ព័ត៌មាន
កម្ពុជាប្រារព្ធពិធីបុណ្យវិសាខបូជា រំលឹកដល់ព្រះពុទ្ធសមណគោតមបរមគ្រូ
នៅព្រឹកថ្ងៃទី១ ខែឧសភា នេះ ត្រូវនឹងថ្ងៃ១៥កើត ខែពិសាខ ឆ្នាំមមី ព.ស២៥៦៩ ប្រទេសកម្ពុជា បានរៀបចំប្រារព្ធពិធីបុណ្យវិសាខបូជាយ៉ាងអធិកអធម នៅព្រះមហាសក្យមុនីចេតិយ ភ្នំឧត្តុង្គ ក្រោយការដឹកនាំដោយឯកឧត្តម ហ៊ី សោភា ប្រធានក្រុមប្រឹក្សាធម្មនុញ្ញ និងលោកជំទាវ ព្រមទាំងមានការចូលរួមពីថ្នាក់ដឹកនាំ តំណាងថ្នាក់ដឹកនាំ មន្ត្រីរាជការ សាស្ត្រាចារ្យ លោកគ្រូ អ្នកគ្រូ សិស្សនិស្សិត សីលវន្ត សីលវតី និងពុទ្ធបរិស័ទច្រើនកុះករ។
ប្រជាពុទ្ធបរិស័ទ ដែលបានអញ្ជើញចូលរួម បានសម្ដែងក្ដីជ្រះថ្លាក្នុងការចូលរួមក្នុងពិធិបុណ្យវិសាខបូជា ដែលជាំរៀងរាល់ឆ្នាំ ថ្នាក់ដឹកនាំ និងតំណាងថ្នាក់ដឹកនាំតាមស្ថានប័នក្រសួង មន្ត្រីរាជការក្រោមឱវាទ និងប្រជាពុទ្ធបរិស័ទជិតឆ្ងាយគ្រប់មជ្ឈដ្ឋាន តែងតែមកចូលរួមពិធីបុណ្យវិសាខបូជា ទ្រង់ទា្រយធំ នៅភ្នំឧត្តុង្គនេះ បំណងរម្លឹកនឹកដល់អភិលក្ខិតសម័យទាំងបី របស់ព្រះពុទ្ធ និងចូលរួមធ្វើបុណ្យបំពេញកុសល តាមសទ្ធាជ្រះថ្លា ដើម្បីជាគុណប្រយោជន៍ដល់ការអភិរក្សអត្តសញ្ញាណជាតិ ប្រពៃណីព្រះពុទ្ធសាសនា និងអនុមោទនាយកផលានិសង្សរៀងៗខ្លួន។
សូមបញ្ជាក់ថា ពិធីបុណ្យវិសាខបូជា គឺជាបុណ្យមួយក្នុងចំណោមបុណ្យធំៗទាំងឡាយ ក្នុងព្រះពុទ្ធសាសនា ដែលប្រទេសកាន់ព្រះពុទ្ធសាសនា និងពុទ្ធមាមកជននៅលើសកលលោក តែងប្រារព្ធធ្វើជារៀងរាល់ឆ្នាំពុំដែលខាន បំណងរម្លឹកនឹកដល់អភិលក្ខិតសម័យទាំងបី ដែលព្រះសម្មាសម្ពុទ្ធបរមគ្រូ ទី១ ទ្រង់ប្រសូតិចាកឧទ្ទរព្រះមាតា ទី២ ទ្រង់បានត្រាស់ដឹងនូវអនុត្តរសម្មាសម្ពោធិញ្ញាណ និងទី៣ ទ្រង់រម្លត់ខន្ធចូលកាន់ព្រះបរិនិព្វាន នៅក្នុងថ្ងៃ១៥កើត ពេញបូណ៌មី ក្នុងខែពិសាខ ដូចៗគ្នា ហើយទន្ទឹមនឹងនេះ បុណ្យវិសាខបូជា ត្រូវបានអង្គសហប្រជាជាតិ ប្រកាសទទួលស្គាល់នៅថ្ងៃទី១៥ ខែធ្នូ ឆ្នាំ១៩៩៩ ចាប់ពីពេលនោះមក នៅការិយាល័យអង្គការសហប្រជាជាតិ ក៏មានប្រារព្ធធ្វើបុណ្យវិសាខបូជាជារៀងរាល់ឆ្នាំផងដែរ។
