ព័ត៌មាន
សម្តេចតេជោ ណែនាំដល់មន្ត្រីរាជការ ក្រុមប្រឹក្សាខេត្ត ឃុំ សង្កាត់ បន្តយកចិត្តទុកដាក់បំពេញតួនាទីភារកិច្ចបម្រើជាតិ និងប្រជាជនឱ្យបានល្អប្រសើរ
កំពង់ស្ពឺ៖ នៅព្រឹកថ្ងៃសៅរ៍ ទី០២ ខែឧសភា ឆ្នាំ២០២៦ សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន ប្រមុខរដ្ឋស្ដីទីនៃព្រះរាជាណាចក្រកម្ពុជា បានបន្តអញ្ជើញជួបសំណេះសំណាលជាមួយក្រុមប្រឹក្សាខេត្ត ក្រុង ស្រុក ឃុំ សង្កាត់ និងថ្នាក់ដឹកនាំមន្ទីរ អង្គភាពនានាជុំវិញខេត្តកំពង់ស្ពឺ សរុបចំនួន ៩៩៦នាក់។
ពិធីចុះជួបសំណេះសំណាលនេះ ជាការអនុវត្ត ក៏ដូចជាពង្រឹងគណនេយ្យភាពរវាងព្រឹទ្ធសភា ជាមួយអង្គបោះឆ្នោត ដើម្បីឱ្យមានតម្លាភាព ក៏ដូចជាជំរុញឱ្យការងារមូលដ្ឋានកាន់តែមានប្រសិទ្ធភាព ម្យ៉ាងវិញទៀតក៏ដើម្បីផ្សារភ្ជាប់ទំនាក់ទំនងឱ្យកាន់តែជិតស្និទ្ធជាមួយអាជ្ញាធរមូលដ្ឋាន ព្រមទាំងក្រើនរំលឹកដល់មន្ត្រីនៅមូលដ្ឋានបង្កើនការយកចិត្តទុកដាក់លើភារកិច្ចជាដែនសមត្ថកិច្ចរបស់ខ្លួន ទន្ទឹមនឹងការផ្តល់សេវាសាធារណៈជូនប្រជាពលរដ្ឋ ឱ្យបានល្អប្រសើរ។

ឯកឧត្តមបណ្ឌិត ជាម ច័ន្ទសោភ័ណ្ឌ អភិបាលខេត្តកំពង់ស្ពឺ បានថ្លែងថា រដ្ឋបាលខេត្ត បានយកចិត្តទុកដាក់ក្នុងការបង្កើន និងជំរុញសក្តានុពលវិស័យកសិកម្ម តាមរយៈពង្រាយមន្ត្រីកសិកម្មតាមឃុំ-សង្កាត់ ដើម្បីជួយការងារបណ្តុះបណ្តាល និងណែនាំបច្ចេកទេសដល់ប្រជាកសិករ ដែលមានផ្ទៃដីបង្កបង្កើនផលសរុប ១២១.១៧៣ហិកតា ទិន្នផល ៤០៧.៣៣០តោន ដំណាំឧស្សាកម្ម ដូចជាស្វាយកែវរមៀត ប្រមាណជាង ៦៤.០៣៧ហិកតា ទិន្នផល ៤០៤.៨៧៩តោន អំពៅប្រមាណជាង ៥២.០០០ហិកតា ទិន្នផលសរុប ២.៦០០.០០០តោន ផលិតស្ករអំពៅ បានប្រមាណ ៣៤០.០០០តោន/ឆ្នាំ និងដំណាំរួមផ្សំរាប់សែនហិកតា ព្រមទាំងមានកសិដ្ឋានចិញ្ចឹមសត្វ ៤៦២កន្លែង មានប្រមាណជាង ១៤.៥៦៨.០១៥ក្បាល រួមមាន ជ្រូក មាន់ (ពងមាន់នាំចេញប្រមាណជាង ៦៣.៤៥៧.២០០គ្រាប់/ឆ្នាំ) ដែលគិតជាទឹកប្រាក់សរុបលើសពី ៣៥០.០០០.០០០ដុល្លារ/ឆ្នាំ។
