ព័ត៌មាន
រដ្ឋមន្ដ្រីក្រសួងអភិវឌ្ឍន៍ជនបទ អញ្ជើញសំណេះសំណាលជាមួយនាយទាហាន ពលទាហាន អតីតយុទ្ធជន និងនិវត្តជនជាង១០០គ្រួសារ ក្នុងខេត្តកំពង់ឆ្នាំង
ខេត្តកំពង់ឆ្នាំង៖ នាព្រឹកថ្ងៃអាទិត្យ ថ្ងៃទី១០ ខែឧសភា ឆ្នាំ២០២៦ ឯកឧត្តម ឆាយ ឫទ្ធិសែន រដ្ឋមន្ដ្រីក្រសួងអភិវឌ្ឍន៍ជនបទ អនុប្រធានទី១ ក្រុមការងាររាជរដ្ឋាភិបាលចុះមូលដ្ឋានខេត្តកំពង់ឆ្នាំង និងជាប្រធានក្រុមការងាររាជរដ្ឋាភិបាលចុះមូលដ្ឋានស្រុកសាមគ្គីមានជ័យ និងស្រុកទឹកផុស បានអញ្ជើញសំណេះសំណាលសួរសុខទុក្ខ និងប្រគល់អំណោយដ៏ថ្លៃថ្លារបស់សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ដ្រី និងលោកជំទាវបណ្ឌិត ជូនដល់នាយទាហាន ពលទាហាន អតីតយុទ្ធជន និងនិវត្តជនកម្ពុជាខេត្តកំពង់ឆ្នាំង នៅទីបញ្ជាការដ្ឋានតំបន់ប្រតិបត្តិការសឹករងកំពង់ឆ្នាំង ស្ថិតនៅក្រុងកំពង់ឆ្នាំង ខេត្តកំពង់ឆ្នាំង។ ពិធីសំណេះសំណាលនានេះឱកាសនេះមានការអញ្ជើញចូលរួមពីសំណាក់ លោកជំទាវតំណាងរាស្ដ្រមណ្ឌលកំពង់ឆ្នាំង, ឯកឧត្តម លោកជំទាវ ថ្នាក់ដឹកនាំក្រសួងអភិវឌ្ឍន៍ជនបទនិងជាក្រុមការងាររាជរដ្ឋាភិបាលចុះមូលដ្ឋានខេត្តកំពង់ឆ្នាំង, ឯកឧត្តមប្រធានក្រុមប្រឹក្សាខេត្ត, ឯកឧត្តមអភិបាលនៃគណៈអភិបាលខេត្ត, កងកម្លាំងទាំង ៣ប្រភេទ, អាជ្ញាធរមូលដ្ឋាន ព្រមទាំងនាយទាហាន ពលទាហាន អតីតយុទ្ធជន និងនិវត្តជនចំនួនសរុប ១០០នាក់ ដោយក្នុងនោះអតីតយុទ្ធជន និងនិវត្តជនកម្ពុជា ដែលជួបការលំបាកចំនួន ៤០នាក់។

ជាកិច្ចចាប់ផ្ដើម ឯកឧត្តមឧត្តមសេនីយ៍ត្រី អ៊ុ សុភា មេបញ្ជាការតំបន់ប្រតិបត្តិការសឹករងកំពង់ឆ្នាំង បានធ្វើរបាយការណ៍ស្វាគមន៍ដោយបានជម្រាបជូនអំពីស្ថានភាពទូទៅរបស់ទីបញ្ជាការដ្ឋានតំបន់ប្រតិបត្តិការសឹករងកំពង់ឆ្នាំង និងបានរំលេចនូវការចូលរួមចំណែករបស់ក្រុមការងាររាជរដ្ឋាភិបាលក្នុងការយកចិត្តទុកដាក់ជួយឧបត្ថម្ភ និងគាំទ្រដល់ទាហាន ពលទាហាន អតីតយុទ្ធជន និងនិវត្តជន ព្រមទាំងគ្រួសារកងទ័ព ជាពិសេសការចូលរួមក្នុងការកសាងនូវសមិទ្ធនានានៅក្នុងទីបញ្ជាការដ្ឋានផងដែរ។ ជាមួយគ្នានោះ ឯកឧត្តម បានជម្រាបជូនអំពីតួនាទី ភារកិច្ច និងការប្ដេជ្ញាចិត្តរបស់កងទ័ពក្នុងការការពារសុខសន្ដិភាព អធិបតេយ្យភាព និងបូរណភាពទឹកដីជូន ជាតិ សាសនា និងព្រះមហាក្សត្រ។

