ព័ត៌មាន
រដ្ឋមន្ត្រីក្រសួងយុត្តិធម៌ ដឹកនាំកិច្ចប្រជុំជាមួយក្រសួងស្ថាប័ន ពាក់ព័ន្ធពិភាក្សាអំពីក្របខ័ណ្ឌច្បាប់អនុវត្តចំពោះករណីក្មេងទំនើង
ភ្នំពេញ៖ ឯកឧត្តម កើត រិទ្ធ ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងយុត្តិធម៌ បានដឹកនាំកិច្ចប្រជុំជាមួយក្រសួង ស្ថាប័នពាក់ព័ន្ធដើម្បីពិនិត្យ និងពិភាក្សាអំពីក្របខ័ណ្ឌច្បាប់ដែលត្រូវអនុវត្តចំពោះករណីក្មេងទំនើង នៅទីស្តីការក្រសួងយុត្តិធម៌ នាព្រឹកថ្ងៃទី៦ ខែឧសភា ឆ្នាំ២០២៦។
លោកជំទាវ ឌី ម៉ូឡានី អ្នកនាំពាក្យក្រសួងយុត្តិធម៌បានប្រាប់ BTV ឲ្យដឹងថា កិច្ចប្រជុំនេះ រៀបចំឡើងដោយក្រសួងយុត្តិធម៌ ដើម្បីពិនិត្យ និងពិភាក្សាអំពីក្របខ័ណ្ឌច្បាប់ដែលត្រូវអនុវត្តចំពោះករណីក្មេងទំនើង។ ហើយកិច្ចប្រជុំនេះ មានការអញ្ជើញចូលរួមពីស្ថាប័នពាក់ព័ន្ធមួយចំនួន រួមមានជាអាទិ៍ ក្រសួងមហាផ្ទៃ ក្រសួងការពារជាតិ ក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ ក្រសួងសង្គមកិច្ច អតីតយុទ្ធជន និងយុវនីតិសម្បទា អគ្គស្នងការដ្ឋាននគរបាលជាតិ អគ្គបញ្ជាការដ្ឋានកងយុទ្ធពលខេមរភូមិន្ទ បញ្ជាការដ្ឋានកងរាជអាវុធហត្ថលើផ្ទៃប្រទេស និងស្ថាប័នអយ្យការផងដែរ។
ទាក់ទងវិធានការច្បាប់ ឯកឧត្តម កើត រិទ្ធ រដ្ឋមន្ត្រីក្រសួងយុត្តិធម៌បានបញ្ជាក់ប្រាប់ BTV ថា មកដល់ម៉ោងនេះ គឺមានវិធានការបីដែលនឹងត្រូវដាក់ឲ្យអនុវត្ត ក្នុងនោះមានទី១.ទោសការងារសហគមន៍ (ច្បាប់មានហើយ)។ ទី២. ការភ្ជួរទោសសាកល្បង គឺជាវិធានការមួយដែលតុលាការភ្ជួរទោស តុលាការសម្រេចផ្ដន្ទាទោស ប៉ុន្តែទោសអត់អនុវត្តនោះទេ។ ហើយដាក់កាតព្វកិច្ចដើម្បីអនុវត្តរយៈពេលបីឆ្នាំ ហើយបើសាម៉ីខ្លួនទៅបំពេញការងារបានល្អ គឺមិនដល់៣ឆ្នាំគាត់អាចទទួលបានរបបនឹង។ ទី៣. គឺការដោះលែងដោយមានលក្ខខណ្ឌ ចំពោះទណ្ឌិតដែលកំពុងតែជាប់ទោស អនុវត្តទោសបានចាប់ពី ២ភាគ៣ទៅ គឺច្បាប់អនុញ្ញាតឲ្យមានការដោះលែងដោយមានលក្ខខណ្ឌ។ លក្ខខណ្ឌសម្រាប់ការបំពេញការងារជាប្រយោជន៍សម្រាប់គាត់ផង និងជាប្រយោជន៍ដើម្បីបម្រើឲ្យប្រទេសជាតិផង។
សូមជម្រាបថា ក្នុងពិធីជួបសំណេះសំណាលជាមួយថ្នាក់ដឹកនាំអង្គការវិជ្ជាជីវៈ ក្នុងឱកាសខួបអនុស្សាវរីយ៍ លើកទី ១៤០ នៃទិវាពលកម្មអន្តរជាតិ ១ ឧសភា កាលពីថ្ងៃទី២៦ ខែមេសា ឆ្នាំ២០២៦សម្តេចធិបតី ហ៊ុន ម៉ាណែត បានណែនាំឲ្យឯកឧត្តម កើត រិទ្ធ រដ្ឋមន្ត្រីក្រសួងយុត្តិធម៌ ឯកឧត្តម ស ថេត អគ្គស្នងការនគរបាលជាតិ ឯកឧត្តម វង្ស ពិសេន អគ្គមេបញ្ជាការកងយោធពលខេមរភូមិន្ទសិក្សាផ្លូវច្បាប់ទាក់ទងរឿងក្មេងៗទំនើង។ ដើម្បីយកក្មេងទំនើងអស់ទាំងនោះទៅជួយដល់សកម្មភាពនៅសមរភូមិជួរមុខ៕ អត្ថបទ៖ វង្ស សុភាព








-
ព័ត៌មាន1 week agoសម្ដេចអធិបតី និងលោកជំទាវ អញ្ជើញ ឧទ្ទិសកុសលជូន ញាតិកា និង បុព្វបុរស នៅ វាំងចាស់ ខេត្តកំពង់ស្ពឺ
-
ព័ត៌មាន7 days agoយុវជនក្នុងខេត្តកណ្ដាល បង្ហាញមោទនភាព ដែលមានឱកាសក្លាយជាកម្លាំងការពារជាតិ
-
ព័ត៌មាន1 week agoឯកឧត្តម គីម រិទ្ធី អភិបាលខេត្តព្រះវិហារ នាំយកចង្ហាន់ និងទេយ្យទានប្រគេនព្រះសង្ឃ ៤វត្ត ក្នុងស្រុកជាំក្សាន្ដ នាឱកាសបុណ្យកាន់បិណ្ឌទី១៣
-
ព័ត៌មាន3 days agoយុវជនខេត្តកំពង់ឆ្នាំង បង្ហាញមោទនភាពក្នុងការចូលបំពេញកាតព្វកិច្ចយោធា ដើម្បីបម្រើជាតិមាតុភូមិ
-
ព័ត៌មាន2 days agoយុវជន ២៤០នាក់នៅខេត្តកោះកុង បានដាក់ពាក្យបំពេញកាតព្វកិច្ចយោធា
-
ព័ត៌មាន1 week agoកម្ពុជា ស្វាគមន៍សិង្ហបុរី ដែលបានចាត់បញ្ជូននាយទាហានប្តូរវេនចំនួនពីររូប ចូលរួមជាមួយ AOT
-
ព័ត៌មាន4 days agoយុវជនប្ដេជ្ញាខិតខំហ្វឹកហាត់លត់ដំខ្លួនឱ្យរឹងមាំដើម្បីក្លាយជាសសរស្ដម្ភជាតិ ក្នុងពេលចូលបំពេញកាតព្វកិច្ចកិច្ចយោធា
-
ព័ត៌មាន1 week agoសេវារថយន្តក្រុងរដ្ឋឥតគិតថ្លៃបានសន្សំសោហ៊ុយធ្វើដំណើររបស់ពលរដ្ឋប្រមាណ ១២ពាន់លានរៀល