ព័ត៌មាន
ត្រឹមខែឧសភានេះ អតីតពលករមកពីថៃជាង ៧០០នាក់បានធ្វើតេស្តទទួលស្គាល់ជំនាញពីរាជរដ្ឋាភិបាល
គិតចាប់ពីថ្ងៃប្រកាសដាក់ឱ្យដំណើរការកម្មវិធីវាយតម្លៃការទទួលស្គាល់ជំនាញពីមុន (RPL) ពីថ្ងៃទី២៤ ខែមេសា រហូតមកត្រឹមថ្ងៃទី៤ ខែឧសភា ឆ្នាំ២០២៦នេះ ប្រជាពលរដ្ឋទូទៅ ជាពិសេសអតីតពលករមកពីថៃ បានចូលរួមប្រឡងតេស្តជំនាញចំនួន ៧៧៣នាក់ ខណៈជំហានដំបូង រាជរដ្ឋាភិបាលកម្ពុជាផ្តល់ការទទួលស្គាល់ជំនាញដល់អតីតពលករគោលដៅយ៉ាងតិចចំនួន ១ម៉ឺននាក់។
លោក ស៊ុន មេសា អ្នកនាំពាក្យក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ បានឱ្យព័ត៍មាន ប៊ីធីវី ដឹងនៅព្រឹកថ្ងៃទី៥ ខែឧសភានេះថា ក្នុងជំហានដំបូងនេះ រាជរដ្ឋាភិបាលដាក់ឱ្យដំណើរការកម្មវិធីវាយតម្លៃការទទួលស្គាល់ជំនាញពីមុន (RPL) ដោយឥតគិតថ្លៃ ក្នុងវិស័យសំណង់សិន លើ៨មុខជំនាញ រួមមាន៖ ការងារកំបោរ, ការងារការ៉ូ, ដំឡើងពុម្ព, ការដំឡើងបណ្ដាញបំពង់ទឹក, ការដំឡើងបណ្ដាញអគ្គិសនីក្នុងអគារ, ការងាររន្ទា, ការដំឡើងសរសៃដែក និងការផ្សារអគ្គិសនី ដែលធ្វើឡើងជារៀងរាល់ចុងសប្តាហ៍ គឺថ្ងៃសុក្រ សៅរ និងថ្ងៃអាទិត្យ នៅតាមមជ្ឈមណ្ឌលធ្វើតេស្តចំនួន៩កន្លែង រាជធានី ខេត្ត។
លោកអ្នកនាំពាក្យ បានបញ្ជាក់ទៀតថា ការធ្វើតេស្តនេះ មានគោលបំណងសំខាន់ក្នុងការប្រែក្លាយបទពិសោធការងារ និងចំណេះជំនាញដែលបងប្អូនទទួលបានពីការអនុវត្តជាក់ស្តែងនៅក្រៅប្រទេស ឱ្យក្លាយទៅជាលិខិតទទួលស្គាល់ជំនាញផ្លូវការ ដែលអាចយកទៅប្រើប្រាស់ក្នុងការស្វែងរកឱកាសការងារល្អៗ និងទទួលបានប្រាក់ចំណូលខ្ពស់ជាងមុន។ ជាមួយនេះ លោកបានអំពាវនាវដល់ប្រជាពលរដ្ឋទូទៅ ជាពិសេសអតីតពលករមកពីថៃដែលមានជំនាញការងារក្នុងវិស័យសំណង់ អាចមកចូលរួមធ្វើតេស្តជំនាញនេះដោយមិនឥតបង់ថ្លៃ ដើម្បីទទួលបានវិញ្ញាបនបត្រជំនាញផ្លូវការ ដោយអាចមានឱកាសកាន់តែខ្ពស់ជាងមុន ក្នុងការរកចំណូលផ្គត់ផ្គង់គ្រួសារ។
