង្កត់ធ្ងន់ថា រាល់ការអនុវត្តច្បាប់ត្រូវតែមានប្រសិទ្ធភាពបំផុត និងតឹងរ៉ឹងបំផុត។ ជនដែលពាក់ព័ន្ធក្នុងបទល្មើសអនឡាញ ត្រូវតែ ទទួលខុសត្រូវចំពោះមុខច្បាប់ជាធរមាន ដោយគ្មានការយោគយល់ ឬលើកលែងក្នុងករណីណាមួយនោះទេ។
ឯកឧត្តម បានបញ្ជាក់បន្ថែមថា តាមរយៈបទបញ្ជានេះ រាជរដ្ឋាភិបាលកម្ពុជាក៏បានបង្ហាញសាជាថ្មីនូវការប្តេជ្ញាចិត្តខ្ពស់ក្នុងការសម្អាត និងបង្ក្រាបរាល់ទម្រង់នៃបទល្មើសបច្ចេកវិទ្យា ដើម្បីលើកកម្ពស់សន្តិសុខឌីជីថល និងសណ្ដាប់ធ្នាប់សាធារណៈនៅក្នុងប្រទេសឱ្យកាន់តែប្រសើរឡើង។
ឯកឧត្តមអភិបាលខេត្ត បានបន្ថែមថា ក្រោយទទួលបានបទបញ្ជានេះ រដ្ឋបាលរាជធានីខេត្តបានបើកប្រតិបត្តិការជាបន្តបន្ទាប់លើទីតាំងបទល្មើសឆបោកនេះ ដោយក្នុងនោះបានឃាត់ខ្លួនជនបរទេសរាប់ម៉ឺននាក់ និងរឹបអូសឧបករណ៍ប្រព្រឹត្តបានយ៉ាងច្រើន។ ក្រោយប្រតិបត្តិការក្តៅរបស់អាជ្ញាធរ និងសមត្ថកិច្ចរបស់រាជធានីខេត្ត ក្រុមជនបរទេសបានបំបែករូបភាពនៃការប្រមូលផ្តុំទ្រង់ទ្រាយធំដែលមនុស្សច្រើនលើទីតាំងធំ មកជារូបភាពតូចៗនៅតាមផ្ទះសំណាក់ ផ្ទះជួលឬទីតាំងជួលរបស់បងប្អូនប្រជាពលរដ្ឋជំនួសវិញតែបង្កើតបទល្មើសដដែល។ ដូច្នេះដើម្បីបង្ក្រាបឱ្យបានដល់ឬសគល់នៃបទល្មើសឆបោកតាមប្រព័ន្ធអនឡាញ(Scams online) អាជ្ញាធរក្រុងស្រុក សមត្ថកិច្ចពាក់ព័ន្ធទាំងអស់ត្រូវបង្កើនការចុះផ្សព្វផ្សាយឱ្យបានទូលំទូលាយនិងដល់មូលដ្ឋានរស់នៅរបស់បងប្អូនប្រជាពលរដ្ឋ ពិសេសអ្នកដែលមានផ្ទះសំណាក់ ផ្ទះជួល អគារស្នាក់នៅនិងទីតាំងជួលអំពីហានិភ័យ ទោសទណ្ឌ និងការផាកពិន័យធ្ងន់ធ្ងរគ្រាដែលទទួលឬជួលឱ្យជនបរទេសស្នាក់នៅប្រព្រឹត្តបទល្មើសឆបោក។ត្រូវបង្កើនការប្រុងប្រយ័ត្នខ្ពស់ចំពោះការជួលអគារ ផ្ទះ កន្លែងស្នាក់នៅផ្សេងៗដល់ជនបរទេស ជាពិសេសត្រូវពិនិត្យឯកសារនានា ធ្វើកិច្ចសន្យាឱ្យបានត្រឹមត្រូវមុនពេលជួលឱ្យ ជៀសវាងមានការជាប់ពាក់ព័ន្ធបទល្មើស Scam Online និងត្រូវសង្កេតចាប់អារម្មណ៍ចំពោះអ្នកស្នាក់នៅជាក្រុម មានភ្ជាប់ Internet ទំហំធំៗ គួរឱ្យសង្ស័យ និងសុំឱ្យមានវិធានការចុះត្រួតពិនិត្យ និងបង្ក្រាបបានទាន់ពេលវេលា៕ អត្ថបទ៖ បាន សុខរិទ្ធិ





-
ព័ត៌មាន6 days agoសម្តេចធិបតីណែនាំឱ្យក្រសួងធនធានទឹកនិងឧតុនិយម ត្រៀមខ្លួនទប់ទល់ជាមួយបាតុភូតអ៊ែលនីញ៉ូ
-
ព័ត៌មាន6 days agoអ្នកសារព័ត៌មានបារាំង និងកាណាដា ចុះផ្ដិតយករូបភាពស្លាកស្នាមដ៏ឈឺចាប់នៅបំន់បឹងត្រកួន, ភូមិព្រៃចាន់ និងភូមិជោគជ័យ បន្សល់ទុកដោយសង្គ្រាមថៃឈ្លានពានកាលពីឆ្នាំ២០២៥
-
ព័ត៌មាន4 days agoឧត្តមសេនីយ៍ឯក ជួន ណារិន្ទ ដាក់បញ្ជាបន្ទាន់ ឲ្យកម្លាំងជំនាញបើកការស្រាវជ្រាវតាមចាប់ ក្រុមក្មេងទំនើងជិះម៉ូតូប្រដេញគ្នាបង្កអាណាធិបតេយ្យ យកមកអនុវត្តច្បាប់
-
ព័ត៌មាន6 days agoសម្ដេចធិបតីណែនាំឱ្យរក្សាទុកក្លោងទ្វារភូមិហ្វ្រង់កូហ្វូនី និងប្រាសាទ ព្រះវិហារ តាក្របី និងតាមាន់ធំ ដើម្បីឱ្យប្រជាពលរដ្ឋបានទស្សនាក្នុងអំឡុងពេលព្រះរាជពិធីបុណ្យអុំទូក
-
ព័ត៌មាន4 days agoក្រសួងបរិស្ថាន៖ស្ថានភាពគុណភាពទឹកតាមដងទន្លេមេគង្គកម្ពុជាមិនទទួលរងនូវការបំពុលឡើយ
-
ព័ត៌មាន6 days agoទឹកធ្លាក់ជីអាំង តំបន់ទេសចរណ៍បែបធម្មជាតិ ក្នុងខេត្តមណ្ឌលគិរី ដែលទេសចរមិនគួរមើលរំលង
-
ព័ត៌មាន4 days agoថ្ងៃដំបូងបើកដំណើរការផ្លូវថ្មើជើងចតុមុខអបអរសាទរបុណ្យអុំទូក មានភ្ញៀវជាតិ អន្តរជាតិជាច្រើនមកដើរទស្សនាកម្សាន្ត
-
ព័ត៌មាន6 days agoGS25 ចុះកិច្ចព្រមព្រៀងសិទ្ធិផ្តាច់មុខជាមួយ META Retail បោះជំហានចូលទីផ្សារប្រទេសកម្ពុជា