ព័ត៌មាន
រដ្ឋសភាបានអនុម័តជាឯកច្ឆន្ទលើសេចក្តីព្រាងច្បាប់ស្តីពីកាតព្វកិច្ចយោធា និងការធានាទូទាត់ថាមពលអគ្គិសនី ដើម្បីពង្រឹងសន្តិសុខជាតិ និងសេដ្ឋកិច្ច
រដ្ឋសភានៃព្រះរាជាណាចក្រកម្ពុជា នៅថ្ងៃទី១២ ខែឧសភា ឆ្នាំ២០២៦នេះ បានបើកសម័យប្រជុំជាវិសាមញ្ញ នីតិកាលទី៧ ក្រោមអធិបតីភាពដឹកនាំដ៏ខ្ពង់ខ្ពស់របស់ សម្តេចមហារដ្ឋសភាធិការធិបតី ឃួន សុដារី ប្រធានរដ្ឋសភា ដើម្បីពិភាក្សា និងអនុម័តសេចក្តីព្រាងច្បាប់សំខាន់ៗចំនួនពីរដែលជាតម្រូវការចាំបាច់របស់ប្រទេសជាតិ។
សេចក្តីព្រាងច្បាប់ទី១ គឺ សេចក្តីព្រាងច្បាប់ស្តីពីកាតព្វកិច្ចយោធា ដែលមាន ៨ ជំពូក និង ២០ មាត្រា ត្រូវបានអង្គសភាទាំងមូលបានអនុម័តជាឯកច្ឆន្ទដោយ សំឡេង ១១៤ លើ ១១៤។
សូមបញ្ជាក់ថា សេចក្តីព្រាងច្បាប់នេះត្រូវបានរៀបចំឡើងដោយអនុលោមតាមមាត្រា ៤៩ ថ្មី នៃរដ្ឋធម្មនុញ្ញ និងគោលនយោបាយរបស់រាជរដ្ឋាភិបាល ក្នុងគោលបំណងពង្រឹងវិស័យការពារជាតិ និងការបណ្តុះបណ្តាលយុវជន។ យោងតាមខ្លឹមសារច្បាប់នេះ គឺប្រជាពលរដ្ឋខ្មែរភេទប្រុសដែលមានអាយុចាប់ពី ១៨ ឆ្នាំ ដល់ ២៥ ឆ្នាំ ត្រូវបំពេញកាតព្វកិច្ចយោធារយៈពេល ២៤ ខែ ខណៈដែលស្ត្រីត្រូវបានអនុវត្តតាមគោលការណ៍ស្ម័គ្រចិត្ត។ យុវជនដែលឆ្លងកាត់ការហ្វឹកហ្វឺននេះ នឹងទទួលបានការអភិវឌ្ឍកាយសម្បទា ការអប់រំស្មារតីស្នេហាជាតិ វិន័យ និងទទួលបានប្រាក់ឧបត្ថម្ភផ្សេងៗ។ លើសពីនេះ ក្រោយពីបានបញ្ចប់កាតព្វកិច្ច ពួកគេនឹងទទួលបានអាទិភាពក្នុងការប្រឡងចូលបម្រើការងារក្នុងស្ថាប័នរដ្ឋ សហគ្រាសសាធារណៈ និងឯកជន ព្រមទាំងឱកាសបន្តការសិក្សា និងការងារនៅបរទេសផងដែរ។ ក្នុងឱកាសនោះ ឯកឧត្តម កែប ជុតិមា ប្រធានគណៈកម្មការមហាផ្ទៃ ការពារជាតិ មុខងារសាធារណៈ និងកិច្ចការព្រំដែន ជាអ្នករាយការណ៍ជូនអង្គសភា ខណៈដែលឯកឧត្តម ទៀ សីហា ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងការពារជាតិ ជាតំណាងរាជរដ្ឋាភិបាលការពារសេចក្តីព្រាងច្បាប់ ដោយមានសមាជិករដ្ឋសភាចំនួន ៩ រូប រួមទាំងសម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី បានឡើងមានមតិគាំទ្រយ៉ាងពេញទំហឹង។