បន្ទាប់ពីស្ដាប់របាយការណ៍ស្វាគមន៍រួចមក ឯកឧត្តម ឆាយ ឫទ្ធិសែន បានសម្ដែងនូវការកោតសរសើរ និងវាយតម្លៃខ្ពស់ចំពោះការលះបង់គ្រប់បែបយ៉ាងរបស់បងប្អូនកងទ័ពទាំងអស់ ក្នុងបុព្វហេតុរក្សាការពារ បូរណភាពទឹកដី និងប្រជាជន ព្រមទាំងបានពាំនាំនូវប្រសាសន៍ផ្តាំផ្ញើសាកសួរសុខទុក្ខ សេចក្តីនឹករលឹក និងពរសព្ទសាធុការពីសំណាក់ប្រមុខថ្នាក់ដឹកនាំកំពូលនៃព្រះរាជាណាចក្រកម្ពុជា ជូនដល់ថ្នាក់ដឹកនាំ ទាហាន ពលទាហាន អតីតយុទ្ធជន និងនិវត្តជនក្នុងអង្គពិធីទាំងមូលផងដែរ។ ឯកឧត្តមរដ្ឋមន្ដ្រី បានមានប្រសាសន៍លើកឡើងដោយបានគូសបញ្ជាក់អំពីការយកចិត្តទុកដាក់របស់រាជរដ្ឋាភិបាលកម្ពុជា តាំងពីនីតិកាលកន្លងមកក្រោមការដឹកនាំដ៏ប៉ិនប្រសប់របស់ សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន អតីតនាយករដ្ឋមន្ដ្រី បច្ចុប្បន្នជាប្រធានព្រឹទ្ធសភានៃព្រះរាជាណាចក្រកម្ពុជា និងជាប្រមុខរដ្ឋស្តីទី រហូតដល់រាជរដ្ឋាភិបាលបច្ចុប្បន្ន ក្នុងនីតិកាលទី៧នៃរដ្ឋសភា ក្រោមការដឹកនាំបន្ដវេនប្រកបដោយគតិបណ្ឌិតរបស់ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត ជានាយករដ្ឋមន្ត្រី លើសុខទុក្ខ និងជីវភាពរស់នៅរបស់បងប្អូនកងទ័ព អតីយុទ្ធជន និងនិវត្តជន ព្រមទាំងក្រុមគ្រួសារ តាមរយៈការចុះជួបសួរសុខទុក្ខ ការជួយឧត្ថម្ភគាំទ្រ ការរៀបចំទីតាំង និងលំនៅឋាន ព្រមទាំងការបណ្ដុះបណ្ដាលជំនាញដើម្បីលើកកម្ពស់កម្រិតជីវភាពឱ្យបានល្អប្រសើរបន្ថែមទៀត។ ជាមួយគ្នានោះដែរ ឯកឧត្តមរដ្ឋមន្ដ្រី បានអំពាវនាវដល់បងប្អូននាយទាហាន ពលទាហាន អតីតយុទ្ធជន និវត្តជន និងក្រុមគ្រួសារទាំងអស់ សូមបន្តជឿទុកចិត្ត លើកងកម្លាំងយោធាកម្ពុជា និងជឿជាក់លើការដឹកនាំរបស់ប្រមុខដឹកនាំកំពូលរបស់កម្ពុជា ដែលមានសម្តេចអគ្គមហាសេនាបតីតេជោហ៊ុន