ព័ត៌មាន
សម្ដេចតេជោ ជំរុញឱ្យកម្ពុជា និងវៀតណាម សម្រេចឱ្យបានទំហំពាណិជ្ជកម្មដល់ ២០ពាន់លានដុល្លារនាពេលខាងមុខ
សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន ប្រមុខរដ្ឋស្តីទីនៃព្រះរាជាណាចក្រកម្ពជា បង្ហាញក្ដីរីករាយចំពោះទំនាក់ទំនងដ៏ល្អ និងរឹងមាំរវាងកម្ពុជា និងវៀតណាម តាមរយៈលទ្ធផលនេះសម្ដេចតេជោ បានជំរុញឱ្យរដ្ឋាភិបាលនៃប្រទេសទាំងពីរត្រូវជំរុញការដោះដូរពាណិជ្ជកម្មជាមួយគ្នាឱ្យកើនឡើងដល់ចំនួន ២០ ពាន់លានដុល្លារនាពេលខាងមុខ ខណៈកាលពីឆ្នាំ២០២៥ សម្រេចបានជាង ១១ ពាន់លានរួចទៅហើយ។
សម្តេចតេជោ ហ៊ុន សែន ប្រមុខរដ្ឋស្តីទី បានជំរុញបែបនេះ ក្នុងឱកាស អនុញ្ញាតឱ្យ ឯកឧត្តម ត្រិញ វ៉ាន់ក្វៀត (Trinh Van Quyet) សមាជិកការិយាល័យនយោបាយ សមាជិកគណៈលេខាធិការមជ្ឈិមបក្ស និងជាប្រធានគណៈឃោសនា និងចលនាមហាជនមជ្ឈិមបក្សកុម្មុយនីស្តវៀតណាម ចូលជួបសម្ដែងការគួរសម នៅព្រឹកថ្ងៃទី១៣ ខែឧសភា ឆ្នាំ២០២៦នេះ នៅវិមានសាមគ្គីភាពនៃព្រឹទ្ធសភាជាតិ រាជធានីភ្នំពេញ។
ឯកឧត្តម ជា ធីរិទ្ធ អ្នកនាំពាក្យព្រឹទ្ធសភា បានឱ្យដឹងនៅក្រោយជំនួបនេះថា ជាកិច្ចចាប់ផ្ដើមសម្ដេចតេជោ ហ៊ុន សែន បានសម្ដែងនូវកិច្ចរីករាយ និងចាត់ទុកដំណើរទស្សនកិច្ចរបស់ ឯកឧត្តម ត្រិញ វ៉ាន់ក្វៀត គឺជាការរួមចំណែកដល់ការរឹតចំណងមិត្តភាពរវាងកម្ពុជា និងវៀតណាមឱ្យកាន់តែរឹងមាំ និងនិយាយដោយឡែកនៅក្នុងក្របខណ្ឌ គណបក្ស និងគណបក្ស ឱ្យកាន់តែរីកចម្រើនបន្តទៀត។
នៅក្នុងឱកាសនោះឯកឧត្តម ត្រិញ វ៉ាន់ក្វៀត បានសម្ដែងនូវការអរគុណជាអនេកប្បការចំពោះសម្ដេចតេជោ ដែលបានអនុញ្ញាតឱ្យឯកឧត្តម និងសហការី បានជួបសម្ដែងការគួរសមនៅក្នុងឱកាសនេះ។ ឯកឧត្តម បានលើកឡើងថា កម្ពុជា និងវៀតណាមមានទំនាក់ទំនងដ៏ល្អ និងរឹងមាំជាមួយគ្នានៅក្នុងក្របខណ្ឌកិច្ចសហប្រតិបត្តិការ ទាំងក្របខណ្ឌនីតិប្បញ្ញត្តិ នីតិប្រតិបត្តិ និងទំនាក់ទំនងប្រជាជន និងប្រជាជនរវាងប្រទេសទាំងពីរមានភាពរីកចម្រើនជាបន្តបន្ទាប់។
