ព័ត៌មាន
អភិបាលខេត្តកោះកុង ជំរុញដល់កម្មករកម្មការិនី និងនិយោជក ចាត់ទុករោងចក្រជាឆ្នាំងបាយរួម និងជាផ្ទះទីពីរ
លោកជំទាវអភិបាលខេត្តកោះកុង នៅថ្ងៃទី៩ ខែឧសភា ឆ្នាំ២០២៦បានជំរុញដល់កម្មករ កម្មការិនី និងនិយោជក ត្រូវចាត់ទុករោងចក្រ ឬសហគ្រាស ជាឆ្នាំងបាយរួម និងជាផ្ទះទី២របស់ខ្លួនដោយគប្បីថែរក្សាឱ្យបានគង់វង្សរីកចម្រើន។
ការបញ្ជាក់របស់លោកជំទាវ ឈី វ៉ា នៅពេលនេះធ្វើឡើងក្នុងពិធីអបអរសាទរខួបអនុស្សាវរីយ៍លើកទី១៤០ នៃទិវាពលកម្មអន្តរជាតិ ១ ឧសភា ឆ្នាំ២០២៦ ក្រោមប្រធានបទ “រួមគ្នាកសាងភាពធន់ដើម្បីការងារសមរម្យ” នៅរោងចក្រយ៉ាសាគិ ស្រុកមណ្ឌលសីមា ក្នុងបរិវេនតំបន់សេដ្ឋកិច្ចពិសេសខេត្ត។
លោកជំទាវអភិបាល ក៏ស្នើដល់គ្រប់ភាគីពាក់ព័ន្ធក្នុងវិស័យការងារ ត្រូវបន្តពង្រឹងកិច្ចសហការ និងសាមគ្គីភាព ដើម្បីស្ថិរភាពការងារ និងការអភិវឌ្ឍសេដ្ឋកិច្ច និងសូមអំពាវនាវដល់និយោជក កម្មករនិយោជិត សហជីព និងអង្គការអន្តរជាតិពាក់ព័ន្ធទាំងអស់ ត្រូវរួមគ្នារក្សាសុខដុមនីយកម្មក្នុងកន្លែងការងារ។ ពិសេសការយកចិត្តទុកដាក់ខ្ពស់លើលក្ខខណ្ឌសុវត្ថិភាព និងសុខភាពការងារ ជាពិសេសការថែទាំសុខភាពក្នុងអំឡុងពេលអាកាសធាតុក្តៅខ្លាំងនារដូវនេះ។
លោកជំទាវ សង្កត់ធ្ងន់ដែរថា បងប្អូនកម្មករនិយោជិត រក្សាជំនឿចិត្តលើការដឹកនាំរបស់រាជរដ្ឋាភិបាល និងត្រូវប្រុងប្រយ័ត្នខ្ពស់ ចៀសវាងការចាញ់បោកការញុះញង់ពីក្រុមជ្រុលនិយម ដែលមានបំណងបង្កអស្ថិរភាពសង្គម ក្នុងកាលៈទេសៈយើងត្រូវរួមសាមគ្គីគ្នាជាធ្លុងមួយក្នុងបុព្វហេតុការពារជាតិមាតុភូមិ។
ចំណែកលោក យក់ សង្វាត ប្រធានមន្ទីរការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈខេត្តកោះកុង ថ្លែងថា ទិវាពលកម្មអន្តរជាតិ ១ ឧសភា មិនត្រឹមតែជាថ្ងៃឈប់សម្រាកពីការងារប៉ុណ្ណោះទេ
ប៉ុន្តែ គឺជាថ្ងៃរំលឹកដល់ប្រវត្តិសាស្ត្រ នៃមហាចលនាតស៊ូរបស់កម្មករលើសកលលោក ដើម្បីទារសិទ្ធិ សេរីភាព និងលក្ខខណ្ឌការងារប្រកបដោយសេចក្ដីថ្លៃថ្នូរ។ សម្រាប់ឆ្នាំនេះ ជាខួបលើកទី១៤០ យើងប្រារព្ធឡើងក្រោមស្មារតីសាមគ្គីភាព និងការអភិវឌ្ឍន៍។
