ព័ត៌មាន
សម្ដេចធិបតី ហ៊ុន ម៉ាណែត ចាត់ទុកច្បាប់កាតព្វកិច្ចយោធាជាការបណ្តុះស្មារតី និងមនសិការស្នេហាជាតិ ដើម្បីត្រៀមខ្លួនលះបង់បម្រើជាតិមាតុភូមិ
ភ្នំពេញ៖ អ្នកនាំពាក្យរាជរដ្ឋាភិបាល ឯកឧត្តម ប៉ែន បូណា បានបញ្ជាក់ឡើងវិញនូវប្រសាសន៍របស់សម្ដេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្រ្ដីនៃកម្ពុជា លើឡើងតាមរយៈបទអន្តរាគមន៍ ក្នុងសម័យប្រជុំវិសាមញ្ញ នីតិកាលទី៧ លើរបៀបវារៈ «សេចក្តីព្រាងច្បាប់ស្តីពី កាតព្វកិច្ចយោធា» កាលពីថ្ងៃទី១២ ឧសភា ២០២៦នេះ ដោយចាត់ទុកច្បាប់កាតព្វកិច្ចយោធាជាការបណ្តុះស្មារតី និងមនសិការស្នេហាជាតិ ដើម្បីត្រៀមខ្លួនលះបង់បម្រើជាតិមាតុភូមិ។

សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត បានថ្លែងថា គោលដៅចម្បងនៃការអនុវត្តកាតព្វកិច្ចយោធា គឺការកសាងនូវសង្គមមួយប្រកបទៅដោយធនធានមនុស្សដែលមានវិន័យ សីលធម៌ សមត្ថភាព មនសិការស្នេហាជាតិខ្ពស់ មានភាពអង់អាចក្លាហាន មានឆន្ទៈមោះមុត និងត្រៀមខ្លួនរួចជាស្រេចគ្រប់ពេលវេលា ដោយហ៊ានលះបង់គ្រប់បែបយ៉ាងដើម្បីបុព្វហេតុការពារជាតិ មាតុភូមិ ដោយឥតលក្ខខណ្ឌ។ នេះជាការគូសបញ្ជាក់របស់សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី ខណៈដែលរដ្ឋសភា បានអនុម័តសេចក្តីព្រាងច្បាប់នេះ កាលពីថ្ងៃទី១២ ខែឧសភា ឆ្នាំ ២០២៦។