បន្ទាប់មក អង្គសភាបានបន្តពិភាក្សា និងឈានទៅសម្រេចអនុម័តឯកច្ឆន្ទដោយ សំឡេង ១១៤ លើ ១១៤ដូចគ្នាលើ សេចក្តីព្រាងច្បាប់ស្តីពីការអនុម័តយល់ព្រមលើការធានាទូទាត់របស់រាជរដ្ឋាភិបាលកម្ពុជាឱ្យក្រុមហ៊ុនអគ្គិសនីវៀតណាម សម្រាប់ការទិញថាមពលអគ្គិសនីពីប្រទេសវៀតណាម។ សេចក្តីព្រាងច្បាប់ដែលមាន ៣ មាត្រានេះ គឺជាឧបករណ៍គតិយុត្តដ៏សំខាន់ក្នុងការធានានិរន្តរភាពនៃការផ្គត់ផ្គង់អគ្គិសនីនៅកម្ពុជា ស្របតាមកិច្ចព្រមព្រៀងដែលបានចុះហត្ថលេខាកាលពីថ្ងៃទី៣០ ខែមករា ឆ្នាំ២០២៦។ ច្បាប់នេះនឹងដើរតួជាចំណែកយ៉ាងសំខាន់ក្នុងការលើកកម្ពស់វិស័យថាមពល ដើម្បីឆ្លើយតបទៅនឹងតម្រូវការប្រើប្រាស់ក្នុងជីវភាពប្រចាំថ្ងៃ សកម្មភាពសង្គម និងការជំរុញផលិតកម្មអាជីវកម្មនានា។
ឯកឧត្តម ឈាង វុន ប្រធានគណៈកម្មការសេដ្ឋកិច្ច ហិរញ្ញវត្ថុ ធនាគារ និងសវនកម្ម ជាអ្នករាយការណ៍ជូនអង្គសភា និងឯកឧត្តម កែវ រតនៈ រដ្ឋមន្ត្រីក្រសួងរ៉ែ និងថាមពល តំណាងរាជរដ្ឋាភិបាលជាអ្នកការពារសេចក្តីព្រាងច្បាប់។ សម័យប្រជុំវិសាមញ្ញនេះ បានបញ្ចប់សព្វគ្រប់នៅវេលាម៉ោង ១២:៣៤ នាទីថ្ងៃ ដដែល ហើយសម្តេចមហារដ្ឋសភាធិការធិបតី ឃួន សុដារី ក៏បានប្រកាសបិទសម័យប្រជុំជាផ្លូវការ បន្ទាប់ពីទទួលបានលទ្ធផលជាផ្លែផ្កាសម្រាប់ឧត្តមប្រយោជន៍ជាតិ និងប្រជាជន៕










-
ព័ត៌មាន1 week agoសម្ដេចអធិបតី និងលោកជំទាវ អញ្ជើញ ឧទ្ទិសកុសលជូន ញាតិកា និង បុព្វបុរស នៅ វាំងចាស់ ខេត្តកំពង់ស្ពឺ
-
ព័ត៌មាន6 days agoយុវជនក្នុងខេត្តកណ្ដាល បង្ហាញមោទនភាព ដែលមានឱកាសក្លាយជាកម្លាំងការពារជាតិ
-
ព័ត៌មាន1 week agoឯកឧត្តម គីម រិទ្ធី អភិបាលខេត្តព្រះវិហារ នាំយកចង្ហាន់ និងទេយ្យទានប្រគេនព្រះសង្ឃ ៤វត្ត ក្នុងស្រុកជាំក្សាន្ដ នាឱកាសបុណ្យកាន់បិណ្ឌទី១៣
-
ព័ត៌មាន3 days agoយុវជនខេត្តកំពង់ឆ្នាំង បង្ហាញមោទនភាពក្នុងការចូលបំពេញកាតព្វកិច្ចយោធា ដើម្បីបម្រើជាតិមាតុភូមិ
-
ព័ត៌មាន2 days agoយុវជន ២៤០នាក់នៅខេត្តកោះកុង បានដាក់ពាក្យបំពេញកាតព្វកិច្ចយោធា
-
ព័ត៌មាន1 week agoកម្ពុជា ស្វាគមន៍សិង្ហបុរី ដែលបានចាត់បញ្ជូននាយទាហានប្តូរវេនចំនួនពីររូប ចូលរួមជាមួយ AOT
-
ព័ត៌មាន4 days agoយុវជនប្ដេជ្ញាខិតខំហ្វឹកហាត់លត់ដំខ្លួនឱ្យរឹងមាំដើម្បីក្លាយជាសសរស្ដម្ភជាតិ ក្នុងពេលចូលបំពេញកាតព្វកិច្ចកិច្ចយោធា
-
ព័ត៌មាន1 week agoសេវារថយន្តក្រុងរដ្ឋឥតគិតថ្លៃបានសន្សំសោហ៊ុយធ្វើដំណើររបស់ពលរដ្ឋប្រមាណ ១២ពាន់លានរៀល