លោកប្រធានមន្ទីរការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈខេត្ត បានបន្តថា ទោះបីជាស្ថានភាពសេដ្ឋកិច្ចសកលមានការប្រែប្រួល ប៉ុន្តែរាជរដ្ឋាភិបាលនៅតែបន្តដំឡើងប្រាក់ឈ្នួលអប្បបរមា សម្រាប់កម្មករផ្នែកវាយនភណ្ឌកាត់ដេរ ផលិតស្បែកជើង ផលិតផលធ្វើដំណើរនិងកាបូប ជារៀងរាល់ឆ្នាំ សំដៅធានាឱ្យបាននូវការរស់នៅសមរម្យនិងសេចក្ដីថ្លៃថ្នូរ។
គួរជម្រាបថា យុទ្ធសាស្ត្របញ្ចកោណ ដំណាក់កាលទី១ ក្រសួងការងារបានជំរុញ យ៉ាងសកម្មនូវការបណ្តុះបណ្តាលដល់យុវជនមកពីគ្រួសារក្រីក្រ និងងាយរងហានិភ័យ ចំនួន ១,៥លាននាក់។ នេះគឺជាស្ពានចម្លងបងប្អូនឱ្យទទួលបាន «ជំនាញមួយច្បាស់លាស់ ក្នុងជីវិត» ដើម្បីបង្កើនប្រាក់ចំណូល និងផលិតភាពការងារ។ ការពង្រឹងប្រព័ន្ធគាំពារសង្គម តាមរយៈការទទួលអត្ថប្រយោជន៍ នៃសមាជិកបេឡា សន្តិសុខសង្គម(ប.ស.ស) និងពង្រីកវិសាលភាពនៃសេវាសុខាភិបាលឱ្យកាន់តែខិតជិតកម្មករនិយោជិត។
ទៀតសោតនោះ បន្តយកចិត្តទុកដាក់ខ្ពស់លើការផ្តល់ប្រាក់ឧបត្ថម្ភសម្រាប់កម្មការិនីមានផ្ទៃពោះ និងការសម្រាលកូន ដែលជាការជួយសម្រាលបន្ទុកគ្រួសារ និងលើកកម្ពស់សុខុមាលភាព កុមារដែលជាទំពាំងស្នងឫស្សីផងដែរ៕








-
ព័ត៌មាន1 week agoសម្ដេចអធិបតី និងលោកជំទាវ អញ្ជើញ ឧទ្ទិសកុសលជូន ញាតិកា និង បុព្វបុរស នៅ វាំងចាស់ ខេត្តកំពង់ស្ពឺ
-
ព័ត៌មាន6 days agoយុវជនក្នុងខេត្តកណ្ដាល បង្ហាញមោទនភាព ដែលមានឱកាសក្លាយជាកម្លាំងការពារជាតិ
-
ព័ត៌មាន1 week agoឯកឧត្តម គីម រិទ្ធី អភិបាលខេត្តព្រះវិហារ នាំយកចង្ហាន់ និងទេយ្យទានប្រគេនព្រះសង្ឃ ៤វត្ត ក្នុងស្រុកជាំក្សាន្ដ នាឱកាសបុណ្យកាន់បិណ្ឌទី១៣
-
ព័ត៌មាន3 days agoយុវជនខេត្តកំពង់ឆ្នាំង បង្ហាញមោទនភាពក្នុងការចូលបំពេញកាតព្វកិច្ចយោធា ដើម្បីបម្រើជាតិមាតុភូមិ
-
ព័ត៌មាន2 days agoយុវជន ២៤០នាក់នៅខេត្តកោះកុង បានដាក់ពាក្យបំពេញកាតព្វកិច្ចយោធា
-
ព័ត៌មាន1 week agoកម្ពុជា ស្វាគមន៍សិង្ហបុរី ដែលបានចាត់បញ្ជូននាយទាហានប្តូរវេនចំនួនពីររូប ចូលរួមជាមួយ AOT
-
ព័ត៌មាន3 days agoយុវជនប្ដេជ្ញាខិតខំហ្វឹកហាត់លត់ដំខ្លួនឱ្យរឹងមាំដើម្បីក្លាយជាសសរស្ដម្ភជាតិ ក្នុងពេលចូលបំពេញកាតព្វកិច្ចកិច្ចយោធា
-
ព័ត៌មាន1 week agoសេវារថយន្តក្រុងរដ្ឋឥតគិតថ្លៃបានសន្សំសោហ៊ុយធ្វើដំណើររបស់ពលរដ្ឋប្រមាណ ១២ពាន់លានរៀល