ព័ត៌មាន
កម្មកររោងចក្រជាង១ពាន់នាក់ ចូលរួមប្រារព្ធទិវាពិភពលោក ដើម្បីសុវត្ថិភាព និងសុខភាពការងារ
កម្មករ កម្មការិនីមកពីរោងចក្រផ្សេងៗចំនួនសរុបជាង ១ពាន់នាក់ នៅព្រឹកថ្ងៃទី១៣ ខែឧសភា ឆ្នាំ២០២៦នេះបានចូលរួមអបអរសាទរ «ទិវាពិភពលោក ដើម្បីសុវត្ថិភាព និងសុខភាពការងារ» ក្រោមប្រធានបទ “រួមគ្នាបន្តការពារកម្មករនិយោជិតពីភាពតានតឹងដោយកម្ដៅ និងលើកកម្ពស់សុខភាពផ្លូវចិត្តនៅកន្លែងធ្វើការ”។ កម្មវិធីនេះ ប្រារព្ធធ្វើឡើងក្រោមអធិបតីភាព ឯកឧត្តម ហេង សួរ រដ្ឋមន្ត្រីក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ ។
នៅក្នុងកម្មវិធីនេះ ឯកឧត្តមរដ្ឋមន្រ្តី បានគូសបញ្ជាក់ថា ប្រធានបទដ៏សំខាន់សម្រាប់កម្ពុជាក្នុងការប្រាព្ធពិធីនេះ គឺដើម្បីជំរុញការប្រុងប្រយ័ត្ននិងការយកចិត្តទុកដាក់បន្ថែមពីគ្រប់ភាគីពាក់ព័ន្ធ ក្នុងបំណងស្វែងយល់ពីផលប៉ះពាល់នៃភាពតានតឹងដោយកម្តៅ និងភាពតានតឹងផ្លូវចិត្តហើយរួមគ្នារៀបចំវិធានការទប់ស្កាត់ឱ្យបានគ្រប់ជ្រុងជ្រោយ។ ឯកឧត្តមបានបន្តថា ការប្រែប្រួលអាកាសធាតុកំពុងជះឥទ្ធិពលអវិជ្ជមានដល់បរិស្ថាននិងសុខភាពមនុស្សទូទាំងពិភពលោក ហើយមិនមែនជារឿងដាច់ដោយឡែកសម្រាប់កម្ពុជានោះទេ ដែលនាំឱ្យអង្គការអន្តរជាតិខាងការងារ (ILO) បង្កើតអនុសញ្ញា១៥៥ និង១៨៧ ដែលផ្តោតលើសុវត្ថិភាពនិងសុខភាពការងារ។
ឯកឧត្តមរដ្ឋមន្រ្តី ហេង សួរ បានពន្យល់យ៉ាងលម្អិតអំពីមូលហេតុបង្កនៃបញ្ហាទាំងពីរនេះ ដោយបញ្ជាក់ថា ក្រសួងបាននិងកំពុងដាក់ចេញនូវវិធានការជាបន្តបន្ទាប់ ដើម្បីធានាប្រសិទ្ធភាពនៃការបង្ការ និងទប់ស្កាត់គ្រោះថ្នាក់ការងារ។ ក្នុងនោះ ក្រសួងបានពង្រឹងប្រព័ន្ធគ្រប់គ្រងសុវត្ថិភាព និងសុខភាពការងារ (OSH) នៅតាមបណ្តាសហគ្រាស គ្រឹះស្ថាន តាមរយៈការរៀបចំកម្មវិធីបណ្ដុះបណ្ដាល ការចុះត្រួតពិនិត្យ និងការតាមដានយ៉ាងសកម្ម។ ជាពិសេស ក្នុងស្មារតីបុរេសកម្ម ក្រសួងកំពុងរៀបចំសេចក្ដីព្រាងច្បាប់ស្តីពីសុវត្ថិភាព និងសុខភាពការងារ ដែលរួមបញ្ចូលទាំងវិធានការការពារភាពតានតឹងដោយកម្ដៅ និងការលើកកម្ពស់សុខភាពផ្លូវចិត្ត ស្របតាមអនុសាសន៍ដ៏ខ្ពង់ខ្ពស់របស់ សម្តេចនាយករដ្ឋមន្រ្តី ហ៊ុន ម៉ាណែត ដែលតែងតែផ្ដល់អាទិភាពខ្ពស់បំផុតលើសុខុមាលភាពរបស់បងប្អូនកម្មករនិយោជិត។