សម្តេចធិបតីនាយករដ្ឋមន្ត្រីបានសង្កត់ធ្ងន់ទៀតថា៖«សមត្ថភាពការពារជាតិនៃប្រទេសមួយ មិនមែនអាស្រ័យត្រឹមតែលើសព្វាវុធ និងគ្រឿងបំពាក់ទំនើបៗនោះទេ។ ប្រទេសជាតិមួយដែលខ្លាំងក្នុងកិច្ចការការពារជាតិគឺដោយសារមានកងទ័ពដែលពោពេញដោយភាពអង់អាចក្លាហាន មោះមុត និងហ៊ានលះបង់គ្រប់បែបយ៉ាងដើម្បីការពារជាតិដោយឥលក្ខខណ្ឌ ព្រមទាំងមានប្រជាជនទាំងមូលនៅពីក្រោយ»។ ជារួម សម្តេចធិបតី នាយករដ្ឋមន្ត្រីមានក្តីប្រាថ្នាចង់ឃើញយុវជន និងប្រជាពលរដ្ឋខ្មែរគ្រប់រូបមានមោទនភាព ចំពោះការចូលបំពេញកាតព្វកិច្ចយោធាដោយចាត់ទុកថា នោះគឺជាកិត្តិយសដ៏ឧត្តុង្គឧត្តមដែលខ្លួនបានហ្វឹកហាត់ចំណេះជំនាញមួយដ៏មានសារសំខាន់បំផុតដែលអាចយកទៅប្រើប្រាស់ដើម្បីការពារអធិបតេយ្យភាពជាតិ និងបូរណភាពទឹកដី នៅពេលណាដែលជាតិត្រូវការ ជំនួសឱ្យការព្រួយបារម្ភពីការខាតប្រយោជន៍ផ្ទាល់ខ្លួននៅពេលចូលបំពេញកាតព្វកិច្ចយោធារយៈពេល២ឆ្នាំ។
សម្តេចធិបតី ចាត់ទុកបទពិសោធន៍និងការឈឺចាប់នៅក្នុងរយៈពេលមួយឆ្នាំនេះ ជាគន្លឹះដែលយើងទាំងអស់គ្នាត្រូវចងចាំថា កម្ពុជាត្រូវតែពង្រឹងខ្លួនឯង ហើយកូនខ្មែរទាំងអស់ ជាពិសេសយុវជន ដែលមានលក្ខណៈសម្បត្តិគ្រប់គ្រាន់ត្រូវត្រៀមចិត្តដើម្បីជួយ។ សម្តេចក៏បានថ្លែងអំណរគុណចំពោះស្មារតីស្នេហាជាតិរបស់ប្រជាពលរដ្ឋខ្មែរ ទាំងក្មេង ទាំងចាស់ ទាំងនៅក្នុងនិងក្រៅប្រទេស ទាំងមន្ត្រីរាជការ និងវិស័យឯកជន ដែលបានចូលរួមជាមួយ កងទ័ពដើម្បីការពារជាតិ។ ទោះជាយ៉ាងណា សម្តេចនាយករដ្ឋមន្ត្រីមិនចង់ឱ្យស្មារតីនេះមានត្រឹមតែភ្លើងចំបើងទេ តែចង់ឱ្យស្មារតីនេះប្រែក្លាយទៅជាសកម្មភាពត្រៀមលក្ខណៈដ៏ពេញលេញមួយដើម្បីជួយប្រទេសជាតិ មាតុភូមិ»៕

-
ព័ត៌មាន1 week agoសម្ដេចអធិបតី និងលោកជំទាវ អញ្ជើញ ឧទ្ទិសកុសលជូន ញាតិកា និង បុព្វបុរស នៅ វាំងចាស់ ខេត្តកំពង់ស្ពឺ
-
ព័ត៌មាន6 days agoយុវជនក្នុងខេត្តកណ្ដាល បង្ហាញមោទនភាព ដែលមានឱកាសក្លាយជាកម្លាំងការពារជាតិ
-
ព័ត៌មាន1 week agoឯកឧត្តម គីម រិទ្ធី អភិបាលខេត្តព្រះវិហារ នាំយកចង្ហាន់ និងទេយ្យទានប្រគេនព្រះសង្ឃ ៤វត្ត ក្នុងស្រុកជាំក្សាន្ដ នាឱកាសបុណ្យកាន់បិណ្ឌទី១៣
-
ព័ត៌មាន2 days agoយុវជនខេត្តកំពង់ឆ្នាំង បង្ហាញមោទនភាពក្នុងការចូលបំពេញកាតព្វកិច្ចយោធា ដើម្បីបម្រើជាតិមាតុភូមិ
-
ព័ត៌មាន1 day agoយុវជន ២៤០នាក់នៅខេត្តកោះកុង បានដាក់ពាក្យបំពេញកាតព្វកិច្ចយោធា
-
ព័ត៌មាន1 week agoកម្ពុជា ស្វាគមន៍សិង្ហបុរី ដែលបានចាត់បញ្ជូននាយទាហានប្តូរវេនចំនួនពីររូប ចូលរួមជាមួយ AOT
-
ព័ត៌មាន3 days agoយុវជនប្ដេជ្ញាខិតខំហ្វឹកហាត់លត់ដំខ្លួនឱ្យរឹងមាំដើម្បីក្លាយជាសសរស្ដម្ភជាតិ ក្នុងពេលចូលបំពេញកាតព្វកិច្ចកិច្ចយោធា
-
ព័ត៌មាន1 week agoសេវារថយន្តក្រុងរដ្ឋឥតគិតថ្លៃបានសន្សំសោហ៊ុយធ្វើដំណើររបស់ពលរដ្ឋប្រមាណ ១២ពាន់លានរៀល