ព័ត៌មាន
រចនាសម្ព័ន្ធទីផ្សារការនាំចេញអង្ករកម្ពុជា កំពុងវិវត្តទៅជាសសរស្តម្ភសំខាន់៣ គឺ EU ចិន និងអាស៊ាន
ភ្នំពេញ៖ វិស័យឯកជន បានលើកឡើងថា ការនាំចេញអង្ករកម្ពុជា កំពុងវិវត្តទៅជាសសរស្តម្ភសំខាន់ ៣ គឺ EU ចិន និងអាស៊ាន។ ការលើកឡើងនេះ ធ្វើឡើងបន្ទាប់ពី ទីផ្សារ EU ចិន និងអាស៊ាន បានបញ្ជាទិញអង្ករពីកម្ពុជាមានការកើនឡើងគួរឱ្យកត់សម្គាល់ក្នុងរយៈពេល ៤ខែដើមឆ្នាំ២០២៦នេះ។
ឧកញ៉ា សុង សារ៉ន អគ្គនាយកក្រុមហ៊ុន អេមរុរាយស៍ កម្ពុជា បានសរសេរនៅលើបណ្តាញសង្គមហ្វេសប៊ុកនៅព្រឹងថ្ងៃទី ១១ ឧសភានេះថា បច្ចុប្បន្ន ទីផ្សារសហភាពអឺរ៉ុប (EU) មានចំណែកប្រមាណត្រឹម ២៧% នៃការនាំចេញអង្ករកម្ពុជា ខណៈទីផ្សារចិនបានស្ដារកំណើនឡើងវិញយ៉ាងខ្លាំង ដោយកាន់កាប់ចំណែកជាង ២៨% បន្ទាប់ពីធ្លាក់ចុះអស់រយៈពេលជាច្រើនឆ្នាំ។ អ្វីដែលគួរឱ្យចាប់អារម្មណ៍បន្ថែមទៀតនោះ គឺទីផ្សារអាស៊ានកំពុងកើនឡើងដល់ជិត ៣៨% ដឹកនាំដោយប្រទេសហ្វីលីពីន ម៉ាឡេស៊ី សិង្ហបុរី និងវៀតណាម។
ឧកញ៉ា សុង សារ៉ន បន្តថា នេះបង្ហាញថា ការនាំចេញអង្ករកម្ពុជាមិនពឹងផ្អែកជាចម្បងលើទីផ្សារ EU និងចិនដូចមុនឆ្នាំ ២០២៤ ទៀតឡើយ ក៏ព្រោះតែ រចនាសម្ព័ន្ធទីផ្សារកំពុងវិវត្តទៅជាសសរស្តម្ភសំខាន់ ៣ គឺ EU ចិន និងអាស៊ាន។
លោកឧកញ៉ា រំពឹងថា សម្រាប់ឆ្នាំ ២០៣០ ខាងមុខ ការនាំចេញអង្ករកម្ពុជានឹងកាន់តែមានភាពសកម្ម ចម្រុះ និងមានការតភ្ជាប់តំបន់កាន់តែខ្លាំង ជាពិសេស ការពង្រីកទៅកាន់ទីផ្សារអាមេរិកខាងជើង (សហរដ្ឋអាមេរិក និងកាណាដា) និងទីផ្សារអាហ្វ្រិក ដែលនឹងបង្កើនភាពធន់ និងបង្កើតឱកាសកាន់តែទូលំទូលាយសម្រាប់វិស័យស្រូវអង្ករកម្ពុជា។
របាយការណ៍របស់សហព័ន្ធស្រូវអង្ករកម្ពុជា បង្ហាញថា ក្នុងរយៈពេល៤ ខែឆ្នាំ២០២៦នេះ កម្ពុជាបាននាំចេញអង្ករចំនួន ៤៦៩ ៩០៩ តោន គិតជាទឹកប្រាក់ចំនួន ២៦៦.៣៨ លានដុល្លារអាមេរិក។ ក្នុងចំណោមនៃនាំចេញអង្ករចំនួន ៤៦៩ ៩០៩ តោន គឺការនាំចេញទៅកាន់បណ្តាប្រទេសនៅក្នុងតំបន់អឺរ៉ុបចំនួន ៣១ បានបរិមាណអង្ករចំនួន ១២៦ ១០៨ តោន គិតជាទឹកប្រាក់ចំនួន ៨៥.៤៤ លានដុល្លារសហរដ្ឋអាមេរិក។