សែន ប្រធានព្រឹទ្ធសភា និងសម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្រ្តីនៃព្រះរាជាណាចក្រកម្ពុជា ព្រមទាំងត្រូវបន្តរួមសាមគ្គីជាធ្លុងមួយ ដែលជាខឿនដ៏សំខាន់រឹងមាំនៃសមរភូមិក្រោយ ដើម្បីគាំទ្រលើកទឹកចិត្តនិងផ្តល់កម្លាំងចិត្តដល់កងទ័ពឈរជើងការពារព្រំដែន និងទឹកដីកម្ពុជា ឱ្យបានស្ថិតស្ថេរគង់វង្ស។

នៅចុងបញ្ចប់ ជាមួយនឹងការឆ្លើយតបទៅនឹងសំណូមពររបស់អង្គភាព ឯកឧត្តមរដ្ឋមន្ត្រី ក៏បាននាំយកនូវអំណោយដែលជាគ្រឿងឧបភោគបរិភោគ និងថវិកាដ៏ថ្លៃថ្លារបស់ សម្តេចធិបតីនាយករដ្ឋមន្ដ្រី និងលោកជំទាវបណ្ឌិត ជូនដល់នាយទាហាន ពលទាហាន អតីតយុទ្ធជន និងនិវត្តជន ទាំង១០០នាក់ ដោយម្នាក់ៗទទួលបាន អង្ករ ចំនួន ០១ការ៉ុង, មី ០១កេស, ត្រីខ ០១យួរ, ទឹកត្រី ០១យួរ, ទឹកស៊ីអ៊ីវ ០១យួរ, ព្រមទាំងថវិកាមួយចំនួនផងដែរ៕







-
ព័ត៌មាន1 week agoសម្ដេចអធិបតី និងលោកជំទាវ អញ្ជើញ ឧទ្ទិសកុសលជូន ញាតិកា និង បុព្វបុរស នៅ វាំងចាស់ ខេត្តកំពង់ស្ពឺ
-
ព័ត៌មាន6 days agoយុវជនក្នុងខេត្តកណ្ដាល បង្ហាញមោទនភាព ដែលមានឱកាសក្លាយជាកម្លាំងការពារជាតិ
-
ព័ត៌មាន1 week agoឯកឧត្តម គីម រិទ្ធី អភិបាលខេត្តព្រះវិហារ នាំយកចង្ហាន់ និងទេយ្យទានប្រគេនព្រះសង្ឃ ៤វត្ត ក្នុងស្រុកជាំក្សាន្ដ នាឱកាសបុណ្យកាន់បិណ្ឌទី១៣
-
ព័ត៌មាន3 days agoយុវជនខេត្តកំពង់ឆ្នាំង បង្ហាញមោទនភាពក្នុងការចូលបំពេញកាតព្វកិច្ចយោធា ដើម្បីបម្រើជាតិមាតុភូមិ
-
ព័ត៌មាន2 days agoយុវជន ២៤០នាក់នៅខេត្តកោះកុង បានដាក់ពាក្យបំពេញកាតព្វកិច្ចយោធា
-
ព័ត៌មាន1 week agoកម្ពុជា ស្វាគមន៍សិង្ហបុរី ដែលបានចាត់បញ្ជូននាយទាហានប្តូរវេនចំនួនពីររូប ចូលរួមជាមួយ AOT
-
ព័ត៌មាន4 days agoយុវជនប្ដេជ្ញាខិតខំហ្វឹកហាត់លត់ដំខ្លួនឱ្យរឹងមាំដើម្បីក្លាយជាសសរស្ដម្ភជាតិ ក្នុងពេលចូលបំពេញកាតព្វកិច្ចកិច្ចយោធា
-
ព័ត៌មាន1 week agoសេវារថយន្តក្រុងរដ្ឋឥតគិតថ្លៃបានសន្សំសោហ៊ុយធ្វើដំណើររបស់ពលរដ្ឋប្រមាណ ១២ពាន់លានរៀល