ព័ត៌មាន
សម្ដេចធិបតី៖ ការប្រើប្រាស់កម្លាំង និងការបង្កើតអង្គហេតុសម្រេចលើទីតាំងជាក់ស្តែង (Faits accomplis) ដើម្បីផ្លាស់ប្តូរខ្សែបន្ទាត់ព្រំដែន គឺជាការណ៍មួយដែលកម្ពុជា មិនអាចទទួលយកបានជាដាច់ខាត
ភ្នំពេញ៖ ក្នុងជំនួបត្រីភាគី កម្ពុជា-ហ្វីលីពីន-ថៃ កាលពីថ្ងៃទី៧ ខែឧសភា ឆ្នាំ២០២៦ នៅទីក្រុងសេប៊ូ ប្រទេសហ្វីលីពីន សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្រ្ដីនៃកម្ពុជា បានថ្លែងរម្លឹកយ៉ាងទទូចថា ការប្រើប្រាស់កម្លាំង និងការបង្កើតអង្គហេតុសម្រេចលើទីតាំងជាក់ស្តែង (Faits accomplis) ដើម្បីផ្លាស់ប្តូរខ្សែបន្ទាត់ព្រំដែន គឺជាការណ៍មួយដែលកម្ពុជាមិនអាចទទួលយកបានជាដាច់ខាត។
ជំនួបត្រីភាគី កម្ពុជា-ហ្វីលីពីន-ថៃ នេះ ត្រូវបានសម្របសម្រួលដោយ ឯកឧត្តម Ferdinand R. Marcos Jr ប្រធានាធិបតីនៃសាធារណរដ្ឋហ្វីលីពីន ជាមួយសម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា និងឯកឧត្តម Anutin Charnvirakul នាយករដ្ឋមន្រ្តី នៃព្រះរាជាណាចក្រថៃ កាលពីល្ងាចថ្ងៃទី៧ ខែឧសភា ឆ្នាំ២០២៦ នៅទីក្រុងសេប៊ូ សាធារណរដ្ឋហ្វីលីពីន។
កិច្ចប្រជុំត្រីភាគីនេះ បានពិភាក្សាអំពីវិធានការកាត់បន្ថយភាពតានតឹងរវាងថៃ និងកម្ពុជា និងការកសាងទំនុកចិត្តគ្នាទៅវិញទៅមកឡើងវិញ។ ក្នុងឱកាសនោះ សម្តេចធិបតី បានថ្លែងរម្លឹកយ៉ាងទទូចថា៖«ការប្រើប្រាស់កម្លាំង និងការបង្កើតអង្គហេតុសម្រេចលើទីតាំងជាក់ស្តែង (Faits accomplis) ដើម្បីផ្លាស់ប្តូរខ្សែបន្ទាត់ព្រំដែន គឺជាការណ៍មួយដែលកម្ពុជាមិនអាចទទួលយកបានជាដាច់ខាត»។
ទន្ទឹមនេះ សម្តេចធិបតី និងនាយករដ្ឋមន្ត្រីថៃ ប្តេជ្ញាចិត្តរួមគ្នាថា នឹងធ្វើឱ្យទំនាក់ទំនងកម្ពុជា-ថៃ មានប្រក្រតីភាពឡើងវិញជាលំដាប់ ក្នុងគោលដៅសម្រេចឱ្យបាននូវសន្តិភាពយូរអង្វែងរវាងប្រទេសជិតខាងទាំងពីរ។
សម្តេចធិបតី បានលើកឡើងថា ត្រូវតែចាប់ផ្តើមឡើងវិញនូវរាល់យន្តការដែលមានស្រាប់ជាពិសេស គណៈកម្មការចម្រុះខណ្ឌសីមាព្រំដែនគោក (JBC) គណៈកម្មាធិការព្រំដែនទូទៅ (GBC) និងគណៈកម្មាធិការព្រំដែនថ្នាក់យោធភូមិភាគ (RBC) បន្ទាប់ពីរដ្ឋាភិបាលថ្មីរបស់ប្រទេសថៃបានចាប់ផ្ដើមអនុវត្ដការងាររបស់ខ្លួនបានយ៉ាងពេញលេញរួចមក។
សម្តេចធិបតីនាយករដ្ឋមន្ត្រី សង្ឃឹមជឿជាក់ថា យន្តការនេះ គឺពិតជាចាំបាច់ក្នុងការធានាបញ្ចប់ការបង្កើតអង្គហេតុសម្រេចលើទីតាំងជាក់ស្តែង (faits accomplis) និងដើម្បីធានាថា អធិបតេយ្យភាព បូរណភាពទឹកដី និងខ្សែព្រំដែនអន្តរជាតិ ត្រូវបានគោរពស្របតាមច្បាប់អន្តរជាតិ និងសន្ធិសញ្ញាព្រមទាំងកិច្ចព្រមព្រៀងដែលមានស្រាប់។ ការណ៍នេះក៏នឹងជួយលើកកម្ពស់ទំនុកចិត្ត និងនាំមកនូវសន្តិភាពយូរអង្វែងរវាងប្រទេសទាំងពីរ។