ឯកឧត្តមបណ្ឌិត អភិបាលខេត្ត បានឱ្យដឹងថា វិស័យឧស្សាហកម្ម ក៏មានការកើនឡើងឥតឈប់ឈរ ក្នុងនោះកាលពីឆ្នាំ២០២៥កន្លងទៅ ដោយទទួលបានគម្រោង វិនិយោគក្រោម ៥លានដុល្លារ ចំនួន ១២៦គម្រោង និងនៅក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា ចំនួន ១៣០គម្រោង។ ដោយឡែកគិតត្រឹមខែមេសា ឆ្នាំ២០២៦នេះ ខេត្តកំពង់ស្ពឺ ក៏ទទួលបានគម្រោងវិនិយោគក្រោម ៥លានដុល្លារ ចំនួន ៣៥គម្រោងបន្ថែមទៀត។បច្ចុប្បន្នទូទាំងខេត្តកំពង់ស្ពឺ មានតំបន់សេដ្ឋកិច្ច (SEZ) ២កន្លែង សួនឧស្សាហកម្ម ៩កន្លែង និងរោងចក្រ សហគ្រាស គ្រឹះស្ថាន សរុបមានចំនួន ១.៦១៨កន្លែង ស្រូបកម្លាំងពលកម្មសរុប ៣២៧.១៩៣នាក់។ ក្រៅពីវិស័យសេដ្ឋកិច្ច ក៏មានវិស័យសង្គមកិច្ចដទៃទៀត បានចូលរួមចំណែកក្នុងផ្តល់សេវាសាធារណៈ និងលើកកម្ពស់កម្រិតជីវភាពប្រជាពលរដ្ឋ ក្នុងមូលដ្ឋាន ព្រមទាំងបានបង្កើនទំហំសេដ្ឋកិច្ចខេត្ត មានចំនួន ២.៦០៥លានដុល្លារ និងចំណូលសម្រាប់មនុស្សម្នាក់ៗ (GDP) មានចំនួន ២.៧០២ដុល្លារ (ទិន្នន័យឆ្នាំ២០២៤)។
ឱកាសនោះ សម្តេចតេជោហ៊ុន សែន បានបង្ហាញនូវក្តីរីករាយ ដែលបានអញ្ជើញមកជួបជាមួយបងប្អូនក្រុមប្រឹក្សាខេត្ត ក្រុង ស្រុក ឃុំ សង្កាត់ និងថ្នាក់ដឹកនាំមន្ទីរអង្គភាពនានា ក្នុងខេត្តកំពង់ស្ពឺនេះ។
សម្តេចតេជោបានកោតសរសើរ និងវាយតម្លៃខ្ពស់ចំពោះមន្ត្រីរាជការទាំងអស់ដែលបានខិតខំបំពេញការងារបម្រើសេវាសាធារណៈជូនដល់ប្រជាពលរដ្ឋនៅពេលកន្លងមក ជាពិសេសការរួមគ្នារក្សាឱ្យបាននូវសន្តិសុខសណ្តាប់ធ្នាប់ និងរបៀបរៀបរយក្នុងសង្គម ទប់ស្កាត់បាននូវទង្វើបង្ករចលាចលនានាក្នុងសង្គម។
សម្តេចតេជោ បានណែនាំដល់មន្ត្រីរាជការទាំងអស់ ជាពិសេសក្រុមប្រឹក្សាឃុំ សង្កាត់ ឱ្យបន្តយកចិត្តទុកដាក់បំពេញតួនាទីភារកិច្ចបម្រើជាតិ និងប្រជាជនឱ្យបានល្អប្រសើរ ជាពិសេសបន្តយកចិត្តទុកដាក់ផ្តល់នូវសេវាចាំបាច់នានាជូនប្រជាពលរដ្ឋឱ្យបានលឿន រហ័ស