ព័ត៌មាន
ក្នុងត្រីមាសទី១ ឆ្នាំនេះ កម្ពុជាទទួលបានភ្ញៀវអន្តរជាតិជាង ១លាននាក់ ក្នុងនោះ ភ្ញៀវចិនឈរនៅលំដាប់ទី១
រដ្ឋមន្រ្តីក្រសួងទេសចរណ៍ បានបញ្ជាក់ថា ក្នុងរយៈពេលបីខែដើម ឆ្នាំ២០២៦នេះ កម្ពុជាទទួលស្វាគមន៍ភ្ញៀវទេសចរអន្តរជាតិជាង ១លាននាក់ ក្នុងនោះ ភ្ញៀវទេសចរជនជាតិចិន បានឈរនៅលំដាប់ទី១ ដែលមានចំនួនជាង ២៤ម៉ឺននាក់ ខណៈកម្ពុជារំពឹងពីកំណើនភ្ញៀវទេសចរចិនមកកម្ពុជាកាន់តែច្រើន ក្នុងអំឡុងពេលកម្ពុជាអនុវត្តការលើកលែងទិដ្ឋាការដល់ប្រជាពលរដ្ឋចិន ក្នុងដំណាក់កាលសាកល្បងនៅថ្ងៃទី១៥ ខែមិថុនា ឆ្នាំ២០២៦ ខាងមុខនេះ។

ឯកឧត្តម ហួត ហាក់ រដ្ឋមន្រ្តីក្រសួងទេសចរណ៍ បានថ្លែងកាលពីថ្មីៗនេះថា រាជរដ្ឋាភិបាលបានបន្តចាត់ទុកវិស័យទេសចរណ៍ ជាវិស័យអាទិភាព និងជាមាសបៃតង បានរួមចំណែកការអភិវឌ្ឍន៍សង្គម និងសេដ្ឋកិច្ចជាតិ តាមរយៈការបង្កើតឱកាសការងារ ការបង្កើនប្រាក់ចំណូលជូនប្រជាពលរដ្ឋដោយផ្ទាល់ និងដោយប្រយោល។ ព្រមទាំង ជំរុញការនាំចេញនៅនឹងកន្លែង ទ្រទ្រង់កំណើនសេដ្ឋកិច្ច បង្កើនចំណូលជូនជាតិ និងចូលរួមការអភិរក្ស វប្បធម៌ ថែរក្សាការពារបរិស្ថាន ធនធានធម្មជាតិ ប្រកបដោយប្រសិទ្ធភាព និងការទទួលខុសត្រូវខ្ពស់។

