ព័ត៌មាន
វិស័យអប់រំកម្រិតបឋមសិក្សាសម្រេចសមិទ្ធកម្ម ១០០% ក្រោមការអនុវត្តប្រព័ន្ធលើកទឹកចិត្តគាំទ្រសមិទ្ធកម្មរបស់រាជរដ្ឋាភិបាល
អត្រាកុមារចុះឈ្មោះចូលរៀនថ្នាក់ទី១ ត្រឹមត្រូវតាមអាយុ និងលទ្ធផលសិក្សារបស់សិស្សបឋមសិក្សា ទទួលបានកំណើនគួរឱ្យកត់សម្គាល់ ដែលនេះគឺជាផ្លែផ្កានៃការអនុវត្តការងារយ៉ាងសកម្មរបស់ក្រសួងអប់រំ យុវជន និងកីឡា មន្ត្រីរាជការ និងលោកគ្រូ អ្នកគ្រូនាយកសាលាបឋមសិក្សា ព្រមទាំងមានការគាំទ្រពី «ប្រព័ន្ធលើកទឹកចិត្តគាំទ្រសមិទ្ធកម្ម» ក្នុងរដ្ឋបាលសាធារណៈ។ សមិទ្ធផលនេះ ត្រូវបានបង្ហាញឡើងក្នុងកិច្ចប្រជុំគណៈកម្មាធិការគ្រប់គ្រងប្រព័ន្ធលើកទឹកចិត្តគាំទ្រសមិទ្ធកម្មក្នុងរដ្ឋបាលសាធារណៈ (គ.ប.ស.) កាលពីថ្ងៃទី២៩ ខែមេសា ឆ្នាំ២០២៦ ក្រោមអធិបតីភាព ឯកឧត្តម ហ៊ុន ម៉ានី ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងមុខងារសាធារណៈ និងជាប្រធាន គ.ប.ស.។
កិច្ចប្រជុំនេះ ធ្វើឡើងក្នុងគោលបំណងពិនិត្យលើរបាយការណ៍អនុវត្តគម្រោងសម្រាប់ឆ្នាំ២០២៥ និងពិនិត្យអនុម័តលើសំណើគម្រោងថ្មីៗសម្រាប់ឆ្នាំ២០២៦។ ផ្អែកតាមការតាមដាន និងវាយតម្លៃ ការអនុវត្តប្រព័ន្ធលើកទឹកចិត្តដែលជាវិធានការគន្លឹះទី៣ ក្នុងការកែទម្រង់រដ្ឋបាលសាធារណៈនេះ ពិតជាបានចូលរួមចំណែកយ៉ាងសំខាន់ក្នុងការលើកកម្ពស់សមិទ្ធកម្មការងារតាមបណ្តាក្រសួង-ស្ថាប័នរដ្ឋ។
កន្លងមក គ.ប.ស. បានអនុម័តគម្រោងចំនួន ២២ ជូនក្រសួង-ស្ថាប័នចំនួន ១៣ ដើម្បីអនុវត្តលើមុខសញ្ញាគោលដៅចំនួន ៦ សំខាន់ៗ រួមមាន៖ (១)ការដ្ឋានកែទម្រង់ និងការពង្រឹងអភិបាលកិច្ច ចំនួន៣ គម្រោង (២)ការអនុវត្តវិធានការគន្លឹះក្នុងវិស័យអប់រំ ចំនួន១ គម្រោង (៣)ការអនុវត្តវិធានការគន្លឹះក្នុងវិស័យសុខាភិបាល ចំនួន១ គម្រោង (៤)គម្រោងអនុវត្តដោយមន្ត្រីកសិកម្មឃុំ-សង្កាត់ (៥)ការរៀបចំគោលនយោបាយ និងផែនការយុទ្ធសាស្ត្រ ចំនួន៧ គម្រោង (៦)ការរៀបចំ និងគ្រប់គ្រងផ្នែកស្ថិតិ ទិន្នន័យ និងផែនការ ចំនួន១០ គម្រោង។
អ្វីដែលជាការកត់សម្គាល់ក្នុងរបាយការណ៍បច្ចុប្បន្នភាពនេះ គឺ «គម្រោងលើកកម្ពស់អភិបាលកិច្ច និងការផ្តល់សេវាអប់រំបឋមសិក្សា» របស់ក្រសួងអប់រំ យុវជន និងកីឡា ដែលសម្រេចបានសមិទ្ធកម្ម១០០ភាគរយ សម្រាប់មុខសញ្ញាអាទិភាព ដែលអនុវត្តដោយផ្ទាល់ពីនាយកសាលាបឋមសិក្សាទូទាំងប្រទេស។