ចៀសវាងបង្កនូវបញ្ហានានាដែលនាំឱ្យមានការថ្នាំងថ្នាក់ដល់ទឹកចិត្តរបស់ប្រជាពលរដ្ឋ និងបន្តយកចិត្តទុកដាក់រក្សាសន្តិសុខសណ្ដាប់ធ្នាប់សង្គម អនុវត្តគោលនយោបាយភូមិ ឃុំ មានសុវត្ថិភាព ការបង្ក្រាបនូវបទល្មើសផ្សេងៗ ដូចជា ចោរឆក់ ចោរប្លន់ ការជួញដូរគ្រឿងញៀន ជាពិសេសបង្ក្រាបឱ្យបាននូវអំពើឆបោកតាមអនឡាញ(Scam Online)។
សម្តេចតេជោ ហ៊ុន សែន ក៏បានកោតសរសើរដល់មន្ត្រីគ្រប់ជាន់ថ្នាក់ នៃខេត្តកំពង់ស្ពឺ ទាំងអស់ដែលបានរួមសហការគ្នាអភិវឌ្ឍខេត្តមួយនេះឱ្យទទួលបាននូវការការរីកចម្រើនជាបន្តបន្ទាប់ រួមគ្នាដើម្បីខេត្តកំពង់ស្ពឺ៕
-
ព័ត៌មាន4 days agoចៅក្រមស៊ើបសួរសម្រេចឃុំខ្លួនជនជាតិថៃចំនួន ២០នាក់ និងបក្ខពួកពាក់ព័ន្ធរៀបចំមជ្ឈមណ្ឌល Online Scams
-
ព័ត៌មាន1 week agoមេបញ្ជាការកងទ័ពជើងទឹកអញ្ជើញបិទវគ្គហ្វឹកហ្វឺនពលទាហានថ្មី វគ្គទី៧ បំពេញក្របខណ្ឌឲ្យកងទ័ពជើងគោក ឆ្នាំ២០២៦ និងបើកវគ្គហ្វឹកហ្វឺនបំប៉នជំនាញកាំភ្លើងការពារអាកាសឆ្នាំ២០២៦
-
កីឡា1 week agoកម្ពុជាត្រៀមកីឡាប្រមាណ ៣១ប្រភេទ ចូលរួមព្រឹត្តិការណ៍ស៊ីហ្គេម លើកទី៣៤ នៅម៉ាឡេស៊ី
-
PR NEWS7 days agoអ្នកលេងប៉ះអ្នកមែន! គូនអន្តរជាតិ៥គូ នឹងធ្វើអោយកក្រើកលើសង្វៀន “BOOSTRONG KUN KHMER SPECIAL BATTLE”
-
កីឡា1 week agoកម្ពុជានឹងបញ្ជូនអត្តពលិក ៣២នាក់ចូលរួមការប្រកួតតេក្វាន់ដូ ITF ជ្រើសរើសជើងឯកអាស៊ី លើកទី ១១ ឆ្នាំ២០២៦ នៅម៉ុងហ្គោលី
-
ព័ត៌មាន5 days agoសម្តេចកិត្តិសង្គហបណ្ឌិត ម៉ែន សំអន ចាត់ទុកវិនិយោគិនគឺជា «ដៃគូអភិវឌ្ឍន៍ដែលមិនអាចខ្វះបាន» ខណៈដែលក្រុមហ៊ុនចិនធំៗចំនួន ៦០ សម្លឹងឃើញពីសក្តានុពល និងឱកាសវិនិយោគនៅកម្ពុជា
-
ព័ត៌មាន1 week agoពលរដ្ឋភៀសសឹកដែលមិនទាន់អាចវិលត្រលប់ទៅផ្ទះសំបែងវិញបាន ជឿជាក់លើរាជរដ្ឋាភិបាលក្នុងការដោះស្រាយបញ្ហាព្រំដែនជាមួយថៃដោយសន្ដិវិធី
-
ព័ត៌មាន5 days agoអ្នករាយការណ៍ពិសេសសម្តែងនូវការបារម្ភចំពោះស្ថាននភាពសិទ្ធិមនុស្សដោយសារជម្លោះព្រំដែន