តាមកម្មវិធីរៀបចំពិធីបុណ្យវិសាខបូជា របស់គណៈកម្មាធិការជាតិរៀបចំបុណ្យជាតិ អន្តរជាតិ ដែលបានរៀបចំជាផ្លូវការ នៅភ្នំឧត្តុង្គ ឆ្នាំនេះ គឺមានការរៀបចំប្រព្រឹត្តទៅរយៈពេល២ថ្ងៃ តាមកាលកំណត់ គឺនៅថ្ងៃសុក្រ ១៥កើត ខែពិសាខ ឆ្នាំមមី ព.ស២៥៦៩ និង ថ្ងៃសៅរ៍ ១រោច ខែពិសាខ ឆ្នាំមមី ព.ស.២៥៧០ ត្រូវនឹងថ្ងៃទី១ ថ្ងៃទី២ ខែឧសភា ឆ្នាំ២០២៦ ដោយមានការៀបចំកម្មវិធីហែរប្រទក្សិណ ព្រះមហាសក្យមុនីចេតិយ និងថ្វាយគ្រឿងសក្ការបូជា ធ្វើនមស្ការព្រះរតនត្រ័យ សមាទានសីល វេរភត្ត ឧទ្ទិសកុសល និងនិមន្តព្រះសង្ឃបិណ្ឌបាត នៅឧបដ្ឋានសាលាខាងក្រោម ដែលស្ថិតខាងកើត ព្រះមហាសក្យមុនីចេតិយ។ នៅពេលល្ងាច និងថ្ងៃបន្ទាប់ គឺមានរៀបចំកម្មវិធី ជាឱកាសប្រគេនព្រះសង្ឃ និងជូនពុទ្ធបរិស័ទថ្វាយគ្រឿងសក្ការបូជា នមស្ការព្រះរតនត្រ័យ សូត្រនមស្ការគាថា ដើម្បីបំពេញកុសលតាមសទ្ធាជ្រះថ្លា ស្របតាមប្រពៃណីព្រះពុទ្ធសាសនា៕
អត្ថបទ៖ ស៊ុម សុខជា






-
ព័ត៌មាន1 week agoសម្ដេចអធិបតី និងលោកជំទាវ អញ្ជើញ ឧទ្ទិសកុសលជូន ញាតិកា និង បុព្វបុរស នៅ វាំងចាស់ ខេត្តកំពង់ស្ពឺ
-
ព័ត៌មាន6 days agoយុវជនក្នុងខេត្តកណ្ដាល បង្ហាញមោទនភាព ដែលមានឱកាសក្លាយជាកម្លាំងការពារជាតិ
-
ព័ត៌មាន1 week agoឯកឧត្តម គីម រិទ្ធី អភិបាលខេត្តព្រះវិហារ នាំយកចង្ហាន់ និងទេយ្យទានប្រគេនព្រះសង្ឃ ៤វត្ត ក្នុងស្រុកជាំក្សាន្ដ នាឱកាសបុណ្យកាន់បិណ្ឌទី១៣
-
ព័ត៌មាន3 days agoយុវជនខេត្តកំពង់ឆ្នាំង បង្ហាញមោទនភាពក្នុងការចូលបំពេញកាតព្វកិច្ចយោធា ដើម្បីបម្រើជាតិមាតុភូមិ
-
ព័ត៌មាន2 days agoយុវជន ២៤០នាក់នៅខេត្តកោះកុង បានដាក់ពាក្យបំពេញកាតព្វកិច្ចយោធា
-
ព័ត៌មាន1 week agoកម្ពុជា ស្វាគមន៍សិង្ហបុរី ដែលបានចាត់បញ្ជូននាយទាហានប្តូរវេនចំនួនពីររូប ចូលរួមជាមួយ AOT
-
ព័ត៌មាន4 days agoយុវជនប្ដេជ្ញាខិតខំហ្វឹកហាត់លត់ដំខ្លួនឱ្យរឹងមាំដើម្បីក្លាយជាសសរស្ដម្ភជាតិ ក្នុងពេលចូលបំពេញកាតព្វកិច្ចកិច្ចយោធា
-
ព័ត៌មាន1 week agoសេវារថយន្តក្រុងរដ្ឋឥតគិតថ្លៃបានសន្សំសោហ៊ុយធ្វើដំណើររបស់ពលរដ្ឋប្រមាណ ១២ពាន់លានរៀល