ព័ត៌មាន
សម្តេចបវរធិបតី៖ នៅកម្ពុជា សេរីភាពសារព័ត៌មាន មិនមែនត្រឹមតែជាសិទ្ធិមូលដ្ឋាននៃលទ្ធិប្រជាធិបតេយ្យទេ តែជាចលករយុទ្ធសាស្ត្រការពារសន្តិភាព និងបូរណភាពទឹកដី
ភ្នំពេញ៖ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃកម្ពុជា បានលើកឡើងថា សម្រាប់ប្រទេសកម្ពុជា សេរីភាពសារព័ត៌មានមិនមែនត្រឹមតែ ជាសិទ្ធិមូលដ្ឋាននៃលទ្ធិប្រជាធិបតេយ្យប៉ុណ្ណោះទេ ប៉ុន្តែជាចលករយុទ្ធសាស្ត្រក្នុងការការពារសន្តិភាព និងបូរណភាពទឹកដី ដែលត្រូវរួមគ្នាថែរក្សាឱ្យបានជាដាច់ខាត។
ការលើកឡើងបែបនេះ របស់សម្តេចវរធិបតី ហ៊ុន ម៉ាណែត បានធ្វើឡើងក្នុងសារលិខិតអបអរសាទរទិវាសេរីភាពសារព័ត៌មានពិភពលោក លើកទី៣៣ ថ្ងៃទី៣ ខែឧសភា ឆ្នាំ២០២៦ ក្រោមប្រធានបទ «ការកសាងអនាគតមួយប្រកបដោយសន្តិភាព»។
សម្តេចវរធិបតី ហ៊ុន ម៉ាណែត បានថ្លែងថា ប្រធានបទនេះ បានរំលឹកឱ្យយើងដឹងថា សន្តិភាពមិនអាចកើតមានបានដោយចៃដន្យឡើយ។ សន្តិភាពត្រូវការព័ត៌មានដែលគួរឱ្យទុកចិត្ត ត្រូវការការសន្ទនាប្រកបដោយការគោរពគ្នា ត្រូវការការចូលរួមពីសាធារណជន និងត្រូវការប្រព័ន្ធផ្សព្វផ្សាយដែលឈរលើគោលការណ៍ សុចរិតភាព និងវិជ្ជាជីវៈ និងការទទួលខុសត្រូវ។ ទិវាសេរីភាពសារព័ត៌មានពិភពលោកឆ្នាំនេះត្រូវបានប្រារព្ធឡើងក្នុងបរិការណ៍ដែលពិភពលោក កំពុងស្ថិតក្នុងរបត់នៃបដិវត្តន៍បច្ចេកវិទ្យាឌីជីថល និងបញ្ញាសិប្បនិម្មិត (AI) និងការប្រែប្រួលភូមិសាស្ត្រនយោបាយដែលមិនអាចទាយទុកជាមុនបាន។
ក្នុងនាមរាជរដ្ឋាភិបាលកម្ពុជា សម្តេចបវរធិបតី ហ៊ុន ម៉ាណែត សូមអំពាវនាវដល់អ្នកសារព័ត៌មាន និងអ្នកអនុវត្តសកម្មភាពក្នុងវិស័យព័ត៌មាននិងសោតទស្សន៍ទាំងអស់ សូមបន្តចូលរួមយ៉ាងសកម្មនៅក្នុងការរួមចំណែកកសាង និងអភិវឌ្ឍប្រព័ន្ធផ្សព្វផ្សាយមួយដែលមានគុណភាព សុចរិតភាព និងគួរឱ្យទុកចិត្ត ដើម្បីបន្តថែរក្សាសន្តិភាព ស្ថិរភាព ឯកភាពជាតិ និងការអភិវឌ្ឍប្រកបដោយចីរភាព ដោយត្រូវចូលរួមយ៉ាងសកម្មក្នុងតួនាទីជាសាក្សីនៃសន្តិភាព និងការនាំព័ត៌មានពិតជូនប្រជាពលរដ្ឋកម្ពុជា និងទៅកាន់ពិភពលោក។
ទន្ទឹមនេះដែរ សម្តេចបវរធិបតី ហ៊ុន ម៉ាណែត សូមផ្តល់នូវអនុសាសន៍ដល់ក្រសួងព័ត៌មាន សម្រាប់ជាទិសដៅការងារដូចខាងក្រោម៖