របាយការណ៍បញ្ជាក់ថា កម្ពុជាបាននាំអង្ករចេញទៅកាន់ប្រទេសចិន និងហុងកុង ចំនួន ១២៩ ៣៣២ តោន គិតជាទឹកប្រាក់ចំនួន ៧៥.៨៨ លានដុល្លារសហរដ្ឋអាមេរិក ទៅកាន់ប្រទេសក្នុងអាស៊ាន ចំនួន ៥ ប្រទេសបានបរិមាណចំនួន ១៧៧ ៧៦១ តោន គិតជាទឹកប្រាក់ចំនួន ៧២.១៤៥ លានដុល្លារសហរដ្ឋអាមេរិក។ ព្រមទាំងការនាំចេញអង្ករ ទៅកាន់គោលដៅ ២២ ប្រទេសផ្សេងទៀតមាន អាហ្វ្រិក មជ្ឈឹម បូព៌ា អាមេរិក កាណាដា អូស្ត្រាលី ញ៉ូហ្សេឡេន។ល។ បានចំនួន ៣៦ ៧០៨ តោន គិតជាទឹកប្រាក់ចំនួន ៣២.៩១ លានដុល្លារសហរដ្ឋអាមេរិក៕អត្ថបទ៖ ធូ វិរៈ





-
ព័ត៌មាន1 week agoសម្ដេចតេជោលើកទឹកចិត្តឱ្យកម្ពុជា និងស៊ីបរកឱកាស និងយន្តការថ្មីៗជំរុញការវិនិយោគ និងពាណិជ្ជកម្មទ្វេភាគីឱ្យកាន់តែរីកចម្រើន
-
ព័ត៌មាន1 week agoមុខជំនាញចំនួន ២ ដែលមានការគាំទ្រពីយុវជន និងលេចធ្លោជាងគេ នៅក្នុងវិទ្យាស្ថានពហុបច្ចេកទេសខេត្ដកោះកុង (PIKK)
-
ព័ត៌មាន4 days agoឧត្តមសេនីយ៍ទោ ប៊ុន សុសិក្ខា៖វត្តុតាងមួយចំនួនធំ ត្រូវបានដកហូតក្នុងប្រតិបត្តិការបង្ក្រាប Online Scams រយៈពេល១ឆ្នាំមកនេះ
-
ព័ត៌មាន6 days agoលោកជំទាវ ហ៊ុន ម៉ាណា អញ្ជើញប្រគេនទេយ្យវត្ថុដល់វត្តចំនួន៨ ,ចែកអំណោយជូនប្រជាពលរដ្ឋចំនួន៥៦៨គ្រួសារ និងចែកកាតាបដល់សិស្សានុសិស្ស៧០០នាក់ នៅឃុំកំពង់ភ្លុក ស្រុកប្រាសាទបាគង ខេត្តសៀមរាប
-
ព័ត៌មាន5 days agoអាជ្ញាធរខេត្តព្រៃវែង និងស្វាយរៀងអះអាងថាបណ្ដាញ Online Scams ធំៗត្រូវបានបង្ក្រាប និងបន្តតាមប្រមាញ់ក្រុមបំបែកខ្លួន
-
ព័ត៌មាន1 week agoក្រុមហ៊ុន-សហគ្រាសចិនជាង៤០ បង្ហាញពីគម្រោងចង់បោះទុនវិនិយោគនៅខេត្តកំពង់ស្ពឺ
-
ព័ត៌មាន3 days agoក្រសួងសុខាភិបាល និង UNICEF បន្តពង្រឹងភាពជាដៃគូ ដើម្បីលើកកម្ពស់សុខភាព និងសុខុមាលភាពមាតា និងកុមារនៅកម្ពុជា
-
ព័ត៌មាន1 week agoឯកឧត្តម ហ៊ុន ម៉ានី អញ្ជើញចូលរួមសម្ពោធទីស្នាក់ការគណបក្សឃុំស្វាយរំពារ ខេត្តកំពង់ស្ពឺ