នៅក្នុងពិធីអបអរសាទរ «ទិវាពិភពលោក ដើម្បីសុវត្ថិភាព និងសុខភាពការងារ» ខាងលើនេះ លោក ទុន សុភ័ណ្ឌ មន្រ្តីសម្របសម្រួលថ្នាក់ជាតិនៃអង្គការ, លោក He Enjia ប្រធានសមាគមវាយនភណ្ឌ សម្លៀកបំពាក់ ស្បែកជើង និងផលិតផលធ្វើដំណើរនៅកម្ពុជា (TAFTAC) និងលោក សំ សឿន ប្រធានសហភាពពលកម្មជាតិកម្ពុជា ក៏បានលើកឡើងពីសារៈសំខាន់នៃការបង្ការភាពតានតឹងដោយកម្ដៅនិងសុខភាពផ្លូវចិត្ត ប្តេជ្ញាបន្តកិច្ចសហការជាមួយរាជរដ្ឋាភិបាល និងជំរុញឱ្យមានកិច្ចខិតខំរួមគ្នាបន្ថែមទៀតពីភាគីពាក់ព័ន្ធក្នុងការដំណោះស្រាយបញ្ហានេះសម្រាប់កម្មករនិយោជិត៕
អត្ថបទ៖ ឈិត បូរ៉ាវី













-
ព័ត៌មាន1 week agoសម្ដេចអធិបតី និងលោកជំទាវ អញ្ជើញ ឧទ្ទិសកុសលជូន ញាតិកា និង បុព្វបុរស នៅ វាំងចាស់ ខេត្តកំពង់ស្ពឺ
-
ព័ត៌មាន6 days agoយុវជនក្នុងខេត្តកណ្ដាល បង្ហាញមោទនភាព ដែលមានឱកាសក្លាយជាកម្លាំងការពារជាតិ
-
ព័ត៌មាន1 week agoឯកឧត្តម គីម រិទ្ធី អភិបាលខេត្តព្រះវិហារ នាំយកចង្ហាន់ និងទេយ្យទានប្រគេនព្រះសង្ឃ ៤វត្ត ក្នុងស្រុកជាំក្សាន្ដ នាឱកាសបុណ្យកាន់បិណ្ឌទី១៣
-
ព័ត៌មាន2 days agoយុវជនខេត្តកំពង់ឆ្នាំង បង្ហាញមោទនភាពក្នុងការចូលបំពេញកាតព្វកិច្ចយោធា ដើម្បីបម្រើជាតិមាតុភូមិ
-
ព័ត៌មាន1 week agoកម្ពុជា ស្វាគមន៍សិង្ហបុរី ដែលបានចាត់បញ្ជូននាយទាហានប្តូរវេនចំនួនពីររូប ចូលរួមជាមួយ AOT
-
ព័ត៌មាន1 day agoយុវជន ២៤០នាក់នៅខេត្តកោះកុង បានដាក់ពាក្យបំពេញកាតព្វកិច្ចយោធា
-
ព័ត៌មាន3 days agoយុវជនប្ដេជ្ញាខិតខំហ្វឹកហាត់លត់ដំខ្លួនឱ្យរឹងមាំដើម្បីក្លាយជាសសរស្ដម្ភជាតិ ក្នុងពេលចូលបំពេញកាតព្វកិច្ចកិច្ចយោធា
-
ព័ត៌មាន1 week agoសេវារថយន្តក្រុងរដ្ឋឥតគិតថ្លៃបានសន្សំសោហ៊ុយធ្វើដំណើររបស់ពលរដ្ឋប្រមាណ ១២ពាន់លានរៀល