ទី១. សូមបន្តការរៀបចំច្បាប់ និងលិខិតបទដ្ឋានគតិយុត្តបន្ថែមទៀត ដើម្បីពង្រឹងសណ្តាប់ធ្នាប់សារព័ត៌មាន និងធានាបាននូវសន្តិសុខនិងសុវត្ថិភាពព័ត៌មាន។
ទី២. សូមបន្តយកចិត្តទុកដាក់លើការកសាងសមត្ថភាពជំនាញ និងការយល់ដឹងផ្នែកច្បាប់របស់ អ្នកសារព័ត៌មាន ដែលបានចុះបញ្ជីជាមួយក្រសួងព័ត៌មាន។
ទី៣. ពង្រឹងការទូតព័ត៌មាន តាមគ្រប់យន្តការការងារ ដើម្បីចាប់យកឱកាសក្នុងការផ្សារភ្ជាប់ អ្នកសារព័ត៌មានក្នុងប្រទេសជាមួយអ្នកសារព័ត៌មានក្នុងតំបន់ និងលើសកលលោក។
ទី៤. លើកកម្ពស់ការតាមដាន វាយតម្លៃ និងឆ្លើយតបឱ្យបានទាន់ពេល ចំពោះព័ត៌មានបំភ្លៃការពិត និងព័ត៌មានក្លែងក្លាយ ព្រមទាំងបន្តតាមដាន ត្រួតពិនិត្យ និងមានវិធានការផ្លូវច្បាប់ ចំពោះជនខិលខូចមួយចំនួនជ្រកក្រោមស្លាកសារព័ត៌មាន ប្រព្រឹត្តបទកំហែងទារដែលធ្វើឱ្យប៉ះពាល់ដល់កិត្តិយស និងសេចក្តីថ្លៃថ្នូររបស់ស្ថាប័នសារព័ត៌មាន និងអ្នកសារព័ត៌មានអាជីព។
ទី៥. បន្តវាយតម្លៃជាប្រចាំ ដើម្បីធ្វើការឆ្លុះបញ្ចាំងពីស្ថានភាពពិត ជាក់ស្តែងដែលប្រតិបត្តិករ និងអ្នកសារព័ត៌មាន បាននិងកំពុងអនុវត្តជាប្រចាំដោយផ្ទាល់នៅក្នុងវិស័យសារព័ត៌មាន និងសោតទស្សន៍នៅក្នុងប្រទេសកម្ពុជា៕

-
ព័ត៌មាន1 week agoសម្ដេចអធិបតី និងលោកជំទាវ អញ្ជើញ ឧទ្ទិសកុសលជូន ញាតិកា និង បុព្វបុរស នៅ វាំងចាស់ ខេត្តកំពង់ស្ពឺ
-
ព័ត៌មាន6 days agoយុវជនក្នុងខេត្តកណ្ដាល បង្ហាញមោទនភាព ដែលមានឱកាសក្លាយជាកម្លាំងការពារជាតិ
-
ព័ត៌មាន1 week agoឯកឧត្តម គីម រិទ្ធី អភិបាលខេត្តព្រះវិហារ នាំយកចង្ហាន់ និងទេយ្យទានប្រគេនព្រះសង្ឃ ៤វត្ត ក្នុងស្រុកជាំក្សាន្ដ នាឱកាសបុណ្យកាន់បិណ្ឌទី១៣
-
ព័ត៌មាន3 days agoយុវជនខេត្តកំពង់ឆ្នាំង បង្ហាញមោទនភាពក្នុងការចូលបំពេញកាតព្វកិច្ចយោធា ដើម្បីបម្រើជាតិមាតុភូមិ
-
ព័ត៌មាន2 days agoយុវជន ២៤០នាក់នៅខេត្តកោះកុង បានដាក់ពាក្យបំពេញកាតព្វកិច្ចយោធា
-
ព័ត៌មាន1 week agoកម្ពុជា ស្វាគមន៍សិង្ហបុរី ដែលបានចាត់បញ្ជូននាយទាហានប្តូរវេនចំនួនពីររូប ចូលរួមជាមួយ AOT
-
ព័ត៌មាន4 days agoយុវជនប្ដេជ្ញាខិតខំហ្វឹកហាត់លត់ដំខ្លួនឱ្យរឹងមាំដើម្បីក្លាយជាសសរស្ដម្ភជាតិ ក្នុងពេលចូលបំពេញកាតព្វកិច្ចកិច្ចយោធា
-
ព័ត៌មាន1 week agoសេវារថយន្តក្រុងរដ្ឋឥតគិតថ្លៃបានសន្សំសោហ៊ុយធ្វើដំណើររបស់ពលរដ្ឋប្រមាណ ១២ពាន់លានរៀល