សម្ដេចធិបតីនាយករដ្ឋមន្រ្ដីថ្លែងថា កម្ពុជាក៏បានវាយតម្លៃខ្ពស់ ចំពោះតួនាទីដ៏សំខាន់របស់ក្រុមអ្នកសង្កេតការណ៍អាស៊ាន (AOT) និងបានថ្លែងអំណរគុណដល់ប្រទេសសមាជិកអាស៊ានចំពោះការគាំទ្រ និងការចូលរួមចំណែកជាបន្ដបន្ទាប់ហើយកម្ពុជាបានផ្តល់កិច្ចសហប្រតិបត្ដិការពេញទំហឹង និងអំពាវនាវឱ្យពង្រឹងតួនាទីរបស់ក្រុមអ្នកសង្កេតការណ៍អាស៊ាន (AOT) ដើម្បីផ្ទៀងផ្ទាត់ និងធានាដល់ការអនុវត្ដបទឈប់បាញ់ និងរាល់វិធានការដែលបានព្រមព្រៀងគ្នា។
ក្នុងកិច្ចប្រជុំត្រីភាគីនេះ ក៏បានពិភាក្សាអំពីទិសដៅទៅអនាគត សម្រាប់ការដោះស្រាយការទាមទារដែនសមុទ្រត្រួតគ្នា ជាមួយនឹងការសម្រេចចិត្តរបស់កម្ពុជាក្នុងការប្រើប្រាស់ «យន្តការផ្សះផ្សារដោយចាប់បង្ខំ» ក្រោមអនុសញ្ញាអង្គការសហប្រជាជាតិស្តីពីនីតិសមុទ្រ (UNCLOS) បន្ទាប់ពីការដកខ្លួនរបស់ប្រទេសថៃចេញពីអនុស្សរណៈនៃការយោគយល់គ្នាឆ្នាំ២០០១។ កម្ពុជាជឿជាក់ថា នេះគឺជាមាគ៌ាសន្តិវិធីដែលនឹងនាំទៅរកដំណោះស្រាយប្រកបដោយយុត្តិធម៌សម្រាប់ភាគីទាំងពីរ។
សម្តេចធិបតី បានគូសបញ្ជាក់ថា កម្ពុជានៅតែប្រកាន់ខ្ជាប់យ៉ាងមុតមាំចំពោះការដោះស្រាយជម្លោះដោយសន្តិវិធីផ្អែកលើច្បាប់អន្តរជាតិ និងកិច្ចព្រមព្រៀងដែលមានស្រាប់ រួមទាំងការប្តេជ្ញាចិត្តដែលបានបញ្ជាក់យ៉ាងច្បាស់នៅក្នុងសេចក្តីថ្លែងការណ៍រួមទីក្រុងគូឡាឡាំពួ ថ្ងៃទី២៦ ខែតុលា ឆ្នាំ២០២៥ និងសេចក្តីប្រកាសរួម ថ្ងៃទី២៧ ខែធ្នូ ឆ្នាំ២០២៥។ កម្ពុជាត្រៀមខ្លួនជាស្រេច ក្នុងការបោះជំហានទៅមុខប្រកបដោយស្មារតីស្ថាបនាឆាប់រហ័ស និងដោយសុឆន្ទៈ៕








-
ព័ត៌មាន1 week agoសម្ដេចអធិបតី និងលោកជំទាវ អញ្ជើញ ឧទ្ទិសកុសលជូន ញាតិកា និង បុព្វបុរស នៅ វាំងចាស់ ខេត្តកំពង់ស្ពឺ
-
ព័ត៌មាន6 days agoយុវជនក្នុងខេត្តកណ្ដាល បង្ហាញមោទនភាព ដែលមានឱកាសក្លាយជាកម្លាំងការពារជាតិ
-
ព័ត៌មាន1 week agoឯកឧត្តម គីម រិទ្ធី អភិបាលខេត្តព្រះវិហារ នាំយកចង្ហាន់ និងទេយ្យទានប្រគេនព្រះសង្ឃ ៤វត្ត ក្នុងស្រុកជាំក្សាន្ដ នាឱកាសបុណ្យកាន់បិណ្ឌទី១៣
-
ព័ត៌មាន3 days agoយុវជនខេត្តកំពង់ឆ្នាំង បង្ហាញមោទនភាពក្នុងការចូលបំពេញកាតព្វកិច្ចយោធា ដើម្បីបម្រើជាតិមាតុភូមិ
-
ព័ត៌មាន2 days agoយុវជន ២៤០នាក់នៅខេត្តកោះកុង បានដាក់ពាក្យបំពេញកាតព្វកិច្ចយោធា
-
ព័ត៌មាន1 week agoកម្ពុជា ស្វាគមន៍សិង្ហបុរី ដែលបានចាត់បញ្ជូននាយទាហានប្តូរវេនចំនួនពីររូប ចូលរួមជាមួយ AOT
-
ព័ត៌មាន4 days agoយុវជនប្ដេជ្ញាខិតខំហ្វឹកហាត់លត់ដំខ្លួនឱ្យរឹងមាំដើម្បីក្លាយជាសសរស្ដម្ភជាតិ ក្នុងពេលចូលបំពេញកាតព្វកិច្ចកិច្ចយោធា
-
ព័ត៌មាន1 week agoសេវារថយន្តក្រុងរដ្ឋឥតគិតថ្លៃបានសន្សំសោហ៊ុយធ្វើដំណើររបស់ពលរដ្ឋប្រមាណ ១២ពាន់លានរៀល