ឯកឧត្តម ប្រធានគណៈឃោសនា និងចលនាមហាជនមជ្ឈិមបក្សកុម្មុយនីស្តវៀតណាម បានលើកឡើងថា កន្លងមកប្រទេសទាំងពីរបានផ្លាស់ប្ដូរនូវដំណើរទស្សនកិច្ចទៅវិញទៅមកយ៉ាងច្រើន រវាងថ្នាក់ដឹកនាំនៃប្រទេសវៀតណាម និងថ្នាក់ដឹកនាំនៃប្រទេសកម្ពុជាយ៉ាងផុលផុសដែលបង្ហាញអំពីទំនាក់ទំនងដ៏រឹងមាំ ហើយនៅឆ្នាំ២០២៧ខាងមុខ គឺជាខួប ៦០ឆ្នាំនៃទំនាក់ទំនងរវាងកម្ពុជា និងវៀតណាមដោយភាគីទាំងពីរ នឹងរៀបចំពិធីអបអរសាទរដើម្បីរឭកខួបនៃទំនាក់ទំនងរវាងប្រទេសទាំងពីរ។
ឯកឧត្តម ត្រិញ វ៉ាន់ក្វៀត បានរំលេចដែរថា កិច្ចសហប្រតិបត្តិការរវាងកម្ពុជា និងវៀតណាម នៅតាមព្រំដែន គឺជាកិច្ចសហប្រតិត្តិការដ៏ល្អដែលប្រទេសទាំងពីរបានធ្វើការជាមួយគ្នាដោយរក្សាបាននូវសន្ដិសុខ សន្ដិភាពនៅតាមព្រំដែនយ៉ាងរឹងមាំសម្រាប់ប្រទេសទាំងពីរ ហើយបន្តនូវកិច្ចសហប្រតិបត្តិការនេះបន្តទៀតឱ្យកាន់តែមានភាពឋិតថេរ និងផ្ដល់ផលប្រយោជន៍ទៅវិញទៅមកដល់ប្រជាជននៅតាមព្រំដែនប្រទេសទាំងពីរ។
នៅក្នុងឱកាសនោះ សម្ដេចតេជោ បានសម្ដែងនូវការពេញចិត្តចំពោះការលើកឡើងរបស់ ឯកឧត្តម ត្រិញ វ៉ាន់ក្វៀត ជាពិសេសទាក់ទងនឹងកិច្ចសហប្រតិបត្តិការនៅតាមព្រំដែនរវាងប្រទេសទាំងពីរ។ សម្ដេចតេជោ បានលើកឡើងថា កន្លងមក កម្ពុជាតែងតែជំរុញឱ្យអាជ្ញាធរនៅតាមបណ្ដាខេត្តជាប់ព្រំដែនធ្វើយ៉ាងណាបង្កើននូវកិច្ចសហប្រតិបត្តិការរវាងប្រទេសទាំងពីរឱ្យមានភាពរឹងមាំ ជាពិសេសការទាញយកនូវផលប្រយោជន៍បម្រើដល់វិស័យពាណិជ្ជកម្ម ការដឹកជញ្ជូន និងការផ្លាស់ប្ដូរប្រជាជន និងប្រជាជនជាដើម។
សម្ដេចតេជោ បានលើកឡើងដែរថា ទំនាក់ទំនងស្នូលរវាងកម្ពុជានឹងវៀតណាមនៅតែមិនអាចកាត់ផ្ដាច់បានពីទំនាក់ទំនងសេដ្ឋកិច្ច ពាណិជ្ជកម្ម និងការវិនិយោគ ហើយសម្ដេចតេជោ ចង់ឃើញពាណិជ្ជកម្មរវាងប្រទេសទាំងពីរ ២០ពាន់លានដុល្លារនៅពេលខាងមុខតាមអ្វីដែលប្រទេសទាំងពីរបានប្ដេជ្ញាជាមួយគ្នា។
សម្ដេចតេជោ បានបញ្ជាក់ថា ការដោះដូរពាណិជ្ជកម្មឱ្យកើនដល់ចំនួន ២០ ពាន់លានដុល្លារនេះ ប្រទេសទាំងពីរអាចធ្វើទៅបានដោយសារពីមួយឆ្នាំទៅមួយឆ្នាំកំណើននៃការនាំចេនៅក្នុងផ្នែកពាណិជ្ជកម្មរវាងប្រទេសទាំងពីរមានការកើនឡើង ក្នុងនោះទំហំពាណិជ្ជកម្មកាលពីឆ្នាំ២០២៥ បានកើនឡើងដល់ ១១ ពាន់លានដុល្លារអាមេរិករួចទៅហើយ ដូច្នេះប្រទេសទាំងពីរត្រូវខិតខំប្រឹងប្រែងក្នុងការពង្រីកទំហំពាណិជ្ជកម្មនេះឱ្យកាន់តែកើនឡើងបន្តទៀត។
