ព័ត៌មាន
ប្រធានស្តីទីព្រឹទ្ធសភា ទទួលជួបសម្តែងការគួរសមជាមួយប្រធានក្រុមមិត្តភាពចិន-កម្ពុជា នៃសភាប្រឹក្សានយោបាយប្រជាជនចិន
កាលពីរសៀលថ្ងៃទី១២ ខែឧសភា ឆ្នាំ២០២៦ នៅវិមានសាមគ្គីភាព នៃព្រឹទ្ធសភា ឯកឧត្តម អ៊ុច បូររិទ្ធ ប្រធានស្តីទីព្រឹទ្ធសភា នៃព្រះរាជាណាចក្រកម្ពុជា បានទទួលជួបសម្តែងការគួរសមជាមួយ ឯកឧត្តម ហឺ ពីង សមាជិកគណៈកម្មាធិការអចិន្ត្រៃយ៍ ប្រធានគណៈកម្មាធិការកិច្ចការបរទេស និងជាប្រធានក្រុមមិត្តភាពចិន-កម្ពុជា នៃសភាប្រឹក្សានយោបាយប្រជាជនចិន ព្រមទាំងគណៈប្រតិភូ ក្នុងឱកាសអញ្ជើញបំពេញទស្សនកិច្ចនៅព្រះរាជាណាចក្រកម្ពុជា។
ក្នុងជំនួបនេះ ឯកឧត្តម អ៊ុច បូររិទ្ធ បានសម្តែងការស្វាគមន៍យ៉ាងកក់ក្តៅចំពោះ ឯកឧត្តម ហឺ ពីង និងគណៈប្រតិភូចិន ព្រមទាំងបានវាយតម្លៃខ្ពស់ចំពោះមិត្តភាពដែកថែប និងកិច្ចសហប្រតិបត្តិការដ៏ជិតស្និទ្ធរវាងកម្ពុជា និងចិន ដែលត្រូវបានពូនជ្រំដោយថ្នាក់ដឹកនាំនៃប្រទេសទាំងពីរ។
ឯកឧត្តមបានបញ្ជាក់ជាថ្មីនូវជំហររឹងមាំរបស់កម្ពុជា ក្នុងការគាំទ្រនយោបាយចិនមួយ ព្រមទាំងគាំទ្រគំនិតផ្តួចផ្តើមសំខាន់ៗរបស់ចិន រួមមាន គំនិតផ្តួចផ្តើមអភិវឌ្ឍន៍សកល (GDI), គំនិតផ្តួចផ្តើមសន្តិសុខសកល (GSI), គំនិតផ្តួចផ្តើមអរិយធម៌សកល (GCI), គំនិតផ្តួចផ្តើមអភិបាលកិច្ចសកល (GGI) និងគំនិតផ្តួចផ្តើមខ្សែក្រវាត់ និងផ្លូវ (BRI)។ ឯកឧត្តមក៏បានវាយតម្លៃខ្ពស់ចំពោះកិច្ចសហប្រតិបត្តិការត្បូងពេជ្ររវាងកម្ពុជា និងចិន ដែលបានឆ្លុះបញ្ចាំងពីការលើកកម្ពស់កិច្ចសហប្រតិបត្តិការដែលមានមូលដ្ឋានរឹងមាំយូរអង្វែង ឱ្យឈានទៅកម្រិតកាន់តែខ្ពស់ ស៊ីជម្រៅ និងមានលក្ខណៈយុទ្ធសាស្ត្រកាន់តែច្បាស់លាស់។
ឯកឧត្តមប្រធានស្តីទីព្រឹទ្ធសភា ក៏បានគូសបញ្ជាក់អំពីសារៈសំខាន់នៃការទូតសភា ដែលជាអាទិភាពមួយរបស់ព្រឹទ្ធសភានីតិកាលទី៥ ក្រោមការដឹកនាំរបស់ សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន ប្រមុខរដ្ឋស្តីទី ដើម្បីបន្តជំរុញទំនាក់ទំនងមិត្តភាព ការផ្លាស់ប្តូរទស្សនកិច្ច និងកិច្ចសហប្រតិបត្តិការរវាងព្រឹទ្ធសភាកម្ពុជា និងសភាប្រឹក្សានយោបាយប្រជាជនចិន ឱ្យកាន់តែមានខ្លឹមសារ និងផ្លែផ្កា។ ឯកឧត្តមក៏បានថ្លែងអំណរគុណចំពោះរដ្ឋាភិបាល និងប្រជាជនចិន ដែលតែងតែគាំទ្រការអភិវឌ្ឍរបស់កម្ពុជា លើវិស័យនយោបាយ សេដ្ឋកិច្ច សង្គម ហេដ្ឋារចនាសម្ព័ន្ធ កសិកម្ម និងការអភិវឌ្ឍធនធានមនុស្ស។
ជាការឆ្លើយតប ឯកឧត្តម ហឺ ពីង បានថ្លែងអំណរគុណចំពោះការទទួលស្វាគមន៍ដ៏កក់ក្តៅរបស់ភាគីកម្ពុជា និងបានបញ្ជាក់ថា ដំណើរទស្សនកិច្ចលើកនេះ គឺដើម្បីអនុវត្តកុងសង់ស៊ីសសំខាន់ៗរបស់ថ្នាក់ដឹកនាំកំពូលនៃប្រទេសទាំងពីរ និងបន្តជំរុញទំនាក់ទំនងកម្ពុជា-ចិន ឱ្យកាន់តែរឹងមាំ។ ឯកឧត្តមបានវាយតម្លៃខ្ពស់ចំពោះគំនិតផ្តួចផ្តើមក្នុងការបង្កើតក្រុមមិត្តភាពកម្ពុជា-ចិន និងបានបញ្ជាក់ពីឆន្ទៈរបស់ភាគីចិន ក្នុងការពង្រឹងកិច្ចសហប្រតិបត្តិការជាមួយព្រឹទ្ធសភាកម្ពុជា ជាពិសេសតាមរយៈក្រុមមិត្តភាព និងគណៈកម្មាធិការកិច្ចការបរទេស ដើម្បីផ្តល់ផលប្រយោជន៍ជាក់ស្តែងដល់ប្រជាជននៃប្រទេសទាំងពីរ។