គម្រោងនេះ សម្រេចបានដោយជោគជ័យនូវសូចនាករដែលបានព្រមព្រៀងចំនួន៥ រួមមាន៖ (១) កំណើនការចុះឈ្មោះចូលរៀន៖ ភាគរយកុមារចុះឈ្មោះចូលរៀនថ្នាក់ទី១ ត្រឹមត្រូវតាមអាយុ បានកើនដល់ ៩៥,២% (ធៀបនឹងទិន្នន័យមូលដ្ឋាន ៩៣,៧%)។ (២) ប្រព័ន្ធព័ត៌មានសាលារៀន៖ ភាគរយសាលាបឋមសិក្សាដែលមានបណ្ណព័ត៌មានសាលារៀន (School Profile) កើនដល់ ៧០% (ធៀបនឹង ៣៦%) ដើម្បីអាណាព្យាបាលទទួលបានព័ត៌មានគ្រប់គ្រាន់។ (៣) អភិបាលកិច្ចសាលារៀន៖ សាលារៀនដែលបានរៀបចំបង្កើតគណៈកម្មការគ្រប់គ្រងសាលារៀន កើនដល់ ៩០% (ធៀបនឹង ៣០%)។ (៤) ការកាត់បន្ថយសិស្សខ្សោយ៖ អត្រាសិស្សដែលនៅក្រោមមូលដ្ឋានលើមុខវិជ្ជាភាសាខ្មែរ និងគណិតវិទ្យាថ្នាក់ទី៣ បានថយចុះ ៦% មកនៅត្រឹម ៤៥% (ធៀបនឹង ៥១% កាលពីឆ្នាំ២០១៩) ក្នុងចំណោមសាលាគោលដៅចំនួន ៦.២៥៥ សាលា។ (៥) កំណើនសិស្សពូកែ៖ ភាគរយសិស្សបឋមសិក្សាដែលទទួលបាននិទ្ទេស A, B, និង C លើមុខវិជ្ជាភាសាខ្មែរ និងគណិតវិទ្យា ថ្នាក់ទី៣ បានកើនឡើងដល់ ៣៣% (ធៀបនឹង ២៨% នៃតេស្តស្តង់ដាថ្នាក់ទី៣ ឆ្នាំ២០១៩)។
អង្គប្រជុំបានសង្កត់ធ្ងន់ជាស្មារតីថា ការអនុវត្តប្រព័ន្ធលើកទឹកចិត្តគាំទ្រសមិទ្ធកម្មនេះ ត្រូវតែបន្តអនុវត្តឱ្យកាន់តែមានប្រសិទ្ធភាព ដើម្បីធានាដល់ការគាំទ្រដំណើរការរដ្ឋបាលសាធារណៈ ជាពិសេសការលើកកម្ពស់សមិទ្ធកម្មមន្ត្រី និងអង្គភាព ស្របតាមគោលនយោបាយរបស់រាជរដ្ឋាភិបាលកម្ពុជា។ គណៈកម្មាធិការ នឹងបន្តតាមដាន វាយតម្លៃ និងផ្ទៀងផ្ទាត់រាល់សមិទ្ធកម្មជាបន្តបន្ទាប់ ដើម្បីធានាថាគម្រោងនីមួយៗពិតជាទទួលបានលទ្ធផលជាក់ស្តែង ត្រឹមត្រូវ និងមានតម្លាភាព៕









-
ព័ត៌មាន1 week agoក្រសួងបរិស្ថានគាំទ្រកិច្ចសហការជាមួយអង្គការ WWF លើការគ្រប់គ្រងបរិស្ថាននៅបឹងទន្លេសាប ការលើកកម្ពស់ជីវភាពសហគមន៍ និងការទប់ស្កាត់ការប្រែប្រួលអាកាសធាតុ
-
ព័ត៌មាន7 days agoអង្គភាពប្រឆាំងអំពើពុករលួយ និងសភាពាណិជ្ជកម្មប្តេជ្ញារួមគ្នាកសាងវប្បធម៌ស្អាតស្អំក្នុងធុរកិច្ច
-
ព័ត៌មាន1 week agoតំណាងអយ្យការសម្រេចបើកការស៊ើបសួរ លើជនត្រូវចោទឆេង ភារុណ និងបក្សពួកម្នាក់ទៀត ក្នុងសំណុំរឿងហិង្សានៅខណ្ឌបឹងកេងកង
-
ព័ត៌មាន1 week agoសម្តេចប្រធានរដ្ឋសភា៖ សន្និសីទប្រធានសភានៃអន្តរសភាលើកទី២ ជាការចងក្រងបណ្តាញ អ្នកស្រលាញ់សន្តិភាពដើម្បីលើកម្ពស់វិបុលភាពរបស់ប្រជាពលរដ្ឋ
-
ព័ត៌មាន1 week agoអាជ្ញាធរជាតិប្រយុទ្ធប្រឆាំងគ្រឿងញៀន ដុតបំផ្លាញគ្រឿងញៀនជាង ៤តោន នៅខេត្តកោះកុង
-
ព័ត៌មាន7 days agoក្រុមហ៊ុន ប៊ីវីអឹម និង Intertek ចុះហត្ថលេខាដើម្បីបង្កើតភាពជាដៃគូយុទ្ធសាស្រ្តលើការត្រួតពិនិត្យគុណភាពប្រេងឥន្ធនៈ
-
ព័ត៌មាន6 days agoពលរដ្ឋ៖ កេរ្ដិ៍ឈ្មោះកម្ពុជា នឹងកាន់តែល្អបន្ទាប់ពីជោគជ័យ កម្ទេចមជ្ឈមណ្ឌលឆបោកតាមប្រព័ន្ធបច្ចេកវិទ្យា
-
ព័ត៌មាន5 days agoមន្រ្តីឧទ្យានុរក្សបន្តចុះល្បាតនិងទប់ស្កាត់ការកាប់រានដីព្រៃ ចំនួន១២ករណីនៅក្នុងឧទ្យានជាតិគិរីរម្យ