សូមបញ្ជាក់ថា កម្មវិធីវាយតម្លៃការទទួលស្គាល់ជំនាញពីមុន (RPL) ដែលក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ រៀបចំនៅតាមរាជធានី-ខេត្ដ ចំនួន៩កន្លែង រួមមាន៖ ១-វិទ្យាស្ថានជាតិពហុបច្ចេកទេសកម្ពុជា (NPIC), ២-វិទ្យាស្ថានជាតិបណ្តុះបណ្តាលបច្ចេកទេស (NTTI), ៣-វិទ្យាស្ថានពហុបច្ចេកទេសព្រះកុសុមៈ (PPI), ៤-វិទ្យាស្ថានបច្ចេកទេសឧស្សាហកម្ម (ITI), ៥-វិទ្យាស្ថានជាតិពហុបច្ចេកទេសអង្គរ (NPIA) នៅខេត្តសៀមរាប, ៦-វិទ្យាស្ថានពហុបច្ចេកទេសភូមិភាគតេជោសែនស្វាយរៀង (RPITSSR) នៅខេត្តស្វាយរៀង, ៧-វិទ្យាស្ថានបច្ចេកវិទ្យាបាត់ដំបង (BIT) នៅខេត្តបាត់ដំបង, ៨-វិទ្យាស្ថានពហុបច្ចេកទេសខេត្តបន្ទាយមានជ័យ (PIBMC) ខេត្តបន្ទាយមានជ័យ, និង ៩-វិទ្យាស្ថានពហុបច្ចេកទេសភូមិភាគតេជោសែនតាកែវ (RPITST) ខេត្តតាកែវ៕អត្ថបទ៖ ឈិត បូរ៉ាវី









-
ព័ត៌មាន1 week agoសម្ដេចអធិបតី និងលោកជំទាវ អញ្ជើញ ឧទ្ទិសកុសលជូន ញាតិកា និង បុព្វបុរស នៅ វាំងចាស់ ខេត្តកំពង់ស្ពឺ
-
ព័ត៌មាន6 days agoយុវជនក្នុងខេត្តកណ្ដាល បង្ហាញមោទនភាព ដែលមានឱកាសក្លាយជាកម្លាំងការពារជាតិ
-
ព័ត៌មាន1 week agoឯកឧត្តម គីម រិទ្ធី អភិបាលខេត្តព្រះវិហារ នាំយកចង្ហាន់ និងទេយ្យទានប្រគេនព្រះសង្ឃ ៤វត្ត ក្នុងស្រុកជាំក្សាន្ដ នាឱកាសបុណ្យកាន់បិណ្ឌទី១៣
-
ព័ត៌មាន3 days agoយុវជនខេត្តកំពង់ឆ្នាំង បង្ហាញមោទនភាពក្នុងការចូលបំពេញកាតព្វកិច្ចយោធា ដើម្បីបម្រើជាតិមាតុភូមិ
-
ព័ត៌មាន2 days agoយុវជន ២៤០នាក់នៅខេត្តកោះកុង បានដាក់ពាក្យបំពេញកាតព្វកិច្ចយោធា
-
ព័ត៌មាន1 week agoកម្ពុជា ស្វាគមន៍សិង្ហបុរី ដែលបានចាត់បញ្ជូននាយទាហានប្តូរវេនចំនួនពីររូប ចូលរួមជាមួយ AOT
-
ព័ត៌មាន4 days agoយុវជនប្ដេជ្ញាខិតខំហ្វឹកហាត់លត់ដំខ្លួនឱ្យរឹងមាំដើម្បីក្លាយជាសសរស្ដម្ភជាតិ ក្នុងពេលចូលបំពេញកាតព្វកិច្ចកិច្ចយោធា
-
ព័ត៌មាន1 week agoសេវារថយន្តក្រុងរដ្ឋឥតគិតថ្លៃបានសន្សំសោហ៊ុយធ្វើដំណើររបស់ពលរដ្ឋប្រមាណ ១២ពាន់លានរៀល