ឯកឧត្តម ហឺ ពីង ក៏បានលើកឡើងថា ការអភិវឌ្ឍរបស់ចិន និងផែនការអភិវឌ្ឍន៍រយៈពេល៥ឆ្នាំថ្មីរបស់ចិន នឹងបន្តបើកកាលានុវត្តភាពសម្រាប់កម្ពុជា និងប្រទេសដទៃទៀត។ ភាគីចិនបានបញ្ជាក់ពីការត្រៀមខ្លួនបន្តសហការជាមួយកម្ពុជា ក្នុងការតភ្ជាប់គំនិតផ្តួចផ្តើមខ្សែក្រវាត់ និងផ្លូវ ជាមួយយុទ្ធសាស្ត្របញ្ចកោណរបស់កម្ពុជា ព្រមទាំងជំរុញច្រករបៀងអភិវឌ្ឍន៍ឧស្សាហកម្ម និងច្រករបៀងស្បៀងអាហារ និងមច្ឆា ឱ្យទទួលបានសមិទ្ធផលជាក់ស្តែងបន្ថែមទៀត។
ចុងបញ្ចប់ ភាគីទាំងពីរ បានសម្តែងការពេញចិត្តចំពោះវឌ្ឍនភាពនៃទំនាក់ទំនងកម្ពុជា-ចិន និងបានឯកភាពបន្តពង្រឹងកិច្ចសហប្រតិបត្តិការរវាងស្ថាប័ននីតិប្បញ្ញត្តិ និងក្នុងក្របខ័ណ្ឌក្រុមមិត្តភាព ឱ្យកាន់តែស៊ីជម្រៅ និងមានប្រសិទ្ធភាពខ្ពស់ ដើម្បីផលប្រយោជន៍រួមនៃប្រជាជន និងប្រទេសទាំងពីរ។
នៅល្ងាចថ្ងៃដដែល ឯកឧត្តម អ៊ុច បូររិទ្ធ ប្រធានស្តីទីព្រឹទ្ធសភា បានរៀបចំពិធីជប់លៀងជូន ឯកឧត្តម ហឺ ពីង និងគណៈប្រតិភូចិន ក្នុងបរិយាកាសស្និទ្ធស្នាល មិត្តភាព និងភាតរភាព៕








-
ព័ត៌មាន1 week agoសម្ដេចតេជោលើកទឹកចិត្តឱ្យកម្ពុជា និងស៊ីបរកឱកាស និងយន្តការថ្មីៗជំរុញការវិនិយោគ និងពាណិជ្ជកម្មទ្វេភាគីឱ្យកាន់តែរីកចម្រើន
-
ព័ត៌មាន1 week agoមុខជំនាញចំនួន ២ ដែលមានការគាំទ្រពីយុវជន និងលេចធ្លោជាងគេ នៅក្នុងវិទ្យាស្ថានពហុបច្ចេកទេសខេត្ដកោះកុង (PIKK)
-
ព័ត៌មាន4 days agoឧត្តមសេនីយ៍ទោ ប៊ុន សុសិក្ខា៖វត្តុតាងមួយចំនួនធំ ត្រូវបានដកហូតក្នុងប្រតិបត្តិការបង្ក្រាប Online Scams រយៈពេល១ឆ្នាំមកនេះ
-
ព័ត៌មាន6 days agoលោកជំទាវ ហ៊ុន ម៉ាណា អញ្ជើញប្រគេនទេយ្យវត្ថុដល់វត្តចំនួន៨ ,ចែកអំណោយជូនប្រជាពលរដ្ឋចំនួន៥៦៨គ្រួសារ និងចែកកាតាបដល់សិស្សានុសិស្ស៧០០នាក់ នៅឃុំកំពង់ភ្លុក ស្រុកប្រាសាទបាគង ខេត្តសៀមរាប
-
ព័ត៌មាន1 week agoក្រុមហ៊ុន-សហគ្រាសចិនជាង៤០ បង្ហាញពីគម្រោងចង់បោះទុនវិនិយោគនៅខេត្តកំពង់ស្ពឺ
-
ព័ត៌មាន5 days agoអាជ្ញាធរខេត្តព្រៃវែង និងស្វាយរៀងអះអាងថាបណ្ដាញ Online Scams ធំៗត្រូវបានបង្ក្រាប និងបន្តតាមប្រមាញ់ក្រុមបំបែកខ្លួន
-
ព័ត៌មាន3 days agoក្រសួងសុខាភិបាល និង UNICEF បន្តពង្រឹងភាពជាដៃគូ ដើម្បីលើកកម្ពស់សុខភាព និងសុខុមាលភាពមាតា និងកុមារនៅកម្ពុជា
-
ព័ត៌មាន1 week agoឯកឧត្តម ហ៊ុន ម៉ានី អញ្ជើញចូលរួមសម្ពោធទីស្នាក់ការគណបក្សឃុំស្វាយរំពារ ខេត្តកំពង់ស្ពឺ