សម្ដេចតេជោ បានរំលេចបន្ថែម ទាក់ទងនឹងកិច្ចសហប្រតិបត្តិការនានាទាំងនៅក្នុងក្របខណ្ឌរដ្ឋាភិបាល និងនៅក្នុងក្របខណ្ឌគណបក្ស, ជាពិសេសសម្ដេចតេជោ សម្ដែងការពេញចិត្តចំពោះការចែករំលែក និងការបណ្ដុះបណ្ដាលរវាងយុវជន និងយុវជននៃប្រទេសទាំងពីរដែលធ្វើឱ្យទំនាក់ទំនងយុវជនប្រទេសទាំងពីរកាន់តែមានភាពជិតស្និទ្ធជាមួយគ្នាបន្តទៀត។
នៅក្នុងឱកាសនោះ ឯកឧត្តម ប្រធានគណៈឃោសនា និងចលនាមហាជនមជ្ឈិមបក្សកុម្មុយនីស្តវៀតណាម បានសម្ដែងនូវការពេញចិត្តចំពោះប្រសាសន៍សម្ដេចទេជោទាក់ទងនឹងការពង្រីកនូវទំហំពាណិជ្ជកម្មរវាងកម្ពុជា និងវៀតណាម។ ឯកឧត្តម បានលើកឡើងថា កម្ពុជា និងវៀតណាម ប្រាកដជាអាចធ្វើទៅបាននៅក្នុងការសម្រេចទិសដៅនៃទំហំពាណិជ្ជកម្ម ២០ពាន់លានដុល្លារនៅពេលខាងមុខ៕





-
ព័ត៌មាន1 week agoសម្ដេចអធិបតី និងលោកជំទាវ អញ្ជើញ ឧទ្ទិសកុសលជូន ញាតិកា និង បុព្វបុរស នៅ វាំងចាស់ ខេត្តកំពង់ស្ពឺ
-
ព័ត៌មាន6 days agoយុវជនក្នុងខេត្តកណ្ដាល បង្ហាញមោទនភាព ដែលមានឱកាសក្លាយជាកម្លាំងការពារជាតិ
-
ព័ត៌មាន1 week agoឯកឧត្តម គីម រិទ្ធី អភិបាលខេត្តព្រះវិហារ នាំយកចង្ហាន់ និងទេយ្យទានប្រគេនព្រះសង្ឃ ៤វត្ត ក្នុងស្រុកជាំក្សាន្ដ នាឱកាសបុណ្យកាន់បិណ្ឌទី១៣
-
ព័ត៌មាន2 days agoយុវជនខេត្តកំពង់ឆ្នាំង បង្ហាញមោទនភាពក្នុងការចូលបំពេញកាតព្វកិច្ចយោធា ដើម្បីបម្រើជាតិមាតុភូមិ
-
ព័ត៌មាន1 day agoយុវជន ២៤០នាក់នៅខេត្តកោះកុង បានដាក់ពាក្យបំពេញកាតព្វកិច្ចយោធា
-
ព័ត៌មាន1 week agoកម្ពុជា ស្វាគមន៍សិង្ហបុរី ដែលបានចាត់បញ្ជូននាយទាហានប្តូរវេនចំនួនពីររូប ចូលរួមជាមួយ AOT
-
ព័ត៌មាន3 days agoយុវជនប្ដេជ្ញាខិតខំហ្វឹកហាត់លត់ដំខ្លួនឱ្យរឹងមាំដើម្បីក្លាយជាសសរស្ដម្ភជាតិ ក្នុងពេលចូលបំពេញកាតព្វកិច្ចកិច្ចយោធា
-
ព័ត៌មាន1 week agoសេវារថយន្តក្រុងរដ្ឋឥតគិតថ្លៃបានសន្សំសោហ៊ុយធ្វើដំណើររបស់ពលរដ្ឋប្រមាណ ១២ពាន់លានរៀល