ឯកឧត្តមរដ្ឋមន្រ្តី ថ្លែងទៀតថា ក្នុងត្រីមាសទី១ ឆ្នាំ២០២៦នេះ កម្ពុជាទទួលបានភ្ញៀវទេសចរអន្តរជាតិជាង ១លាននាក់ ក្នុងនោះ ភ្ញៀវទេសចរចិនមានចំនួនប្រមាណ ២៤ម៉ឺននាក់ បានឈរនៅលេខរៀងទី១ ដែលមកទស្សនាប្រទេសកម្ពុជា ក្នុងចំណោមភ្ញៀវទេសចរបរទេសសរុប។ ផ្អែកតាមស្ថិតិនេះ វិស័យទេសចរណ៍កម្ពុជានៅតែបង្ហាញភាពធន់នឹងវិបត្តិ ដោយសារស្មារតីសាមគ្គីភាពនៃមហាគ្រួសារវិស័យទេសចរណ៍ទាំងផ្នែករដ្ឋ និងផ្នែកឯកជន រួមគ្នាដាក់ចេញនូវវិធានការគន្លឹះបន្ទាន់ និងផែនការសកម្មភាពអនុវត្តជាក់ស្តែងបានទាន់ពេលវេលា។ ជាពិសេស ការបន្តដាក់ចេញនូវយុទ្ធនាការទស្សនាកម្ពុជានៅរដូវកាលបៃតង (Green Season) និងការដាក់ចេញយុទ្ធនាការរដូវកាលសាមគ្គីភាព ដែលធ្វើឱ្យយើងនៅតែអាចសម្រេចបានតាមផែនការ។
ឯកឧត្តមរដ្ឋមន្រ្តី មានប្រសាសន៍ដូច្នេះថា៖ «ជាការពិត មិនអាចប្រកែកបានអនាគតនៃវិស័យទេសចរណ៍របស់កម្ពុជាគឺមិនអាចកាត់ផ្តាច់បានពីការស្រូបទាញកំណើននៃរំហូរ ភ្ញៀវទេសចរចិន និងវិនិយោគិនចិន បានឡើយ។ កម្ពុជា ក៏បានត្រៀមលក្ខណៈគ្រប់គ្រាន់ និងរួចរាល់ក្នុងការទទួលស្វាគមន៍កាលវិលត្រឡប់មកវិញនូវភ្ញៀវទេសចរចិន និងវិនិយោគិនចិន តាមរយៈការសម្រួលបរិយាកាស ទទួលបដិសណ្ឋាកិច្ចដល់ភ្ញៀវទេសចរ និងវិនិយោគិនរបស់មិត្តចិននៅកម្ពុជា ស្របពេលដែល រាជរដ្ឋាភិបាលបានសម្រេចផ្តល់ការលើកលែងទិដ្ឋាការដល់ប្រជាពលរដ្ឋចិន ដែលនឹងធ្វើដំណើរមកកាន់កម្ពុជា ដោយអាចស្នាក់នៅកម្ពុជាបានចំនួន ១៤ថ្ងៃ ក្នុងដំណាក់កាលសាកល្បងដំបូង ដែលមានរយៈពេល ៤ខែ គិតចាប់ពីថ្ងៃទី១៥ ខែមិថុនា ដល់ ថ្ងៃទី១៥ ខែតុលា ឆ្នាំ ២០២៦។ការលើកលែងទិដ្ឋាការនេះ រៀបចំឡើង ស្របពេលរដូវកាលបៃតងដ៏ស្រស់ស្អាតនៅកម្ពុជា»។
សូមបញ្ជាក់ថា ក្នុងឆ្នាំ ២០២៥ កន្លងទៅ កម្ពុជាទទួលបានភ្ញៀវទេសចរអន្តរជាតិចំនួនប្រមាណ ៥,៦លាននាក់ ក្នុងនោះ ភ្ញៀវទេសចរចិនមានប្រមាណ ១លាន២ សែននាក់ កើនឡើងប្រមាណ ៤២% បើធៀបនឹងឆ្នាំមុនទៅ។ ភ្ញៀវទេសចរចិនបានឈរនៅលំដាប់ទី២ នៃភ្ញៀវទេសចរបរទេសមកកម្ពុជា៕ អត្ថបទ៖ ធូ វិរៈ







-
ព័ត៌មាន1 week agoសម្ដេចអធិបតី និងលោកជំទាវ អញ្ជើញ ឧទ្ទិសកុសលជូន ញាតិកា និង បុព្វបុរស នៅ វាំងចាស់ ខេត្តកំពង់ស្ពឺ
-
ព័ត៌មាន6 days agoយុវជនក្នុងខេត្តកណ្ដាល បង្ហាញមោទនភាព ដែលមានឱកាសក្លាយជាកម្លាំងការពារជាតិ
-
ព័ត៌មាន1 week agoឯកឧត្តម គីម រិទ្ធី អភិបាលខេត្តព្រះវិហារ នាំយកចង្ហាន់ និងទេយ្យទានប្រគេនព្រះសង្ឃ ៤វត្ត ក្នុងស្រុកជាំក្សាន្ដ នាឱកាសបុណ្យកាន់បិណ្ឌទី១៣
-
ព័ត៌មាន3 days agoយុវជនខេត្តកំពង់ឆ្នាំង បង្ហាញមោទនភាពក្នុងការចូលបំពេញកាតព្វកិច្ចយោធា ដើម្បីបម្រើជាតិមាតុភូមិ
-
ព័ត៌មាន2 days agoយុវជន ២៤០នាក់នៅខេត្តកោះកុង បានដាក់ពាក្យបំពេញកាតព្វកិច្ចយោធា
-
ព័ត៌មាន1 week agoកម្ពុជា ស្វាគមន៍សិង្ហបុរី ដែលបានចាត់បញ្ជូននាយទាហានប្តូរវេនចំនួនពីររូប ចូលរួមជាមួយ AOT
-
ព័ត៌មាន4 days agoយុវជនប្ដេជ្ញាខិតខំហ្វឹកហាត់លត់ដំខ្លួនឱ្យរឹងមាំដើម្បីក្លាយជាសសរស្ដម្ភជាតិ ក្នុងពេលចូលបំពេញកាតព្វកិច្ចកិច្ចយោធា
-
ព័ត៌មាន1 week agoសេវារថយន្តក្រុងរដ្ឋឥតគិតថ្លៃបានសន្សំសោហ៊ុយធ្វើដំណើររបស់ពលរដ្ឋប្រមាណ ១២ពាន់លានរៀល